អានតួអត្ថបទ

ក្រុមអ្នកនាំពាក្យ៖ នាយករដ្ឋមន្ត្រីមិនបាននៅពីក្រោយអំពើឆបោករបស់ឧកញ្ញាឡេង ចាន់ណា

ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានបញ្ជាក់ក្នុងសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី២១ កុម្ភៈនេះថា លោក ហ៊ុន ម៉ាណែតមិនបានពាក់ព័ន្ធជាមួយសកម្មភាពឆបោករបស់ឧកញ៉ា ឡេង ចាន់ណាទេ។ ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយវីដេអូឃ្លីបដែលឧកញ៉ា ឡេង ចាន់ណា បានសារភាពថា មាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតជាអ្នកពាំងពីក្រោយ។

ក្រុមអ្នកនាំពាក្យ៖នាយករដ្ឋមន្ត្រីមិនបាននៅពីក្រោយអំពើឆបោករបស់ឧកញ្ញាឡេង ចាន់ណា
ក្រុមអ្នកនាំពាក្យ៖នាយករដ្ឋមន្ត្រីមិនបាននៅពីក្រោយអំពើឆបោករបស់ឧកញ្ញាឡេង ចាន់ណា © សហការី
ផ្សាយពាណិជ្ជកម្ម

«សម្តេច​​ជាប្រព័ន្ធការពារ អ្នកណាឡាយក៏គាត់អាចការពារបាន អ្នកណាប្តឹងក៏គាត់អាចការពារបាន ហើយអ្នកណាធ្វើអីក៏គាត់ការពារបានដែរ។... សម្តេច ហ៊ុន ម៉ាណែតផ្តាំផ្ញើរួចជាស្រេចដាច់ខាតការពារក្រុមហ៊ុននេះ....» នេះឃ្លានៅក្នុងវីដេអូឃ្លីបរបស់លោកស្រី ឡេង ចាន់ណា ត្រូវបានបែកធ្លាយ និងចែកចាយព្រោងព្រាតនៅក្នុងបណ្តាញសង្គមនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្រោយការបែកធ្លាយវីដេអូឃ្លីបរបស់លោកស្រី ឡេង ចាន់ណាមួយនេះ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានចេញមកបកស្រាយ និងបដិសេធនៅក្នុងសេចក្តីបំភ្លឺព័ត៌មានចុះថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២៤ ថា លោក ហ៊ុន ម៉ាណែតមិនមានកិច្ចការអ្វីជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី និងសមាគមពលករ និងអតីតពលករសប្បុរសធម៌របស់ឧកញ៉ា ឡេង ចាន់ណាទេ។ នៅក្នុងសេចក្តីបំភ្លឺដដែល ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានចាត់ទុកការយកឈ្មោះលោក ហ៊ុន ម៉ាណែតទៅពាក់ព័ន្ធជាមួយ ឬនៅពីក្រោយខ្នងជាអំពើខុសច្បាប់ ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់លោក ហ៊ុន ម៉ាណែត។ ទន្ទឹមគ្នានេះ ក្រុមអ្នកនាំពាក្យក៏ជំរុញឱ្យអាជ្ញាធរចាត់វិធានការតាមច្បាប់ម៉ឺងម៉ាត់លើបុគ្គលទុច្ចរិតដែលយកឈ្មោះនាយករដ្ឋមន្ត្រីទៅពាក់ព័ន្ធ។ 

គួរបញ្ជាក់ថា ឧកញ៉ាទ្រឹស្តីហៀរកែងតាមបណ្តាញសង្គម លោកស្រី ឡេង ចាន់ណា ដែលជាម្ចាស់ក្រុមហ៊ុន ប៊្រីនលាន ស៊ីធី កំពុងរងពាក្យបណ្តឹងពីបទឆបោកពលរដ្ឋក្រោមរូបភាពវិនិយោគបុរី ផ្ទះល្វែង និងដីឡូតិ៍ នៅខេត្តសៀមរាប។

ក្រុមហ៊ុន ប៊្រីនលាន ស៊ីធី ទទួលអតិថិជនដែលដាក់ប្រាក់ក្នុងគម្រោងវិនិយោគដោយសន្យាផ្តល់ប្រាក់ចំណេញ ឬការប្រាក់ខ្ពស់។ តែស្រាប់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុនបានប្រកាសអស់លទ្ធភាពក្នុងការបង់ទាំងការប្រាក់ និងប្រាក់ដើមទៅឱ្យអតិថិជន និងសម្រេចយកដីដែលក្រុមហ៊ុនមានស្រាប់ទៅកាត់ឱ្យអតិថិជនដើម្បីទូទាត់បំណុល។

ប៉ុន្តែក្រុមជនរងគ្រោះបានបដិសេធមិនទទួលយកការដោះស្រាយបែបនេះ និងបាននាំគ្នាទៅតវ៉ានៅខាងមុខសាលាខេត្តសៀមរាបកាលពីដើមសប្តាហ៍មុន។ តាមការអះអាងរបស់ពលរដ្ឋដែលបានចូលរួមតវ៉ា ក្រុមហ៊ុននេះបានកៀគរពលរដ្ឋ ទាំងពលរដ្ឋក្នុងស្រុក និងពលករខ្មែរនៅកូរ៉េ សរុបអាចមានយ៉ាងតិច ៦ពាន់នាក់ គិតជាទឹកប្រាក់ជាច្រើនលានដុល្លារ ដោយក្នុងម្នាក់ដាក់ប្រាក់ខ្ទង់ម៉ឺនដុល្លារជាមួយគម្រោងវិនិយោគក្រុមហ៊ុន ប៊្រីនលាន ស៊ីធី ដើម្បីបានការប្រាក់ ឬ ប្រាក់ចំនេញ ក្នុងមួយខែ៤%។ ការណ៍នេះធ្វើឱ្យពលរដ្ឋជាច្រើន ខ្ចីលុយពីធនាគាររហូតធ្លាក់ខ្លួនជំពាក់បំណុល ព្រោះតែក្រុមហ៊ុនមិនបានទូទាត់ប្រាក់ដូចដែលសន្យា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ