អានតួអត្ថបទ

រដ្ឋាភិបាល​ប្រកាស​យក​ថ្ងៃ​២៧ ​កុម្ភៈ ​ជាថ្ងៃ​កាន់ទុក្ខ​សម្តេច​ព្រះសង្ឃរាជ ​ទេព វង្ស

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​យកថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ​ ជាថ្ងៃ​កាន់ទុក្ខ​ផ្លូវការ​ដល់​ព្រះសព​សម្តេច​ព្រះមហាសង្ឃរាជ ​ទេព វង្ស ​ដែលបាន​ចូលទិវង្គត​កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ក្នុង​ព្រះជន្មាយុ ​៩៣​ព្រះវស្សា ​ដោយ​ជរាពាធ​។ ទន្ទឹមគ្នានេះ ​រដ្ឋាភិបាល​ក៏បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដឹកនាំដោយ​មន្ត្រីសង្ឃ​ជាន់ខ្ពស់ ​និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប​ ដើម្បី​រៀបចំ​បុណ្យសព​ឲ្យបាន​សមរម្យ​។

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រៅពីចាត់ទុក​ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ ជាថ្ងៃ​កាន់ទុក្ខ​ផ្លូវការដល់​ព្រះសព​សម្តេចសង្ឃរាជ ​ទេព វង្ស​ នៃគណៈមហានិកាយ ​សារាចរណ៍​របស់រដ្ឋាភិបាល​កម្ពុជាក៏បាន​ណែនាំឲ្យ​គ្រប់ក្រសួង ​ស្ថាប័ន ​សាលារៀន ​មន្ទីរពេទ្យរដ្ឋ ​និង​ឯកជន ​កងកម្លាំង​ប្រដាប់អាវុធ ​គ្រប់ទីអារាម ​និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បង្ហូត​ទង់ជាតិ​ត្រឹមពាក់កណ្តាល​ដង​។ ទន្ទឹមគ្នានេះ ​គ្រប់ស្ថានីយ៍វិទ្យុ ​ទូរទស្សន៍ជាតិ ​និង​ឯកជនទាំងអស់​ត្រូវផ្អាក​ការសម្តែង ​និងការចាក់ផ្សាយ​នូវទស្សនីយភាព​ផ្សេងៗ ​ដែលមាន​លក្ខណៈសប្បាយ​គគ្រឹកគគ្រេងក្នុងថ្ងៃ​ទី​២៧ ខែ​កុម្ភៈនេះ​។

ដោយឡែក ​អតីតនាយក​រដ្ឋមន្ត្រីលោក ​ហ៊ុន សែន​ បានផ្ញើសារ​រំលែកសមានទុក្ខ​ដ៏ក្រៀមក្រំ ​និង​ថា ​ការបាត់បង់​សម្តេច​ព្រះមហាសង្ឃរាជ ​ទេព វង្ស ​ជាការបាត់បង់​មហាវីរសង្ឃ​កំពូល ដែលជា​កុលបុត្រដ៏​ឧត្តុងគ្គឧត្តម​នៃកសិករ ​ធ្លាប់ចូលរួម​ចលនា​តស៊ូរំដោះជាតិ ​និងសាងព្រះភ្នួស​លើកកម្ពស់​ការរស់​ឡើងវិញ​វិស័យពុទ្ធសាសនា​នៅកម្ពុជា​ចាប់តាំង​ពី​ថ្ងៃ៧មករា ​ឆ្នាំ​១៩៧៩ ​រហូតដល់​ថ្ងៃអស់​ព្រះជន្ម​។

ចំពោះការ​ទទួលខុសត្រូវ​បណ្តោះអាសន្ន​ខាងពុទ្ធចក្រ​ត្រូវបាន​ក្រសួងធម្មការ ​និង​សាសនា​សម្រេចប្រគេន​ឲ្យ​សម្តេចព្រះមហា​សុមេធា​ធិបតី ​នន្ទ ង៉ែត ​ដែល​បច្ចុប្បន្នជា​សម្តេចព្រះសង្ឃ​នាយក​ទទួល​ភារកិច្ចជា​សម្តេច​ព្រះមហាសង្ឃរាជ​ស្តីទី​។

ទន្ទឹមគ្នានេះ​ រដ្ឋាភិបាល​ក៏បានបង្កើត​គណៈកម្មការរៀបចំ​បុណ្យព្រះសពមួយ​ជាបន្ទាន់​ ដែល​គណៈកម្មការនេះ​ដឹកនាំដោយ​មន្ត្រីសង្ឃ​ជាន់ខ្ពស់នៃ​ប្រទេសកម្ពុជា និង​ខាងអាណាចក្រ​ដឹកនាំដោយ​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​។

ដើម្បីរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់ ​សាលារាជធានី​ភ្នំពេញនៅថ្ងៃអង្គារ ​ទី២៧ កុម្ភៈ​បានចេញ​សេចក្តីជូនដំណឹង​ឲ្យសាធារណជន​បង្វែរការធ្វើ​ចរាចរណ៍ទៅកាន់​ទិសដៅផ្សេង ​ពោលមិន​អនុញ្ញាតឲ្យបើកបរ​កាត់មុខវត្ត​ឧណ្ណាលោម ដែលជា​ទីតាំងប្រារព្ធ​ពិធីបុណ្យ​ព្រះសពចាប់ពី​ថ្ងៃទី២៧ ខែកុម្ភៈ​នេះ រហូតដល់ថ្ងៃ​ទី០៣ ខែ​មីនា ឆ្នាំ​២០២៤​។

សូមរំលឹកថា​ សម្ដេច​ព្រះអគ្គមហាសង្ឃរាជាធិបតី ​ទេព វង្ស ​បានយាង​ចូលព្រះទិវង្គត ​នៅវេលាម៉ោង​ ៥:៤០នាទី​ល្ងាច ​ថ្ងៃទី​២៦ ខែកុម្ភៈ ​ឆ្នាំ២០២៤ ​ក្នុងព្រះជន្មាយុ​ ៩៣ព្រះវស្សា​ ដោយ​រោគាពាធ។ ​

ប្រសូត្រនៅថ្ងៃទី​១២ ខែ​មករា ឆ្នាំ​១៩៣២ ​នៅស្រុក​ប្រាសាទបាគង ​ខេត្តសៀមរាប​ សម្តេច​ព្រះសង្ឃរាជ ​ទេព វង្ស បាន​សាងព្រះផ្នួស​ចំនួន២លើក​។ លើកទី១ ​នៅឆ្នាំ​១៩៥២ ​នៅវត្ត​រាជបូណ៍ ខេត្ត​សៀមរាប និង​លើកទី២​នៅថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​១៩៧៩ នៅវត្ត​ឧណ្ណាលោម ​ក្រុងភ្នំពេញ។​ ក្នុងឆ្នាំ១៩៧៩​ ដដែល ​ព្រះអង្គ​បានឡើង​តួនាទី​ជាព្រះវិន័យធរ ​ប្រធានសង្ឃ ​និង​ជាព្រះឧបជ្ឈាហ៍​ធំជាងគេ​ទូទាំង​ប្រទេស​បន្តពី​ព្រះគ្រូមហាថេរ​ព្រះនាម ​កើត វ៉ាយ​។

បន្ទាប់មក ​សម្តេចព្រះសង្ឃរាជ ​ទេព វង្ស ​ក៏ទទួលបាន​ព្រះគោរមងារ​មួយចំនួនទៀត​ដូចជា ​ព្រះមហាសុមេធាធិបតី​សង្ឃ​នាយក ​សម្ដេច​ព្រះមហាសុមេធាធិបតី​ព្រះសង្ឃរាជគណៈ​មហានិកាយនិង​ ​សម្ដេចព្រះ​អគ្គមហា​សង្ឃរាជាធិបតី​កិត្តិឧទ្ទេសបណ្ឌិតជាដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ