អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្នក​កាសែត​ផ្នែកបរិស្ថាន​ ទទួល​រង​ការគំរាម​កំហែង​កាន់តែ​ខ្លាំង​ឡើងៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​កាសែត​ ជាង ​៥០ នាក់​ត្រូ​វ​បាត់​បង់​អាយុជីវិត ក្នុង​ពេល​បំពេញ​ការងារ នៅឆ្នាំ​២០២២​​​។ នេះបើតាម អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន និង​ អង្គការ​យូណេស្កូ ដែល​បាន​បញ្ជាក់ នៅក្នុងទិវាប្រយុទ្ធប្រឆាំងនឹងនិទ្ទណ្ឌភាពចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន ​នា​ថ្ងៃទី២វិច្ឆិកា។​  នាប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ អ្នក​សារព័ត៌មានបាត់​ខ្លួន​ គឺ​មាន​ចំនួន ​១១៨ នាក់  ហើយ ​អ្នក​កាសែត ជាប់​ក្នុង​ពន្ធនាគារ មា​នចំនួន​ ជាង​ ៥២០ នាក់​ នៅទូទាំង​ពិភពលោក​។​ ឋិត​ក្នុង​បរិបទអសុវត្ថិភាព​បែប​នេះ អ្នក​​​កាសែតដែល​ធ្វើ​សេចក្តីរាយការណ៍​ផ្នែកបរិស្ថាន ក៏​ទទួលរងការគំរាមកំហែងកាន់តែខ្លាំងឡើងៗដែរ។

ការ​ឆេះព្រៃ​នៅ​តំបន់​អាម៉ាហ្សូន។​
ការ​ឆេះព្រៃ​នៅ​តំបន់​អាម៉ាហ្សូន។​ AP - Andre Muggiati
ផ្សាយពាណិជ្ជកម្ម

​​​ខណៈ​ពេល​ដែល​សាធារណៈមតិ​ជាទូទៅ មាន​ស្មារតី​យកចិត្ត​ទុក​ដាក់​ខ្លាំងពី​វិស័យ​បរិស្ថាន ក្នុង​រយៈ​១ទសវត្សរ៍​ចុង​ក្រោយ​ ការ​ធ្វើ​សេចក្តីការណ៍​ស្តីពី​បរិស្ថាន​អាកាសធាតុ ក៏​ហាក់​មាន​សកម្មភាព​ផុស​ផុល​ច្រើនដែរ​។ ក៏ប៉ុន្តែ ក្នុងរយៈ​ពេ​ល​១០ឆ្នាំ​នេះ អ្នក​កាសែត​ផ្នែក​បរិស្ថាន​ នៅទូទាំង​ពិភពលោក ចំនួន​យ៉ាងហោច ​៣០ នាក់ ត្រូវ​គេ​សម្លាប់​ផ្តាច់​ជីវិត។

ករណី​នៅប្រេស៊ីល ការ​ផ្សាយព័ត៌មាន​បកអាក្រាត​លាតត្រដាង​បទល្មើស​ធនធាន​ធម្មជាតិ គឺ​ត្រូវ​គេ​​​សម្លាប់​។​ នៅថ្ងៃទី​១៨មិថុនាកន្លងទៅ កម្លាំង​ប៉ូលិស​ប្រេស៊ីល បញ្ជាក់ពី​មរណភាពរបស់​អ្នក​កាសែត​អង់គ្លេស​ Dom Phillips និងការ​ស្លាប់​របស់ លោក ​Bruno Pereira អ្នក​ឯកទេស​ខាង​ជន​ជាតិដើម​ភាគតិច  បន្ទាប់ពីបុរសទាំងពីរ​បាន​បាត់​ខ្លួន​ស្ងាត់​ដំណឹង​ជា​ង​មួយ​សប្តាហ៍​។​ ​ពួក​គេទាំងពីរ​បាន​ចុះ​សង្កេត​និងស្រាវជ្រាវ​ពីករណី​នេសាទខុសច្បាប់​នៅ​តំបន់​ព្រៃ​អាម៉ាហ្សូន។​

នៅ​ឥណ្ឌា, អ្នក​កាសែតជាតិ​ឥណ្ឌា​ម្នាក់ ស្លាប់ ព្រោះតែ​ត្រូវ​​រងគ្រាប់​កាំភ្លើង​ ចំនួន ​៦ គ្រាប់​ នៅពេល​ដែលអ្នក​សារព័ត៌មាន​​រូបនេះ ​​​ចុះ​ស៊ើប​អង្កេតនិង​រាយការណ៍​ព័ត៌មាន​​ពីករណី​បូមខ្សាច់​ខុស​ច្បាប់​​ពី​សំណាក់​ក្រុម​ឧក្រិដ្ឋជន-​ម៉ាហ្វីយ៉ា។​

នៅ​កូឡុំប៊ី អ្នក​កាសែត​ពីរ​នាក់​ ត្រូវ​គេ​សម្លាប់​ផ្តាច់​​ជីវិត -ម្នាក់​ឆ្នាំ២០១៧ និង​ម្នាក់ទៀត​២០២០​- ព្រោះ​តែអ្នក​ទាំង​ពីរ​​បាន​រាយការណ៍ព័ត៌មាន​​ពី​ករណី​រំលោភ​បំពាន​ដី​ធ្លី​របស់​សហគមន៍​ជនជាតិភាគតិច ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ​មាន​លុយហើយ​ស្និទ្ធ​នឹងអ្នក​មាន​​អំណាច​។​

ករណីជាក់ស្តែង​ពីរបីនេះ តិ​ចតួច​នៅឡើយ គឺនៅ​មាន​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​ជាច្រើន​ទៀត​ ហើយបើតាម​អង្គការ​អន្តរជាតិ​ធ្វើការ​ផ្នែកសិទ្ធិសេរីភាព​សារព័ត៌មាន គឺ​បាន​បញ្ជាក់​ថា​​​ ក្នុង​ចំណោម​ឃាតកម្ម​លើអ្នក​កាសែត ប្រមាណ​ជា​៩០%នៃបទល្មើស​ឧក្រិដ្ឋកម្ម  គឺ​មិនត្រូវ​ទទួល​ផ្តន្ទាទោស​និង​ផ្តល់​យុត្តិធម៌​នៅឡើយទេ។

ក្រៅពី​ការ​សម្លាប់ផ្តាច់​អាយុជីវិត, អ្នក​ជំនាញ Laurent Richard អ្នក​កាសែត​បារាំង​និង​ជា​ស្ថាបនិក​ សមាគម​សារព័ត៌មាន​ (consortium Forbidden Stories)​ ​ក៏បាន​លើកឡើង​ពី​ករណី​អ្នក​កាសែត​ផ្នែក​បរិស្ថាន ដែល​ជាញឹកញយ ត្រូវ​រង​ការ​គំរាម​កំហែង ធ្វើ​ទុក្ខ​បុកម្នេញ​ និង​ត្រូវ​ចាប់​ឃាត់​ខ្លួន​ដាក់​ក្រោយ​ចម្រឹង​ដែក​​។ នេះក៏ព្រោះតែ​​ ពួក​គេ​ទាំង​នោះ ធ្វើប្រធាន​បទ​​ព័ត៌មាន ដែល​​រស៊ើបខ្លាំង​​ និង ​ប្រឈម​នឹង​គ្រោះថ្នាក់ ដូច​ជា​​ឧក្រិដ្ឋកម្ម​ព្រៃឈើ និង​បទល្មើស​បរិស្ថាន​អាកាសធាតុ​ នេះតែម្តង​។

ទន្ទឹម​នឹង​គ្នា​នេះដែរ​ នៅក្នុង​បរិបទ​នៃការ​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ចំពោះ​វិស័យ​បរិស្ថាន​អាកាសធាតុ​ ការ​ចម្ចាត់​អ្នក​កាសែត​ចេញ​ គឺនឹង​ក្លាយ​ជា​រឿង​ញឹក​ញយ និង​​ក្លាយ​ជា​ទំនោរ​មួយ​ផង​។ ដ្បិត​ថា​ ទន្ទឹ​ម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ក្តៅឡើងៗ​​ ជម្លោះ​ទំនាស់​កាន់តែ​ច្រើននិងក្តៅ​ខ្លាំង​ដែរ​ រវាងក្រុម​អ្នក​សារព័ត៌មាន ​ក្រុម​ហ៊ុន​​​បំផ្លាញ​បរិស្ថាន​ ហើយ​រដ្ឋ​អំណាច​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ពីបរិស្ថាន​ និង​ដែល​បណ្តោយ​យក​ក្រុមហ៊ុន​បន្ត​បំផ្លាញ​ធម្មជាតិ​ថែមទៀត​។ ក្រុមអ្ន​ក​កាសែត​ ក៏កាន់តែ​ចង្អុល​បង្ហាញ​ចំណុច​អាក្រក់ទាំង​​នេះ​ កាន់តែ​ច្រើន ហើយ​សេចក្តីរាយការណ៍​នោះ ក៏​កាន់តែ​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ទូទៅ។​ ហេតុ​ដូច្នេះ​ហើយ ការ​ប្រឈម​មុខ​ដាក់​គ្នា​ រវាង​អ្នក​សារព័ត៌មាន ក្រុម​ហ៊ុន​បំផ្លាញបរិស្ថាន​និង​រដ្ឋអំណាច​ ក៏​កាន់តែមាន​សន្ទុះ​ស្រួច​ខ្លាំង ហើយ​រឹងរឹតតែ​ប៉ះទង្គិច​គ្នា​ច្រើ​នឡើង​ៗ ចាប់ពី​ពេ​លនេះ​បន្ត​ទៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត។ នេះបើតាម​  អ្នក​សារព័ត៌មាន​អង់គ្លេស Peter Schwartzstein ជា​សមាជិក​មជ្ឈមណ្ឌល​ស្រាវជ្រាវ Wilson Centre ។​

អ្នក​កាសែត​ជើង​ចាស់​រូបនេះ បាន​រំលេច​ឲ្យដឹង​ដែរថា ក្រៅពី​ការ​លួច​សម្លាប់​បំបិតមាត់ គឺ​​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ផ្សេងទៀត ត្រូវ​ចាប់ទោស​អូស​ដំណើរ​តាម​ផ្លូវ​តុលាការ​ និងត្រូវ​​ចោទប្រកាន់​ពី​ការ​ផ្សាយ​ព័ត៌មាន​មិនពិត និងបរិហារកេរ្តិ៍​។ ករណី​ជាក់​ស្តែង អ្ន​កកាសែត​ឥណ្ឌា​ជំនាញ​បរិស្ថាន​ជាង​៣០ឆ្នាំ​មកហើយ លោក Shailendra Yashwant  ត្រូវ​តុលាការ​ឥណ្ឌា​ចោទប្រកាន់​ពីបទ​ប​រិហារកេរ្តិ៍។

ចំពោះ​រដ្ឋអំណាចនៃប្រទេស​​ខ្លះ, អ្នក​កាសែត​រាយការណ៍​ពីបរិស្ថាន គឺ​ដូច​ជា​បន្លា​ក្នុងកែវភ្នែក​​ដូច្នេះដែរ។​ អ្នក​កាសែត​ប្រភេទនេះ ក៏ត្រូវ​ចាត់ចូល​ជា​ក្រុម​អ្នក​ប្រឆាំង​នឹង​អំណាច​ ពីព្រោះ​ថា ការ​ធ្វើ​ព័ត៌មាន​ពី​បទល្មើស​ព្រៃឈើ ការ​រំលោភ​ធនធានធម្មជាតិ​ បទឧក្រិដ្ឋ​បរិស្ថាន​អាកាសធាតុ គឺ​ស្តែង​ពី​ភាព​អសកម្ម​របស់​រដ្ឋអំណាច ឬក៏​ស្តែង​ឲ្យ​ឃើញ​ត្រង់​តែម្តង ពីការ​រួម​ផ្សំ​គំនិត​របស់​អ្នក​មា​ន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ណាមួយ ដែល​ចូលដៃ​ជាមួយ​ក្រុម​ហ៊ុន​ឯក​ជន​ ហើយ​បង្កវិនាសកម្ម​ដល់​ធម្មជាតិ។ ការ​ផ្សព្វ​ផ្សាយ​ករណី​រស៊ើប​ៗ​ដូច្នេះ គឺ​បង្ក​ឲ្យ​អស្ថិរភាពដល់​អំណាច ហើយ​​និងអាច​ឈាន​ដល់​​រង្គោះរង្គើរ​អំណាចផង​ ក៏អាច​ថា​បាន​។ អាស្រ័យ​ដូច្នេះហើយ ទោះ​ចង់​មិន​ចង់​ អ្ន​កសារព័ត៌មាន​ផ្នែក​បរិស្ថាន​ គឺជា​មុខ​សញ្ញាមួយ​​ដែលត្រូវ​យកចិត្តទុកដាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ