អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ផ្សែង​ឧស្ម័ន​​កាបូនិក​ដ៏ក្រាស់ នៅពីក្រោយ​​ឧស្សាហកម្មផលិត​​​ស៊ី​ម៉ង់ត៍ និង​បេតុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោងតាម​តួលេខ របស់សមាគមពិភពលោកនៃវិស័យស៊ីម៉ង់ត៍-បេតុង ដែលមានទីតាំងនៅទីក្រុងឡុងដ៍ គឺការផលិតស៊ីម៉ង់ត៍ ដើម្បីយកធ្វើបេតុង​ បានចូលរួម​បញ្ចេញ​ឧស្ម័នកាបូនិក ទៅក្នុង​បរិយាកាស ក្នុងទំហំច្រើនបំផុត។ ជារួម បើវិស័យនេះជាប្រទេសមួយវិញ  គឺបញ្ចេញឧស្ម័នកាបូនិកប្រចាំឆ្នាំរបស់វា ស្ថិតនៅលំដាប់ទី​៣ បន្ទាប់ពី​ចិន និង​សហរដ្ឋអាមេរិក។ ខណៈដែលពិភពលោក​ កំពុងប្រឹងប្រែងកាត់​បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក ដែលជាប្រភព​នៃការកើនឡើងកំដៅ​ផែនដី តែតម្រូវការ​ស៊ីម៉ង់ និង​បេតុង ក៏កាន់តែកើនខ្ពស់ដែរ ព្រោះ​ការស្ថាបនាសាងសង់ត្រូវឆ្លើយតបទៅនឹងកំណើនប្រជាជន។

ស្ត្រីកម្មករសំណង់ កំពុងតែរៀបចំណងដែក មុននឹងចាក់បេតុងថ្នល់។ ជាយក្រុង​ភ្នំពេញ ថ្ងៃទី ២៥ កុម្ភៈ ២០២១
ស្ត្រីកម្មករសំណង់ កំពុងតែរៀបចំណងដែក មុននឹងចាក់បេតុងថ្នល់។ ជាយក្រុង​ភ្នំពេញ ថ្ងៃទី ២៥ កុម្ភៈ ២០២១ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ស៊ីម៉ង់ត៍ គឺជាទំនិញសំណង់ ដែលគេប្រើប្រាស់ច្រើនជាងគេបំផុត។ ក្នុងមួយវិនាទី ស៊ីម៉ង់ត៍យ៉ាងហោច ១៥០តោន ត្រូវបានគេប្រើប្រាស់នៅទូទាំងពិភពលោក។ ហើយ​មួយឆ្នាំៗ បេតុងចំនួន​១៤ពាន់​លាន​ម៉ែត្រគូប ត្រូវបាន​គេចាក់ ប្រើប្រាស់​ក្នុងសំណង់​ផ្សេងៗ។ នេះបើយោងតាមតួលេខ របស់សមាគមពិភពលោកនៃវិស័យស៊ីម៉ង់ត៍-បេតុង ហៅកាត់ថា GCCA។ ក្រុម​ហ៊ុន​ស៊ីម៉ង់-បេតុងធំៗ ដូចជា ក្រុមហ៊ុនស្វ៊ីស Holcim ក្រុមហ៊ុន​មិចស៊ិក Cemex និងក្រុមហ៊ុនចិន CNBM គឺសុទ្ធតែជាសមាជិកនៃសមាគមនេះ។

ការផលិតស៊ីម៉ង់ត៍ បញ្ចេញឧស្ម័នកាបូនិក លើស​វិស័យដឹកជញ្ជូន​ផ្លូវអាកាស៣ដង

ដើម្បីផលិត​បេតុង គេត្រូវការស៊ីម៉ង់ត៍ជាចាំបាច់។ យោងតាមសមាគម GCCA ការផលិតស៊ីម៉ង់ បានបង្កជាការបញ្ចេញ​ឧស្ម័ន​កាបូនិក CO2 ក្នុងទំហំ៧% នៃការទំហំឧស្ម័នកាបូនិក​បញ្ចេញចោល ទាំងអស់នៅ​ក្នុងបរិយាកាស។ ពោលគឺវិស័យផលិត​ស៊ីម៉ង់ត៍ បញ្ចេញ​ឧស្ម័ន​កាបូនិក លើសវិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស ដល់ទៅ​៣ដង។

ផ្អែកតាមលោកស្រី Valérie Masson-Delmotte អ្នកជំនាញ​អាកាសធាតុបុរេប្រវត្តិ របស់អង្គការ​សហប្រជាជាតិ ទំហំឧស្ម័ន​កាបូនិក បញ្ចេញចោលដោយវិស័យ​ផលិត​ស៊ីម៉ង់ត៍ គឺមានច្រើនលើស​ការបញ្ចេញ​ឧស្ម​័ន​កា​បូនិក របស់សហភាពអឺរ៉ុបទាំងមូល និង​លើស​ប្រទេសឥណ្ឌា។ ពោលគឺក្រោមតែឧស្ម័ន​កាបូនិក​ បញ្ចេញចោលដោយ​ប្រទេសចិន និងសហរដ្ឋអាមេរិក តែប៉ុណ្ណោះ។ ជាងនេះទៀត​ ទំនោរនៃការអភិវឌ្ឍន៍​បច្ចុប្បន្ន ក្នុងវិស័យសំណង់ នៅអាស៊ី និងនៅអាហ្វ្រិកជាដើម គឺធ្វើ​ឲ្យ​តម្រូវការ​ស៊ីម៉ង់ត៍ កាន់តែកើនថែមទៀត ទៅថ្ងៃខាងមុខ។

ស៊ីម៉ង់ត៍ គឺជាសារធាតុកំបោរ clinker ផលិត​ចេញ​ពីការផ្សំរវាង សារធាតុកំបោរ កាល់គែរ​ calcaire ជាមួយនឹង​ដីឥដ្ឋ argile។ គេយកធាតុទាំង២នេះទៅដុតស្លរ លាយ​បញ្ចូលគ្នា ក្នុងកំដៅ ប្រមាណ ១៤០០°C។ យោងតាមអ្នកជំនាញ ដើម្បីអាចផលិត​បាន​ស៊ីម៉ង់ត៍មួយតោន គឺមានឧស្ម័ន​កាបូនិកយ៉ាងហោចចំនួន​១តោនដែរ ដែលត្រូវបញ្ចេញចោលក្នុង​បរិយាកាស ដោយ​ចំហេះដុតស្លរនេះ។ ប្រមាណ​២០០ឆ្នាំមកហើយ ដែលគេបានស្រាវជ្រាវផលិត​ស៊ីម៉ង់ត៍ដោយរបៀបនេះ។ ហើយ​មកទល់បច្ចុប្បន្ន​ បច្ចេកទេសផលិតនេះ មិនបានប្រែប្រួល​ ប៉ុន្មាននោះទេ។

ធ្វើដូចម្តេច ដើម្បីកាត់បន្ថយការបញ្ចេញ​ឧស្ម័នកាបូនិក?

ប្រឈមនឹងទំហំនៃការទទួលខុសត្រូវដ៏ធំ ក្នុងវិបត្តិអាកាសធាតុ បណ្តាល​មក​ពី​​ការកើនឡើង​កំដៅផែនដី វិស័យ​ផលិតស៊ីម៉ង់ត៍ និងបេតុង ធ្លាប់​បាន​ប្រកាស​កាលពីឆ្នាំ​មុន ពី​កម្មវត្ថុឈានទៅ​រក​អព្យាក្រិត្យភាព​​កាបូន នៅ​ឆ្នាំ​២០៥០។ ហើយ​កាលពីដើម​ខែតុលាថ្មីៗនេះ ឧស្សាហកម្មនេះ បានប្រកាសប្រឹងប្រែង​កាត់បន្ថយ ការបញ្ចេញឧស្ម័ន​កាបូនិក ចំនួន​២៥% បន្ថែម​ទៀត ពីនេះដល់ឆ្នាំ​២០៣០។ ពោលគឺ គេសន្យាថានឹងកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ចំនួន៥ពាន់លានតោនបន្ថែម​ទៀត។

វិស័យស៊ីម៉ង់ត៍​ និងបេតុង ក៏បានផ្តើមផ្តោតការសង្ឃឹមផងដែរ ទៅ​លើ​ការស្រាវជ្រាវ​បច្ចេកទេស​ថ្មីៗ តួយ៉ាង ដូចជាបច្ចេកទេស​ចាប់យក​​ឧស្ម័ន​កាបូនិក និង​ស្តុកវាទុក កុំឲ្យ​វា​​រសាត់​ឡើង​ទៅក្នុង​បរិយាកាស។ បើទោះបី​បច្ចេកទេស​នេះ ស្ថិតនៅ​ក្នុង​ដំណាក់កាល​សាកល្បង​ក៏ដោយ តែ​គេគ្រោង​ពង្រីក​ប្រើប្រាស់​វា​ក្នុង​ទំហំធំ ទៅលើ​ទីតាំង​ឧស្សាហកម្ម​ចំនួន​១០ ពីនេះ​ដល់ឆ្នាំ​​២០៣០។ ការយកបេតុង​ចាស់ៗ មក​កែច្នៃ ដើម្បី​ប្រើប្រាស់​ឡើងវិញ ក៏ជា​ជម្រើស​មួយដែរ ដើម្បី​កាត់បន្ថយ​​ការផលិត​ស៊ីម៉ងត៍​​បន្ថែមទៀត។ បន្ថែមពីនេះ មានគំនិតថ្មីៗ​ផ្សេងទៀត ក្នុង​ការ​ប្តូរវត្ថុធាតុដើម ប្រភពថាមពល​ចាំបាច់​ក្នុងការ​ដុតចំហេះ ដោយ​​ប្តូរ​ពីការ​ដុត​ធ្យូងថ្ម ឬ​ប្រេងម៉ាស៊ូត មក​ជា​ការដុត​កំទេចឈើ​ ដែលប្រើការ​លែងកើត ឬ​ម្សៅកាកសំណល់​សត្វ​ជាដើម ។ល។

ក្រុមហ៊ុនស៊ីម៉ង់ត៍​ចិន CNBM បានអះអាងថា គេនឹងប្រឹងប្រែង ក្នុងការកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក។ ក្រៅពីនេះ មាន​ក្រុមហ៊ុន​​បច្ចេកវិទ្យា ថ្មីៗ​ជាច្រើន ដែលបាន​ចាប់ផ្តើម​ដំណើរការ លក់​សេវា​និង​​បច្ចេកទេស នៃការ​ចាប់យក និងស្តុកទុក​កាបូន ចេញ​ពីរោងចក្រ​ផលិត​ស៊ីម៉ង់ត៍។ ក្រុមហ៊ុន​អាមេរិក Solidia មាន​បច្ចេកទេស​ចាប់​ឧស្ម័នកាបូនិក និងយក​វាទៅប្រើ​ក្នុង​​ការ​សម្ងួតបេតុង។ បច្ចេកវិទ្យានេះ មិនត្រឹមតែ​កាត់​បន្ថយ​​ឧស្ម័ន​កាបូនិក​ទេ តែអាច​កាត់បន្ថយ​​ការប្រើប្រាស់​ទឹក ក្នុងការ​ផលិត​បេតុង​ថែម​ទៀតផង។ នៅកាណាដា ក្រុមហ៊ុន CarbonCure technologies ​បានស្រាវជ្រាវរកឃើញវិធី ធ្វើ​ឲ្យ​​ឧស្ម័ន​កាបូនិក​ រលាយ​ក្លាយ​​ជា​ធាតុរាវ ហើយ​​បញ្ចូល​វា​ទុក​ក្នុង​បេតុង​ជារៀង​ដរាបតែម្តង។

"ស៊ីម៉ង់ត៍បៃតង"

ក្រៅពី​បច្ចេកទេស​ទាំងអស់នេះ វិស័យឧស្សាហកម្ម​ស៊ីម៉ង់ត៍ និងបេតុង ក៏ផ្តោត​ការយកចិត្ត​ទុកដាក់​​ផងដែរ ទៅលើ​ការស្រាវជ្រាវ​វិធីផលិត​ « ស៊ីម៉ង់ត៍​បៃតង » ពោលគឺ​ជាស៊ីម៉ង់ ដែល​ផ្សំ​ឡើង​ពីសារធាតុ​​ដែល​​ប្រើប្រាស់​រួច ជំនួស​ឲ្យ​​សារធាតុ​កំបោរ clinker។ នៅប្រទេស​អង់គ្លេស ទំហំនៃ​ការផលិត​​ស៊ីម៉ង់ត៍ បាន​មកពី​សារធាតុ​​កែច្នៃ​របៀបនេះ គឺមាន​ទំហំ​ស្មើនឹង​ ២៦%ហើយ។ នៅបារាំង​វិញ កាល​ពី​ខែ​ឧសភា អ្នកជំនាញ​​និង​អាជ្ញាធរ ទើបតែ​បាន​ស្ថាបនា​ស្តង់ដារ​គុណភាព​ថ្មី នៃស៊ីម៉ង់ត៍​ ដែល​ផលិត​ឡើង ​ដោយ​​បញ្ចេញ​​ឧស្ម័ន​​កាបូនិក​ទាបបំផុត។

យ៉ាងណាក៏ដោយ សម្រាប់ដំណាក់​កាលនេះ ស៊ីម៉ង់ត៍​បៃតង ត្រូវបានផលិត​ឡើង តែក្នុង​ចំនោមក្រុមហ៊ុន start-up និង​​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ។ ចំណែក​​ក្រុមហ៊ុន​​ឧស្សាហកម្ម​ស៊ីម៉ង់ត៍​​ធំៗ ការ​បង្វែរចង្កូត ទៅ​ផលិត​​ស៊ីម៉ង់ត៍បៃតង ហាក់​មាន​​ការ​លំបាកបន្តិច ដោយសារ​តែ​មិនទាន់​រួចដើម ​ពីការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ទីតាំង​ជីករ៉ែ​កំបោរ។

ដោយឡែក នៅបារាំង ក្រុមហ៊ុន​​ផលិត​ស៊ីម៉ង់ត៍​មួយ ឈ្មោះ Hoffmann Green Cement បានបោះជំហាន​គួរឲ្យកត់សំគាល់​ ក្នុងវិស័យ​ផលិត​ស៊ីម៉ង់ត៍ ច្នៃចេញ​ពី​កាក​សំណល់​ឧស្សាហកម្ម ដូចជា​ផុកដីឥដ្ឋ និង​កាក​សំណល់​រោងចក្រ​ស្លរដែក ឬក៏​ផេះ​​ហុយចេញ​ពី​​ការដុត ​biomasse ជាដើម។ ថ្វីបើ​មានតម្លៃ ខ្ពស់​ជាង​ស៊ីម៉ង់ត៍ធម្មតា ចំនួន​​២៥​អឺរ៉ូ សម្រាប់​បេតុង​មួយ​ម៉ែត្រការ៉េ តែ​ក្រុមហ៊ុន​វ័យក្មេង​នេះ កំពុង​ទទួល​ការ​បញ្ជារទិញ​​ជាច្រើន និងទើបតែ​បាន​ដាក់លក់​ភាគហ៊ុន​​នៅលើផ្សារ​ហ៊ុន​ថែមទៀតផង។

ជារួម វិស័យឧស្សាហកម្ម​ស៊ីម៉ង់ត៍ និង បេតុង មាន​​ជម្រើស​គួរឲ្យ​ចាប់អារម្មណ៍​ជាច្រើន ដើម្បី​​កាត់​បន្ថយ​​ការបញ្ចេញ​​ឧស្ម័ន​​កាបូនិក និង​ឈានទៅ​​សម្រេច​កម្មវត្ថុ​​អព្យាក្រិត្យកាបូន នៅ​ឆ្នាំ​២០៥០។ តែយ៉ាងណា លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​លើកឡើងថា វាគឺ​ជា​ការងារ​ដ៏លំបាក និង​តម្រូវឲ្យ​​មាន​​ការប្រឹងប្រែង​បំផុត ព្រោះថា ៣ភាគ៤ នៃ​សំណង់​​ហេដ្ឋារចនាសម្ព័ន្ធ ​នៅទូទាំង​ពិភពលោក នឹងត្រូវ​សាង​សង់​បន្ថែមទៀត ពីនេះ​រហូត​ដល់ឆ្នាំ ២០៥០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ