អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ុន្មានថ្ងៃក្រោយការបះបោរក្រុម Wagner សំណួរនៅតែចោទឡើងជុំវិញការបាត់មុខមន្រ្តីយោធាកំពូលៗ​របស់​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មានថ្ងៃក្រោយពី​ព្រឹត្តិការណ៍​បះបោរនៅ​រុស្ស៊ី បង្កឡើង​ដោយក្រុមទាហាន​ស៊ីឈ្នួល ​Wagner គឺ​ធ្វើ​ឲ្យ​មាន​សំណួរ​ចោទឡើងជាច្រើន​ ជុំវិញការបាត់មុខមន្រ្តីកងទ័ពជាន់ខ្ពស់សំខាន់ៗរបស់រុស្ស៊ី និងជាពិសេស​​​​​រដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី​។ ទន្ទឹម​នឹង​គ្នា​នេះ ក៏​មានលេច​ឮ​​ដំណឹង​ដែរ ពីការ​ចាប់ខ្លួនមេៗបញ្ជារបស់ក្រុមទាហានស៊ីឈ្មួល Wagner នៅស៊ីរី។ តើ​ការ​បាត់​ខ្លួន​មន្ត្រី​យោធា​នៅរុស្ស៊ី និង​នៅ​ស៊ីរី មា​នអ្វីជាប់​​ពាក់​ព័ន្ធគ្នា​?​​​

ប្រធានាធិបតីរុស្ស៊ី​ ពូទីន ឈរកណ្តាល អម​ដោយ​មេបញ្ជាការ Valery Gerasimov និងរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ឈរស្តាំ។  រូបថត​ពីចុង​ឆ្នាំ ២០២២។​
ប្រធានាធិបតីរុស្ស៊ី​ ពូទីន ឈរកណ្តាល អម​ដោយ​មេបញ្ជាការ Valery Gerasimov និងរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ឈរស្តាំ។ រូបថត​ពីចុង​ឆ្នាំ ២០២២។​ AP - Mikhail Klimentyev
ផ្សាយពាណិជ្ជកម្ម

កាសែត​ក្នុង​ស្រុក​រុស្ស៊ី​ ​​ព្រលយ​ឲ្យដឹង​​ថា មេៗ​ថ្នាក់ដឹកនាំ​យោធា​ ត្រូវ​ចាប់​ឃុំ​ខ្លួន​។ ​

ប្រមាណជា ៥-៦ ថ្ងៃមកហើយ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍បះបោររបស់ក្រុមវ៉ាក់នែរមក គឺ គេពុំបានឃើញ មេបញ្ជាការធំៗរុស្ស៊ី ​បង្ហាញមុខនៅទីសាធារណៈនោះទេ។ នៅ​ពុំ​ទាន់​មាន​សេចក្តីប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ អំ​​ពីការ​ចាប់ឃាត់​ខ្លួនមន្ត្រី​យោធា​ជាន់​ខ្ពស់ណាមួយ​នោះឡើយ។​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ក៏​ពុំទាន់​​បញ្ចេញ​មតិយោបល់​អ្វីដែរ ចំពោះ​ការ​បាត់​មុខ​ជា​សាធារណៈ​ របស់ ​មេបញ្ជាការ​យោធា សំខាន់ៗ​ និងព្រមទាំង ​រដ្ឋ​មន្ត្រីការពារជាតិ។

សារព័ត៌មាន​លោក​ខាង​លិច និង​​​រុស្ស៊ី ​​សង្ស័យ​ព្រមគ្នា​គឺបាត់​មុខ​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី លោក សែរហ្គៃ ឆយហ្គូ ​និង​មនុស្ស​ជំនិតជិតដិត​​របស់​លោក​ វ្លាឌីមៀរ ពូទីន ប្រមុខរដ្ឋ​រុស្ស៊ី​។​ ឆ្នាំ២០១៧ ​​រូបថត​​លោក​ទាំង២​បង្ហាញ​សកម្មភាព​ងូត​ទឹក​ជុំគ្នា  ដេកសំដិល​​ហាលថ្ងៃ ដោះអាវ​បញ្ចេញ​សាច់ទ្រូង​​​ផង​​។ ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​ប្រទេស​រុស្ស៊ី​ គេ​មិន​ឃើញ​ លោករដ្ឋមន្ត្រី​បង្ហាញ​ខ្លួន​ជា​សាធារណៈទៀត​សោះ ​ជា​ពិសេស​គិត​ចាប់ពីថ្ងៃ​ផ្ទុះ​សកម្មភាព​បះបោរ​​ នៅថ្ងៃ​ចុង​សប្តាហ៍​មុន​មក​។ ក្នុងរយៈ​ពេល​នេះ​ មាន​​វីដេអូ​រូបលោករដ្ឋមន្ត្រី​ ធ្លាយ​ចេញ​មក​ក្រៅដែរ ក៏ប៉ុន្តែ​ គ្មាន​នរណា ឬ​បណ្តាញ​ផ្សព្វផ្សាយណា អាច​បញ្ជាក់ថា វីដេអូនោះ ថត​នៅ​កន្លែងណា និង​ថតឡើង​ថ្មីៗនេះទេ។ ជារួម​ គេ​មិនអាច​កំណត់​កាល​បរិច្ឆេទ​វីដេអូ​បានទេ ហើយមជ្ឈដ្ឋាន​ទូទៅ និង​ មតិ​សាធារណៈ​ជន​រុស្ស៊ី ​សង្ស័យ​ថា រដ្ឋមន្ត្រីការពារ​រូបនេះ ​​​ត្រូវ​ចាប់​ឃុំ​ខ្លួនហើយ​ ឬ​មាន​បច្ច័យ​អាក្រក់​ផ្សេង​កើត​មាន​ចំពោះរូប​លោក​ជា​ពុំ​ខាន​។ ​

ការ​បាត់​ខ្លួន​ ស្ងាត់​ដំណឹង​នៅ​ទី​សាធារណៈ​ ក៏​មា​ន​ដែរ ចំពោះ​លោក វ៉ាឡឺរី ហ្សេរ៉ាស៊ីម៉ូវ អគ្គមេបញ្ជាកងទ័ព​រុស្ស៊ី   និងជាអនុរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។ កាន់តែ​ចម្លែក​និងរឹតតែ​គួរ​ឲ្យ​សង្ស័យ គឺ​​ដើម​សប្តាហ៍​នេះ ពេល​​​ប្រធានាធិបតី​រុស្ស៊ី ថ្លែង​អរគុណ​ទាហាន​ជាតិ​រុស្ស៊ី​ដែលជួយ​ទប់​ទល់​ការបះបោរ គឺ​លោក ពូទីន ក៏​មិន​បាន​អរគុណ ឬ​គ្មាន​​និយាយ​ចំឈ្មោះរូប​លោក​អគ្គមេបញ្ជាកងទ័ព ​វ៉ាឡឺរី ហ្សេរ៉ាស៊ីម៉ូវ នេះដែរ។

នៅ​មាន​ម្នាក់ទៀត គឺ ឧត្តមសេនីយ៍​យោធា​ លោក សែរហ្គៃ សូរូវីគីន ជា​មេបញ្ជាការ​ទ័ព​អាកាស​រុស្ស៊ី​។ កាសែត​ Moscow Time និង​ក្រុម​ប្លុកឃ័រព័ត៌មាន​​រុស្ស៊ី បានរាយ​ការណ៍ថា ឧត្តមសេនីយ៍ សូរូវីគីន ​និងមន្ត្រីជាន់​ខ្ពស់​យោធាច្រើ​ន​នាក់​ផ្សេងទៀត​ ត្រូវ​ចាប់ឃុំ​ខ្លួន និង កំពុង​ត្រូវ​សួរ​ចម្លើយ ​ក្នុង​ពន្ធនាគារ​ក្រុង​ម៉ូស្កូ​។​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​អង់គ្លេស Reuters ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយថា លោក សូរូវីគីន គឺពិតជាត្រូវ​គេ​ឃុំ​ខ្លួន ​ពិត​មែន ​ឬយ៉ាងណាទេ​។​

«គុណបំណាច់​នៃសឹកចម្បាំងនៅបរទេស»

​​នៅចុង​សប្តាហ៍មុន មុន​នឹង​លើកទ័ព​បែរឆ្ពោះទៅ​​រដ្ឋធានីម៉ូស្កូ គឺ​ ចៅហ្វាយក្រុមទាហានស៊ីឈ្នួល Wagner លោក អេវហ្គេនី ព្រីហ្គោហ្ស៊ីន ​​​បាន​រិះគន់​មិន​សំចៃ​មាត់​ចំពោះ​​​រដ្ឋមន្ត្រី សែរហ្គៃ ឆយហ្គូ ​ និង​មេបញ្ជាការ​ វ៉ាឡឺរី ហ្សេរ៉ាស៊ីម៉ូវ ​ដោយ​វាយប្រហារថា មន្ត្រី​ធំ ២នេះ   គ្មាន​សមត្ថភាព ខ្សោយកំសាក ហើយ​និងបញ្ចូនទាហានរុស្ស៊ីទៅស្លាប់នៅសមរភូមិ។ ដូច្នេះពួកគេ​ត្រូវតែលាចុះចេញពីដំណែង។ លោក ​ព្រីហ្គោហ្ស៊ីន ​បាន​​ស្តីបន្ថោសមន្ត្រី​ធំរុស្ស៊ី​២នាក់​នេះ ​​​ជា​ច្រើន​ខែ​ណាស់​មកហើយ។​ ក៏ប៉ុន្តែ លោកបែរ​ធ្លាប់​បា​នថ្លែង​សរសើរ​ជាញឹកញយ​ចំពោះ​រូបលោកមេបញ្ជាការ សូរូវីគីន ទៅវិញ​​គឺ ​កោត​សរសើរ​ចំពោះ«​បុណ្យបំណាច់ និង​បទពិសោធ​ដឹកនាំ​ប្រតិបត្តិការសឹក​​»នៅ​ Tchétchénie និងនៅប្រទេស​ស៊ីរី​។ ​អ្ន​កសង្កេត​ការ​ណ៍​ខ្លះ​ ថែមទាំង​វាយ​តម្លៃថា ​លោក សែរហ្គៃ សូរូវីគីន ​អាច​នឹង​មាន​សក្កានុពល​ក្លាយ​ជា​រដ្ឋមន្ត្រីការពារ​ជាតិ​​ នៅថ្ងៃអនាគត​។

​ប្រភពស៊ើប​ការ​ណ៍​សម្ងាត់អាមេរិក​ ដែល​កាសែត ​New York Time ផ្សាយ គឺ ភ្នាក់ងារ​ស៊ើប​ការ​ណ៍​សម្ងាត់​រុស្ស៊ី បាន​ដឹង​ថា លោក​ សែរហ្គៃ សូរូវីគីន បាន​ជ្រាប​ពី​ដំណឹង​ដំណើរ​គ្រោង​ការ​បះបោរ​​របស់​ពួក​ទ័ព​វ៉ាក់​នែរ​ ហើយនិងថា ​អាជ្ញាធររុស្ស៊ី ​បាន​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​ការ​ពាក់​ព័ន្ធ​របស់​​មេបញ្ជាយោធារូបនេះ ទៅ​នឹងការ​ផ្សំ​គំនិត​ឃុបឃិត ​ក្នុង​គម្រោង​ការ​បះបោរ​។ ផ្ទុយទៅវិញ ​នៅថ្ងៃពុធ ទី២៨មិថុនា រដ្ឋបាល​វិមាន​ក្រេមឡាំង​ បា​នច្រាន​ចោល​ការសន្មតបែបនោះ និងថា ខណៈពេល​នេះ​ ច្បាស់​ជា​មាន​ពាក្យ​​ចចាមអារ៉ាមនិងការ​និយាយ​អុជអាល​ផ្សេងៗ​ជាច្រើន ដែល​អាច​លេចឡើង និង​ ដែលត្រូវ​ប្រយ័ត្ន​ប្រយែង។​

​ដំណឹង​ពីការ​ចាប់ខ្លួន មិនមែន​នៅ​តែ​រុស្ស៊ីទេ នៅក្នុង​​ប្រទេស​ស៊ីរី​ក៏មាន​ដែរ។​

បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​​របស់​អារ៉ាប់និង​បស្ចិមលោក គឺ​​រដ្ឋាភិបាល​ស៊ីរី​ បានចាប់​ខ្លួន​ មេៗ​បញ្ជា​របស់សាខា​ក្រុម​ទាហាន​ស៊ីឈ្នួល​ វ៉ាក់នែរ​​។​ ពួក​ក្រុម​មេៗបញ្ជារបស់ក្រុមទាហានស៊ីឈ្មួល វ៉ាក់នែរនៅ​ស៊ីរី​ ដែល​មាន​ឋានៈ​ស្មើ​វរសេនីយ៍ឯក ម្នាក់ និង វរសេនីយ៍ទោ ពីរនាក់ ត្រូវ​ចាប់​ខ្លួន​ស្រេច​ទៅហើយ។ ប្រតិបត្តិការ​ចាប់ខ្លួន​សហការរួម​គ្នា រវាង​ ក្រុម​ទាហានជាតិ​​រុស្ស៊ី និងទាហាន​ក្រុម​ស៊ើប​ការ​សម្ងាត់​ស៊ីរី។​

​នៅ​ស៊ីរី ​មានទាហាន​ស៊ីឈ្នួល​វ៉ាក់​នែរ​ ឈរជើង​ ប្រមាណ​ជា​ ៥​ ០០០ ​នាក់។ ​ក្នុងចំណោម​​នោះ គឺ ២ ០០០ នាក់ ជា​ទាហាន​ស៊ីឈ្នួល ជាតិ​រុស្ស៊ី​ និង​ជាតិ​ដទៃ​ដែល​ជាប្រទេស​ធ្លាប់​ក្រោម​ចំណុះ​សហភាព​សូវៀត​  ហើយ​និង ៣ ០០០ នាក់ទៀត ជា​ទាហាន​ស៊ីឈ្នួល ​ ជាតិ​ស៊ីរី ដែលគេ​​ជ្រើសរើស​​ចូល ឲ្យ​បម្រើអាជីព​ជា​យុទ្ធជន​«លីដែក លក់​ជីវិត»។​ វត្តមាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​នៅ​ស៊ីរី គឺ​មា​នជាច្រើន​ឆ្នាំមកហើយ និងដែល​ចូលរួម​ចំណែក​នៅក្នុង​ការ​បង្ក​អស្ថិរភាព​នៅក្នុង​តំបន់​។ កាលពីខែកុម្ភៈ ឆ្នាំ​២០១៨ យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក បាន​សម្លាប់​ពួក​ទាហាន​ក្រុម​នេះ អស់​ប្រមាណ ​៣០០នាក់។​

ប្រសិន​បើជា​​គេភ្ជាប់​ព្រឹត្តិការណ៍​បាត់មុខ​មេ​ទាហាន​នៅ​រុស្ស៊ី និង​ការ​ចាប់ខ្លួន​មេ​បញ្ជាការ​ទាហាន​វ៉ាក់​នែរ​នៅស៊ីរី គឺ គេ​អាច​នឹង​ប្រមើលមើល​បែប​ផ្សេងមួយទៀតអំពី​ព្រឹត្តិការណ៍​បះបោរ​មួយ​ភ្លើង​ចំបើង​​នៅ​រុស្ស៊ី គឺ ទំនង​ជា​​គម្រោង​ការល្បិច​​សម្ងាត់​​អ្វី​មួយ ដើម្បី​​បោសសម្អាត​ផ្ទៃ​ក្នុង នៅ​​ជួរ​កងទ័ព​រុស្ស៊ី​ផង និង​ក្នុង​បណ្តាញ​​របស់​ពួក​ក្រុម​ទាហាន​ Wagner ផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ