អានតួអត្ថបទ

ប៉ូលិស​ហុងកុង​ ចាប់ខ្លួន​យុវជន​៥​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​របស់​បុរស​ម្នាក់​

យុវជនហុងកុងចំនួន ៥ នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីស្លាប់របស់បុរសម្នាក់ នៅក្នុងពេលមានការប៉ះទង្គិចគ្នាមួយកាលពីខែមុន រវាងក្រុមបាតុករពីរក្រុម ដែលម្ខាងជាក្រុមអ្នកប្រឆាំង និងម្ខាងទៀតជាអ្នកគាំទ្ររដ្ឋាភិបាលរបស់លោកស្រីការី ឡាំ។ នេះ បើតាមការណ៍ឲ្យដឹងរបស់ប៉ូលិសហុងកុងកាលពីថ្ងៃសៅរ៍ម្សិលមិញ។

បាតុករម្នាក់ ពាក់ម៉ាសក្រវីទង់មួយនៅចំថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្ស នៅហុងកុងកាលពីថ្ងៃទី ៨ ធ្នូ ឆ្នាំ២០១៩។
បាតុករម្នាក់ ពាក់ម៉ាសក្រវីទង់មួយនៅចំថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្ស នៅហុងកុងកាលពីថ្ងៃទី ៨ ធ្នូ ឆ្នាំ២០១៩។ REUTERS/Danish Siddiqui
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមយុវជនដែលត្រូវបានចាប់ខ្លួនទាំងអស់ មានប្រុសចំនួន ៣ នាក់ និងស្រី ២ នាក់។ ពួកគេមានអាយុចន្លោះពី ១៥ ទៅ ១៨ ឆ្នាំ និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រម្សិលម្ងៃ ពីបទសង្ស័យអំពើឃាតកម្ម កុបកម្ម និងបង្ករបួសស្នាម។ មកទល់នឹងពេលនេះ យុវជនហុងកុងទាំង៥ នាក់ កំពុងត្រូវបានឃុំខ្លួន ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែមទៀត។

ឧប្បត្តិហេតុខាងលើ តាមពិតទៅ បានកើតឡើងកាលពីពាក់កណ្តាលខែវិច្ឆិកា ខណៈពេលដែលចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ កំពុងពុះកញ្ជ្រោលគ្រប់ទីកន្លែង នៅទូទាំងទីក្រុងហុងកុង។

តាមរយៈរូបភាព មុនពេលកើតហេតុ គេឃើញក្រុមអ្នកតវ៉ាពីរក្រុម ដែលម្ខាងជាក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងគូប្រជែងម្ខាងទៀតជាអ្នកគាំទ្ររដ្ឋាភិបាលហុងកុង កំពុងគប់ដំថ្ម ដាក់គ្នាទៅវិញទៅមក។ ហើយក្នុងអំឡុងពេលនោះ បុរសម្នាក់ត្រូវរងគ្រោះដោយដំថ្ម ចំក្បាល ហើយក៏ដួលទៅនឹងដីតែម្តង។ បុរសរងគ្រោះខាងលើមានវ័យ ៧០ ឆ្នាំ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយដួលសន្លប់ និងបានស្លាប់នៅថ្ងៃបន្ទាប់។

នេះគឺជាករីណស្លាប់ទី ២ ហើយ ដែលកើតចេញមកពីព្រឹត្តិការណ៍តវ៉ា ដ៏ចម្រូងចម្រាសនៅហុងកុង។ កាលពីថ្ងៃទី៨ វិច្ឆិកា កន្លងទៅ និស្សិតសាកលវិទ្យាល័យម្នាក់ឈ្មោះអាឡិច ចូវ (Alex Chow) មានអាយុ ២២ ឆ្នាំ ក៏បានរងរបួសក្បាលធ្ងន់ធ្ងរ និងបានស្លាប់ ក្រោយពេលដួល ក្នុងអំឡុងពេល ដែលកំពុងតែមានការប៉ះទង្គិចគ្នាខ្លាំងរវាងប៉ូលិស និងក្រុមអ្នកតវ៉ាហុងកុង។

ទោះបីជា មូលហេតុនៃការដួលរបស់យុវនិស្សិតរូបនេះ នៅមិនទាន់ដឹងច្បាស់យ៉ាងណាក្តី ក៏ប៉ុន្តែ ក្រុមបាតុករស្នេហាប្រជាធិបតេយ្យ បានដាក់ការស្តីបន្ទោសទៅលើអាជ្ញាធរហុងកុងទាំងស្រុង។

ទាក់ទងបញ្ហានេះដែរ គួររំឭកជូនថា ហុងកុង ដែលជាដែនដីពាក់កណ្តាលស្វយ័ត បានរួមរឹតដោយចលនាប្រឆាំងតវ៉ា ពីសំណាក់ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរយៈពេល ៦ ខែមកហើយ។ ក្នុងអំឡុងពេលកន្លងមក ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងប៉ូលិស និងក្រុមបាតុករ តែងកើតឡើងជាញឹកញយ។

ដោយឡែក នៅរយៈពេលបីសប្តាហ៍ចុងក្រោយនេះ អំពើហិង្សា និងការបំផ្លិចបំផ្លាញ បានវិលមករកភាពធូរស្រាលវិញ បន្ទាប់ពីគណបក្សដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតឃុំសង្កាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ