អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កម្ពុជា​ចូល​ប្រជែង​ក្នុង​ទីផ្សារ​ស្វាយចន្ទី​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា​បាន​បោះ​ជំហាន​ចូល​ក្នុង​ទី​ផ្សារ​ស្វាយ​ចន្ទី​ពិភពលោក ដោយ​​​ បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ ដ៏​សំខាន់​​របស់​វៀតណាម។ ​វៀតណាម ប្រទេស​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទី​លំដាប់​ទីមួយ​ពិភពលោក ​ក៏​កំពុង​លើក​ទឹក​ចិត្ត​​កសិករ​ក្នុង​ប្រទេស​ជិត​ខាង​ ឱ្យ​ដាំ​ដុះបង្កើន​ទិន្នផល​ស្វាយចន្ទី។ តើ​កម្ពុជា​កំពុង​ឈាន​ទៅ​ប្រកួត​ប្រជែង​នឹង​អាហ្វ្រិក ក្នុង​វិស័យ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី ?

ការ​រើស​គ្រាប់​ស្វាយចន្ទី​ បក​សំបក​ហើយ នៅ​ក្នុង​រោងចក្រ​មួយ​
ការ​រើស​គ្រាប់​ស្វាយចន្ទី​ បក​សំបក​ហើយ នៅ​ក្នុង​រោងចក្រ​មួយ​ AFP/GEORGES GOBET
ផ្សាយពាណិជ្ជកម្ម

កាលពី​១០​ឆ្នាំ​មុន កម្ពុជា​គ្មាន​ទិន្នផល​ស្វាយចន្ទី​សម្រាប់​នាំ​ចេញ​ស្ទើរ​តែ​សោះ​លើ​ទីផ្សារ​ពិភពលោក។ ប៉ុន្តែ​នៅឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​បង្ហាញមុខ​មាត់​ថ្មី​ ដោយ​អាច​នាំ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ ទៅ​លក់​លើ​ទីផ្សារ​​អន្តរជាតិ បាន​ដល់​ទៅជាង​ ២០ម៉ឺន​តោន ពោល​គឺ​ច្រើន​ជាង​ការ​នាំ​ចេញ​ឆ្នាំ​២០១៨​ដល់​ទៅ​ពីរ​ដង។ នេះ​បើ​តាម​តួលេខ​​ផ្តល់​ដោយ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់ និង​នេសាទ​​កម្ពុជា។​

ហេតុ​អ្វី​បាន​ការ​នាំចេញ​គ្រាប់​ស្វាយចន្ទី​កម្ពុជា​ ស្រាប់​តែ​ស្ទុះ​ឡើង​លឿន​យ៉ាង​ដូច្នេះ ? មូលហេតុដើម ចេញគឺមក​ពី​​ប្រទេស​វៀតណាម។ វៀតណាម ជា​ប្រទេស​ផលិត និង​នាំ​ចូល​​គ្រាប់​ស្វាយ​ចន្ទី​ លំដាប់​ទីមួយ​​កំរិត​ពិភពលោក។ ប៉ុន្តែ​វៀតណាម​មិន​អាច​ពង្រីក​ដី​ ធ្វើចម្ការ​ដាំស្វាយ​ចន្ទី​ បន្ថែម​ទៀត​ទេ នៅ​ក្នុង​ទឹក​ដី​ខ្លួន។ ចំណែក​អាហ្វ្រិក​ ជាពិសេស​​កូដឌីវ័រ ដែល​ធ្លាប់​ជា​ប្រទេស​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​មក​វៀតណាមខ្លាំង​ជាងគេ​ ក៏​ចាប់​ផ្តើម​អភិវឌ្ឍ ​ឧស្សាហកម្ម​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ដោយ​ផ្ទាល់​ខ្លួន​ដែរ។ ម្យ៉ាង​វិញ​ទៀត វៀតណាម មិន​ចង់​រំពឹង​តែ​លើ​ការ​នាំចូល​គ្រាប់​ស្វាយចន្ទី​ឆៅ​​ពី​អាហ្វ្រិក។ ដើម្បី​​កាត់​បន្ថយ​ភាព​រំពឹង​របស់​ខ្លួន​លើ​ទ្វីប​អាហ្វ្រិក និង​​ដើម្បី​ឱ្យ​​ឧស្សាហកម្ម​ស្វាយចន្ទី​វៀតណាម នៅ​តែ​អាច​ដំណើរការ​ ​ កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី (បក​ លីង)​ យ៉ា​ង​សកម្ម​ដដែល​នោះ អាជ្ញាធរក្រុង​ហាណូយ​ ក៏​ងាក​មក​ធ្វើ​វិនិយោគ​ជាមួយ​​ប្រទេស​ជិត​ខាង​ ក្បែរ​ខ្លួន ដែល​គ្មាន​នរណា​ក្រៅ​ពី​​កម្ពុជានោះ​ទេ។

នៅ​ឆ្នាំ​២០១៨ សមាគមស្វាយចន្ទី​វៀតណាម បានចុះ​ហត្ថលេខា​លើ​អនុសាសនៈ​យោគយល់​គ្នា MoU ជាមួយ​ក្រសួង​កសិកម្ម​កម្ពុជា ធ្វើ​យ៉ាងណា​ជំរុញ​ការនាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ឆៅកម្ពុជា​ឱ្យ​បាន​ដល់​១លាន​តោន​នៅ​ឆ្នាំ​២០២៨។ តាមរយៈ​អនុសាសនៈ​នេះ គេ​​ត្រូវ​មាន​ការ​វិនិយោគ​ធំ និងពន្លាត​ផ្ទៃដី​ដាំ​ដើមស្វាយចន្ទី នៅ​ក្នុង​ប្រទេស​កម្ពុជា។ សូម​បញ្ជាក់​ថា នៅ​ពេល​ចុះ​ហត្ថលេខា​លើ​អនុសាសនៈ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​ចំនួន​ តែ​ប្រមាណ​១០ម៉ឺន​ហិចតារ ដែល​ផ្តល់​ទិន្នផល​ជាង​១០ម៉ឺនតោន​បន្តិច។ ដើម្បី​សម្រេច​មហិច្ឆតាដូច​ចែងក្នុង​អនុសាសនៈ កម្ពុជា​ត្រូវ​ពង្រីក​ផ្ទៃដាំដុះ​ មួយ​ជាប្រាំ​ ពោលគឺ ៥០ម៉ឺន​ហិចតារ នៅ​ឆ្នាំ​២០២២ និង​ត្រូវ​ស្តាប់​តាមការណែនាំ​របស់​អ្នក​ជំនាញ​វៀតណាម ដើម្បី​បង្កើន​ទិន្នផល។ នៅ​វៀតណាម ស្វាយចន្ទី​មួយហិចតារ ផ្តល់​ផលប្រមាណពីរ​តោន ពោល​គឺ​ច្រើន​ជា​ងកម្ពុជា​ចំនួន​ពីរដង។​

វៀតណាម​បាន​ជំរុញ លើក​ទឹកចិត្ត ឱ្យ​កម្ពុជា​បង្កើន​​​ការ​ដាំដុះ​ដើមស្វាយ​ចន្ទី ដោយ​ផ្តល់​ជា​គ្រាប់​ពូជ និង​បច្ចេកទេស​ដាំ។ វៀតណាម​មិន​ខ្លាច​នឹង​ធ្វើ​វិនិយោគ​នៅកម្ពុជាទេ ព្រោះ​សម្រាប់​វៀតណាម កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អ្នក​ផ្គត់ផ្គង់​ ដ៏​ជាក់លាក់​ហើយ នៅ​កៀកខ្លួន​ទៀត។ ចំណាយ​ផ្នែក​មធ្យោបាយ​ដឹកជញ្ជូន​ខ្លី លុយក៏​អស់​តិច មិន​បាច់​​ស្តុកទុក​ច្រើន​ ដូច្នេះ​ ​គ្រាប់​ស្វាយចន្ទី នឹង​រក្សា​គុណភាពបាន​ខ្ពស់ ប្រសើរ​ជាង​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ ​នាំ​ចូល​​មក​ពី​អាហ្វ្រិក​​​។ នេះ​បើ​តាម​ការ​​វិភាគ​របស់ភ្នាក់ងារ​ផ្តល់​ប្រឹក្សា​ពាណិជ្ជកម្ម​កសិឧស្សាហកម្ម​អាហ្វ្រិក​​ N'Kalo ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ ដោយ​អះអាង​ទៀត​ថា​ វៀតណាម​ទិញ​គ្រាប់​ស្វាយចន្ទី​មិន​ទាន់​កែច្នៃ​ពី​កម្ពុជា​ក្នុង​តម្លៃ​ខ្ពស់ រហូត​ដល់​១.៥អឺរូក្នុង​​មួយគីឡូក្រាម ទល់​នឹង​០,៥-១អឺរ៉ូ មួយគីឡូក្រាម ​សម្រាប់​គ្រាប់​ស្វាយចន្ទី​អាហ្វ្រិក។ ហេតុដូច្នេះ​ហើយ​បាន​ជា​កសិករ​ខ្មែរ​ប្រឹងដាំស្វាយចន្ទីនោះ។

ក្រៅ​ពីកម្ពុជា​ វៀតណាម​ក៏​កំពុង​បង្កើន​សកម្មភាព​ដូចគ្នា​ទី​នៅ​ឡាវ និង​ភូមា​ទៀត។

មាន​អ្នក​ប្រកួត​ប្រជែង​ថ្មី ​តើ​អាហ្វ្រិក​​​គួរ​តែ​ព្រួយបារម្ភទេ ? ទោះបី​ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​កម្ពុជា​បាន​ស្ទុះ​ឡើង​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​ទីផ្សារ​មួយ​នេះ​ទំនង​ជា​គ្មាន​ថ្ងៃ​ចាល់​ដែរ។ ​៤៥%​នៃ​គ្រាប់​ស្វាយចន្ទីផលិត​ឬ​​កែច្នៃ​រួច នៅ​អាស៊ី (វៀតណាម​និង​ឥណ្ឌា) មាន​ប្រភព​មក​ពី​ អាហ្វ្រិក។ តាំង​ពី​ពីរឆ្នាំ​មកនេះ កូដឌីវ័រ បាន​ក្លាយ​ជា​ប្រទេស​ផលិត​​​គ្រាប់​ស្វាយចន្ទីស្រស់ លំដាប់​ទី​មួយ​ ពិភពលោក ក្នុង​បរិមាណ​ ៧០ម៉ឺន​តោន (និង​ដល់​៩០ម៉ឺនតោន បើ​គេ​បូក​បញ្ជូល​ការ​នាំចេញ​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​ហ្កាណា)។ ការ​នាំ​ចេញ​របស់​កម្ពុជា​ បាន​កើន​ឡើង​ខ្លាំង​មែន ៨៥% ​ នៅ​រវាង​ពី​ឆ្នាំ​២០១៧-២០១៩ ប៉ុន្តែ​ក្នុង​បរិមាណ​នាំ​ចេញ​បានត្រឹម​​២០ម៉ឺនតោន ពោល​គឺ​១២%​នៃ​ការ​នាំ​ចូល​របស់​វៀតណាម កម្ពុជា​នៅ​ជា​តួអង្គ​តូច​តាច​ ​​ទេ។ ប៉ុន្តែ​បើ​កម្ពុជា ដែល​​ក្លាយ​ជាប្រទេស​អ្នក​ផ្គត់ផ្គង់​ ​ដ៏​សំខាន់ សម្រាប់​​វៀតណាម អាច​ដំឡើង​ផលិតផល​ដល់​ ៥០ម៉ឺន​តោន​ក្នុង​ពេល​ឆាប់ៗ នោះ​ទើប​អាហ្វ្រិក​ចាប់​បារម្ភ​នឹង​ការ​ប្រកួត​ប្រជែង​នៅ​លើទីផ្សារ។ តែដោយ​ហេតុ​ថា អាហ្វ្រិកក៏​​ចាប់​ផ្តើម​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ដោយ​ខ្លួនឯង​ កាន់​តែ​ច្រើន​ឡើងៗ ជា​លំដាប់ដែរ​នោះ ​អាហ្វ្រិក​នឹង​លែង​សូវ​រំពឹង​តែ​លើការ​នាំ​ចេញ​ ទៅ​អាស៊ី​ទៀត​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ