អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រៀម​ជ្រើសរើស​​រដ្ឋអាជ្ញាថ្មី ​ក្នុង​កាលៈទេសៈ ដ៏​ចម្រូងច​ម្រាស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី១២កុម្ភៈនេះ ប្រទេសសមាជិក​នៃតុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ នឹងត្រូវប្រជុំគ្នា ដើម្បីបោះឆ្នោតជ្រើសរើស រដ្ឋអាជ្ញាថ្មី សម្រាប់អាណត្តិ​៩ឆ្នាំទៅមុខទៀត។ នេះគឺជាកាលៈទេសៈ​ដ៏លំបាក និង​ចម្រូងចម្រាសបំផុត សម្រាប់ស្ថាប័​​នយុត្តិធម៌អន្តរជាតិមួយ​នេះ​ ដោយ​សារតែតុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបាន​បានប្រទេសមហាអំណាចខ្លះរិះគន់ តែទន្ទឹមនឹងនេះ ក៏មាន​ប្រទេសខ្លះ​គាំទ្រ ថាតុលាការក្រុងឡាអេ មិនត្រូវខ្លាច​ការគំរាម ពី​ប្រទេសណាមួយ​ឡើយ។ តួនាទី​របស់​រដ្ឋអាជ្ញាថ្មី ដែលគេ​នឹងត្រូវជ្រើសតាំង នេៅថ្ងៃនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកាច់ចង្កូត​ស្ថាប័នអន្តរជាតិមួយ​នេះ ក្នុងទិសដៅ​​ស្វែងរកយុត្តិធម៌។

ទិដ្ឋភាព​ខាងមុខ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC/CPI នៅទីក្រុងឡាអេ ប្រទេសហូឡង់។
ទិដ្ឋភាព​ខាងមុខ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC/CPI នៅទីក្រុងឡាអេ ប្រទេសហូឡង់។ AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

ប្រទេស​១២៣ ត្រូវជ្រើសបេក្ខជនម្នាក់ ក្នុងចំណោម​៤នាក់

នីតិវិធីជ្រើសរើស​រដ្ឋអាជ្ញាថ្មី សម្រាប់​​តុលាការព្រហ្មទណ្ឌអន្តរជាតិ ពិតជាស្មុគស្មាញខ្លាំងណាស់។ មានបេក្ខជន​ស្នើដោយ​ប្រទេសសមាជិក សរុបជាង​៨០នាក់ កាលពីដំបូង តែចុងក្រោយ​គេ​បានរើស​យកតែ​៤នាក់ទេ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០២០។ តែទីបំផុត គណកម្មការជ្រើសរើស បេក្ខជន បានសម្រេចរើរុះ ដោយ​សារតែមាន​ការតវ៉ារិះគន់ច្រើនពេក ព្រោះថាទាំង៤នាក់នោះ ត្រូវគេលើកឡើងថា មិនសូវមានបទពិសោធន៍ នៅក្នុងវិស័យច្បាប់ព្រហ្មទណ្ឌអន្តរជាតិទេ។

ទីបំផុត គណកម្មការ​ជ្រើសរើស បានសម្រេចទុកតែម្នាក់ទេ ហើយថែមឈ្មោះ៣នាក់ថ្មីទៀត។ ក្នុងចំណោម​បេក្ខជនទាំង៤ ដែលនឹងត្រូវ​ប្រទេសសមាជិក១២៣ប្រទេស បោះឆ្នោតជ្រើសរើសនៅថ្ងៃនេះ គឺមាន៖

ទី១ គឺលោក Fergal Gaynor ជនជាតិអៀរឡង់ គឺជាចៅក្រមអន្តរជាតិ មានបទពិសោធន៍ច្រើន។ ឈ្មោះលោកជាប់ក្នុងបញ្ជីចុងក្រោយ​ នៃការជ្រើសរើសតាំងតែពីខែមិថុនាម្លេះ។ លោក ធ្លាប់ធ្វើជាតំណាងឲ្យ​ជនរងគ្រោះ ក្នុងសំណុំរឿងសំខាន់ៗមួយចំនួននៅតុលាការព្រេហ្មទណ្ឌអន្តរជាតិ តួយ៉ាងគឺសំណុំរឿងដ៏អំពើ​ឧក្រិដ្ឋប្រព្រឹត្តិដោយ​កងទ័ពអាមេរិក នៅអាហ្វហ្កានីស្ថាន និងសំណុំរឿងចោទ​ប្រធានាធិតបី​កេនយ៉ា លោក Uhuru Kenyatta។ ហើយថ្មីៗនេះ លោក Fergal Gaynor​ ក៏បានដឹកនាំក្រុមការងារស៊ើបអង្កេតមួយ​ស្តីអំពីអំពើឧក្រិដ្ឋ បង្កឡើងដោយ​របបផ្តាច់ការនៅស៊ីរី។

បេក្ខជនទី​២ គឺលោក Karim Khan ជាមេធាវីជនជាតិអង់គ្លេស ក៏មានបទពិសោធន៍ច្រើនដែរ នៅក្នុង​វិស័យសិទ្ធិមនុស្ស និង​ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ បច្ចុប្បន្ន លោក​កំពុង​ដឹកនាំ​ក្រុមការងារស៊ើបអង្កេត ឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេនេះ ស្តីពីអំពើឧក្រិដ្ឋបង្ក ឡើងដោយ​ក្រុម​ជីហាតអង្គការរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់។

ចំណែក​បេក្ខជនទី​៣ លោក Carlos Castresana ជនជាតិអេស្ប៉ាញវិញ គឺជាអតីតចៅក្រម​ ធ្លាប់បាន​ធ្វើការ​ក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋ អំពើពុករលួយ​ នៅប្រទេសហ្កាតេម៉ាឡា។ លោក​ក៏ធ្លាប់បានដឹកនាំបទចោទប្រកាន់ ទាក់ទិននឹងអំពើឧក្រិដ្ឋបង្កឡើង ដោយ​របបផ្តាច់របស់​លោក​ប្រធានាធិបតី ពីណូឆេ នៅប្រទេសឈីលីដែរ។ បេក្ខជនទី​៤ គឺលោក Francesco Lo Voi ចៅក្រមស៊ើបអង្កេតជនជាតិអ៊ីតាលី ធ្លាប់ធ្វើការស៊ើបអង្កេត ទាក់ទិននឹងសកម្មភាពឧក្រិដ្ឋរបស់បណ្តាញ​ម៉ាហ្វយ៉ា និងក្រុម​​ជួញដូរ ដឹកជញ្ជូនជនភៀសខ្លួននៅសមុទ្រម៉េឌីទែរ៉ាណេ។

រើសអ្នកណា ដែលនឹងមិនរករឿងខ្លួនទៅថ្ងៃក្រោយ

បើតាមប្រភពពីអ្នកច្បាប់ ដែលស្និទ្ធនឹង​តុលាការព្រហ្មទណ្ឌអន្តរជាតិ ធ្លាប់បានលើកឡើងថា តាំងតែពីដំបូង គឺលោក លោក Karim Khan ជាមេធាវីជនជាតិអង់គ្លេស ដែលត្រូវគេសង្ឃឹមថានឹងក្លាយ​ជារដ្ឋអាជ្ញាថ្មី សម្រាប់អាណត្តិ៩ឆ្នាំ បន្តពីលោកស្រី Fatou Bensouda។ តែក្នុង​ប​ញ្ជីឈ្មោះចុងក្រោយ​កាលពី​ចុងខែមិថុនា មិនមានឈ្មោះលោកម្នាក់នេះទេ​ គឺមានតែលោក Fergal Gaynor និងមនុស្ស​៣នាក់ផ្សេងទៀត ដែល​គេមិនសូវស្គាល់សោះ។ ហេតុដូចនេះហើយ ទើបបានមានការតវ៉ា ឲ្យពិចារណាឡើងវិញ។

ដូច្នេះបើតាមមើលទៅ ក្នុងចំណោម​បេក្ខជន៤នាក់ ដែល​នឹងត្រូវគេសម្រេចបោះឆ្នោតនៅថ្ងៃនេះ គឺមាន២នាក់​ ដែលគេរំពឹងថាអាចមានសង្ឃឹមច្រើន។ គឺលោក Fergal Gaynor និងលោក Karim Khan នេះឯង។ រឿងបទពិសោធន៍ការងារ ដឹកនាំការស៊ើបអង្កេត ក្នុងក្របខណ្ឌច្បាប់ព្រហ្មទណ្ឌអន្តរជាតិ វាជាលក្ខខណ្ឌមួយ​សំខាន់មែនហើយ តែចំណុចមួយ​ទៀត ដែល​គេនឹងត្រូវពិចារណា គឺទៅលើបុគ្គលិកលក្ខណៈ អត្តចរិក ការយល់ឃើញ ទស្សនវិស័យ និងគោលការណ៍មនសិកា របស់​បេក្ខជននីមួយៗ ក្នុងការបំពេញការងារនេះ។ រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ មិនមែន​ជា​មុខងារតូចតាច លេងសើចបានទេ។ គឺរដ្ឋអាជ្ញាេនះហើយ ដែល​នឹងត្រូវ​ដឹកនាំការស៊ើបអង្កេត ក្នុងសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាម ហើយឈានទៅ​ចោទប្រកាន់មេដឹកនាំ ឬក៏ប្រទេស​ណាមួយ​។

ការជ្រើសរើស​រដ្ឋអាជ្ញារបស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ​នេះទៀតសោត គឺយើងមិនអាចគិតតែទៅលើបញ្ហាផ្លូវច្បាប់បានទេ។​ ព្រោះថាចង់មិនចង់ គឺប្រទេសសមាជិក ទាំង​១២៣ប្រទេស ជាអ្នកបោះឆ្នោត។ ដូច្នេះ វាចៀសមិនផុតទេ ពី​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រការទូត ប្រើឥទ្ធិពលអូសទាញ​គ្នា​ទៅវិញទៅមក ដើម្បីឈានទៅ​តែងតាំងបេក្ខជនណាម្នាក់ ឲ្យ​ធ្វើជារដ្ឋអាជ្ញា ហើយ​ដែល​នឹងមិនបង្កគ្រោះថ្នាក់ ដល់ប្រទេសនោះទៅថ្ងៃក្រោយ។

ត្រូវតែក្លាហាន ក្នុងការ​ស្វែងរកយុត្តិធម៌ ឬ បន្ធូរបន្ថយកុំឲ្យ​ប្រទេសមហាអំណាចខឹង?

លោកស្រី Fatou Bensouda រដ្ឋអាជ្ញាដែលត្រូវចប់អាណត្តិនៅខែមិថុនា ខាងមុខ​នេះ ត្រូវបាន​រដ្ឋាភិបាល​លោកដូណាល់ ត្រាំ ដាក់ទណ្ឌកម្ម មិនអោយជាន់ដីអាមេរិក ដោយសារលោកស្រី បាន​បើក​​សំណុំរឿងរសើបមួយចំនួន ពាក់ព័ន្ធជាមួយអាមេរិក និងអ៊ីស្រាអែល។ អនាគតរដ្ឋអាជ្ញាថ្មី នៃតុលាការ​ក្រុងឡាអេនេះ ប្រាកដ​ជាជួបការលំបាកណាស់ហើយក្នុងការបំពេញការងារ រវាងការ​ស្វែងរក​យុត្តិធម៌ និង​ ការ​ចៀសវៀងបង្កបញ្ហាវិបត្តិការ​ទូតជាមួយ​ប្រទេសខ្លះ។​

តុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងស្ថិតក្នុងកាលៈទេសៈមួយ​ ដ៏លំបាកនាពេលបច្ចុប្បន្នេះ ដែលធ្វើ​ឲ្យ​មានការរិះគន់ផង និង​មានការជំរុញ ឲ្យ​ធ្វើកំណែទម្រង់​ផង។ ក្នុងអាណត្តិលោកស្រី Fatou Bensouda ៩ឆ្នាំកន្លងមកនេះ លទ្ធផលវាមាន​ទាំងគេសរសើរ ទាំងគេរិះគន់។ មានសំណុំរឿងរសើបមួយចំនួន ដែល​លោកស្រី បានមានៈបើកការស៊ើបអង្កេត ហើយ​ដែលធ្វើ​ឲ្យ​គេមិនសប្បាយ​ចិត្ត។ នោះគឺសំណុំរឿងអំពើឧក្រិដ្ឋបង្កឡើង ដោយកងទ័ពអាមេរិក នៅអាហ្វហ្កានីស្ថាន សំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមបង្កឡើងដោយ​កងទ័ពអ៊ីស្រាអែល ធ្វើទៅលើ​ប្រជាជន​ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា នៅឆ្នាំ​២០១៤ ហើយចុងក្រោយនេះ គឺសំណុំរឿងជនជាតិរ៉ូហ៊ីងយ៉ា នៅភូមា។

តាមពិតអ៊ីស្រាអែល និង សហរដ្ឋអាមេរិក មិនមែន​ជា​ប្រទេសសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ​ទេ។ តែសហរដ្ឋអាមេរិក ជាមហាអំណាចដ៏សំខាន់ ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ ហើយ​ប្រទេស​សមាជិក​ក្រុមប្រឹក្សានេះហើយ​ ដែលជាអ្នកជួយ​ថវិកាចំណាយ ឲ្យ​តុលាការ​ក្រុងឡាអេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ មិនមែនមានឧបសគ្គតែជាមួយអាមេរិកមួយទេ គឺមានជាមួយ​រុស្ស៊ី និងចិនថែមទៀត ឥឡូវនេះ។ ជាមួយ​ចិន គឺ​បញ្ហា​ឧក្រិដ្ឋកម្ម​កងទ័ពភូមា ធ្វើទៅលើ​ជនជាតិរ៉ូហ៊ីងយ៉ាង ហើយ​ដែលវាអាចពាក់ព័ន្ធ នឹងដែនឥទ្ធិពលរបស់ចិន។ និងសំណុំរឿង​មួយ​ទៀត​ទៅ​ថ្ងៃអនាគត គឺរឿងជនជាតិអ៊ុយហ្គួនៅខេត្តស៊ីនជាំង។ ដូច្នេះ ទាំងចិន ទាំងអាមេរិក សុទ្ធតែមិនត្រូវការ​រដ្ឋអាជ្ញាថ្មី ដែល​ក្លាហាន ហ៊ានបន្តការស៊ើបអង្កេតទាំងអស់នេះទេ។

ដូច្នេះហើយ បានបុគ្គលិកលក្ខណៈ មនសិកា និងការតាំងចិត្ត របស់អនាគតរដ្ឋអាជ្ញាថ្មី គឺជាលក្ខខណ្ឌ​សំខាន់​ណាស់​។ រវាង លោក Fergal Gaynor និងលោក Karim Khan គឺមានការលើកឡើងថា លោក Fergal Gaynor ជាមនុស្សឯករាជ្យនិងក្លាហាន យកកម្មវត្ថុយុត្តិធម៌ជាធំ ហ៊ានស៊ើបអង្កេត ដោយមិនញញើតឥទ្ធិពល​ប្រទេសធំៗ។ ចំណែកលោក Karim Khan វិញក៏មានការគាំទ្រច្រើនដែរ ថាជាមនុស្ស​តស៊ូធ្វើការ មានបទពិសោធន៍ដឹកនាំ​ តែជ្រើសដើរផ្លូវកណ្តាល​ ដើម្បី​សម្របសម្រួល។

ប្រទេសខ្លះ សម្រេចចិត្តរើសយកបេក្ខជន​ដែល​ មានការគិតក្រែងច្រើន ដើម្បីបញ្ចៀសបញ្ហាវិបត្តិការទូតជាមួយ​ប្រទេសធំៗ។ តែប្រទេសខ្លះទៀត គេឲ្យតម្លៃថា វិស័យយុត្តិធម៌អន្តរជាតិ ត្រូវតែជាអាទិភាព មិនត្រូវចុះញ៉ម ខ្លាចប្រទេសមហាអំណាចណាមួយទេ។ បើរដ្ឋអាជ្ញានៃ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ខ្សោយ កំសាក មិនហ៊ានស៊ើបអង្កេតលើរឿងណាមួយ​ ដោយខ្លាចប្រទេសមហាអំណាច​​ អញ្ចឹង​តើឲ្យ​ជនរងគ្រោះសង្ឃឹមអីទៀត។ មានអង្គការក្រៅរដ្ឋាភិបាលខ្លះ បានលើកឡើងថា បើថ្ងៃមុខរដ្ឋអាជ្ញានៃតុលាការក្រុងឡាអេ គ្មានក្តីក្លាហានទេ គឺ​តុលាការនេះ លែងមានន័យអ្វីទៀតហើយ គឺមានតែរូបតែ​ឥត​តម្លៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ