អានតួអត្ថបទ
កម្ពុជា-នយោបាយ

អតីត​អ្នក​ធ្វើ​បាតុ​កម្ម​ប្រ​ឆាំង​ លោក ​ហ៊ុន​ សែន​ ងាក​មក​អំពាវ​នាវ​ឲ្យ​គាំ​ទ្រ​បក្ស​កាន់​អំ​ណាច

​ ប្រធាន​សម្ព័ន្ធ​ខ្មែរ​-​អាមេរិ​កាំង​ ដែល​ធ្លាប់​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ​ហ៊ុន​ សែន​ ពេល​ទៅ​ក្រៅ​ប្រទេស​កន្លងមក​បាន​ងាក​មក​អំពាវ​នាវ​ឲ្យ​គាំទ្រ​លោក​ ហ៊ុន​ សែន​ និង​លោក ហ៊ុន​ ម៉ាណែត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។​ បើ​តាម​លោក​ ទូច​ វិបុល ​មូល​ហេតុ​ដែល​ខ្លួន​ផ្លាស់​ប្តូរ​បែប​នេះ​ដោយ​អះ​អាង​ថា​នៅ​ក្នុង​គណ​បក្ស​ប្រឆាំង​មិន​មាន​បេក្ខ​ជន​ណា​មាន​សមត្ថ​ភាព​ដឹក​នាំ​ប្រទេស​ឡើយ​ ប្រសិន​បើ​ជាប់​ឆ្នោត​។​ ប៉ុន្តែ​សមាជិកបក្ស​ប្រឆាំង​ខ្លះ ​យល់ថា ​ការ​ចុះ​ចូល​នេះ​ដោយ​សារ​បុគ្គល​នោះ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ បន្ទាប់​ពី​គណ​បក្ស​ភ្លើង​ទៀន​មិន​ផ្តល់​តំណែង​នៅ​ក្នុង​បក្ស​តាម​ការ​ស្នើ​សុំ​។​ 

ប្រធានសម្ព័ន្ធខ្មែរ-អាមេរិកាំង ដែលធ្លាប់ធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ពេលទៅក្រៅប្រទេស
ប្រធានសម្ព័ន្ធខ្មែរ-អាមេរិកាំង ដែលធ្លាប់ធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ពេលទៅក្រៅប្រទេស © Internet
ផ្សាយពាណិជ្ជកម្ម

លើសពីញត្តិគាំទ្រ លោក ទូច វិបុល បានថ្លែងជាវីដេអូបរិហារ​ពី​ភាព​ខ្សោយ​របស់​គណបក្ស​ប្រឆាំង​ថា គ្មាន​សមត្ថភាព​ដឹកនាំប្រទេសឡើយ ប្រសិន​បើ​ជាប់ឆ្នោត​នៅពេល​ខាងមុខ។ អតីតអ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅពេលទៅ​អាមេរិក​កន្លងមកបានលើ​ក​សរសើរ​លោក ហ៊ុន សែន និង​កូន​ប្រុស ថា​មាន​សមត្ថភាព​ និង​បទពិសោធន៍​គ្រប់​គ្រាន់​ក្នុង​ការ​ដឹកនាំ ទោះបីជាកត់សំគាល់ថា ការអនុវត្តកន្លង​មិន​ត្រឹមត្រូវខ្លះ​ក៏ដោយ។

កាលពីការបោះឆ្នោត​ឃុំ សង្កាត់ លោក ទូច វិបុល ធ្លាប់អំពាវនាវឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ឲ្យគណបក្ស​ភ្លើង​ទៀន តែពេលនេះលោក​ផ្លាស់​ប្តូរជំហរ​វិញ ដោយ​អំពាវនាវ​ឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ការ​ផ្លាស់​ប្តូរជំហរ ត្រូវបានលោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រគណបក្សប្រឆាំង​យល់ថា ដោយ​សារ​បុគ្គល​នោះ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ និងមានឱកាសផ្តល់ឲ្យ ខណៈជិតបោះឆ្នោត។

បើតាមលោក អ៊ុំ សំអាន ការ​សុំ​ចូល​របស់​ទូច វិបុល ជាមួយបក្សកាន់អំណាច គឺបន្ទាប់​ពី​គណ​បក្ស​ភ្លើង​ទៀន​មិន​ផ្តល់​តំណែង​នៅ​ក្នុង​បក្ស​តាម​ការ​ស្នើ​សុំ​។

លោក ទូច វិបុល ដែលរស់នៅ​សហរដ្ឋ​អាមេរិក គឺជា​អតីត​ថ្នាក់​ដឹកនាំ​នៃ ចលនានិស្សិ​តដើម្បីលទ្ធិ​ប្រជាធិបតេយ្យ។កាលនៅជានិស្សិត លោក វិបុល ធ្លាប់បាន​ចូលរួម​ប្រឆាំង​​នឹង​​លទ្ធផល​​នៃ​ការបោះឆ្នោត និង​ប្រឆាំង​បេក្ខភាព​ លោក ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី ​ក្រោយ​ការបោះ​ឆ្នោត​ជាតិ លើក​ទី២ នៅ​ខែ​កក្កដា ឆ្នាំ ១៩៩៨។

នៅចុង​ឆ្នាំ ២០០០ លោក វិបុល បាន​ទទួល​សិទ្ធិ​ជ្រកកោន​ខាង​នយោបាយ ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក ។ចន្លោះឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ លោក ទូច វិបុល បាន​រៀបចំ​ មូលនិធិ​សង្គ្រោះជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ។ តាម​រយ:​មូលនិធិ​នេះ លោក វិបុល បាន​ជួយ​ដល់​មេធាវី រីឆាត រ៉ចជ័រ (Richard Rogers) ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ស្តីពី​បទប្រល័យ​ពូជសាសន៏​ និងប្រឆាំងមនុស្សជាតិ ពីជន​មាន​អំណាច ដែល​ពាក់​ព័ន្ធ​នឹង​ការបណ្តេញ​ប្រជា​ពលរដ្ឋ ចេញ​ពីលំ​នៅ​ឋាន​ទាំង​បង្ខំ។ នេះបើតាម លោក ម៉ែន ណាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ