អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បញ្ហា​​បរិស្ថាន បន្ដ​​​គំរាម​​កំហែង​​ពិភពលោក​​​​នៅ​ឆ្នាំ​​២០២១

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោងតាមរបាយការណ៍ស្ដីពីហានិភ័យសកលឆ្នាំ២០២១ ដែលត្រូវបានចេញផ្សាយ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក (The World Economic Forum) មនុស្សជាតិរាប់ពាន់លាននាក់ កំពុងប្រឈមនឹងហានិភ័យសកល តួយ៉ាងការខកខានទទួលបានភាពជឿនលឿននៃបច្ចេកវិទ្យា ស្របពេលដែល​គម្លាតនៃការទទួលបានបច្ចេកវិទ្យាបានកើនឡើង។ ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ច​ពិភពលោកនឹងត្រូវរងការគំរាមកំហែង​ ដោយផលប៉ះពាល់នៃវិបត្ដិជំងឺកូវីដ១៩។ ​ស្ថិរភាពភូមិសាស្ត្រនយោបាយនឹងមានភាព​ផុយស្រួយ ក្នុងរយៈពេលពី៥ ទៅ១០ឆ្នាំខាងមុខ។ ក្នុងរយៈពេលវែង ហានិភ័យពាក់ព័ន្ធទៅនឹងបញ្ហាបរិស្ថាន នៅតែបន្តគំរាមកំហែង។ បញ្ហាបរិស្ថាន​បន្ដជាហានិភ័យចម្បងកំពូល គិតទាំងលទ្ធភាពដែលវាអាចកើតមានឡើង និងផលប៉ះពាល់របស់វា។

ក្រុមយុវជន​សកម្មជន​បរិស្ថាន ដឹកនាំដោយកញ្ញា Greta Thunberg​ ធ្វើបាតុកម្ម​នៅ​ក្រុង​ដាវ៉ូស ខណៈដែល​ថ្នាក់ដឹកនាំ​ពិភព​លោក មកជួបជុំក្នុង​​វេទិកា​កំពូលសេដ្ឋកិច្ច WEF។ ដាវ៉ូស ថ្ងៃទី ២៤ មករា ២០២០
ក្រុមយុវជន​សកម្មជន​បរិស្ថាន ដឹកនាំដោយកញ្ញា Greta Thunberg​ ធ្វើបាតុកម្ម​នៅ​ក្រុង​ដាវ៉ូស ខណៈដែល​ថ្នាក់ដឹកនាំ​ពិភព​លោក មកជួបជុំក្នុង​​វេទិកា​កំពូលសេដ្ឋកិច្ច WEF។ ដាវ៉ូស ថ្ងៃទី ២៤ មករា ២០២០ AFP - FABRICE COFFRINI
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ស្ដីពីហានិភ័យសកលឆ្នាំ២០២១ ដែលត្រូវបានចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (the World Economic Forum) គឺជារបាយការណ៍ប្រចាំឆ្នាំលើកទី១៦ ផ្តោតការវិភាគលើបញ្ហាសកលនានា តួយ៉ាង ជំងឺរាតត្បាតសកល ការធ្លាក់ចុះកំណើនសេដ្ឋកិច្ច វិបត្តិនយោបាយ និងវិបត្តិអាកាសធាតុ ជាដើម។ របាយការណ៍នេះបង្ហាញពីកម្រិតហានិភ័យសកលដែល​អាចកើតមានឡើងនៅថ្ងៃអនាគត ក្នុងរយៈពេលខ្លី មធ្យម និងវែង។

របាយការណ៍នេះជាការសិក្សាប្រចាំឆ្នាំដែលចេញផ្សាយមុនពេលកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុង​Davos ប្រទេសស្វីស។ របាយការណ៍ពិពណ៌នាអំពីការផ្លាស់ប្តូរដែលកើតឡើងនៅក្នុងបរិបទហានិភ័យពិភពលោកពីមួយឆ្នាំទៅមួយឆ្នាំ។ របាយការណ៍ក៏ស្វែងយល់អំពីទំនាក់ទំនងនៃហានិភ័យទាំងនោះ និងការពិចារណាស្វែងរកយុទ្ធសាស្ត្រដើម្បីកាត់បន្ថយហានិភ័យពិភពលោកទាំងនោះផងដែរ។

គោលគំនិត និង​ការវិភាគ​ ក្នុងរបាយការណ៍ត្រូវរួមបញ្ចូលការវាយតម្លៃ ដោយស្ថាប័នដៃគូនានា មតិយោបល់ក្នុងសិក្ខាសាលា និងការស្ទង់មតិរបស់អ្នកជំនាញដែលមានការទទួលស្គាល់ជាអន្តរជាតិ។ សម្រាប់របាយការណ៍ហានិភ័យឆ្នាំ២០២១ ទិន្នន័យផ្សេងៗទទួលបានពីការឆ្លើយនឹងសំនួរពីអ្នកជំនាញទាំង៦៥០នាក់ ​​ពីស្ថាប័នផ្សេងៗចម្រុះគ្នា។

នៅឆ្នាំ២០២១ ហានិភ័យចម្បងកំពូលដែល​អាចមាន​លទ្ធភាពកើតឡើងច្រើន រួមមាន៖ អាកាសធាតុកើនកម្ដៅខ្លាំង ភាពបរាជ័យនៃសកម្មភាពរួមគ្នាជាសកលដើម្បីដោះស្រាយបញ្ហាអាកាសធាតុ ការខូចខាតបរិស្ថាន ការកើនឡើងចំនួនមនុស្សមានជំងឺឆ្លង ការបាត់បង់ជីវចម្រុះ ការប្រមូលផ្តុំថាមពលបច្ចេកវិទ្យាតែក្នុងប្រទេសខ្លះ វិសមភាពបច្ចេកវិទ្យា ការធ្លាក់ចុះទំនាក់ទំនងអន្ដរជាតិ ការបរាជ័យខាងសន្តិសុខតាមអ៊ីនធឺណិត និងវិបត្តិជីវភាព។ កាលពីឆ្នាំមុន របាយការណ៍បង្ហាញពីកង្វល់បរិស្ថាន ដែលស្ថិតក្នុងចំណោមហានិភ័យចម្បងកំពូល គិតទាំងលទ្ធភាពកើតមាន និងផលប៉ះពាល់របស់វា។

របាយការណ៍បានបង្ហាញថា ការខាតបង់សេដ្ឋកិច្ច និង​ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ មានសភាពធ្ងន់ធ្ងរណាស់។ វិបត្តិជំងឺនេះបង្កការគំរាមកំហែងដល់ការរីកចម្រើនទៅថ្ងៃមុខ នៅប៉ុន្មានឆ្នាំក្រោយៗទៀត ជាពិសេស ចំពោះការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសកល និងការធ្វើឱ្យខូចខាតដល់ការរួបរួមគ្នាក្នុងសង្គម និងកិច្ចសហប្រតិបត្តិការពិភពលោក។

សម្រាប់ហេតុផលទាំងនោះ ជំងឺរាតត្បាតត្រូវបានចាត់ទុកជាបញ្ហាចម្បងបំផុត។ ជំងឺកូវីដ១៩ មិនត្រឹមតែនាំឱ្យមានការបាត់បង់អាយុជីវិតមនុស្សប៉ុណ្ណោះទេ តែវាកំពុងតែរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ក្រីក្រមួយចំនួន នៅលើពិភពលោក ស្របពេលដែលការកើនឡើងវិសមភាពទ្រព្យសម្បត្តិបានកើតមានឡើងនៅពាសពេញពិភពលោក។

នៅទីបញ្ចប់ បើទោះបីជាយើងអាចដោះស្រាយវិបត្តិជំងឺកូវីដ១៩ ក៏យើងត្រូវប្រឈមនឹងបញ្ហា អាកាសធាតុដែលស្ថិតជាវិបត្តិចម្បងកំពូល ក្នុងតារាងហានិភ័យសកលឆ្នាំនេះ។ របាយការណ៍ពិពណ៌នាថា វាជាការគំរាមកំហែងសម្រាប់មនុស្សជាតិ។ ប្រាកដណាស់ ការធ្លាក់ចុះនៃការបំភាយឧស្ម័នពុលបានកើតមានឡើង ព្រោះការបិទទ្វារបង្ខាំងប្រជាជនឱ្យ​នៅក្នុងផ្ទះ និងការធ្លាក់ចុះការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរអន្តរជាតិ ក៏ប៉ុន្ដែក៏នៅមានការព្រួយបារម្ភថា នៅពេលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ ការបំភាយឧស្ម័ននឹងកើនឡើងវិញម្ដងទៀត។

យោងតាមរបាយការណ៍ឆ្នាំនេះ ក្នុងរយៈពេលខ្លីអំឡុងពីរឆ្នាំបន្ទាប់ ការគំរាមកំហែងភាគច្រើនអាចពាក់ព័ន្ធនឹងជំងឺឆ្លង វិបត្តិជីវភាពការរស់នៅរបស់ប្រជាជន វិសមភាពបច្ចេកវិទ្យា និងការមិនពេញចិត្តរបស់ក្រុមយុវជនសម្រាប់សង្គម និងអនាគតរបស់ពួកគេ។ ចំពោះហានិភ័យរយៈពេលមធ្យម អំឡុងពីបីទៅប្រាំឆ្នាំខាងមុខ របាយការណ៍​បាន​បង្ហាញអំពីលទ្ធភាព​ នៃការផ្ទុះឡើងវិបត្តិគម្លាតទ្រព្យសម្បត្តិ ការបែកបាក់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា អស្ថិរភាពតម្លៃ និងវិបត្តិបំណុល។ ក្នុងរយៈពេលវែង របាយការណ៍បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃអាវុធបំផ្លិចបំផ្លាញលោកទ្រង់ទ្រាយធំ ការដួលរលំរដ្ឋាភិបាលនានា ការបាត់បង់ជីវចម្រុះ និងការជឿនលឿនផ្នែកបច្ចេកវិទ្យាអវិជ្ជមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ