អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមយុវជនបន្តតវ៉ាឱ្យរដ្ឋាភិបាលលុបគម្រោងបង្កើតដេប៉ាតឺម៉ងភាសាវៀតណាមនិងការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាម

ពលរដ្ឋ​និង​ក្រុម​យុវជន​មក​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​ បាន​បន្ត​ទាមទារ​ឱ្យ​ក្រសួង​អប់រំ​លុប​ចោល​នូវ​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ និង​បាន​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​បញ្ឈប់​ការ​ចេញ​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​ជាតិ​វៀតណាម​បន្ត​ទៀត។​ បើ​តាម​ក្រុម​អ្នក​តវ៉ា​ ការ​តវ៉ា​ប្រឆាំង​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​រើសអើង​ពូជសាសន៍​នោះ​ទេ ​ប៉ុន្តែ​ដើម្បី​ធានា​បាន​នូវ​អធិបតេយ្យភាព​ និង​ភាព​គង់វង្ស​នៃ​ទឹក​ដី​កម្ពុជា​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។​

ពលរដ្ឋនិងយុវជនប្រមូលផ្តុំគ្នាតវ៉ានៅឯទីលានប្រជាធិតេបតេយ្យ
ពលរដ្ឋនិងយុវជនប្រមូលផ្តុំគ្នាតវ៉ានៅឯទីលានប្រជាធិតេបតេយ្យ © Internet
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី២៤ ខែធ្នូ ពលរដ្ឋនិងយុវជនជិត២០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅឯទីលានប្រជាធិតេបតេយ្យ ដោយពួកគេបានលើកបដាទាមទារឱ្យក្រសួងមហាផ្ទៃ និងក្រសួងអប់រំលុបចេញ ក៏ដូចជាបញ្ឈប់រាល់ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនជាតិវៀតណាមរស់នៅខុសច្បាប់លើទឹកដីកម្ពុជា និងការបង្កើតថ្នាក់រៀនភាសារៀតណាមនៅក្នុងកម្រិតមហាវិទ្យាល័យ។

លោក អ៊ំ ឈុម សមាជិកក្រុមអ្នកតវ៉ាមួយរូបបាននិយាយថា ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម មិនមានភាពចាំបាច់ទាល់តែសោះ ពីព្រោះថា ភាសាវៀតណាមមិនមែនជាភាសាអន្តរជាតិដែលគួរឱ្យសិស្សសិក្សានោះទេ ។ ហើយហេតុផលថា ការបង្កើតថ្នាក់រៀនភាសាវៀតណាមក្នុងកម្រិតមហាវិទ្យាល័យដើម្បីរឹតចំណង់ការទូតរវាងប្រទេសទាំងពីរក៏មិនសមហេតុផលដែរ។

ដោយឡែក ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនជាតិវៀតណាមខុសច្បាប់វិញ អ្នកតវ៉ារូបនេះ បង្ហាញក្តីព្រួយបារម្ភចំពោះជោគវាសនាប្រទេសជាតិនាថ្ងៃអនាគត ដោយលោកថា នៅតាមបណ្តាខេត្តមួយចំនួនមានជនជាតិវៀតណាមរស់នៅខុសច្បាប់ច្រើន។ ហើយរូបភាពបែបនេះ លោកបារម្ភថា កម្ពុជាអាចនឹងធ្លាក់ទៅក្នុងអាណានិគមដោយប្រយោលរបស់វៀតណាម ខណៈប្រទេសវៀតណាមនៅតែមានមហិច្ឆតាឈានពានទឹកដីកម្ពុជាមកទល់សព្វថ្ងៃ។ 

ចំណែកអ្នកស្រី ជា សុភី ពលរដ្ឋមកពីខេត្តកំពង់ចាម ក៏បង្ហាញការមិនពេញចិត្តដូចគ្នា នៅពេលដែលរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យជនជាតិវៀតណាមរស់នៅដោយស្របច្បាប់ក្នុងប្រទេសកម្ពុជា ដោយអ្នកស្រីលើកឡើងថា ពលរដ្ឋម្ចាស់ស្រុកកំពុងបាត់បង់សិទ្ធិសេរីភាពក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត ប៉ុន្តែជនជាតិវៀតណាមមានសិទ្ធិអំណាចលើសលុបច្រើនជាងពលរដ្ឋខ្មែរ ហើយរដ្ឋាភិបាលខ្មែរបែរជាយកចិត្តទុកដាក់ខ្លាំងទៅលើជនជាតិវៀតណាមថែមទៀត។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ លោក យ៉ង់ គឹម អេង ចាត់ទុកថា ការចេញតវ៉ារបស់ពលរដ្ឋចំពោះរឿងទាំងអស់នេះ ជាសិទ្ធិរបស់ពួកគេដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញរបស់កម្ពុជា។ ប៉ុន្តែ អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ​សង្កត់ធ្ងន់ទៅលើការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោរប្រវេសន្ត៍នៅកម្ពុជា ដោយលោកយល់ថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាពលរដ្ឋរស់នៅក្រោមបន្ទាត់ក្រីក្រឱ្យបានសិន សឹមគិតដល់ពលរដ្ឋរបស់ប្រទេសដទៃ។ ហើយលោកអះអាងថា នៅពេលដែលប្រទេសមួយផ្តល់បណ្ណស្នាក់នៅដល់ពលរដ្ឋរបស់ប្រទេសជិតខាងច្រើនលើសលប់ វានឹងបង្កហានិភ័យដល់ជាតិ។

គួរជម្រាបជូនថា ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាម ក្រសួងមហាផ្ទៃនៅមិនទាន់ឆ្លើយតបយ៉ាងណានោះទេ។ ប៉ុន្តែកាលថ្ងៃទី២៩ ខែសីហាកន្លងទៅ ក្រសួងមហាផ្ទៃបានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ឱ្យ ទទួលស្គាល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនអន្តោប្រវេសន្តនៅកម្ពុជាបន្ទាប់ពីក្រសួងសង្កេតឃើញថា មន្ត្រីភាគច្រើនមិនផ្តល់តម្លៃដល់បណ្ណមួយនេះ និងគាប់ជួនក្រោយពេលដែលលោក ហ៊ុន ម៉ាណែតទើបវិលត្រឡប់​មកពីមាន​ជំនួបជាមួយមេដឹកនាំកុម្មុយនីស្តវៀតណាម។

បើតាម ក្រសួងមហាផ្ទៃ គិតមកទល់ពេលនេះ ជនបរទេសអន្តោប្រវេសន្តយ៉ាងតិច៦ម៉ឺននាក់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់បណ្ណស្នាក់នៅស្របច្បាប់។

ចំណែក ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំធ្លាប់បានបំភ្លឺម្តងរួចមកហើយថា គោលបំណងសំខាន់ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយប្រទេសវៀតណាម ដូចទៅនឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដទៃទៀតដែរដែលបច្ចុប្បន្នមានដេប៉ាតឺម៉ង់ ភាសាចិន បារាំង ថៃ កូរ៉េ ជប៉ុនជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ