អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន ម៉ាណែត បន្តស្នើឱ្យដាក់បញ្ចូលកម្មវិធីនយោបាយឈ្នះឈ្នះក្នុងកម្មវិធីសិក្សា

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តជំរុញឱ្យក្រសួងអប់រំដាក់បញ្ចូលមេរៀនស្តីពីគោលនយោបាយឈ្នះឈ្នះទៅក្នុងកម្មវិធីសិក្សារបស់សិស្សបន្ថែម។ ការដាក់បញ្ចូលមេរៀនបែបនេះ បើតាមលោក ហ៊ុន ម៉ាណែត គឺដើម្បីបញ្ចៀបឱ្យសិស្សយល់កាន់តែស៊ីជម្រៅ និងស្គាល់នូវគុណតម្លៃនៃគោលនយោបាយឈ្នះឈ្នះរបស់ថ្នាក់ដឹកនាំប្រទេស។ 

វិមានឈ្នះឈ្នះ
វិមានឈ្នះឈ្នះ © STPM
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅពីមុខវិមានឈ្នះៗក្នុងខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានាព្រឹកថ្ងៃទី២៩ ខែធ្នូ លោក ហ៊ុន ម៉ាណែតបានថ្លែងថា យុវជនខ្មែរត្រូវតែយល់ឱ្យច្បាស់ពីការលះបង់របស់ប្រតិបត្តិករនយោបាយសំខាន់ៗ ពិសេសអតីតនាយករដ្ឋមន្ត្រីកម្ពុជាគឺ លោក ហ៊ុន សែនក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ។ 

លោក ហ៊ុន ម៉ាណែត ក៏លើកទឹកចិត្តឱ្យមានការចងក្រងបន្ថែមនូវឯកសារស្តីពីគោលនយោបាយឈ្នះៗ ដំណើរការស្វែងរកសុខសន្តិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជា។ ការស្នើឱ្យចងក្រងឯកសារបន្ថែមនេះ ដោយលោកនាយករដ្ឋមន្ត្រីព្រួយបារម្ភថា ក្នុងរយៈពេល២០ទៅ៣០ឆ្នាំខាងមុខ ឯកសារស្តីពីគោលនយោបាយឈ្នះឈ្នះមិនត្រូវបានស្រាវជ្រាវពេញលេញ និងបាត់ខ្លឹមសារ។ 

ម្ល៉ោះហើយ លោក ហ៊ុន ម៉ាណែត ស្នើឱ្យមានការផ្សព្វផ្សាយនូវខ្លឹមសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងគោលនយោបាយឈ្នះៗនៅតាមសិក្ខាសិលា វេទិកាផ្សេងៗ រួមនឹងការស្នើឱ្យរៀបចំសាងសង់វិមានឈ្នះឈ្នះនៅតាមបណ្តាខេត្តនៅទូទាំងប្រទេស។ 

ជុំវិញការដាក់បញ្ចូលគោលនយោបាយឈ្នះឈ្នះទៅក្នុងកម្មវិធីអប់រំ អ្នកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាយល់ថា នេះជាការលើកតម្កើនបក្សពួកនិយមហួសប្រមាណ។ ហួសប្រមាណដោយអ្នកស្រីសង្កេតឃើញរដ្ឋាភិបាលមានចេតនាចង់ឱ្យយុវជនខ្មែរបន្តគោរព និងផ្តល់តម្លៃខ្ពស់ចំពោះបុគ្គលឬក្រុមតែមួយ។ 

ផ្ទុយទៅវិញ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាដដែលរូបនេះ ចង់ឃើញរដ្ឋាភិបាលដាក់បញ្ចូលកម្មវិធីសិក្សាដែលពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់ជាតិដូចជាបញ្ហាទឹកដី ការឈ្លានពានពីបរទេស និងបញ្ហសិទ្ធិមនុស្ស ដើម្បីឱ្យយុវជនខ្មែរអាចកំណត់ជោគវាសនារបស់ជាតិបាន។ 

សូមជម្រាបថាបច្ចុប្បន្ន គោលនយោបាយឈ្នះឈ្នះ និងទិវាចងចាំរបបខ្មែរក្រហមត្រូវបានក្រសួងអប់រំដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាកម្រិតមធ្យមសិក្សា។ ទន្ទឹម​គ្នា​នេះ គោលនយោបាយឈ្នះឈ្នះនេះក៏ត្រូវបានក្រសួងអប់រំដាក់ជាសំណួរប្រលងសម្រាប់សិស្សថ្នាក់ទី១២ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ។ 

គួររំលឹកជូនថា ការដាក់បញ្ចូលកម្មវិធីយោបាយឈ្នះឈ្នះនេះជាគំនិតផ្តួចផ្តើមរបស់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ក្នុងអំឡុងឆ្នាំ២០១៧។ ហេតុផលដែលលោក ទៀ បាញ់បាន​លើក​ឡើង គឺ​ដោយសារមានប្រទេសមួយចំនួនបានមករៀនសូត្រពីគោលនយោបាយឈ្នះឈ្នះនៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ