អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ទូច សុឃៈ៖ អាជ្ញាធរនឹងជួយសង្គ្រោះជនជាតិឥណ្ឌា៥ពាន់នាក់ដែលរងការឆបោកនៅកម្ពុជា

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឱ្យដឹងថា អាជ្ញាធរនឹងបើកការស៊ើបអង្កេតជួយសង្គ្រោះជនជាតិឥណ្ឌាដែលរងគ្រោះពីការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌារាយការណ៍ថា មានពលរដ្ឋរបស់ខ្លួនប្រមាណ៥ពាន់នាក់ កំពុងរងគ្រោះពីការបង្ខំឱ្យប្រព្រឹត្តិសកម្មភាពឆបោកតាមអ៊ីនធឺណេតនៅកម្ពុជា។

ក្រុមឆបោកតាមប្រព័ន្ធអនឡាញ(រូបតំណាង)
ក្រុមឆបោកតាមប្រព័ន្ធអនឡាញ(រូបតំណាង) © The Indian Express
ផ្សាយពាណិជ្ជកម្ម

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងមកវិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី៣០ ខែមីនាថា ក្រសួងមហាផ្ទៃបានទទួលព័ត៌មានពីករណីជនជាតិឥណ្ឌាជាង៥ពាន់នាក់រងគ្រោះពីការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងមហាផ្ទៃកំពុងពិនិត្យលើករណីនេះ និងស្នើឱ្យភាគីឥណ្ឌាដែលមានស្ថានទូតប្រចាំនៅកម្ពុជាចូលរួមសហការជាមួយអាជ្ញាធរកម្ពុជាដោយផ្ទាល់ តាមរយៈការកំណត់ទីតាំងដែលត្រូវជួយសង្គ្រោះជនរងគ្រោះទាំងនោះ។

ការធ្វើដូច្នេះ បើតាមលោក ទូច សុឃៈ ដើម្បីបង្កើនប្រសិទ្ធិភាពការងារជួយសង្គ្រោះដល់ជនរងគ្រោះ ក៏ដូចជាបង្កាការភ័ន្តច្រឡំណាមួយពីសាធារណជន។

តាមអ្នកនាំពាក្យដដែល កម្ពុជានឹងបន្តបេ្តជ្ញាបោសសម្អាតបញ្ហាឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា និងមិនបើកឱកាសណាមួយឱ្យជនទុច្ចរិតយកទឹកដីកម្ពុជាធ្វើជាកន្លែងប្រព្រឹត្តិទង្វើខុសច្បាប់នោះទេ ខណៈកម្ពុជាមិនចង់ឃើញបរទេសទម្លាក់កំហុសថា កម្ពុជាជាប្រទេសដែលមានករណីឆបោកតាមប្រព័ន្ធអនឡាញឡើយ។

កាលពីថ្ងៃទី២៩ ខែមីនា សារព័ត៌មានឥណ្ឌា The Indian Express បានរាយការណ៍ថា មានជនជាតិឥណ្ឌាប្រមាណ៥ពាន់នាក់កំពុងរងគ្រោះពីការបង្ខំឱ្យសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា។ ពួកគេត្រូវបង្ខំឱ្យឆបោកជនជាតិខ្លួនឯងតាមរយៈការបន្លំធ្វើជាមន្ត្រីអ្នកអនុវត្តច្បាប់ និងបុគ្គលដែលមានតួនាទីធំៗ។

យោងតាមសារព័ត៌មានឥណ្ឌាដដែលនេះ គិតត្រឹមរយៈពេល៦ខែចុងក្រោយនេះ ជនជាតិឥណ្ឌាបានបាត់បង់​ប្រាក់ប្រមាណ៦០លានដុល្លារអាមេរិកពីការឆបោកនៅកម្ពុជា។

ដោយឡែក រដ្ឋាភិបាលឥណ្ឌាវិញក៏បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងចំនួន១៨០ពីក្រុមគ្រួសារ និងជនរងគ្រោះបច្ចុប្បន្នរដ្ឋាភិបាលបានជួយសង្គ្រោះរងគ្រោះចំនួន៧៥នាក់ និងបន្តជួយសង្គ្រោះជាដំណាក់កាលៗ តាមរយៈការសហការជាមួយរដ្ឋាភិបាលកម្ពុជា៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ