អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ខួប​៣៣​ឆ្នាំ​នៃ​ការ​បង្ក្រាប​​បាតុកម្ម​​នៅទីលាន​​ធានអានមេន  ដែល​ចិន​មិនចង់​ឲ្យ​​នរណា​រំឭក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសៅរ៍ ទី៤មិថុនានេះ គឺជាថ្ងៃខួបឆ្នាំទី​៣៣ នៃព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្មប្រជាធិបតេយ្យ នៅទីលាន​ធានអានមេន ទីក្រុងប៉េកាំង។ បាតុករ​ដែលជានិស្សិត និង​យុវជនរាប់ម៉ឺននាក់ ដែលបាន​ជួបជុំគ្នានៅទីនោះ អស់ជាច្រើនសប្តាហ៍ ដើម្បីទាមទារសិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។យ៉ាងហោច មាន​បាតុករជាង១ម៉ឺន​នាក់ បានស្លាប់ដោយ​ព្រឹត្តិការបង្រ្កាប​ដ៏សាហាវនេះ។ ជាង៣០​ឆ្នាំកន្លងមកនេះ អាជ្ញាធរកុម្មុយនីស្តិចិន បានធ្វើ​គ្រប់យ៉ាង ដើម្បី​បំបាត់ស្លាកស្នាម នៃការចងចាំព្រឹត្តិការណ៍នេះ។

រថក្រោះកងទ័ពចិន នៅទីលានធានអានមេន ទីក្រុងប៉េកាំង ថ្ងៃទី ៥ មិថុនា ១៩៨៩ បន្ទាប់ពីបាន​បើកប្រតិបត្តិការ​បណ្តេញ​ក្រុមបាតុករ កាលពីយប់ថ្ងៃទី៤មិថុនា។ យ៉ាងហោចណាស់ មានមនុស្សចំនួន​១ម៉ឺននាក់ បានស្លាប់ ក្នុងហេតុការណ៍សោកនាដកម្មនេះ។
រថក្រោះកងទ័ពចិន នៅទីលានធានអានមេន ទីក្រុងប៉េកាំង ថ្ងៃទី ៥ មិថុនា ១៩៨៩ បន្ទាប់ពីបាន​បើកប្រតិបត្តិការ​បណ្តេញ​ក្រុមបាតុករ កាលពីយប់ថ្ងៃទី៤មិថុនា។ យ៉ាងហោចណាស់ មានមនុស្សចំនួន​១ម៉ឺននាក់ បានស្លាប់ ក្នុងហេតុការណ៍សោកនាដកម្មនេះ។ AP - Jeff Widener
ផ្សាយពាណិជ្ជកម្ម

ការចងចាំដែលគ្មាននរណាហ៊ានរំឭក

នៅអឺរ៉ុប ការដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំង នៅថ្ងៃទី​៩តុលាឆ្នាំ​១៩៨៩ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយដ៏សំខាន់បំផុត នៅចុងសតវត្សទី​២០។ ចំណែកនៅចិនវិញ គឺថ្ងៃទី​៤មិថុនាឆ្នាំ​១៩៨៩។ ក៏ប៉ុន្តែភាពខុសគ្នា គឺនៅត្រង់ថា ការដួលរលំជញ្ជាំងក្រុងប៊ែរឡាំង គឺវាបាន​បើកទំព័រសករាជថ្មី ឆ្ពោះទៅកាន់សិទ្ធិសេរីភាព ក្រោយ​ការដួលរលំនៃប្លុកកុម្មុយនីស្តិនៅអឺរ៉ុប។ ផ្ទុយទៅវិញ នៅចិន ព្រឹត្តិការណ៍ ៤មិថុនាឆ្នាំ​១៩៨៩ គឺជា​ព្រឹត្តិការណ៍​សោកនាដកម្ម​ ព្រោះវាជាការកាប់សម្លាប់ទៅលើ​យុវជន​ និស្សិត និងអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ នៅកណ្តាលទីក្រុងប៉េកាំងតែម្តង។​

អស់រយៈពេលជាច្រើនសប្តាហ៍ ដែល​សិស្សនិស្សិតបញ្ញវន្តចិន ជាច្រើនម៉ឺននាក់ បានជួបជុំគ្នាដោយ​សន្តិភាព នៅ​ទីលានធានអានមិន ដើម្បី​ទាមទារឲ្យ​មានកំណែទម្រង់នយោបាយ បិទបញ្ចប់អំពើពុករលួយ ទាមទារសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ។ ចលនានេះបានផុសផុលកាន់តែធំឡើងៗ ធ្វើឲ្យអំណាចកុម្មុយនីស្តិចិនភ័យខ្លាច។ លោក តេង សៀវភីង ប្រធានាធិបតីចិនជំនាន់នោះ បានបញ្ជាឲ្យ​លោក​លី ប៉េង នាយករដ្ឋមន្ត្រីចិន ចាត់វិធានការជាបន្ទាន់។ ល្ងាចថ្ងៃទី​៤ មិថុនា រថក្រោះជាច្រើនគ្រឿងរបស់ទាហានចិន​ បានបើកសំដៅមកកាន់ទីលានធានអានមេន ដើម្បី​បំបែកក្រុមបាតុករ។ យោងតាមឯកសារជាច្រើនពីអាមេរិក និងអង់គ្លេស​ បានអះអាងថា ​យ៉ាង​ហោចណាស់ មានស្លាប់ជាង​១ម៉ឺនាក់ នៅក្នុងព្រឹត្តិការណ៍សោកនាដកម្មនេះ។

ប្រជាជនចិនអ្នកក្រុងប៉េកាំងទូទៅ អាយុចាប់ពី៥០ឆ្នាំឡើងលើ ភាគច្រើននៅចាំព្រឹត្តិការណ៍នេះ។ តែការនិយាយរំឭក វាគឺជារឿងកម្រណាស់ ព្រោះគ្រប់គ្នាដឹងថា វាគ្រោះថ្នាក់។ ហេតុការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវបាន​អំណាចកុម្មុយនីស្តចិន ធ្វើគ្រប់យ៉ាងដើម្បីបំបាត់វា មិន​ឲ្យ​គេរំឭក មិន​ឲ្យ​ក្មេងជំនាន់​ក្រោយដឹងទេ ព្រោះវា​បង្ហាញពីភាព​សាហាវព្រៃផ្សៃ សម្លាប់យុវជនឯង ពីសំណាក់អំណាច​កុម្មុយនីស្តិចិន។ ក្មេងចិនជំនាន់ក្រោយ​ភាគច្រើន មិនដឹងពីហេតុការណ៍នេះទេ ព្រោះគ្មាន​ក្នុងសៀវភៅប្រវត្តិសាស្ត្រដែលពួកគេេរៀន។ ជារៀងរាលឆ្នាំ ឲ្យជិតដល់ថ្ងៃទី ៤មិថុនាម្តងៗ គឺអាជ្ញាធរចិនរិតបន្តឹងសន្តិសុខសម្បើមណាស់ មិនថានៅទីលានធានអានមិន ឬនៅតាម​បណ្តាញសង្គមនោះទេ។ ទីលានធានអានមេនបច្ចុប្បន្ន ទាហានយាមស្អេកស្កះ កាមេរ៉ាសុវត្ថិភាពរាប់ពាន់ បាញ់ឆ្លុះថតគ្រប់សកម្មភាពទាំងអស់។

ហុងកុង លែងជាករណីពិសេសនៃការរំឭកវិញ្ញាណក្ខន្ធ​

ជាង៣០ឆ្នាំមកនេះ ខណៈ​ដែល​ប្រជាជនចិនដីគោក ត្រូវគេហាមគេឃាត់មិនឲ្យរំឭកពីព្រឹត្តិការណ៍ទី​លានធានអានមេន ហុងកុងគឺតែងតែជាករណីពិសេស ព្រោះហុងកុងជាដែនដីស្វ័យត្ន ជាតំបន់ដែលប្រជាជនមានទម្លាប់ ស្រលាញ់សិទ្ធិសេរីភាព ស្រលាញ់ប្រជាធិបតេយ្យ​។ ជាក់ស្តែង ដូចយើងបានឃើញហើយ នូវមហាបាតុកម្មប្រជាធិបតេយ្យផ្ទួនៗ កន្លងមក ប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ចិនបានកៀបសង្កត់ហុងកុងកាន់តែខ្លាំងឡើងៗ ជាមួយ​នឹងច្បាប់សន្តិសុខដ៏តឹងតែង ហាមឃាត់រាល់ការជួបជុំទាំងអស់ ដោយ​លើក​ហេតុផលសន្តិសុខ និងស្ថិរភាពជាតិមកជាសំអាង។ រូបចម្លាក់នៅសកលវិទ្យាល័យហុងកុង ដើម្បីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ក៏ត្រូវអាជ្ញាធរហុងកុងគាស់យកចេញ។ សមាគម Hong Kong Alliance ដែលធ្លាប់ជា​អ្នករៀបចំកម្មវិធី​រំឭកវិញ្ញាណ​ក្ខន្ធ ត្រូវបានអាជ្ញាធរហុងកុងបិទ រំលាយចោលកាលពីខែ​កញ្ញាឆ្នាំមុន។ លោក Lee Cheuk-yan អតីតប្រធានសមាគមនេះ បច្ចុប្បន្នកំពុងតែជាប់ឃុំ។

ឆ្នាំ​២០២០ ២០២១ កន្លងទៅ កម្មវិធីរំឭកខួបព្រឹត្តិការ​ណ៍​ទីលានធានអានមេន ត្រូវបានហាមឃាត់ ដោយអាជ្ញាធរហុងកុងអះអាងថា ដើម្បីបង្ការការឆ្លងរាលដាលកូវីដ១៩។ នៅលើកនេះ ការហាមឃាត់បានឈានដល់មួយកម្រិតទៀត ដោយ​កាលពីថ្ងៃម្សិលមិញនេះ រដ្ឋបាលហុងកុងបានចេញ​បញ្ជា បិទទីលានវីកតូរីយ៉ាតែម្តង។ ទីលានស្ថិតនៅកណ្តាលក្រុងហុងកុងនេះ គឺជាកន្លែងជួបជុំ ដែល​ប្រជាជនហុងកុងយកទានមកអុជជុំគ្នា ដើម្បីរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅ​ទីលាន​ធានអានមិន។​

អាជ្ញាធរហុងកុងបានគំរាមថា ការជួបជុំគ្នា មិនថាក្នុងរូបភាពណាទាំងអស់ នៅទីសាធារណៈ ក្នុងគោលបំណងនិយាយរំឭកពី​ព្រឹត្តិការណ៍​នៅធានអានមេន គឺអាចប្រឈមនឹងទោសជាប់ពន្ធនាគារ៥ឆ្នាំ។ យ៉ាងណាមិញ នៅថ្ងៃនេះ សិល្បៈករហុងកុងម្នាក់ ដែល​បាន​ឆ្លាក់ផ្លែប៉ោម ជារូបទៀន ក្រោមក្រសែរភ្នែកមនុស្ស​ចោមរោមមើល នៅតាមផ្លូវ​ ក៏ត្រូវសមត្ថកិច្ចជាង១០នាក់ ចុះមកក្រៀកយកទៅបាត់ដែរ។ ចាប់តាំងពីល្ងាចថ្ងៃម្សិលមិញមក សមត្ថកិច្ចហុងកុងជាច្រើនពាន់នាក់ ត្រូវគេដាក់ពង្រាយ​តាមផ្លូវនិងទីលានសំខាន់ៗនានា។​

នៅក្នុងលិខិតមួយ​​បង្ហោះតាម​អ៊ីនធ័រនិត លោក​លោក Lee Cheuk-yan បាន​លើកឡើងថា នៅថ្ងៃទី​៤មិថុនានេះ លោកនឹងបង្អត់អាហារខ្លួន​ឯង​ ព្រមទាំងអុជឈើគូសមួយ​ ដើម្បី​ជាឧបកិច្ច រំឮកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់នៅទីលានធានាអានមិន ពីក្នុងបន្ទប់ឃុំឃាំងរបស់លោក​។ លោកក៏បានអំពាវនាវឲ្យ​ប្រជាជនហុងកុងចូលរួមធ្វើទៅតាមលទ្ធភាព និងមធ្យោបាយ​រៀងៗខ្លួន​ ដើម្បីបង្ហាញ​ពីការចូលរួមគាំទ្រ ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​។

អ្នកប្រជាធិបតេយ្យក្រៅស្រុក បន្តចងចាំព្រឹត្តិការណ៍ធានអានមេន

ប្រជាជនក្នុងស្រុក​ត្រូវគេហាមឃាត់ ដោយរាប់ទាំងហុងកុងផង ដូច្នេះគឺនៅសល់តែអ្នកដែលបានភៀសខ្លួនទៅក្រៅប្រទេសទេ។ មានអតីតនិស្សិត អ្នកប្រជាធិបតេយ្យចិនច្រើនណាស់ ដែលបានភៀសខ្លួនទៅហុងកុង ទៅ​តៃវ៉ាន់ នឹងទៅប្រទេសលោកខាងលិចមួយចំនួន ជាក់ស្តែងសហរដ្ឋអាមេរិក។​ នៅអាមេរិក និងនៅតៃវ៉ាន់​ អតីតបាតករនៅទីលានធានអានមេន បានរួមគ្នាបង្កើតសមាគម និងតែងតែរំឭកខួបថ្ងៃនេះ ជាថ្ងៃដែលមិត្តភ័ក្តរួមជំនាន់របស់ពួកគេ បានស្លាប់ពលីជីវិតនៅទីលានធានអានមេន។

នៅតៃវ៉ាន់ ថ្ងៃនេះគេមានកម្មវិធីច្រើនណាស់ ដើម្បី​រំឭកវិញ្ញាណក្ខន្ធ ក៏ដូចជាពញ្ញាក់ស្មារតីមហាជនឲ្យ​ដឹង ពីគ្រោះថ្នាក់នៃរបបផ្តាច់ការកុម្មុយនីស្ត។ នៅតៃវ៉ាន់​ គេមានគម្រោង​ ស្ថាបនាឡើងវិញនូវ​ « រូបចម្លាក់នៃភាពអាម៉ាស » ដែលអាជ្ញាធរហុងកុង បានគាស់ចេញពីសកលវិទ្យាល័យ​ហុងកុង ថែមទៀតផង។​

មិនត្រឹមតែសកម្មជនប្រជាធិបតេយ្យចិននៅក្រៅស្រុកទេ ស្ថានកុងស៊ុលបស្ចឹមប្រទេស​មួយចំនួននៅ​ហុងកុង ក៏បានបង្ហោះសារតាមបណ្តាញសង្គមដែរ ដើម្បី​​រំឭកខួបឆ្នាំ​ទី​៣៣នៃ ព្រឹត្តិការណ៍នៅទីលានធានអានមេន។ ជាក់ស្តែង ស្ថានស៊ុលអាមេរិក បាន​ដាក់​រូប​ថត « រូបចម្លាក់នៃភាពអាម៉ាស់ » នៅខាងលើទំព័រមុខនៃទំព័រហ្វេសប៊ុករបស់ខ្លួន។

នៅថ្ងៃ​នេះដែរ លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាេមរិក បានសរសេរសារ​នៅលើ Twitter ដោយ​បានលើកឡើងថា « លោកសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធក៏ក្លាហាន របស់​យុវជនបាតុករប្រជាធិបតេយ្យចិន ដែលបានស្លាប់នៅទីលានធានអានមេន កាលពី​៣៣ឆ្នាំមុន។ លោកបន្ថែមថា « បើទោះបីគេគាស់ចេញនូវរូបសំណាករំឭកវិញ្ញាណក្ខន្ធ គេហាមឃាត់កម្មវិធីជួបជុំ គេចង់លប់សំអាតទំព័រប្រវត្តិសាស្ត្រនេះក៏ដោយ តែយើងនឹង​នៅបន្ត រំឭកការចងចាំនេះជានិច្ច តាមរយៈការ​លើកកំពស់ការគោរពសិទ្ធិមនុស្ស នៅគ្រប់ទីកន្លែងទាំងអស់ »។ លោក​អះអាងទៀតថា សហរដ្ឋអាមេរិកនឹងបន្តបរិហារ រិះគន់រាល់អំពើរំលោភបំពានទាំងឡាយ ធ្វើឡើងដោយសាធារណរដ្ឋ​ប្រជាមានិត្យចិន មិនថានៅទីបេ នៅស៊ីនជាំង ឬនៅ​ហុងកុង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ