អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ផលអវិជ្ជមាន​ដ៏គ្រោះថ្នាក់​ នៃ​ម៉ូដ​សម្លៀក​បំពាក់​សំបូរបែប តម្លៃ​ថោក និង​ឆាប់​ប្រើការ​លែងកើត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាមួយ​នឹងភាពរីកចម្រើន ហ៊ឺហារទាន់សម័យ សម្ភារៈនិយម របស់មនុស្សយើងនាពេលបច្ចុប្បន្ននេះ សម្លៀកបំពាក់សំបូរបែប គ្រប់ម៉ូដគ្រប់ម៉ាក បានក្លាយ​ជាមធ្យោបាយ​ដើម្បីបង្អួត សំញ៉ែញគ្នា​ ឬដើម្បីអាចចូលចុះ ក្នុង​ចំណោម​មនុស្ស​ក្នុង​សង្គម​មនុស្ស​។ ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់ បានឆក់យក​ឱកាស​នេះ ដើម្បី​ផលិត​សម្លៀកបំពាក់ ដូរម៉ូដកាន់តែញឹក តម្លៃកាន់តែថោក តែគ្មានគុណភាព និង​ឆាប់ប្រើការលែងកើត។ អង្គការបរិស្ថាន ក៏ដូចជាអ្នកប្រើប្រាស់មួយចំនួន ភាគច្រើន​នៅតាមបណ្តាប្រទេសអឺរ៉ុប បានចាប់ផ្តើមទាញសញ្ញាអាសន្ន រំលឹកអំពី​ផលអវិជ្ជមាន​ដ៏គ្រោះថ្នាក់ បណ្តាលមកពី​​ផលិត​សំលៀកបំពាក់ លើសពីតម្រូវការ​ ដើម្បីប្រមូលប្រាក់ចំណេញ ដោយ​គ្មានការទទួលខុសត្រូវ ចំពោះ​បរិស្ថាន ធនធានធម្មជាតិ និងសុខមាលភាព​របស់មនុស្ស។

បញ្ជរតាំងបង្ហាញ របស់ហាងលក់សម្លៀកបំពាក់ H&M មួយកន្លែង នៅទីក្រុងញូយ៉ក ដែលមានដាក់ផ្លាកធំៗថា​ "SALE UP TO 80% OFF"
បញ្ជរតាំងបង្ហាញ របស់ហាងលក់សម្លៀកបំពាក់ H&M មួយកន្លែង នៅទីក្រុងញូយ៉ក ដែលមានដាក់ផ្លាកធំៗថា​ "SALE UP TO 80% OFF" AP - Mark Lennihan
ផ្សាយពាណិជ្ជកម្ម

ភាពហ៊ឺហារទាន់សម័យ តាមរយៈសម្លៀកបំពាក់ បានរីកសាយ​ភាព​ជាខ្លាំង ជាមួយ​នឹងសេដ្ឋកិច្ច​សកលភាវូបនីយកម្ម។ អ្វីៗកាន់តែលឿនរហ័ស ដើរបត់បែន វិវឌ្ឍន៍គ្រប់វិស័យ ដោយរាប់ទាំងវិស័យសម្លៀកបំពាក់។ ក្រុមហ៊ុនឧស្សាហកម្ម​​ផលិត​សម្លៀក​បំពាក់ បាន​ផលិត​ខោអាវ ស្បែកជើង កាន់តែសំបូរបែប ដូរម៉ូដកាន់តែញឹកញាប់ និ​ងដែល​មានតម្លៃថោក ដើម្បីទាក់ទាញ​អ្នកទិញ។ ជាមួយ​នឹងការ​បញ្ចុះតម្លៃពិសេសថែមទៀតនោះ អ្នក​ទិញ ក៏ទិញ​មិនបង្អង់ដៃ ដើម្បីដើរឲ្យទាន់សម័យ​និយម។ ម៉ូដសម្លៀកបំពាក់ ថោក និង​គុណភាព​អន់បែបនេះ ត្រូវបាន​គេហៅថា « Fast Fashion »។

ក្រុមហ៊ុន H&M និង Zara ជាដើម ត្រូវបាន​គេស្គាល់ថា សុទ្ធតែជាមហាក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់ ដែល​បានបង្កើតសាខា​ និងម៉ាករាប់រយផ្សេងទៀត នៅពាលពេញពិភពលោក។ គឺអាណាចក្រក្រុមហ៊ុនទាំងនេះហើយ ដែលបានកើប​ប្រាក់ចំណេញ តាមរយៈការផលិត​សម្លៀក​បំពាក់តម្លៃថោកៗ គុណភាពអន់ៗ បោកបញ្ឆោតឲ្យ​មនុស្ស ​វក់វីទិញមិនស្វាង ដើម្បីដើរឲ្យ​ទាន់តាម​ទំនោរពេញនិយម។

បំផ្លាញបរិស្ថាន និងធនធានធម្មជាតិ

អ្នកប្រើប្រាស់ខ្លះ ប្រហែលជាមិនបានដឹងទេ ថាការ​ផលិត​​អាវយឺតមួយ​ តម្លៃ​៥ដុល្លារ ដែលខ្លួន​ទើបតែទិញនេះ តើវាបានជះផល​អវិជ្ជមានអ្វីខ្លះ។ តម្លៃសម្លៀកបំពាក់​កាន់តែថោក គឺវាមានន័យថា ក្រុមហ៊ុន​ដែលផលិតវានោះ គឺបាន​បំពុលបរិស្ថាន បំផ្លាញធនធានធម្មជាតិ និងជិះជាន់កម្លាំងពលកម្ម​បុគ្គលិកកម្មករ កាន់តែខ្លាំងដែរ។

យោងតាមរបាយការណ៍របស់ ទីភ្នាក់ងារបរិស្ថាននិងគ្រប់គ្រងថាមពល (ADEME) ក្នុងមួយឆ្នាំមាន​សម្លៀកបំពាក់ថ្មីៗ ចំនួន១០ម៉ឺនលាន​សម្រាប់ ត្រូវបានគេលក់នៅក្នុងពិភពលោក ពោលគឺវាបានកើនឡើង​​ដល់ទៅ៦០% បើប្រៀបធៀបទៅកាលពី១៥ឆ្នាំមុន។ ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់ គឺជាវិស័យដែល​ប្រើប្រាស់ទឹក​ច្រើនបំផុត លំដាប់ទី៣ បន្ទាប់ពីវិស័យកសិកម្មដាំស្រូវសាលី និងដាំស្រូវអង្ករ។ ទឹកស្អាតចំនួន​៤%នៃភពដែនដី ត្រូវបានគេយកទៅប្រើ​ក្នុង​ការ​ផលិត​សម្លៀកបំពាក់។ ក្នុងមួយឆ្នាំៗ វិស័យនេះបញ្ចេញឧស្ម័នកាបូនិក ចំនួន១២០០លានតោន ពោលគឺស្មើនឹង២% នៃទំហំបញ្ចេញចោលឧស្ម័នកាបូនិក នៅទូទាំងពិភពលោក។

គ្រប់ជំហាន​នៃការផលិត រាប់ចាប់តាំងពី​ការ​ដាំកប្បាស ការ​ប្រមូលផល ការផលិតជាសសៃអំបោះ ការផលិតសាច់ក្រណាត់ ការជ្រលក់ពណ៌ ព្រមទាំង​ការផលិតវត្ថុធាតុដើមកែឆ្នៃ (Synthétiques) ផ្សេងទៀត ទាំងអស់នេះគឺសុទ្ធតែត្រូវការ​ចំណាយ​ថាមពល បញ្ចេញឧស្ម័នពុល ប្រើប្រាស់ទឹក និង បញ្ចេញចោលនូវសារធាតុគីមី ទៅក្នុង​ប្រភពទឹក​។ នេះនៅមិនរាប់អំពី​ការដឹកជញ្ជូន ​រាប់ពាន់​រាប់ម៉ឺន​គីឡូម៉ែត្រ​ផងទេ។

សម្លៀកបំពាក់កាន់តែថោក មនុស្សទិញថ្មីកាន់តែញឹក បើទោះបីជាមិនចាំបាច់ត្រូវ​ទិញ។ ៧០% នៃសម្លៀកបំពាក់ នៅក្នុងទូរ គឺមិនត្រូវបាន​យកមកប្រើប្រាស់ទេ។ នៅ​អឺរ៉ុប ក្នុង​មួយឆ្នាំ ​សំរាម​ជាសម្លៀក​បំពាក់ ដែលគេបោះចោល មានចំនួន​ប្រមាណ​៤លានតោន។ ភាពខ្ជះខ្ជាយនេះ មិនមែនជាការទទួលខុសត្រូវរបស់ អ្នកទិញតែម្នាក់ទេ តែវាជា​ការ​ចូលរួម​ចំណែក របស់​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ ដែល​ផលិតក្នុងទំហំធំ ហើយបោះចោលនៅ​ពេល​លក់​មិនអស់។

ចិញ្ចឹមទាសភាពសម័យទំនើប

ផ្អែកតាមរបាយការណ៍របស់អង្គការ Oxfam ឧស្សាហកម្មផលិតសម្លៀកបំពាក់ តម្លៃថោក គឺជាវិស័យ ដែលបានចិញ្ចឹមទាសភាពសម័យទំនើប។ កុមារ និងស្ត្រីនៅតាមប្រទេសក្រីក្រ ត្រូវបង្ខំចិត្តធ្វើជាកម្មករ ជាមួយនឹងលក្ខខណ្ឌការងារដ៏លំបាក បានទទួលប្រាក់កំរៃតិច និងជាពិសេសនេះ ត្រូវប្រឈមនឹងគ្រោះថ្នាក់​ ផ្នែកសុខភាព និងសុវត្ថិភាព។ មុននឹងសម្រេចទៅបង្កើតរោងចក្រ នៅក្នុងប្រទេសមួយ ជាទូទៅក្រុមហ៊ុន​ផលិតសម្លៀក​បំពាក់ តែងតែបានគិត​ពីកត្តាយុទ្ធសាស្ត្រមួយចំនួន ដែលផ្តល់ផលចំណេញខ្ពស់​ឲ្យខ្លួន តួយ៉ាងដូចជា តម្លៃពលកម្មថោក គ្មានច្បាប់ការងារតឹងរឹង និង​គ្មានវិធានច្បាប់​ការពារបរិស្ថាន-ធនធានធម្មជាតិ ជាដើម។

អង្គការ ​Greenpeace ធ្លាប់បានលើកឡើងថា ឧស្សាហកម្ម​ផលិត​សម្លៀកពាក់ថោកៗ ប្រើម្តង២ដងបោះចោល គឺវាជា​កញ្ចក់ ឆ្លុះបញ្ចាំងឲ្យឃើញ នូវដំណើរមកដល់ទីទ័លច្រក នៃប្រព័ន្ធសេដ្ឋកិច្ចពិភពលោក​បច្ចុប្បន្ន។ ប្រព័ន្ធសេដ្ឋកិច្ច ដែលគិតតែពីផលិតលក់ ផលិតលក់ លើស​ពីទំហំតម្រូវការ គិតតែពីកើបប្រាក់ចំណេញ ដោយ​មិនគិតពីការខ្ជះខ្ជាយ និងភាពហិនហោច នៃធនធានធម្មជាតិ។

ត្រូវតែផ្លាល់ប្តូរផ្នត់គំនិត និងទំលាប់ ដោយ​ការទទួលខុសត្រូវ

ដោយសង្កេតឃើញនូវកត្តាអវិជ្ជមាន ទាំងអម្បាលម៉ាននេះ នៅតាមបណ្តាប្រទេស​អឺរ៉ុបខ្លះ​ អ្នកប្រើប្រាស់កាន់តែច្រើន ​បានចាប់ផ្តើមងាកទៅ​ កាត់បន្ថយការទិញសម្លៀកបំពាក់ថ្មីៗ។ ការកែឆ្នៃ យកសម្លៀកបំពាស់ចាស់ៗ មក​ច្នៃប្រើប្រាស់ម្តងទៀត ក៏កាន់តែទទួលការពេញនិយមផងដែរ។

ទន្ទឹមគ្នានេះ មានទំនោរថ្មីមួយ បង្កើតឡើងក្រុមម៉ាកសម្លៀកបំពាក់តូចៗ ថ្មីៗ ដែលទើបតែបង្កើតឡើង ហើយ​ដែលពួកគេបាន​ប្តេជ្ញា ថានឹងផលិតសម្លៀកបំពាក់ ប្រកប​ដោយ​ការទទួលខុសត្រូវ។ ក្រៅពីការ​តាមដាន​យ៉ាងល្អិតល្អន់លើគុណភាព ក្រុមម៉ាកដែលមានការទទួលខុសត្រូវទាំងនេះ បាន​ព្យាយាមផលិត​នៅក្នុងស្រុក លក់នៅក្នុងស្រុក ដោយ​គោរព​ច្បាប់ការងារ និងបទវិធានបរិស្ថានជាធរមាន។ ម៉ាកខ្លះ បាន​ផលិតក្នុងចំនួនតិចបំផុត ដោយអាស្រ័យទៅតាម​ការបញ្ជាទិញ របស់អតិថិជន​ជាមុនសិន។ ក្រុមម៉ាកខ្លះ បាន​ចូលរួមប្រើប្រាស់​​ ឡាប៊ែលពិសេស Fairly Made ដើម្បីបញ្ជាក់ ពីការទទួលខុសត្រូវ ទាក់ទិននឹងផលប៉ះពាល់ទៅលើបរិស្ថាន។

តែយ៉ាងណា ការផលិតដែលមានការទទួលខុសត្រូវ គោរពក្រិត្យក្រមបរិស្ថាន នៅតាមប្រទេសអ្នកមាន គឺត្រូវចំណាយថ្លៃដើមខ្ពស់ណាស់ មិនដូចការផលិត​នៅតាមរោងចក្រ ក្នុងប្រទេសក្រីក្រទេ។ ប្រការនេះ បានធ្វើឲ្យតម្លៃចុងក្រោយ មានកម្រិតខ្ពស់ ហើយអាចធ្វើឲ្យអ្នកទិញ​រារែក។

នៅបារាំង ក្រុមម៉ាកដែលមានការទទួលខុសត្រូវជាង១០ ដូចជា 1083 ,  Jules & Jenn , Balzac Paris , Asphalte និង LOOM ជាដើម បានរួមគ្នា ធ្វើញត្តិមួយ ផ្ញើទៅកាន់រដ្ឋាភិបាលបារាំង សុំឲ្យ​ធ្វើច្បាប់ ដើម្បី​កំណត់តម្លៃ នៃការប៉ះពាល់លើបរិស្ថាន ដាក់បន្ថែមពីលើតម្លៃ​សម្លៀកបំពាក់។ ធ្វើដូចនេះ ទើបអាច​ប្រយុទ្ធជាមួយ​ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗបាន។ រដ្ឋមិនអាចបន្តបើកផ្លូវ ទុកឲ្យ​ក្រុមហ៊ុនទាំងនោះកើបប្រាក់ចំណេញ ដោយ​មិនខ្វល់ពីផលអវិជ្ជមាន​បានទៀតទេ។

ត្រូវតែមាន​ការផ្លាស់ប្តូរ គម្រូសេដ្ឋកិច្ច នៅក្នុងវិស័យ​ផលិតសម្លៀកបំពាក់ ដោយរដ្ឋជាអ្នកជ្រោមជ្រែងការពារ ក្រុមហ៊ុនណា ដែលមានការទទួលខុសត្រូវ ហើយដាក់កំហិត ពិន័យលើក្រុមហ៊ុនណា ដែលបំពាន។ ទន្ទឹមគ្នានេះ ក្នុងនាមជាអ្នកប្រើប្រាស់ អ្នកទិញម្នាក់ៗ​ ក៏ត្រូវតែមានការទទួលខុសត្រូវដែរ។ មុននឹងបោះចោលសម្លៀកបំពាក់ចាស់ៗ ដែលនៅអាចប្រើប្រាស់បាន ទៅ​ស្រវ៉ាទិញថ្មីនោះ​ គួរណាតែ​ពិចារណាឲ្យ​បានវែងឆ្ងាយជាមុនសិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ