អានតួអត្ថបទ

លោក ហ៊ុន សែន៖ ចលនាជ្រុលនិយម អាចបង្កឱ្យមានសង្គ្រាម

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រាប់ឯកអគ្គរាជទូតជប៉ុន នៅថ្ងៃទី១៨ខែឧសភា ថា ឲ្យចាំមើលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់  ស្ថានការណ៍ប្រជាធិបតេយ្យ នឹងល្អប្រសើរ រួមទាំងកម្ពុជា។ ការលើកឡើង​បែបនេះ​របស់​អតីតនាយក​រដ្ឋមន្ត្រីកម្ពុជា គឺក្នុងជំនួបអាហារថ្ងៃត្រង់ជាមួយលោក អឹអិណុ អាហ្សឹហ្ស៊ី នៅនិវេសនដ្ឋានទូតជប៉ុន ក្នុងទីក្រុងភ្នំពេញ។

លោក ហ៊ុន សែន៖ ចលនាជ្រុលនិយម អាចបង្កឱ្យមានសង្គ្រាម
លោក ហ៊ុន សែន៖ ចលនាជ្រុលនិយម អាចបង្កឱ្យមានសង្គ្រាម © Samdech Hun Sen of Cambodia
ផ្សាយពាណិជ្ជកម្ម

តាមសំណេរនៅលើហ្វេសប៊ុក លោក ហ៊ុន សែន ព្យាករណ៍ថា នៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ។ ក្នុងន័យនេះ អ្នកតាមដាននយោបាយ​យល់ថា លោក ហ៊ុន សែន ចង់សំដៅដល់ក្រុម លោក សម រង្ស៊ី ឬបក្សប្រឆាំង ស្របពេលសមជិកបក្សប្រឆាំងមួយចំនួនត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នៅមុនបោះឆ្នោតអសកលនៅចុង​សប្តាហ៍ក្រោយនេះ។

បើតាមសំណេរ របស់ប្រធានព្រឹទ្ធសភារូបនេះ លោកកំពុងប្តេជ្ញាប្រើអំណាចខ្លួនបោសសំអាត ក្រុមបក្សប្រឆាំងនៅកម្ពុជា នៅក្រោម​ហេតុ​ផល​ដែលលោកហៅថា ជាក្រុមជ្រុលនិយម។

ឆ្លៀតក្នុងឱកាសឃោសនាបោះឆ្នោតអសកលនេះ លោក ហ៊ុន សែន បានបញ្ជាក់ថា ការបោះឆ្នោត គឺដើម្បីសុខសុវត្ថិភាព សេចក្ដីសុខរបស់ប្រជាជន មិនមែនដើម្បីធ្វើសង្គ្រាមនោះទេ ។ លោកបានសង្កត់ធ្ងន់ថា ចលនាជ្រុលនិយម អាចបង្កឱ្យមានសង្គ្រាម ។

ផ្ទុយមកវិញ លោក រ៉ុង ឈុន ​ទីប្រឹក្សាគណបក្សកម្លាំងជាតិ យល់ថា ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មិនបានឆ្លុះបញ្ចាំងពីការពិតទាល់តែសោះ ។ លោកថា អ្នកនយោបាយទាំងអស់សុទ្ធតែជាខ្មែរធ្វើការបម្រើពលរដ្ឋ មិនគួរចាត់ទុកជាក្រុមជ្រុលនិយមនោះទេ។

 សម្រាប់ លោក រ៉ុង ឈុន ការចាប់ខ្លួនបេក្ខជនឈរឈ្មោះឲ្យគណបក្សប្រឆាំងកន្លងមក ហាក់ធ្វើទៅតាមអារម្មណ៍របស់អ្នកកាន់អំណាច ខណៈលោកឲ្យយោបល់ថា ក្នុងនាមជាអ្នកនយោបាយគួរបើកចិត្តនិយាយគ្នាជាជាង ចោទប្រកាន់ក្រុមណាមួយថា«ជ្រុលនិយម»ដែលនេះមិនអាចនាំឱ្យប្រទេសកម្ពុជាមានការរីកចម្រើនបានទេ។

បើតាមគណបក្សប្រឆាំង យ៉ាងហោចណាស់ មានបេក្ខជនដែលឈរឈ្មោះសម្រាប់បក្សប្រឆាំងជាង១០រូប ដែលមកពីគណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ត្រូវបានចាប់ខ្លួន នៅមុនការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ។ សម្រាប់បណ្តាបក្សប្រឆាំង នេះជាការបំភិតបំភ័យ និងគំរាមកំហែងផ្នែកនយោបាយ ដែលជះឥទ្ធិពលមិនល្អសម្រាប់ការបោះឆ្នោតអសកលនៅថ្ងៃទី២៦ខែឧសភាខាងមុខនេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ