អានតួអត្ថបទ
កម្ពុជា សង្គម

ក្រុមអង្គការសង្គមស៊ីវិលអំពាវនាវឲ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ

អង្គការ​សង្គម​ស៊ីវិល​ជាង​៦០​កាល​ពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ​ដោយ​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​កំពុង​នៅ​ក្នុង​ដៃ​ក្រសួង​មហាផ្ទៃ។ ក្រុម​សិទ្ធិ​មនុស្ស​ចាត់​ទុក​ច្បាប់​នេះ​ថា​ មាន​លក្ខណៈ​គាប​សង្កត់​សេរីភាព​សំដែង​មតិ​ ហើយ​ផ្តល់​អំណាច​ទូលាយ​ពេក​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ឲ្យ​ ឬ​មិន​ឲ្យ​ប្រើ​ប្រាស់​ទី​កន្លែង​សាធារណៈ​។ ទោះ​ជា​យ៉ាង​ណា​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អះអាង​ថា​ ច្បាប់​នេះ​នឹង​មិន​គ្រប​ដណ្តប់​លើ​ការ​ធ្វើ​បាតុកម្ម​នោះ​ឡើយ​។

(រូបភាពតំណាង)
(រូបភាពតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាង​ច្បាប់​ស្តីពីសណ្តាប់ធ្នាប់​សាធារណៈ គឺ​ត្រូវបាន​​ក្រសួង​មហាផ្ទៃតាក់​តែង​ឡើង​​ក្នុង​គោលបំណងបញ្ញត្តិ​អំពីការ​ប្រើ​ប្រាស់​ទី​កន្លែង​សាធារណៈ និង​ការបង្ហាញ​ឥរិយា​បថ​នៅទី​សាធារណៈ។ ប៉ុន្តែ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ យល់ថា ប្រសិន​បើ​ច្បាប់​នេះ ចូលជាធរ​មាន ច្បាប់នេះ​នឹងមានលក្ខណៈគាបសង្កត់​សេរីភាព​សំដែងមតិ​ ហើយ​ផ្តល់អំណាចទូលាយពេក ​ដល់អាជ្ញាធរ​មូលដ្ឋានក្នុង​ការ​សម្រេច​ឲ្យឬមិនឲ្យ​ប្រើ​ប្រាស់ទីកន្លែងសាធារណៈ។ អ្នក​ប្រកបមុខ​របរសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ នៅ​តាម​ដង​ផ្លូវ​នឹង​រងគ្រោះ​​ធ្ងន់​ធ្ងរ ដោយ​សារតែមានចំណុចខ្លះ ក្នុង​ច្បាប់​នេះហាមឃាត់។ នេះបើតាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិលចុះ​ថ្ងៃទី១៣​សីហា។

លោក អ៊ុក គឺមលេខ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ធ្លាប់បានថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ថា គោល​បំណង​​នៃ​ការ​បង្កើត​ច្បាប់​នេះឡើង ដោយ​សារ​តែ​​កម្ពុជា​នៅមិនទាន់​មានច្បាប់​គ្រប់​គ្រង​​សណ្តាប់​ធ្នាប់​សាធារណៈ​នៅឡើយ ពោលគឺមានតែ​អនុក្រឹត្យ​តាំងពីឆ្នាំ១៩៩៤។​ ម្យ៉ាងទៀត​ច្បាប់​នេះ​គឺ​ចង់គ្រប់​គ្រង​សណ្តាប់​ធ្នាប់​ សោភ័ណ្ឌភាព និង​បរិស្ថាន​នៅតាម​ដង​ផ្លូវសាធារណៈ​ឲ្យ​មាន​របៀប​រៀប​រយ ហើយ​លោក​ច្រានចោល​ការ​លើក​ឡើងថា ច្បាប់នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ធ្វើ​បាតុកម្ម។ ច្បាប់​ស្តីពី​សិទ្ធិ​ធ្វើ​បាតុកម្ម​គឺត្រូវ​បាន​បង្កើតឡើង​រួចហើយ។

សម្រាប់ ​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ កត់សំគាល់ថា សេចក្តី​ព្រាង​ច្បាប់នេះ​មានទាំងចំណុច​វិជ្ជមាន និងចំណុចអវិជ្ជមាន។ ចំណុចវិជ្ជមាន​គឺ​រក្សា​សណ្តាប់​ធ្នាប់ សោភ័ណ្ឌភាពទីក្រុង។ ប៉ុន្តែ​ចំណុចអវិជ្ជមាន ច្បាប់​នេះ​បាន​ផ្តល់​អំណាច​ច្រើន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការសម្រេចថាឲ្យឬមិន​ឲ្យមានការ​ជួបពលរដ្ឋ​នៅតាម​មូលដ្ឋាន។ លើសពីនេះ​ លោក​ថា ច្បាប់នេះ​នឹង​មានការ​ប៉ះពាល់​ផ្ទាល់ទៅដល់​អ្នក​ប្រកបរបរ​តាម​ដង​ផ្លូវ ខណៈ​សេដ្ឋកិច្ច​ពួកគេ​កំពុងជួប​ប្រទះ​ក្នុង​វិបត្តិ​កូវីដ១៩ផងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ