អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មេដឹកនាំពិភពលោកបានសន្យាធំលើបញ្ហាអាកាសធាតុ ប៉ុន្តែបន្ដធ្វើជាក់ស្ដែងតិចតួច

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោងតាមការចេញផ្សាយរបស់កាសែត The Washington Post ពិភពលោកកំពុងប្រឈមមុខនឹងកម្ដៅផែនដីកើនឡើង ១,៥អង្សាសេ។ វាគឺជាកម្រិតនៃការកើនឡើងសីតុណ្ហភាពដែលមេដឹកនាំពិភពលោកធ្លាប់បាននិយាយថា ពួកគេនឹងព្យាយាមមិនឱ្យផែនដីឡើងកម្ដៅដល់កម្រិតនេះទេ។ ប៉ុន្តែ ការសន្យាដ៏ធំនេះ​មិនទាន់ក្លាយជាគោលនយោបាយអនុវត្តជាក់ស្ដែងនៅឡើយទេ។

មេដឹកនាំពិភពលោកបានសន្យាធំលើបញ្ហាអាកាសធាតុ ប៉ុន្តែបន្ដធ្វើជាក់ស្ដែងតិចតួច
មេដឹកនាំពិភពលោកបានសន្យាធំលើបញ្ហាអាកាសធាតុ ប៉ុន្តែបន្ដធ្វើជាក់ស្ដែងតិចតួច AP - Martin Meissner
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីមេដឹកនាំពិភពលោកបានធ្វើការសន្យាដ៏ធំ ដើម្បីឈានទៅមុខលឿនជាងមុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ នៅស្កុតឡែន ឬគេស្គាល់ថាកិច្ចប្រជុំកំពូល COP26 គេសង្កេតឃើញថា ការសន្យាដ៏ធំនេះមិនទាន់ក្លាយជាគោលនយោបាយអនុវត្តជាក់ស្ដែងនៅឡើយនោះ​ទេ។

ហេតុអ្វីការអនុវត្តតាមការសន្យាទាំងនោះមានសារសំខាន់ ហើយហេតុអ្វីបានជាវាពិបាកម្ល៉េះក្នុងការអនុវត្តជាក់ស្ដែង?

រលកកំដៅបានឆាបឆេះប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅរដូវក្ដៅឆ្នាំនេះ ហើយវាបានឆក់យកជីវិតមនុស្សរាប់លាននាក់។ រឿងនេះគួរតែធ្វើឱ្យពិភពលោកចាប់អារម្មណ៍លើបញ្ហាអាកាសធាតុ។ ​យ៉ាងណាមិញ វិបត្តិជំងឺកូវីដ១៩ សង្គ្រាមឈ្លានពានរបស់​រុស្ស៊ី​លើប្រទេស​អ៊ុយក្រែន​ និងការឡើងថ្លៃថាមពល បានទាញ​យក​ការ​ចាប់អារម្មណ៍​ពី​ប្រមុខរដ្ឋពិភពលោក​ជាច្រើនឱ្យមើលរំលងបញ្ហាអាកាសធាតុ និងការសន្យារបស់ខ្លួន​។

ហេតុការណ៍ទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់នៅអាហ្រ្វិកខាងត្បូង។ វាជាមហន្តរាយដែលប្រធានាធិបតីរបស់ប្រទេសនេះបានស្តីបន្ទោសមួយផ្នែកលើការប្រែប្រួលអាកាសធាតុ។

អ្នកវិទ្យាសាស្ត្របានព្រមាននៅក្នុងរបាយការណ៍រាប់ពាន់ទំព័រ ដែលពន្យល់ព័ត៌មានលម្អិតដ៏គួរឱ្យសោកសង្រេង អំពីរបៀបដែលពិភពលោកនៅឆ្ងាយពីគោលដៅអាកាសធាតុរបស់ខ្លួន ហើយភាពអសកម្មទាំងនេះនឹងនាំឱ្យមានគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាន់តែត្រូវចំណាយកាន់តែខ្ពស់ទៅៗ។

ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហានៃការកើនឡើងកម្ដៅផែនដី ដែលមេដឹកនាំពិភពលោកបានសន្យាថានឹងព្យាយាមធ្វើយ៉ាងណាមិនឱ្យផែនដីឡើងកម្ដៅលើសពី ១,៥អង្សាសេ ប្រៀបធៀបស្ថានភាពកម្ដៅនៅក្នុងសម័យមុនបដិវត្តន៍​ឧស្សាហកម្ម។

ផ្ទុយទៅវិញ បើសង្កេតមើលទៅលើសកម្មភាពអនុវត្តជាក់ស្ដែងដែលមេដឹកនាំពិភពលោកបានសន្យា គឺមានភាពយឺតយ៉ាវណាស់។

ការព្រួយបារម្ភក៏ពាក់ព័ន្ធថាតើប្រទេសនានាធ្វើយ៉ាងណាដើម្បីសម្រេចបាននូវគោលដៅនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ផងដែរ។ ក្នុងនោះ មេដឹកនាំនៃបណ្ដាប្រទេសជាង២០០ បានសន្យាថានឹងរក្សាការឡើងកំដៅផែនដីនៅក្រោម ២អង្សាសេ ហើយកំណត់មិនឱ្យដល់១,៥អង្សាសេទេ ប្រសិនបើអាចធ្វើទៅបាន។

ក៏ប៉ុន្តែ តួលេខជាក់ស្ដែងបង្ហាញថា ពិភពលោកនៅតែស្ថិតក្នុងហានិភ័យនៃការកើនឡើងកម្ដៅហួសពីកម្រិតគោលដៅ ក្នុងរយៈពេលតិចជាងមួយទសវត្សរ៍ទៅថ្ងៃខាងមុខ។ តាមអត្រានៃការបំភាយឧស្ម័នបច្ចុប្បន្ន និងការវាយតម្លៃលម្អិតរបស់ស្ថាប័ន IPCC គេបានរកឃើញថា ពិភពលោកនឹងឡើងក្តៅខ្លាំង ក្នុងករណីមានកម្រិត "ថវិកាកាបូន" បែបនេះ ត្រឹមឆ្នាំ២០៣០។ ដូច្នេះ វាមានន័យថា គោលដៅរក្សាកម្ដៅមិនឱ្យបង្កើនបន្ថែមដល់១,៥អង្សាសេ គឺបរាជ័យ។ នាពេលបច្ចុប្បន្ន ពិភពលោកបានឡើងកំដៅប្រហែល១,២អង្សាសេរួចរាល់ហើយ។

ផ្អែកតាមអ្នកជំនាញ នាពេលបច្ចុប្បន្ននេះ វានៅតែអាចធ្វើទៅបាន តាមលក្ខណៈបច្ចេកទេស និងសូម្បីតែពិភពលោកអាចបន្ដឋិតថេរបាន សម្រាប់ប្រទេសនានាក្នុងការកាត់បន្ថយការបំពុលកាបូននៅត្រឹមកម្រិតគោលដៅ។ ក៏ប៉ុន្តែ ដើម្បីសម្រេចរឿងនេះបាន គេត្រូវធ្វើការផ្លាស់ប្ដូរឱ្យមានសកម្មភាពអនុវត្តជាក់ស្ដែងបន្ថែម។ នេះបើយោងតាមរបាយការណ៍ IPCC។

អង្គការឧតុនិយមពិភពលោកបានលើកឡើង កាលពីពេលថ្មីៗនេះថា សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកអាចនឹងឆ្លងផុតកម្រិត១,៥អង្សាសេ ជាបណ្តោះអាសន្ន ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ អង្គការ WMO បានរកឃើញថា មានឱកាស៥០ភាគរយនៃការកើនឡើងលើសពីកម្រិតនេះ នៅឆ្នាំ២០២៦ ទោះបីជាការកើនឡើងលើសពីកម្រិតកំណត់នេះ​ សម្រាប់រយៈពេលយូរជាងនេះ ទំនងជាអាចកើនឡើងទៅរួចកាន់តែខ្លាំង។

សរុបជារួម នៅពេលដែលមេដឹកនាំពិភពលោកបានសន្យាថានឹងពិនិត្យមើលឡើងវិញ និងពង្រឹងគោលដៅអាកាសធាតុរបស់ពួកគេ ក្នុងអំឡុងឆ្នាំ២០២២ គេសង្កេតឃើញថា គ្មានប្រទេសធំណាមួយដែលបានកំណត់ផែនការសកម្មភាពជាក់ស្ដែង នៅឆ្នាំនេះឡើយ។ ក៏គ្មានប្រទេសណាមួយបានប្តេជ្ញាធ្វើដូច្នេះទេ។ ដូច្នេះហើយ អ្នកជំនាញបានលើកឡើងថា បើគ្មានការបង្កើនសកម្មភាពជាក់ស្ដែងរបស់រដ្ឋាភិបាលពិភពលោកទេ នោះផែនដីនឹងធ្វើដំណើរឆ្ពោះទៅកាន់អនាគតនៃការកើនឡើងកម្ដៅ៣អង្សាសេ ហើយដែលវាមានកម្ដៅលើសពី ១,៥អង្សាសេទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ