អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ដោះ​លែង​ជន​ជាតិ​កាណាដា​ពីរ​នាក់​ក្រោយ​នាយក​ប្រតិបត្តិ​Huawei​ត្រូវ​បាន​ដោះ​លែង​នៅ​កាណាដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិន​បាន​សម្រេច​ដោះលែង​ជនជាតិ​កាណាដា​ពីរ​នាក់​ពី​ពន្ធនាគារ​កាល​ពីថ្ងៃ​សុក្រ ២៤ កញ្ញា​ម្សិល​មិញ​។ ចំណាត់ការ​របស់​អាជ្ញាធរ​ចិននេះ​ធ្លាក់មក​ នៅប៉ុន្មានម៉ោង​បន្ទាប់ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei លោកស្រី ម៉េង វ៉ាន់ចូវ​ ត្រូវ​បាន​ដោះ​លែង​នៅ​កាណាដា​។ ការណ៍​នេះ​នាំ​ឲ្យ​គេគិត​ថា​ជម្លោះការ​ទូត​ដ៏​ជូរ​ចត់​រយៈពេល​ ៣​ឆ្នាំ​ រវាង​ក្រុងប៉េកាំង​ និង​អូតាវ៉ា និងវ៉ាស៊ីនតោន​ទាក់​ទង​សំណុំ​រឿង​ក្រុមហ៊ុន​ Huawei​ ទំនង​ជា​ត្រូវ​បិទ​បញ្ចប់​ហើយ​។

លោកស្រី ម៉េង វ៉ាន់ចូវ ជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងជាកូនស្រីមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Huawei។
លោកស្រី ម៉េង វ៉ាន់ចូវ ជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងជាកូនស្រីមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Huawei។ REUTERS - TAE HOON KIM
ផ្សាយពាណិជ្ជកម្ម

ទំនាក់​ទំនង​រវាង​ប្រទេសចិន​ ជាមួយកាណាដា និងសហរដ្ឋអាមេរិក ​ ត្រូវ​បាន​បំពុល​រយៈពេល​ប្រមាណជា​៣​ឆ្នាំមក​ហើយ​ ដោយសារ​តែ​សំណុំ​រឿង​ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei​។ ដំបូង​ឡើយ​ វាកើត​ចេញពី​ការចាប់ខ្លួន​លោក ស្រី ម៉េង វ៉ាន់ចូវ ពី​សំណាក់​អាជ្ញាធរ​កាដាណា ទៅតាម​សំណើ​របស់​អាមេរិក​។ អាមេរិក​ដែល​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Huawei ពី​បទ​ប៉ុន​ប៉ង​រំលោភ​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់ និង​លួច​បច្ចេកវិទ្យាពី​ក្រុម​ហ៊ុន​អាមេរិក​។

មានវ័យ ៤៩ឆ្នាំ លោក​ស្រីវ៉ាន់ចូវ ត្រូវ​បាន​ក្រុង​វ៉ាស៊ីនតោន​ចោទថា បាន​លួច​លាក់​រំលោភ​វិធានការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់​ តាមរយៈ​ក្រុមហ៊ុន​ហុងកុង​មួយដែលជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ Huawei​ ឈ្មោះ Skycom ​ដែលបានលក់ឧបករណ៍ទូរគមនាគមន៍ទៅឲ្យប្រទេសអ៊ីរ៉ង់។ 

លោកស្រី​ ម៉េង វ៉ាន់ចូវ​ ដែល​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​ជា​កូនស្រី​មហាសេដ្ឋី​ស្ថាបនិក​ក្រុមហ៊ុន​ Huawei ផង​នោះ ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី១​ ខែ​ធ្នូ ឆ្នាំ ២០១៨ នៅ​ពេល​ដែល​លោកស្រី​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​កាណាដា​។

រយៈពេល​ ៩ ថ្ងៃ​ បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោកស្រី វ៉ាន់ចូវ ពោល​គឺ​នៅថ្ងៃទី ១០ ធ្នូ​ ឆ្នាំ​ ២០១៨​ អាជ្ញាធរ​ចិន​ បាន​ចាប់​ខ្លួន​ជនជាតិ​កាណាដាពីរ​នាក់ គឺ លោក Michael Kovrig ​អតីត​អ្នក​ការទូត​បម្រើ​ការ​ឲ្យ​អង្គការ​វិភាគ​នយោបាយ International Crisis Group និង​ម្នាក់​ទៀត​គឺ​លោក​ Michael Spavor ដែលជា​អ្នកធ្លាប់​ផ្តល់​​ប្រឹក្សា​ទំនាក់ទំនង​ជាមួ​យ​កូរ៉េខាង​ជើង​។

បណ្តាប្រទេសលោកខាងលិចបានចោទចិនថាចាប់ជនជាតិកាណាដា ធ្វើជាចំណាប់ខ្មាំងកាទូត។ តែចិន​កាលណោះ​បាន​ឆ្លើយតបវិញថា ​ជនជាតិ​កាណាដា​ទាំង​ពីរនាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចារកម្ម​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ចិន​ ​ហើយនេះមិនមែន​ជា​សងសឹក​កាណាដា​ និង​យក​ពួកគេ​ទាំងពីរ​ជាកំណាប់ខ្មាំងកាទូត​ឲ្យ​កាណាដា​ដោះលែង​លោកស្រី ម៉េង វ៉ាន់ចូវ​ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Huawei ឡើយ​។

ហេតុអ្វី​កាណាដា​សម្រេច​ដោះ​លែង​ លោក ស្រី ម៉េង វ៉ាន់ចូវ​នៅ​ពេលនេះ​?

ចំណាយ​ពេល​ប្រមាណ​ជា​ ៣ ឆ្នាំ​ ជាប់​ឃុំខ្លួននៅក្នុងផ្ទះ​ឯ​ប្រទេសកាណាដា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei លោកស្រី ម៉េង វ៉ាន់ចូវ​ ដែលតស៊ូប្រឆាំងនឹងការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកនៅទីបំផុត​ ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​សុក្រ ២៤ កញ្ញា​ម្សិលមិញ​។

ការ​ដោះលែងនេះ​បានកើតឡើង​ នៅ​ប៉ុន្មានម៉ោងប៉ណ្ណោះ​បន្ទាប់ពី​រដ្ឋ​អាជ្ញាអាមេរិក​បាន​ប្រកាស​ពី​កិច្ចព្រមព្រៀងមួយ​ដែលថា​ការ​ចោទប្រកាន់​ប្រឆាំងនឹង​លោកស្រី ម៉េង វ៉ាន់ចូវ​ពីបទឆបោក​ នឹង​ត្រូវព្យួរ​ហើយ​នៅទីបំផុត​ការ​ចោទេប្រកាន់​នេះ​ អាច​ត្រូវ​ទម្លាក់​ចោល​ទៀត​ក៏​ថាបាន​។

តាម​រយៈ​ការ​ចរចាគ្នា​ លោកស្រី វ៉ាន់ចូវ​ និង​រដ្ឋអាជ្ញាអាមេរិក​ យល់​ព្រមព្រៀងគ្នា​ ថានឹង​ពន្យារ​គ្រប់​ការ​ចោទប្រកាន់​រហូតដល់ចុងឆ្នាំ ២០២២​ ហើយ​រដ្ឋអាជ្ញាអាមេរិក​ ទំនង​ជា​អាច​នឹង​ទម្លាក់​បទចោទ​ប្រកាន់​ប្រឆាំង​លោកស្រីផងដែរ​ ប្រសិនបើ​លោកស្រី​គោរពេតាម​ខ្ជាប់ខ្ជួន​ នូវ​កិច្ច​ព្រមព្រៀង​ដែលធ្វើ​នឹងគ្នា​នោះ។

ក្រោយ​រដ្ឋ​អាជ្ញាអាមេរិក​ ប្រកាស​ពន្យារ​រាល់​ការ​ចោទ​ប្រកាន់​ លោកស្រី ម៉េង វ៉ាន់ចូវ​ ត្រូវ​បាន​ដោះលែង​នៅ​កាណាដាភ្លាម​។ នៅថ្ងៃដដែលនោះ ​លោកស្រី បាន​ជិះ​យន្ត​ហោះ​ចេញ​ពី​ទីក្រុង Vancouver ប្រទេសកាណាដា​ ទៅកាន់ទីក្រុង Shenzhen ប្រទេស​ចិនវិញ​តែម្តង​។

មុន​ពេលចាកចេញពី​ប្រទេសកាណាដា​ លោកស្រី វ៉ាន់ចូវ​ បាន​ប្រាប់​ទៅ​ក្រុមអ្នក​យក​ព័ត៌មានថា​ រយៈពេលបីឆ្នាំមកនេះ​ ជីវិតរបស់លោក​ស្រី​វិល​ក្រឡាប់​ចាក់​អស់​។ វាជា​ពេលវេលា​ដ៏លំបាក និងជាវេលាផ្តល់បទពិសោធន៍​សម្រាប់​លោកស្រី​ ក្នុងនាមជា​ម្តាយ​ ជាប្រពន្ធ​ និងជា​នាយកប្រតិបត្តិ​ក្រុម​ហ៊ុន​មួយ​។

ក្រោយមកទៀត​ លោកស្រីក៏បាន​បង្ហោះសារ​ នៅលើបណ្តាញ​សង្គមចិន​ពីលើ​យន្តហោះ​ ដោយ​បាន​អរគុណ​ ចំពោះរដ្ឋាភិបាលក្រុងប៉េកាំង​ដែល​លោកស្រី ចាត់ទុកថា​ ជាអ្នក​បាន​ជួយ​ជ្រោមជ្រែង​សង្គ្រោះ​ឲ្យ​លោក​ស្រី​មានសេរីភាព​អាច​ត្រលប់​ទៅផ្ទះនៅ​ចិនវិញ​។

ប៉ុន្មានម៉ោង​ក្រោយមក​ នាយករដ្ឋ​មន្ត្រីកាណាដា​លោក​ហ្សូសស្តាំង ទ្រុយដូ បាន​ប្រកាសថា​ ជនជាតិ​កាណាដា​ពីរ​នាក់គឺ​ លោក Michael Kovrig និង លោក Michael Spavor ដែល​ជាប់​ឃុំខ្លួន​នៅចិន​ ត្រូវបាន​ដោះលែង​ដែរ និង​កំពុង​ធ្វើ​ដំណើរត្រលប់​មក​ប្រទេសកាណដា​វិញហើយ​។

នៅឯសន្តិសីទ​ក្នុងទីក្រុង​ អូតាវ៉ា​ លោកទ្រុយដូ បានឲ្យដឹងថា​យន្តហោះ​របស់​ពួកគេទាំងពីរ​នឹង​ចុះចត​ជាន់ដី​កាណាដា​នៅថ្ងៃសៅរ៍នេះ​ ប្រសិនបើ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ជាយ​ថា​ហេតុ​ទេ​នោះ​។

ទំនាក់ទំនង​រវាង​ប្រទេស​លោក​ខាង​លិច ​និង​ចិន

ជម្លោះ​ការ​ទូតដ៏​ជូរចត់​រវាងចិន​ ជាមួយ​កាណាដា​ និងសហរដ្ឋអាមេរិក​ ទាក់ទងសំណុំរឿងក្រុមហ៊ុន Huawei ហាក់ដូចជា​ត្រូវបាន​បញ្ចប់ហើយ​ ក្រោយ​ការ​ដោះលែង​ជនជាតិ​កាណាដា​ពីរនាក់​ដែល​ត្រូវ​បានធ្វើឡើង​នៅ​ទឹក​ដី​ចិន និង​នាយកប្រតិបត្តិក្រុមហ៊ុន​បច្ចេកវិទ្យាចិន​នៅ​ឯ​កាណាដា​។

ជនជាតិ​របស់​ប្រទេស​ទាំងពីរ​ ត្រូវ​បាន​ដោះលែង​ទាំង​សងខាង​ ដូច្នោះ​ទំនាក់ទំនង​រវាង​ កាណាដា​ និង​ចិន​ ក៏គ្មានអ្វី​ដែល​អាច​បំពុល​ឲ្យ​អាក្រក់​ខ្លាំង​នឹងគ្នា​ដូចពី​មុន​ទៀតនោះទេ​។ នេះបើ​តាម​អ្នក​ជំនាញ​។

ជា​ចុង​បញ្ចប់នេះ​ គួរ​កត់​សម្គាល់​ថា ការដោះលែង​ជនជាតិ​កាដាណា​ពី​សំណាក់​អាជ្ញាធរ​ចិន​ និង​ការ​ដោះលែង​នាយកប្រតិបត្តិ​ក្រុមហ៊ុន​Huawei​ ក្នុង​ប្រទេស​កាណាដា​  បាន​កើតឡើង​ នៅចំ​ពេល​ដែល​ប្រធានាធិបតីអាមេរិក​ លោក ចូបៃ ដិន និង​សមភាគី​ចិន​លោកស៊ីជីន ពីង​ បាន​ព្យាយាម​កាត់​បន្ថយ​ភាពតានតឹងនឹងគ្នា​លើ​បញ្ហា​ជាច្រើន​។

ជាក់ស្តែង​ នៅក្នុង​ឱកាស​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​សប្តាហ៍នេះ បើទោះ​បីជាមានការខ្វែងគំនិតគ្នា​ជាមួយចិន​លើរឿង​ជាច្រើន​ដូចជា​ បញ្ហា​សន្តិសុខ​តាម​អ៊ីនធ័រនែត​ ការប្រែប្រួល​អាកាសធាតុ ​បញ្ហាសិទ្ធិមនុស្ស​ និង​បញ្ហា​ពាណិជ្ជកម្មជាដើម​ក្តី​ លោក​បៃដិន​ បាន​មាន​ប្រសាសន៍ថា​ សហរដ្ឋអាមេរិក គ្មាន​ចេតនា​ចង់​ផ្តើម​សង្គ្រាម​ត្រជាក់​ថ្មី​នោះទេ​។ ចំណែក​ប្រធានាធិបតី​ចិន លោកស៊ី ជីន ពីង​ បាន​និយាយប្រាប់​ទៅមេដឹកនាំ​ពិភពលោកថា​ ជម្លោះ​រវាង​ប្រទេស​និង​ប្រទេស​ ចាំបាច់ត្រូវដោះស្រាយ​តាមរយៈ​ការសន្ទនា និង​កិច្ចសហប្រតិបត្តិការ​នឹងគ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ