អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

Freedom House៖ កម្ពុជាជាប្រទេសបង្ក្រាបក្រុមប្រឆាំងនៅក្រៅប្រទេសធ្ងន់ធ្ងរ បន្ទាប់ពីចិននិងរុស្ស៊ី

កម្ពុជាឈរលើកំពូលតារាង៥ប្រទេសដែលមានរបបប្រឆាំងធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរដល់សកម្មជននយោបាយដែលរត់ភៀសខ្លួនទៅនៅក្រៅប្រទេស។ នេះបើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom Houseចេញផ្សាយកាលពីថ្ងៃទី១៦ កុម្ភៈ។ តាមអង្គការនេះ រដ្ឋាភិបាលកម្ពុជាតែងប្រើអំណាចបង្ក្រាបលើក្រុមប្រឆាំងជាបន្តបន្ទាប់ ទោះបីអ្នកទាំងនោះត្រូវនិរទេសខ្លួនចេញផុតពីប្រទេសកំណើតក៏ដោយក្តី។

ពលរដ្ឋតវ៉ាជាមួយអាជ្ញាធរ (រូបតំណាង)
ពលរដ្ឋតវ៉ាជាមួយអាជ្ញាធរ (រូបតំណាង) © Reuter
ផ្សាយពាណិជ្ជកម្ម

ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាត្រូវបានកត់ត្រាជាប្រទេសគៀបសង្កត់សិទ្ធិសេរីភាពឆ្លងដែនធ្ងន់ជាងគេទាំង៥ដែលរួមមាន រុស្ស៊ី ចិន កម្ពុជា ភូមា និងតូមិនគីស្ថាន។

តាមរបាយការណ៍របស់Freedom House រដ្ឋាភិបាលកម្ពុជាបានធ្វើទុកម្នេញឆ្លងដែនយ៉ាងហោចណាស់១៥លើក ដោយករណីចុងក្រោយ គឺកើតឡើងចំពោះសកម្មជនខ្មែរ៤នាក់ដែលត្រូវបានគេវាយដំនៅឯប្រទេសថៃ។ អង្គការនេះចាត់ទុកប្រទេសកម្ពុជា ជារបបផ្តាច់ការដែលមិនគោរពឱ្យបានពេញលេញនូវសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ តាមរយៈការបន្តយាយីមកលើក្រុមប្រឆាំងដែលរត់ភៀសខ្លួននៅក្រៅប្រទេស។

អ្វីដែលជាកត់សម្គាល់បន្ថែម កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសគ្មានសេរីភាព។ ផ្អែកតាមរបាយការណ៍វាយតម្លៃរបស់Freedom House សិទ្ធិធ្វើនយោបាយក្នុងប្រទេសទទួលបាន៥ពិន្ទុលើពិន្ទុសរុប៤០ ខណៈសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងសង្គមស៊ីវិលមានត្រឹមតែ១៦ពិន្ទុលើពិន្ទុពេញ៦០។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី១៧ កុម្ភៈនេះ​ដោយចាត់ទុករបាយការណ៍ របស់Freedom House ថាមិនឆ្លុះបញ្ចាំងពីការពិត និងមិនមានតម្លៃអ្វីឡើយ។ គ្មានតម្លៃ ដោយអ្នកនាំពាក្យរូបនេះអះអាងថា របាយការណ៍នេះ គឺមិនមែនជារឿងថ្មីទេ ខណៈដែលលោកស្គាល់របៀបវារៈនៅពីក្រោយរបស់អង្គការនេះរួចទៅហើយ។

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិរស់រានមានជីវិតដល់ពលរដ្ឋ ហើយកំពុងចាក់ឬសជ្រៅក្នុងសង្គមកម្ពុជា។  

ទោះជាយ៉ាងណា លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព កត់សម្គាល់ឃើញថា សកម្មជននយោបាយដែលរត់ភៀសខ្លួនទៅក្រៅប្រទេស នៅតែបន្តរងការគំរាមកំហែងផ្នែកសុវត្ថិភាពពីអាជ្ញាធរ ពិសេសសកម្មជនដែលរត់ភៀសខ្លួនទៅកាន់ប្រទេសថៃ។ សម្រាប់លោក យង់ គឹមអេង រដ្ឋាភិបាលគួរបញ្ឈប់រាល់ការគំរាមកំហែងណាមួយដល់ជនភៀសខ្លួននៅក្រៅប្រទេស៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ