បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
លោក ពុយ គា៖ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ទទួលបានការគោរពស្មើភាព ពីបណ្តាមេដឹកនាំនានាលើឆាកអាស៊ាន
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី៤ដល់ថ្ងៃទី៧កញ្ញា បានបញ្ចប់។ ក្រោមវត្តមានរបស់បណ្តាមេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសធំៗជាច្រើន ដែលបានចូលរួមនោះ ត្រូវបានគេកត់សម្គាល់ថា លោក ហ៊ុន ម៉ាណែត ជាប្រមុខមេដឹកនាំដែលមានវ័យក្មេងជាងគេ នៅក្នុងព្រឹត្តិការណ៍អាស៊ានលើកទី៤៣នេះ។ លោក ពុយ គា អ្នកសារព័ត៌មានកម្ពុជាដែលតាមដានព្រឹត្តិការណ៍អាស៊ាន លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលបានការគោរពស្មើភាពគ្នា ពីបណ្តាមេដឹកនាំនានាលើឆាកអាស៊ាន។ បើតាមលោក ពុយ គា គឺមេដឹកនាំនានាបានស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយមិនគិតថា ចាស់ ឬក្មេង។08/09/202311:58 -
លោក ប៉ា ងួនទៀង៖ ការចូលកម្ពុជាវិញគឺជាក្តីសុបិនរបស់លោកតែមិនអាចដោះដូរនឹងជំហរដើមឡើយ
លោក ប៉ា ងួនទៀង បានដាក់ពាក្យលាឈប់ពីនាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)កាលពីចុងខែសីហា។ ការលាឈប់របស់សកម្មជនតស៊ូតមិរូបនេះ គឺធ្វើឡើងតែ៦ខែ បន្ទាប់ពីរដ្ឋាភិបាលបិទកម្មវិធីព័ត៌មានវីអូឌី។ បើតាម លោក ប៉ា ងួនទៀង ដែលភៀសខ្លួនទៅក្រៅប្រទេសដោយសារតែមានដីកាចាប់ខ្លួន ការលាឈប់នេះ មិនមែនមកពីសម្ពាធនយោបាយឡើយ តែជាការផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយដឹកនាំបន្ត។ ប៉ុន្តែអតីតអ្នកទោសមនសិការូបនេះ អះអាងថា ការចូលកម្ពុជាវិញគឺជាក្តីសុបិនរបស់លោក តែថានេះមិនអាចដោះដូរនឹងគោលជំហរដើមរបស់លោកឡើយ។06/09/202313:12 -
បណ្ឌិតយ៉ង សាំងកុមារ៖មន្ត្រីជំនាញកសិកម្មឃុំ-សង្កាត់ត្រូវមានសមត្ថភាព មនសិការ និងឆន្ទៈខ្ពស់
ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មតាមឃុំ-សង្កាត់ទូទាំងប្រទេស គឺជាគោលនយោបាយអាទិភាពសំខាន់មួយដែលរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីកំពុងរៀបចំអនុវត្តនៅឆ្នាំ២០២៣នេះ។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ក្រសួងកំពុងត្រៀមជ្រើសរើសមន្ត្រីជំនាញកសិកម្មដែលមានសមត្ថភាព មានមនសិការ និងមានឆន្ទៈខ្ពស់ ក្នុងការជួយដល់កសិករ ចំនួន២៥០នាក់ ដើម្បីដាក់ពង្រាយនៅទូទាំងឃុំ-សង្កាត់នៅទូទាំងប្រទេសកម្ពុជា។ តាមលោកបណ្ឌិត យ៉ង សាំងកុមារ មន្តីជំនាញកសិកម្មទាំងនោះ ជាអ្នកធ្វើការងារស្និតកៀបជាមួយកសិករ ក្នុងការកំណត់បញ្ហាប្រឈមនិងតម្រូវការរបស់ពួកគេ ក៏ដូចជាការសម្របសម្រួលផ្នែកបច្ចេកទេស ក្នុងគោលដៅផ្សារភ្ជាប់និងពង្រឹងកសិករក្នុងច្រវ៉ាក់ផលិតកម្ម និងទីផ្សារជាដើម។ 05/09/2023 -
លោក ប៉ែន បូណា៖ ប្តេជ្ញាការពារជំហររដ្ឋាភិបាល និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយដល់ពលរដ្ឋ
រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាប់ចេញដំណើរហើយ ដោយការដាក់ចេញនូវគោលនយោបាយបច្ចុកោណ ដើម្បីពង្រឹងភាពរីកចម្រើននៃសេដ្ឋកិច្ចសង្គម។ ក្នុងនាមជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មី លោក ប៉ែន បូណា បានប្តេជ្ញាពង្រឹងការងារនាំពាក្យ និងការងារផ្សព្វផ្សាយគោលនយោបាយដល់ប្រជាពលរដ្ឋ។ ការលើកឡើងរបស់លោក ប៉ែន បូណា ដូច្នេះ ខណៈដែររដ្ឋាភិបាលបន្តវេននេះ កំពុងរងស្រោចប្រតិកម្មរិះគន់ជាច្រើន ជុំវិញការផ្ទេរអំណាច និងសមាសភាពមន្ត្រីជាដើម។01/09/202315:40 -
លោក យ៉ែម បុញ្ញឫទ្ធិ៖ យើងមានការរួបរួមគ្នាយ៉ាងល្អ តែចុងក្រោយយើងខុសគ្នាលើវិធីសាស្ត្រដើរទៅរកគោលដៅ
សម្ព័ន្ធភាពរវាងលោក យ៉ែម បុញ្ញឫទ្ធិ និងលោក ញឹក ប៊ុនឆៃ នៅក្នុងគណបក្សខ្មែររួបរួមជាតិ ពេលនេះ បានដើរមកដល់ផ្លូវបំបែក ដែលត្រូវដើរចេញពីគ្នា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែលទទួលបានតួនាទីជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ ក្រោយពេលចងសម្ព័ន្ធភាពជាមួយលោក ញឹក ប៊ុនឆៃ នោះ បានឲ្យដឹងថា លោក និងលោក ញឹក ប៊ុនឆៃ មានការរួបរួមគ្នាយ៉ាងល្អ កាលពីកន្លងមក។ ក៏ប៉ុន្តែក្រោយការបោះឆ្នោតរួច សម្ព័ន្ធភាពនេះ មានការយល់ខុសគ្នាពីវិធីសាស្ត្រដើរទៅរកគោលដៅ។ តាមលោក យ៉ែម បុញ្ញឫទ្ធិ មូលហេតុចម្បងនៃការប្រេះឆានេះ គឺដោយសារតែលោក ញឹក ប៊ុនឆៃ ដែលប្រធានគណបក្សខ្មែររួបរួមជាតិ បានសម្រេចចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ខណៈដែលលោក យ៉ែម បុញ្ញឫទ្ធិ យល់ថា ស្ថាប័ននោះ ជាស្ថាប័នដែលខ្ជះខ្ជាយថវិការដ្ឋ។01/09/202315:10 -
លោក លី ឡាវីល៖បរិភោគសាច់បង្កកតម្លៃទាបតែត្រូវចំណាយលុយទៅពេទ្យច្រើន
ការនាំចូលសាច់បង្កកពីក្រៅប្រទេសកំពុងមានសន្ទុះខ្លាំង ខណៈដែលអ្នកចិញ្ចឹមសត្វក្នុងស្រុក៧០ភាគរយឈប់ចិញ្ចឹមជ្រូក។ នេះបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ ប៉ុន្តែសាច់បង្កកដែលនាំចូលខ្លះ ត្រូវបានគេរកឃើញថា មិនមានសុវត្ថិភាពនោះឡើយ ដោយសារតែការដឹកជញ្ជូន គ្មានទូរបង្កកត្រឹមត្រូវ និងខូចគុណភាព ដែលវៀតណាមលក់មិនចេញហើយហៀរចូលមកកម្ពុជា។ នេះជាការគូសបញ្ជាក់របស់លោក លី ឡាវីល។ បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ការអនុញ្ញាតឲ្យនាំចូលសាច់បង្កកគឺអាចទប់ស្កាត់ការឡើងថ្លៃសាច់ជ្រូកលើទីផ្សារ តែអ្នកបរិភោគត្រូវចំណាយលុយច្រើនទៅពេទ្យ។30/08/202315:36 -
កញ្ញា លី ពិសី៖ ស្ថានភាពក្រុមអ្នកស្រលាញ់ភេទដូចគ្នាកម្ពុជានៅខ្វះតែក្របខណ្ឌច្បាប់
អង្គការសហគមន៍ឥន្ទធនូកម្ពុជា រួមគ្នាជាមួយអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាចំនួន៥ស្ថាប័ន កំពុងរៀបចំយន្តការត្រួតពិនិត្យតាមកាលកំណត់ជុំទី៤ លើបញ្ហាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ។ កញ្ញា លី ពិសី ស្ថាបនិកនិងអ្នកសម្របសម្រួលអង្គការរ៉ក់ លើកឡើងថា នៅជុំទី៤នេះ អង្គការសង្គមសង្គមស៊ីវិលនៅតែលើកយកតម្រូវការអាទិភាព រួមមាន ផ្តល់សិទ្ធិរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា បង្កើតច្បាប់ និងគោលនយោបាយប្រឆាំងការរើសអើងលើនិន្នាការភេទ និងបង្កើតច្បាប់ទទួលស្គាល់អត្តសញ្ញាណយែនឌ័រសម្រាប់អ្នកប្តូរភេទ។ បើតាម កញ្ញា លី ពិសី គឺមានភាពវិជ្ជមាននៃការទទួលស្គាល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងក្រុមគ្រួសារ សហគមន៍ សាធារណជន និងស្ថាប័នក្រសួងពាក់ព័ន្ធ។ ជាការផ្លាស់ប្តូរពីសង្គមច្រើន តែនៅឡើយតែការផ្លាស់ប្តូរនៅក្នុងក្របខណ្ឌច្បាប់។27/08/202315:21 -
លោកស្រី ម៉ៅ ម៉ាប់៖ មានតែការពង្រឹងច្បាប់ទេ ទើបអាចទប់ស្កាត់ការរៀបការនៅវ័យក្មេងក្នុងប្រទេសកម្ពុជា
កិច្ចសម្ភាសន៍របស់វិទ្យុបារាំងនៅថ្ងៃនេះ មានការអញ្ចើញចូលរួមពីលោកស្រី ម៉ៅ ម៉ាប់ ប្រធានកម្មវិធីផ្នែកសិទ្ធិស្ត្រី និងកុមារនៃសមាគមអាដហុក។ លោកស្រី ម៉ៅ ម៉ាប់បានឱ្យដឹងថា ក្មេងស្រីជាច្រើននៅតាមទីជនបទ ពិសេសកុមារជនជាតិដើមភាគតិចប្រឈមនឹងការរៀបការទាំងវ័យក្មេង។ កត្តាដែលបណ្តាលឱ្យក្មេងស្រីទាំងនោះរៀបការទាំងនៅវ័យក្មេង គឺដោយសារតែកង្វះផ្នែកអប់រំ កត្តាច្បាប់ កត្តាគ្រួសារ បច្ចេកវិទ្យា និងកត្តាបុគ្គលផ្ទាល់តែម្តង។ បើតាម លោកស្រី ម៉ៅ ម៉ាប់ ការរៀបការវ័យក្មេងប្រឈមនឹងការប្រើប្រាស់អំពើហិង្សា ការលែងលះគ្នាដោយបន្សល់ទុកនូវវិបត្តិសង្គមមួយចំនួនដូចជា ក្មេងកំព្រា បញ្ហាជីវភាពគ្រួសារ។ល។ បញ្ហាទាំងនេះ លោកស្រីយល់ឃើញថា ដោយសារតែខ្វះការផ្សព្វផ្សាយទៅក្នុងសហគមន៍របស់ពួកគេ ពិសេសការពង្រឹងលើច្បាប់រៀបអាពាហ៍ពិពាហ៍ជាដើម។25/08/202317:09 -
លោកស្រី កែវ មុំ៖ របត់នយោបាយថ្មីនឹងជម្រុញកំណើនវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺលោកស្រី កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាស-កម្ពុជា (CPMEC)។ តាមបទពិសោធន៍ប្រកបអាជីវកម្មក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម លោកស្រី កែវ មុំ មានសុទិដ្ឋិនិយមថា វិស័យនេះនឹងមានការវិវឌ្ឍន៍ទៅមុខជាលំដាប់ ក្រោយមានការរៀបចំរដ្ឋាភិបាលថ្មីមួយជាក់លាក់។ តែយ៉ាងណា សម្រាប់លោកស្រី កែវ មុំ វិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជានៅមានចំនុចដែលត្រូវស្ថាបនា ពិសេសនៅក្នុងវិស័យចំណីអាហារ និងសំណង់។ សូមស្តាប់បទសម្ភាសន៍រវាង អោ ស្រីពេជ្រ និងលោកស្រី កែវ មុំ ដូចតទៅ៖23/08/2023 -
ឧកញ៉ា សុង សារ៉ន៖ កសិករគួរបង្កើនការផលិតស្រូវ ដោយរំពឹងថាតម្លៃស្រូវនៅតែល្អ៣ឆ្នាំទៅមុខទៀត
ថ្មីៗនេះ សហព័ន្ឋស្រូវអង្ករកម្ពុជា កត់សម្គាល់ថា ស្រូវបានឡើងថ្លៃពី៣០ទៅ៤០ភាគរយខណៈអង្ករឡើងថ្លៃប្រមាណ ១៥ភាគរយ ដោយសារការសម្រុកទិញស្រូវពីវៀតណាម។ ដើម្បីចាប់យកឱកាសនេះ លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ឋស្រូវអង្ករកម្ពុជា លើកទឹកចិត្តឲ្យកសិករបង្កើនការផលិតស្រូវ ដោយរំពឹងថាតម្លៃស្រូវនៅតែល្អ៣ឆ្នាំទៅមុខទៀត។ ការដែលស្រូវរបស់កម្ពុជាមានតម្លៃល្អដែលមិនធ្លាប់ជួប១០ឆ្នាំមកនេះគឺដោយសារតែប្រទេសមួយចំនួនបិទការនាំចេញស្រូវអង្ករដោយបារម្ភពីសន្តិសុខស្បៀងពីព្រោះតែការឡើងកម្តៅផែនដី។21/08/202315:20 -
វេជ្ជបណ្ឌិត ឡោ គឹមសុង៖បេសកម្មព្យាបាលជំងឺពលរដ្ឋកម្ពុជាគ្មានដែនកំណត់ដរាបណាខ្ញុំនៅមានកម្លាំង
គិតមកដល់ឆ្នាំ២០២៣នេះ លោកវេជ្ជបណ្ឌិត ឡោ គឹមសុង ដែលជាពេទ្យខ្មែរធ្វើការនៅបារាំងបានដឹកនាំគ្រូពេទ្យបារាំងមកព្យាបាលជំងឺពលរដ្ឋខ្មែររយៈពេល១៥ឆ្នាំ ក្នុងខេត្តគោលដៅចំនួនបី តាកែវ ព្រៃវែង ស្វាយរៀង។ បើតាមលោកវេជ្ជបណ្ឌិត ក្នុងមួយឆ្នាំមានពលរដ្ឋជាង១៥០០នាក់ ស្ថិតក្នុងខេត្តគោលដៅចំនួនមកទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យបារាំង។ ១៥ឆ្នាំមកនេះ លោកវេជ្ជបណ្ឌិត ឡោ គឹមសុង កត់សម្គាល់ថា ពលរដ្ឋខ្មែរបានប្ដូរទម្លាប់ស្ទើរទាំងស្រុកងាកពីការព្យាបាលបែបបុរាណមករកវេជ្ជសាស្ត្រ។ សូមជម្រាជូនថា បេសកម្មចុះព្យាបាលជំងឺពលរដ្ឋដោយឥតគិតថ្លៃធ្វើឡើងក្នុងមួយឆ្នាំម្ដង ហើយជាបេសកកម្មគ្មានដែនកំណត់ទេ សម្រាប់វេជ្ជបណ្ឌិត ឡោ គឹមសុង ដរាបណា លោកនៅមានកម្លាំង។ លោកបានអះអាងទៀតថា បេសកម្មនេះ ធ្វើឡើងដោយការគ្រោងទុក គោរពតាមបណ្ដាំម្ដាយ ដែលផ្ដាំឲ្យលោកចុះទៅព្យាបាលជំងឺពលរដ្ឋខ្មែរ នៅពេលដែលលោកក្លាយជាគ្រូពេទ្យ។20/08/202314:40 -
លោក អាត់ ធន់៖ រដ្ឋាភិបាលថ្មីគួរមានកាដូដល់កម្មករផ្នែកកាត់ដេរជុំវិញការចរចាប្រាក់ឈ្នួលឆ្នាំ២០២៤
ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ឆ្នាំ២០២៤ បានចាប់ផ្តើមជាលើកទី១ នៅថ្ងៃទី១៦សីហាកន្លងទៅនេះ។ កិច្ចប្រជុំជាលើកដំបូងនេះ ភាគីពាក់ព័ន្ធ រាប់តាំងពីរដ្ឋាភិបាល ថៅកែរោងចក្រ និងក្រុមសហជីពតំណាងកម្មករ បានលើកពីរបាយការណ៍ផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាតម្រូវការរបស់កម្មករ។ នេះបើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ បើតាមលោក អាត់ ធន់ កត្តាសង្គម និងសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ មានភាពវិជ្ជមានច្រើន ដែលលោកយល់ថា ជាលក្ខណៈអំណោយផលដើម្បីដំឡើងប្រាក់ឈ្នួលជូនកម្មករ ខណៈដែលប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២៣នេះ មានចំនួន២០០ដុល្លារ។ ភាគីសហជីពតំណាងកម្មករ ក៏មានក្តីសង្ឃឹមខ្ពស់ដែរថា រដ្ឋាភិបាលថ្មី ដែលត្រៀមនឹងបង្កើត និងមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ នឹងអាចមានកាដូប្រាក់ឈ្នួលឆ្នាំ២០២៤ ជាចំណងដៃដ៏ប្រសើរមួយជូនដល់កម្មករក្នុងវិស័យកាត់ដេរ ដើម្បីទាក់ទាញការគាំទ្របន្ថែម។ បើតាមលោក អាត់ ធន់ ក្តីសង្ឃឹមនេះ គឺដោយសារកន្លងៗមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែមានតួលេខនយោបាយមួយ សម្រាប់បង្រ្គប់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករក្នុងវិស័យកាត់ដេរជាប្រចាំ។19/08/202323:31 -
លោក កាំង តុងងី៖ សមាគមមីក្រូហិរញ្ញវត្ថុស្វាគមចំពោះការស៊ើបអង្កេតរបស់ស្ថាប័នអន្តរជាតិ
កិច្ចសម្ភាសរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ នឹងជជែកអំពីការបើកការស៊ើបអង្កេតជាផ្លូវការរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា បន្ទាប់ពីមានពាក្យបណ្តឹងថាគ្រឹះស្ថានទាំងនោះបាន ធ្វើឲ្យអន្តរាយដល់ពលរដ្ឋកម្ពុជាជាអ្នកខ្ចីប្រាក់។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសពីការស្វាគមន៍ចំពោះករណីនេះ ដើម្បីបំភ្លឺពីស្អាតស្អំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលរងការចោទប្រកាន់ពីសំណាក់អង្គការសង្គមស៊ីវិល ថា បានបំពានសិទ្ធិមនុស្ស ដោយបង្ខំឲ្យប្រជាពលរដ្ឋលក់ដីធ្លីដើម្បីសងបំណុល។ តាមលោក កាំង តុងងី របាយការណ៍របស់អង្គការសង្គមស៊ីវិលក្នុងស្រុក មិនបានឆ្លុះបញ្ចាំងពីការភាពទាំងស្រុង និងបានធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ខូចកេរ្តិ៍ឈ្មោះ។17/08/2023 -
កញ្ញា ប៉ាញ ចិន្តា៖យុវជនមានតម្រូវការច្រើននៅពេលបោះឆ្នោត តែក្រោយមកត្រូវបានទុកចោល
វេទិកាយុវជនកម្ពុជា និងវេទិកាទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ បានរៀបចំឡើងនៅថ្ងៃទី១២ ខែសីហា ក្រោមមូលបទ«លំហសេរីភាពរបស់យុវជនឆ្ពោះទៅរកយុត្ដិធម៌សង្គមល្អប្រសើរ» ដែលមានអ្នកចូលរួមប្រមាណ២៥០នាក់។ ការរឹតត្បិតលើការជួបជុំរបស់យុវជនបរិស្ថាន ការហាមមិនឲ្យនិយាយរឿងនយោបាយនៅតាមសាលារៀន ឱកាសការងារមិនស្មើគ្នា និងទុកយុវជនចោលនៅក្រោយពេលបោះឆ្នោតរួច គឺជាបញ្ហាដែលយុវជនកម្ពុជាកំពុងជួបប្រទះ។ នេះបើតាម កញ្ញា ប៉ាញ ចិន្តា អនុប្រធានគម្រោងនៃអង្គការជេស្វីត សឺវីសកម្ពុជា។14/08/202308:48 -
លោក ចន ណារិទ្ធ៖ស្ត្រីជាង១៣ម៉ឺននាក់ក្នុងមួយឆ្នាំនឹងទទួលបានប្រយោជន៍ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់
រដ្ឋាភិបាលកំពុងតែដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ហើយទំហំទឹកប្រាក់៤៣លានដុល្លារអាមេរិកនឹងត្រូវចំណាយក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។ រីឯស្ត្រី ប្រមាណជាង១៣ម៉ឺននាក់ក្នុងមួយឆ្នាំ នឹងទទួលបានអត្ថប្រយោជន៍នេះ។ ស្ត្រីទាំងនោះមានប្រភពមកពីគ្រួសារមានបណ្ណសមធម៌, មន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា, និងកម្មករនិយោជិតជាសមាជិក ប.ស.ស.។ បើតាមមន្ត្រីជំនាញ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គឺដើម្បីគុណភាពកុមារកម្ពុជា ឲ្យឆ្លើយតបការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត។ហេតុអ្វីបានជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំមិនអនុវត្តសម្រាប់ស្ត្រីជាទូទៅ? សូមស្ដាប់កិច្ចសម្ភាសរវាងអេង គឹមហុង និងលោក ចន ណារិទ្ធិ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជា៖13/08/202318:45
បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។