អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​កូវីដ១៩ ជាវិបត្តិ​ក្នុង​ទម្រង់ថ្មី សម្រាប់​ប្រព័ន្ធ​សេដ្ឋកិច្ច​​មូលធន​និយម?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២០ បានកែប្រែដំណើរការទូទៅនៃប្រព័ន្ធមូលធននិយមទាំងមូល។ ពីអតីតកាល ប្រព័ន្ធមូលនេះត្រូររងគ្រោះព្រោះវិបត្តិហិរញ្ញវត្ថុ ឬវិបត្តិអតិផរណា ប៉ុន្តែម្ដងនេះគឺដោយសារ វិបត្តិសុខភាព។ នៅទីបញ្ចប់នៃវិបត្តិនេះ គម្លាតកាន់តែធំរវាងក្រុមហ៊ុនតូចៗ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងពិភពលោក នឹងកើតមានឡើង។ តើហេតុអ្វីកូវីដ១៩ជាវិបត្តិក្នុងទម្រង់ថ្មីសម្រាប់ប្រព័ន្ធមូលធននិយម?

ផ្សារលក់​បន្លែផ្លែឈើនៅហាលវាល ជាយ​ទីក្រុងឡុងដ៍ មិនឆ្ងាយ​ប៉ុន្មានពីសង្កាត់អាគារខ្ពស់ៗ "the CIty" ដែលជា​ទីផ្សារ​ហិរញ្ញវត្ថុ​មួយ​ដ៏សំខាន់នៃពិភពលោក។
ផ្សារលក់​បន្លែផ្លែឈើនៅហាលវាល ជាយ​ទីក្រុងឡុងដ៍ មិនឆ្ងាយ​ប៉ុន្មានពីសង្កាត់អាគារខ្ពស់ៗ "the CIty" ដែលជា​ទីផ្សារ​ហិរញ្ញវត្ថុ​មួយ​ដ៏សំខាន់នៃពិភពលោក។ REUTERS - TOBY MELVILLE
ផ្សាយពាណិជ្ជកម្ម

វិបត្តិសេដ្ឋកិច្ចជាផ្នែកមួយនៃប្រព័ន្ធសេដ្ឋកិច្ចបែបមូលធនិយម។ មូលធននិយម គឺជាប្រព័ន្ធសេដ្ឋកិច្ចមួយដែលបុគ្គលឯកជន ឬអាជីវកម្ម កាន់ក្តាប់ទ្រព្យសម្បត្តិរបស់ខ្លួនផ្ទាល់។ ក្នុងប្រព័ន្ធនេះ ផលិតកម្មទំនិញ និងសេវាកម្ម អាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារទូទៅ ជាជាងតាមរយៈផែនការកណ្តាលដែលត្រូវបានកំណត់ដោយរដ្ឋ។ នៅរយៈពេលវែង អាជីវកម្មទន់ខ្សោយត្រូវធ្លាក់ចុះ ឬរងបរាជ័យ រីឯអាជីវកម្មខ្លាំងរឹងមាំនឹងកាន់តែខ្លាំង ហើយអាចពង្រីកខ្លួនកាន់តែធំ។ ទោះជាយ៉ាងណា វិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២០ បានកែប្រែដំណើរការទូទៅនៃប្រព័ន្ធនេះ។ ម្ដងនេះ ប្រព័ន្ធមូលធននិយមត្រូររងគ្រោះដោយសារវិបត្តិសុខភាព ជាជាងវិបត្តិហិរញ្ញវត្ថុ ឬវិបត្តិអតិផរណា។ អ្នកជំនាញវាយតម្លៃថា វិបត្តិនេះបង្កឱ្យមានអ្នកឈ្នះ និងអ្នកចាញ់។ អ្នកឈ្នះស្ថិតក្នុងវិស័យបច្ចេកវិទ្យា ឬទំនាក់ទំនងតាមវីដេអូ ចំណែកឯអ្នកចាញ់គឺក្រុមហ៊ុនជិះទូកកម្សាន្តក្នុងវិស័យទេសចរណ៍ ជាដើម។ ហេតុអ្វីកូវីដ១៩ជាវិបត្តិក្នុងទម្រង់ថ្មីសម្រាប់ប្រព័ន្ធមូលធននិយម?

រហូតមកដល់ពេលបច្ចុប្បន្ន វិបត្តិសេដ្ឋកិច្ចហាក់មាននិន្នាការកាន់តែមិនច្បាស់លាស់ និង​មានភាពលឿនរហ័សរហូតដល់នឹកស្មានមិនដល់។ ចាប់តាំងពីសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចតែ១៤%នៃពេលវេលាទំាងអស់។ ប៉ុន្តែ វិបត្តិទាំងនោះម្ដងណាក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងមូល។ ក្នុងអំឡុងវិបត្តិបីដងលើកមុន តម្លៃផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនកំពូលអាមេរិកទាំងដប់វិស័យបែរជាកើនឡើង ៦ភាគរយជាមធ្យម ផ្ទុយទៅវិញក្រុមហ៊ុនតូចៗបានធ្លាក់ចុះ ៤៤%។

វិបត្តិកូវីដ១៩បច្ចុប្បន្ននេះធ្វើឱ្យមានអ្នកឈ្នះយ៉ាងប្រាកដ។ បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យានៅ  Silicon Valley របស់សហរដ្ឋអាមេរិក បាន​កើនឡើងយ៉ាងខ្លាំង នៅពេលអ្នកប្រើប្រាស់បានប្តូរទៅប្រើប្រាស់សេវាកម្មឌីជីថល។ ក្រុមហ៊ុនចិន China Inc ក៏មានដំណើរឈានមុខយ៉ាងខ្លាំងផងដែរ។ សេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសនេះបាននិងកំពុងដើរលឿនជាងប្រទេសដទៃទៀត ហើយក្រុមហ៊ុនបច្ចេកវិទ្យាចិនយ៉ាងច្រើនបានប្រកាសលក់ភាគហ៊ុនបន្ថែម។ បច្ចុប្បន្ននេះ ភាគហ៊ុននៃក្រុមហ៊ុនចិនលើពិភពលោក (រួមបញ្ចូលទាំងហុងកុង) តំណាង ១៧ភាគរយ គឺកើនឡើងពី ១៥ភាគរយមុនពេលមានវិបត្តិកូវីដ១៩ និងតំណាងត្រឹម ១៣ភាគរយ កាលពីមួយទសវត្សរ៍មុន។

តើនរណាជាអ្នកឈ្នះ? ក្រុមហ៊ុនខ្លះទទួលបានជោគជ័យសឹងមិនគួរ​ឱ្យ​ជឿ។ យោងតាមសារព័ត៌មាន Bloomberg ក្រុមហ៊ុនគ្រួសារ Poonawalla នៅក្នុងប្រទេសឥណ្ឌា ដែលអភិវឌ្ឍអាជីវកម្មវ៉ាក់សាំង បានបង្កើនទ្រព្យសម្បត្តិរបស់ពួកគេរហូតដល់ ៦២ភាគរយ ឬមានតម្លៃ ១៤ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនជប៉ុន SoftBank ដែលធ្លាប់ជាក្រុមហ៊ុនមានបំណុលច្រើន បានប្រែក្លាយវិបត្តិទៅជាឱកាស ដោយប្រកាសពីការលក់ហ៊ុន ៨០ពាន់លានដុល្លារ។

ចុះនរណាជាអ្នកចាញ់? ក្រុមហ៊ុនតូចៗ និងមានភាពទន់ខ្សោយនៅឡើយពីមុនវិបត្តិជាអ្នកចាញ់ច្រើនជាងគេ។ សម្រាប់ពួកគេ អាជីវកម្មមានស្ថានភាពអាក្រក់ជាងមុនវិបត្តិបច្ចុប្បន្ន។ ជាឧទាហរណ៍ នៅក្នុងឆមាសទីមួយ ឆ្នាំ២០២០ ច្រើនជាង ៤០ភាគរយនៃក្រុមហ៊ុនដែលបានចុះបញ្ជី ចំនួនជាងបីពាន់ក្រុមហ៊ុននៅអាមេរិក បានខាតបង់ប្រាក់យ៉ាងច្រើន បើប្រៀបធៀនឹងឆ្នាំ២០១៩។ ទោះជាយ៉ាងណា អត្រានៃការមិនមានលទ្ធភាពសងប្រាក់នៅអាមេរិក នៅមានកម្រិតទាបនៅឡើយ រហូតមកដល់ពេលនេះ ពោលអត្រាមានប្រមាណ ៥ភាគរយ។

ផ្អែកតាមអ្នកជំនាញ នៅឆ្នាំ២០២១ រដ្ឋាភិបាលយ៉ាងច្រើននឹងកាត់បន្ថយជំនួយរដ្ឋ ហើយនឹងងាកចេញពីការជួយរក្សាក្រុមហ៊ុននីមួយៗឱ្យនៅរស់ និងដើម្បីប្រាកដថា បុគ្គលិក ឬពលករមានជំនួយ ប្រសិនបើពួកគេបាត់បង់ការងារ។ គម្លាតផលចំណេញ រវាងក្រុមហ៊ុននីមួយៗ ក៏នឹងកាន់តែធំឡើងៗផងដែរ ព្រោះថាក្រុមហ៊ុនដែលខ្លាំងស្រាប់នឹងរក្សាការវិនិយោគ ផ្ទុយទៅវិញក្រុមហ៊ុនខ្សោយៗនឹងកាត់បន្ថយសកម្មភាពវិនិយោគរបស់ខ្លួន។

ក្រុមហ៊ុនដែលឆ្លងផុតវិបត្តិឆ្នាំ២០២០ នឹងក្លាយជាក្រុមហ៊ុនធំដែលទទួលបានអត្ថប្រយោជន៍ខ្លាំងពីការអភិវឌ្ឍបច្ចេកវិទ្យា និងមានឥទ្ធិពលលើសេដ្ឋកិច្ចពិភពលោក ជាពិសេស នៅអាស៊ី និងអាមេរិក។ ទោះជាយ៉ាងណា ភាពជាប់គាំងនៃសាកលភាវូបនីយកម្មក៏មានន័យថា គោលការណ៍ពហុភាគីនិយមក៏នឹងត្រូវរងផលប៉ះពាល់ផងដែរ។ ដូច្នេះ សកម្មភាពអាជីវកម្មទំនងត្រូវផ្តោតប្រសិទ្ធភាពក្នុងប្រទេស ខ្លាំងជាងនៅអន្តរជាតិ។ ទំហំនៃការអន្តរគមន៍របស់រដ្ឋាភិបាលបានរីករាលដាល នៅគ្រប់ទីកន្លែង ដូច្នេះ កម្រិតនៃការអនុវត្តបទបញ្ញត្តិ និងការដំឡើងពន្ធនឹងកើនឡើងដោយជៀសមិនរួច។ នៅទីបញ្ចប់នៃវិបត្តិសេដ្ឋកិច្ចម្ដងនេះ តើប្រព័ន្ធមូលធននឹងក្លាយទៅជាយ៉ាងណា? អ្នកជំនាញខ្លះបានលើកឡើងពីការព្យាករណ៍ ដោយ កាល់ម៉ាក្ស៍។ គម្លាតរវាងអ្នកមាន និងអ្នកក្រនឹងកើនឡើង។ ប្រព័ន្ធមូលធននិយមនឹងរុញច្រានឱ្យ អ្នកមានកាន់តែមាន ហើយអ្នកក្រនៅតែបន្តក្រីក្រ។ មូលធននិយម នឹងរុញច្រានឱ្យមាន កំណើនសេដ្ឋកិច្ចខ្លាំងខ្លា និងការកើនឡើងនៃសាកលភាវូបនីយកម្ម ប៉ុន្តែនៅចុងបញ្ចប់ ទ្រព្យសម្បត្តិនឹងធ្លាក់ទៅលើដៃម្ចាស់ស្ថាប័នធំៗ និងពួកនាយទុន តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ