អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនវិស័យសេដ្ឋកិច្ចសកលឆ្នាំ២០២៣

ចុះផ្សាយ​នៅ​ថ្ងៃ៖

កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣នឹងអាចមានកម្រិតខ្សោយខ្លាំង រាប់ចាប់តាំងពីឆ្នាំ២០០១។ មូលហេតុចម្បងគឺដោយសារពិភពលោក ត្រូវបន្ដប្រឈមទល់នឹងវិបត្តិភូមិសាស្រ្ដនយោបាយ វិបត្តិនៃការឡើងថ្លៃទំនិញជាទូទៅ វិបត្តិសង្គ្រាមឈ្លានភាពរបស់រុស្ស៊ីលើអ៊ុយក្រែន និងវិបត្តិជំងឺកូវីដ១៩។ រីឯ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញបានល្អ ប្រៀបធៀបជាមួយអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះអាចនឹងត្រូវប្រឈមជាមួយវិបត្តិសកលនានាដែលកំពុងកើតមានឡើង នៅលើសកលលោក។

ជំនួប​ប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​G២០ នៅប្រទេស​ឥណ្ឌូណេស៊ី ២០២២
ជំនួប​ប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​G២០ នៅប្រទេស​ឥណ្ឌូណេស៊ី ២០២២ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមរបាយការណ៍ចេញផ្សាយដោយស្ថាប័នធំៗ រួមមាន ធនាគារស៊្វីស Credit Suisse ធនាគារអាមេរិក Goldman Sachs ស្ថាប័នហិរញ្ញវត្ថុអាមេរិក J.P. Morgan ​ធនាគារអង់គ្លេស HSBC និងប្រភពគួរឱ្យទុកចិត្តផ្សេងៗ ទស្សនវិស័យសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២៣ អាចសង្ខេបបានដូចខាងក្រោម៖

ទីមួយ៖ កត្តាភូមិសាស្ត្រនយោបាយនឹងបន្ដកំណត់ជោគវាសនាសេដ្ឋកិច្ចសកល នៅប៉ុន្មានឆ្នាំខាងមុខ

អស់រយៈពេលជាច្រើនឆ្នាំមកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលខ្លាំងទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាងប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។

ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស នៅក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក តាំងពីជំនាន់លោក ដូណាល់ ត្រាំ។ ការប្រឈមមុខលើវិសាលភាពកាន់តែធំបានបន្ដកើនឡើងនៅជំនាន់លោក ចូ បៃឌិនផងដែរ។ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើនមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន។

ទីពីរ៖ កំណើនសេដ្ឋកិច្ចសកលនឹងមានកម្រិតខ្សោយបំផុត រាប់ចាប់តាំងពីឆ្នាំ២០០១

កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ត្រូវគេព្យាករណ៍ថាអាចមានកម្រិត១,៦%ប៉ុណ្ណោះនៅទូទាំងពិភពលោក។ អត្រាអ្នកគ្មានការងារធ្វើទំនងមានកម្រិតកាន់តែខ្ពស់ រីឯអតិផរណានឹងនៅតែបន្ដមានកម្រិតខ្ពស់ជាងអំឡុងពេលមុនវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែអាចទាបជាងឆ្នាំ២០២២។

ផ្អែកតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សកម្មភាពសេដ្ឋកិច្ចសកលជារួមកំពុងធ្លាក់ចុះច្រើន និងខ្លាំងជាងការរំពឹងទុក។ កម្រិតអតិផរណាបានកើនឡើងខ្ពស់ខ្លាំង ប្រៀបធៀបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ វិបត្តិនៃការឡើងថ្លៃការចំណាយក្នុងការរស់នៅ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុនៅក្នុងតំបន់ភាគច្រើន ការឈ្លានភាពរបស់រុស្ស៊ីលើអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ១៩ បានរួមចំណែកបន្ថែមទម្ងន់ទៅលើការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។ យោងតាមស្ថាប័ននេះ កំណើនសេដ្ឋកិច្ចសកលនឹងមានកម្រិតខ្សោយបំផុតចាប់តាំងពីឆ្នាំ២០០១ លើកលែងតែយើងប្រៀបធៀបជាមួយអំឡុងពេលនៃវិបត្តិហិរញ្ញវត្ថុពិភពលោកនៅឆ្នាំ២០០៨ និងអំឡុងពេលធ្លាក់ចុះខ្លាំង នៅពេលដែលជំងឺកូវីដ១៩កំពុងកើនឡើងខ្លាំង នៅឆ្នាំ២០២០។

ទីបី៖ ឆ្នាំ២០២៣គឺជាឆ្នាំដែលអាចកើតមាននូវលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចសកល

នាពេលបច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុននឹងវិបត្តិយ៉ាងច្រើនដំណាលគ្នា មិនថាវិ​បត្តិជំងឺសកល វិបត្តិសង្គ្រាម ឬវិបត្តិផ្សេងៗ។ មូលហេតុនេះហើយដែលស្ថាប័នធំៗភាគច្រើនលើកឡើងអំពីសេណារីយ៉ូថា សេដ្ឋកិច្ចនៅបណ្ដាប្រទេសជឿនលឿនទំនងជាអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាល នៅឆ្នាំ២០២៣។

តំបន់ចាយប្រាក់អឺរ៉ូ និងចក្រភពអង់គ្លេសប្រហែលជាស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ព្រោះថាប្រាក់ចំណូលរបស់ប្រជាជនត្រូវរងផលប៉ះពាល់ខ្លាំងពីវិបត្តិឡើងថ្លៃថាមពល និងទំនិញជាទូទៅ។

កំណើនសេដ្ឋកិច្ចចិននឹងបន្ដមានកម្រិតយឺតយ៉ាវ យ៉ាងហោចណាស់នៅពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំ២០២៣។ ទោះក្រោយការបើកប្រទេសឡើងវិញ កំណើនសេដ្ឋកិច្ចចិននៅតែត្រូវប្រឈមជាមួយស្ថានភាពដែលប្រទេសនេះនឹងមានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង ផលប៉ះពាល់ពីវិបត្តិអចលនទ្រព្យ ការធ្លាក់ចុះចំនួនប្រជាសាស្រ្ត និងការធ្លាក់ចុះផលិតភាព។

សហរដ្ឋអាមេរិកគួរតែអាចជៀសវាងការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ព្រោះថាកម្រិតអតិផរណារបស់ប្រទេសនេះកំពុងថមថយ ហើយអត្រាអ្នកគ្មានការងារធ្វើកំពុងធ្លាក់ចុះមកវិញ។

ទីបួន៖ សេដ្ឋកិច្ចកម្ពុជាទំនងមានភាពប្រសើរឡើងវិញ ប៉ុន្តែត្រូវប្រឈមកត្តាខាងក្រៅខ្លាំង។

យោងតាមរបាយការណ៍ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចនៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើន ៥,២ភាគរយនៅឆ្នាំ២០២៣ ព្រោះថា​អត្រាអ្នកមានការងារធ្វើកើនឡើង ការប្រើប្រាស់ក្នុងស្រុកកើនឡើង អមដោយការធ្លាក់ចុះនៃអតិផរណា។

ឧស្សាហកម្មកាត់ដេរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅតែរក្សា​បាន​ភាពល្អប្រសើរ​របស់​ខ្លួន​។ វិស័យសេវាកម្ម ជាពិសេសវិស័យ​ធ្វើដំណើរ និងវិស័យទេសចរណ៍ មានដំណើរការ​បានល្អ ក្រោយពេលរដ្ឋា​ភិបាល​ដាក់ចេញនូវយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ១៩” នាចុងឆ្នាំ២០២១ ហើយចំនួន​​ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ ១,២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។ ទំនុកចិត្តរបស់អ្នកធុរកិច្ច​ និង​អ្នកប្រើប្រាស់បានកើនឡើង អម​ដោយ​ការ​កើនឡើងនៃការវិនិយោគក្នុងប្រទេស​ និងពីក្រៅប្រទេសផងដែរ។

ជារួម សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងងើបឡើងវិញបានល្អ ប្រៀបធៀបអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងត្រូវប្រឈមជាមួយវិបត្តិសកលនានាដែលកំពុងកើតមានឡើង នៅ​លើសកលលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ