អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅ១០ឆ្នាំក្រោយ តើផ្លូវសូត្រថ្មីរបស់ចិន​ផ្តល់លទ្ធផលអ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០១៣ នៅក្នុងដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់ប្រទេស​កាហ្សាក់ស្ថាន លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​ប្រកាស​សាងសង់​ខ្សែក្រវ៉ាត់សេដ្ឋកិច្ច​នៅលើ​ផ្លូវសូត្រ។ មួយខែ​ក្រោយ នៅពេលធ្វើទស្សនកិច្ច​នៅប្រទេស​ឥណ្ឌូណេស៊ី ប្រមុខដឹកនាំចិន​បាន​និយាយ​អញ្ជើញឥណ្ឌូណេស៊ី​ឲ្យ​ចូលរួមជាមួយ​ចិន​សាងសង់ផ្លូវទឹកថ្មី ប្រចាំ​សតវត្សរ៍ទី ២១។ ចាប់តាំងពីពេលនោះហើយ ដែល​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយបាន​ចាប់លេចមុខ រហូត​ទាក់ទាញបាន​ប្រទេស​ចូលរួមជាង ១៥០ នៅក្នុងពិភពលោក។

ប្រធានាធិបតីចិន​លើកកែវស្វាគមមេដឹកនាំរបស់បណ្តាប្រទេស​ដែលចូលរួមនៅក្នុង​គម្រោងផ្លូវសូត្រថ្មីរបស់ចិន នៅ​ក្នុងពិធីជប់លៀង​ឆ្នាំ ២០១៩​
ប្រធានាធិបតីចិន​លើកកែវស្វាគមមេដឹកនាំរបស់បណ្តាប្រទេស​ដែលចូលរួមនៅក្នុង​គម្រោងផ្លូវសូត្រថ្មីរបស់ចិន នៅ​ក្នុងពិធីជប់លៀង​ឆ្នាំ ២០១៩​ AP - Nicolas Asfouri
ផ្សាយពាណិជ្ជកម្ម

តើផ្លូវសូត្រថ្មី​របស់​ចិន​ជា​អ្វី?

ផ្លូវសូត្រថ្មី ជាផែនការ​ដ៏មាន​មហិច្ឆតា ដែល​ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​បាន​ប្រកាស​បង្កើតឡើង​ជា​ផ្លូវការ នៅឆ្នាំ ២០១៣ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​ចិន។ ផ្លូវសូត្រថ្មី ដែលគេអាចហៅម្យ៉ាងទៀតថា ផ្លូវមួយខ្សែក្រវ៉ាត់មួយ មាន​គោលដៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន​តាមផ្លូវគោក និង​ផ្លូវទឹក តភ្ជាប់​ពី ប្រទេស​មួយ ទៅកាន់ប្រទេស​មួយ នៅដើម្បី​បង្កើតជា​ខ្សែបណ្តាញ ប្រទាក់ក្រឡា សម្រាប់​ការដោះដូរ​ពាណិជ្ជកម្ម ចេញពី​ចិន តភ្ជាប់​ទៅកាន់បណ្តាប្រទេស​នៅអាស៊ី ទៅ​ទឹកដីអឺរ៉ុប អាហ្វ្រិក និង​ដើមបូព៌ា។ អ្នកជំនាញវាយតម្លៃថា ការវិនិយោគ​របស់​ចិន សម្រាប់​ ​គម្រោង ផ្លូវសូត្រថ្មី នឹង​មាន​ទំហំ​ទឹកប្រាក់ ជាង ១ទ្រីលាន ដុល្លារ (១,៣ទ្រីលានដុល្លារ)

ដោយវិនិយោគប្រាក់រាប់ម៉ឺនលានដុល្លារ នៅ​អាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិកខាងត្បូង ដែលជាផ្នែកមួយ​នៃ​គម្រោង​ផ្លូវសូត្រថ្មី ចិន​បាន​ពង្រឹង​ការដោះដូរពាណិជ្ជកម្ម​ជាមួយ​ពិភពលោកខាងក្រៅ និង​បោះជំហររបស់ខ្លួន​ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏មាន​ឥទ្ធិពល​ក្នុងឆាកអន្តរជាតិ។

ចិន​ចិត្តល្អ ឬ​ចិន​ចាំកេងយកប្រយោជន៍

នៅក្នុងរយៈពេល ១០ឆ្នាំ ចិនបានទាក់ទាញ​ប្រទេសជាង ១៥០​ក្នុងពិភពលោក ឲ្យចូលរួម​ក្នុង​គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។ ១០ឆ្នាំមកនេះ តើ​គម្រោងប្រចាំសតវត្សរ៍​របស់​ចិន ផ្តល់លទ្ធផលអ្វីខ្លះ? តាមអ្នកជំនាញ ផ្លូវសូត្រថ្មី​របស់​ចិន ផ្តល់ផ្លែផ្កាទៅ​ឲ្យ​ចិនដែលជា​ម្ចាស់គម្រោង ប៉ុន្តែ ប្រទេស​ជាច្រើនដែលធ្លាក់ខ្លួន វ័ណ្ឌកនឹង​បំណុលចិន។

គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ ដែលផ្តោត​ទៅលើ​ការសាងសង់ ផ្លូវថ្នល់ ស្ពាន កំពង់ផែ ស្តាត មន្ទីរពេទ្យ ទាក់ទាញខ្លាំង ណាស់​សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុងអភិវឌ្ឍ ពីព្រោះ​ថា ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ជា​​អ្វី​ដែល​បណ្តា​ប្រទេស​ក្រីក្រ និងប្រទេស​អភិវឌ្ឍ ស្រេកឃ្លាន ត្រូវការ​ខ្លាំង។ ម្យ៉ាង ប្រាក់កម្ចី​ពី​ចិន ដើម្បី​ចំណាយ​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ងាយ​នឹង​ទទួល​បាន ព្រោះ​ចិន​មិនដាក់​លក្ខខណ្ឌ​ច្រើន ដូច ក្រុម​ប្រទេស​អ្នកមានផ្សេង ឬស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេងទៀត ដែល​តែង​ចងភ្ជាប់​ប្រាក់កម្ចី​ជាមួយ ការសន្យា​គោរព​សិទ្ធិមនុស្ស ជាដើម។

តាម​ការសិក្សា​របស់​វិទ្យាស្ថានស្រាវជ្រាវ AidData តាំង​ពី​ឆ្នាំ ២០១៣ ចិន​បាន​ចំណាយ ប្រាក់ប្រមាណ ៨៥ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ៗ គឺ​ច្រើន​ជាង​អាមេរិក ដែលមាន​ត្រឹម​តែ ៣៧ពាន់លានដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការវិនិយោគ​នៅបរទេស។ ៧០%​នៃខ្ទង់ចំណាយ​របស់​ចិន ជា​ប្រាក់កម្ចី ដែល​ធនាគារចិន ក្រុមហ៊ុន​ចិន បានផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដៃគូ​របស់​​ប្រទេស នៅក្នុង​ក្របខ័ណ្ឌ​គម្រោង​ផ្លូវមួយ ខ្សែ ក្រវ៉ាត់​មួយ។

ការសិក្សា​បាន​បង្ហាញថា ប្រទេស​ចំនួន ៤៥ ដែលមាន​ប្រាក់ចំណូល​ទាប ឬ​មធ្យម មាន​ជាប់បំណុល​ចិន ក្នុង​តម្លៃ​ស្មើនឹង ១០%នៃ ផលិតផលក្នុង​ស្រុកសរុប​របស់ប្រទេស។ រដ្ឋាភិបាល​របស់​ប្រទេស​ជាច្រើន បាន​ផ្អាក ឬ​លុបចោល​កិច្ចព្រមព្រៀង​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ចិន ដោយសារ​ខ្លាច​ថា ខ្លួនគ្មាន​សមត្ថភាព​សងប្រាក់បំណុល​ចិន។

កម្ចី​ដែល​បាន​មក​ដោយស្រួល វា​ក៏ងាយ​នឹង​ធ្វើ​ឲ្យ​កូន​បំណុល​ត្រូវ​វ័ណ្ឌក​ដោយ​សារ​បំណុល​ផងដែរ ព្រោះថា កម្ចី​មានលក្ខខណ្ឌធូរស្រាល មែន ប៉ុន្តែតាមអ្នកជំនាញ ប្រាក់កម្ចីរបស់ចិនមាន​អត្រា​ការប្រាក់​ខ្ពស់​ជាង​​កម្ចី​មក​ពី​ប្រភព​ផ្សេងទៀត ដូចជា​កម្ចី​ពី​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ឬ​​ធនាគារ​ពិភពលោក​ ជាដើម។ ជាលទ្ធផល បន្ទុក​នៃ​បំណុល​​បាន​ក្លាយ​ជា​សម្ពាធធ្ងន់ធ្ងរ​ទៅ​លើ​ថវិកា​ជាតិ។ នៅទីបំផុត ប្រាក់​កម្ចី​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ បានប្រែក្លាយ​ទៅ​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ដែល​ចូលរួម ក្នុង​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ជា​មួយ​នឹង​ចិន។

នៅគ្រប់​កិច្ចសន្យា ចិន​គឺ​តែង​ចងភ្ជាប់​លក្ខខណ្ឌ​ជានិច្ចដើម្បីទារ​ប្រាក់​ពី​កូនបំណុលរបស់ខ្លួនឲ្យខាងតែបាន ដូចជាថា បើក្រុមហ៊ុន​ក្នុង​ស្រុកជាអ្នកខ្ចី គឺត្រូវតែ​មាន​ការធានា​ពីរដ្ឋ ដែលជា​អ្នកមានបន្ទុក​សង ជំនួស នៅពេល​ក្រុមហ៊ុនក្ស័យធុន គ្មានសមត្ថភាព សងបំណុល​ចិន។ ដើម្បីធានា​ថា ខ្លួន​មិន​ខាតបង់សូម្បីមួយសេន នៅពេល​រដ្ឋាភិបាល​ប្រទេសមួយ គ្មាន​សមត្ថភាព​សងបំណុល ​ចិន​ក៏បាន​លើកយក​ចំណុចចងក្នុងកិច្ចសន្យា​ដែលថា អ្នកខ្ចីប្រាក់ត្រូវ ផ្ទេរលុយ មួយចំនួន ទៅកាន់​ធនាគារ​អន្តរជាតិ ដែលជា​ភាគីទី៣ ដើម្បី​ងាយស្រួលឲ្យ​​ភាគី​ម្ចាស់បំណុលចិន​អាច​រឹបអូសយក ដោយ​គ្មាន​ឆ្លងកាត់​បណ្តឹងតវ៉ា តាម​ផ្លូវតុលាការ​អន្តរជាតិ​ណាមួយ។

លក្ខខណ្ឌ ទាំងអស់នេះហើយ ដែល​ធ្វើ ឲ្យ​ចិន ដែល​ជា​ម្ចាស់បំណុល​ធំជាងគេ​ក្នុង​ពិភពលោក គ្មានអ្វី​ត្រូវ​ព្រួយបារម្ភ​ថា នឹង​ខាតបង់​នោះទេ បើទោះបី​ជា​ប្រទេស​កូនបំណុល​ជាច្រើន​របស់​ចិន ជួប​វិបត្តិ​ប្រាក់បំណុល រហូត​ដល់​ប្រទេស​ខ្លះ ត្រូវ​ក្ស័យធន គ្មាន​សមត្ថភាពសង​ប្រាក់បំណុល ដូចជា​ប្រទេស​ហ្សំប៊ី ជាដើម។

នៅពេល​ប្រទេស​កំពុង​អភិវឌ្ឍ ​ប្រទេស​ក្រីក្រកំពុង​មានបញ្ហា​សេដ្ឋកិច្ច ដោយសារ វិបត្តិកូវីដ និងទទូចសុំ​ឲ្យ​ចិន​លុបចោល ឬសម្រាបបំណុលរបស់ខ្លួន ចិន​លើកយកលេសថា ខ្លួន​មិន​អាច​ សម្រាល​វិបត្តិបំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​បានទេ ពីព្រោះ​ថា បំណុលជាតិ របស់​ប្រទេស​កំពុង​អភិវឌ្ឍ ​ភាគច្រើន​មិនមែន​ជា​បំណុលផ្ទាល់​របស់​រដ្ឋចិន ប៉ុន្តែ ជា​បំណុល ដែល​ធ្វើឡើង​ដោយ​ភាគីធនាគារ​ឯកជន​ចិន។ ការអះអាង​របស់​រដ្ឋាភិបាល​ចិន មិនអាច​ឲ្យគេជឿទុកចិត្តបាន ព្រោះគេដឹងហើយថា ក្រុមហ៊ុន ឬ​ធនាគារ​នៅចិន ភាគច្រើន ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋអំណាចចិន។

ដោយ​មិន​ទាំងខាតបង់​ប្រាក់បំណុល ចិន​នៅបានយកបំណុល​របស់​ប្រទេស​ក្រីក្រដើម្បីទៅពង្រឹង​គោលដៅ ភូមិសាស្រ្ត​នយោបាយរបស់ខ្លួន។ តាម​អ្នកជំនាញ​ ការពឹងផ្អែក​លើ​​បំណុល​ចិន​តែមួយ​មុខ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​កូនបំណុល ត្រូវ​ប្រឈម​នឹង​ហានិភ័យមួយទៀត គឺ​ការបាត់បង់​ឯករាជ្យ​ខាង​នយោបាយ​ការបរទេស។  មាន​ឧទាហរណ៍​មួយ​ចំនួន ​ដូចជា ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ជម្លោះ​សមុទ្រ រវាង​ចិន និង​ប្រទេសសមាជិក​អាស៊ាននៅសមុទ្រ​ចិនខាងត្បូង និង​ ករណី​ប្រទេស​តាហ្ស៊ីគីស្ថាន ដែល​កាល​ពី​ឆ្នាំ២០២១​កន្លងទៅ សុខចិត្ត​កាត់​ទៅ​ឲ្យ​ចិន​នូវ​​ដែនដី​ដែល​ជាប់ជម្លោះ​​ជាមួយ​ចិន អស់រយៈ​ពេល​ជាង​មួយសតវត្សរ៍​កន្លងទៅហើយ ដើម្បី​ឲ្យ​ចិន​លុបចោលបំណុលមួយផ្នែក​ដែល​តាហ្ស៊ីគីស្ថាន​ជំពាក់ចិន។ ករណី​លេចធ្លោមួយទៀត គឺ ស្រីលង្កា​ដែល​សុខចិត្ត​ប្រគល់​កំពង់ផែ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​កាន់កាប់​រយៈពេល ៩៩ឆ្នាំ ដោយសារ​តែ​​​ស្រីលង្កា​គ្មាន​លទ្ធភាព​សងបំណុល​ ដែល​ខ្ចីពីចិន ដើម្បី​សាងសង់​កំពង់ផែនេះ។

ហេតុអ្វី​អ៊ីតាលី​ចង់ដកខ្លួន​ចេញពី​គម្រោងការផ្លូវសូត្រថ្មីរបស់ចិន

នៅឆ្នាំ ២០១៩ អ៊ីតាលីបានក្លាយជា​ប្រទេស​តំបន់ចាយប្រាក់អឺរ៉ូដំបូងគេ ដែលចូលរួម​ក្នុងគម្រោងការផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់ចិន។ រួបរឹត​ដោយ​វិបត្តិប្រាក់បំណុល អ៊ីតាលី​ក្រោមការដឹកនាំ​របស់​រដ្ឋាភិបាល លោក ជូស៊េប កុងតេ បាន​ចុះហត្ថលេខា​ជាមួយ​ចិន លើ​កិច្ចព្រមព្រៀង ដែល​ផ្តោតសំខាន់​លើ​សហប្រតិបត្តិការផ្នែកធនាគារ ប្រព័ន្ធផ្សព្វផ្សាយ ភាពជាដៃគូ​ក្នុងវិស័យ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា។ កិច្ចព្រមព្រៀង​ចិន-អ៊ីតាលី បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន វិនិយោគ​លើ​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ​របស់អ៊ីតាលី ដូចជា​កំពង់ផែ ចំណែក​អ៊ីតាលី​អាចនាំចេញផ្លែឈើ​របស់ខ្លួនទៅលក់នៅទីផ្សារចិន។ ​អ៊ីតាលីសមាជិករបស់​ក្រុមប្រទេស​ហ្សេ ៧ និងជាប្រទេស​សេដ្ឋកិច្ចធំទី​៣​របស់អឺរ៉ុប។ ដូច្នេះ ការចូលរួមរបស់​អ៊ីតាលីក្នុងគម្រោងការ​របស់​ចិន បានធ្វើឲ្យប្រទេស​អឺរ៉ុបដទៃទៀត និងអាមេរិកមិនសប្បាយចិត្ត។ 

នៅ​ឆមាសទី​១​ឆ្នាំ​២០២៣ ការដោះដូរ​ពាណិជ្ជកម្ម ចិន និងអ៊ីតាលី​បាន​កើនឡើង​៣៤​ពាន់លាន​អឺ ប៉ុន្តែ រដ្ឋាភិបាល​អ៊ីតាលី និយាយ​មិនលាក់លៀម​ពី​ការខកចិត្តរបស់ខ្លួន ព្រោះថា គម្រោងការផ្លូវសូត្រថ្មី​របស់​ចិន​មិនបាន​ផ្តល់លទ្ធផល​ដូច​ការទន្ទឹងទុក​របស់​អ៊ីតាលីនោះឡើយ។ ចិន​ជា​ប្រទេស​ដៃគូពាណិជ្ជកម្ម​​ធំជាងគេ​របស់​អ៊ីតាលី នៅ​តំបន់​អាស៊ី ប៉ុន្តែ ការនាំចេញពី​អ៊ីតាលី​ទៅ​ចិន មានចំនួនតិច​ជាងការនាំចេញ​ទៅប្រទេស​អឺរ៉ុបដទៃទៀត។ ជាក់ស្តែង ការនាំចេញពីអ៊ីតាលី​ទៅចិន​នៅ​ឆ្នាំ ២០២២ មាន​តម្លៃ ១៦,៥ពាន់​លាន​អឺរ៉ូ ក្នុង​ពេល​ដែល​ការនាំចេញ​ផលិតផល​អ៊ីតាលី ទៅ​អាល្លឺម៉ង់​មាន​ប្រមាណ ១៧០​ពាន់​លាន​អឺរ៉ូ។

អ្នកនយោបាយ​អ៊ីតាលី​កាន់តែច្រើន​បានចេញមុខ​រិះគន់ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ដក​អ៊ីតាលី ចេញពី​គម្រោងការផ្លូវសូត្រថ្មី​របស់​ចិន ក្នុងហេតុផលថា ទំនិញអ៊ីតាលី មានមុខតិចណាស់​នៅ​ទីផ្សារចិន ប៉ុន្តែ ទំនិញផលិតនៅចិនវិញ បាន​ហូរចាក់ចា្រល នៅ​ទឹកដី​អ៊ីតាលី ដែលនេះជា​រឿង​មិនស្មើភាពគ្នា​ទាល់តែសោះ។

រដ្ឋាភិបាលអ៊ីតាលី នៅ​អាណត្តិមុន នៅ​ឆ្នាំ ២០២១ បាន​ផ្អាក ព្យួរកិច្ចព្រមព្រៀង​អ៊ីតាលី ចិន និងប្រើសិទ្ធិពិសេស​របស់​រដ្ឋាភិបាល ដើម្បី​រារាំង​ បិទផ្លូវ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ចូលទៅ​វិនិយោគ លើ​វិស័យ​យុទ្ធសាស្រ្ត។

នៅក្នុង​រដ្ឋាភិបាល​ថ្មី រដ្ឋមន្រ្តីការពារ​ជាតិអ៊ីតាលី​ផ្ទាល់ បាន​និយាយ​កាលពី​ខែកក្កដា​កន្លងទៅថា អ៊ីតាលីធ្លាប់​បាន​សម្រេចចិត្ត​ដ៏អាក្រក់បំផុត ដោយបាន​ចូលរួម​ក្នុង​គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ​របស់​ចិន ព្រោះថា គម្រោងរបស់ចិនបានជំរុញការនាំចេញ​របស់អ៊ីតាលីបានយ៉ាងតិចតួចបំផុត។ ផ្ទុយទៅវិញ ចិនទេ ដែលជាអ្នកឈ្នះ អ្នកចំណេញ​តែ​ម្នាក់គត់ ពី​គម្រោងការផ្លូវសូត្រថ្មីចិន។ នៅមុន​ធ្វើដំណើរ​ទៅ​ទីក្រុង​ប៉េកាំង នៅថ្ងៃអាទិត្យ រដ្ឋមន្រ្តីការបរទេស​អ៊ីតាលី បានអះអាងថា ដោយសារតែ ផ្លូវសូត្រថ្មី​មិនផ្តល់លទ្ធផល​ដូចការទន្ទឹងចង់បាន អ៊ីតាលី​បានជូនដំណឹងទៅភាគី​ចិន​ពី​គម្រោង​ចង់ដកខ្លួនពី​គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ប៉ុន្តែ អ៊ីតាលីនៅតែ​រក្សា​ទំនាក់ទំនងដៃគូ​ល្អជាមួយ​ចិន។ តាម​ធម្មតា កិច្ចព្រមព្រៀង​អ៊ីតាលី ចិន ត្រូវ​បន្ត​ដោយ​ស្វ័យប្រវត្តិ នៅក្រោយចប់​សុពលភាព​នៅខែ​មីនា ឆ្នាំ២០២៤ បើសិន​រដ្ឋាភិបាល​មិនប្រកាស​ដកខ្លួន នៅចុងឆ្នាំ២០២៣។ ប៉ុន្តែ តាម​ក្រសួងការបរទេស​អ៊ីតាលី លោកស្រី​នាយករដ្ឋមន្រ្តីអ៊ីតាលី នឹង​ប្រកាស​ជាផ្លូវការ ការដកអ៊ីតាលី ចេញ​ពី​គម្រោង​ផ្លូវសូត្រ​ថ្មីចិន នៅពេល​លោកស្រី ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ នៅប៉េកាំង នៅ​ខែ តុលាខាងមុខ។

នៅក្នុងជំនួបជាមួយ សមភាគីអ៊ីតាលី នៅទីក្រុង​ប៉េកាំង​នៅថ្ងៃ អង្គារ​ទី ៥​កញ្ញា ប្រមុខការបរទេស​ចិន លោកវ៉ាង យីបានលើកឡើង​ពីទំនាក់ទំនង​១០០ឆ្នាំ​រវាង​ចិន និងអ៊ីតាលី និងបញ្ចុះបញ្ចូលឲ្យ​អ៊ីតាលីនៅបន្តចូលរួម​គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយចិន ព្រោះថា វាជាគម្រោងឈ្នះៗ​ទាំងអស់គ្នា និងបានជួយជំរុញសេដ្ឋកិច្ច​របស់អ៊ីតាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ