អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បក្ស​ប្រជាធិបតេយ្យ​​ហុងកុង​​ត្រូវ​​បាន​​រំលាយ​ចោល ​ក្រោយ​​​សភា​​ចិន​​អនុម័ត​​ច្បាប់​​សន្តិសុខ​ជាតិ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអង្គារ​ទី៣០មិថុនា សភាប្រជាមានិតចិនប៉េកាំង បានសម្រេច​អនុម័តច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាសបំផុតនៅហុងកុង។ ច្បាប់សន្តិសុខជាតិ ដែលសកម្មជនប្រជាធិបតេយ្យហុងកុង បានចាត់ទុកថា គឺជាឧបករណ៍ ដើម្បីបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយ ​របស់​ប្រជាជនហុងកុង។ ប៉ុន្មានម៉ោង ក្រោយការអនុម័តច្បាប់នេះជាផ្លូវការ យុវជន​ដែលជា​មេ​សកម្មជននយោបាយ​ របស់គណបក្ស​ប្រជាធិបតេយ្យ​ហុងកុង ចំនួន៤នាក់ បានលាឈប់ពីគណបក្សនេះ ហើយ​បន្តិចក្រោយមក គណបក្សនេះ ក៏ត្រូវបានគេ​​​ប្រកាសរំលាយចោលតែម្តង​។

ស្ត្រីហុងកុង២នាក់ ដើរកាត់ផ្លាកផ្សព្វផ្សាយអំពី អត្ថប្រយោជន៍នៃច្បាប់​ការពារសន្តិសុខជាតិ នៅហុងកុង។ ​ហុងកុង ថ្ងៃទី​២៩ មិថុនា ២០២០
ស្ត្រីហុងកុង២នាក់ ដើរកាត់ផ្លាកផ្សព្វផ្សាយអំពី អត្ថប្រយោជន៍នៃច្បាប់​ការពារសន្តិសុខជាតិ នៅហុងកុង។ ​ហុងកុង ថ្ងៃទី​២៩ មិថុនា ២០២០ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃអាទិត្យ ច្បាប់នេះ ត្រូវបានគេប្រគល់ជូនទៅ​គណកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាមានិតចិន​ យកទៅពិនិត្យ។ ការបោះឆ្នោតសម្រេច បានធ្វើទៅនៅថ្ងៃអង្គារ ទី​៣០មិថុនា​​នេះ។ ហើយភ្លាមៗនោះ លោកប្រធានាធិបតី ចិនស៊ី ជីនពីង បាន​ចុះហត្ថលេខាប្រកាសចូលជាធរមាន​។ នេះបើផ្អែកតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន Xinhua ។

ដំណឹងនៃការ​បោះឆ្នោតអនុម័តច្បាប់សន្តិសុខជាតិនេះ ហាក់បីដូចជា​ខ្យល់ព្យុះ​កំបុតត្បូងបោកបក់មកលើ​ដែនដីហុងកុង។ បណ្តាញសារព័ត៌មានហុងកុងគ្រប់ៗគ្នា តួយ៉ាង កាសែត China Morning Post បានចុះផ្សាយដំណឹងនេះ ដោយបានស្រង់​ប្រភពដែលស្និទបំផុត ជាមួយ​នឹងគណបក្សកុម្មុយនិស្តចិន។ គណបក្ស​​នយោបាយហុងកុង ដែលមានទំនោរគាំទ្រចិន ក៏បានចេញសេចក្តីថ្លែងការ អបអរ ចំពោះការអនុម័តច្បាប់នេះដែរ។

ពង្រឹងសន្តិសុខជាតិ ឬ សង្កត់កអ្នកប្រឆាំង?

ទាក់ទិននឹងខ្លឹមសារលំអិតរបស់ច្បាប់នេះវិញ គឺខាងភាគីចិន នៅតែលាក់នៅឡើយ មិនទាន់ផ្សព្វផ្សាយ​ទេ។ តែយ៉ាងណា កាលពីដើមខែមិថុនានេះ បណ្តាញព័ត៌មានផ្លូវការចិន Xinhua ​បានចុះផ្សាយពីខ្លឹមសារគោលៗ នៃច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។ ខ្លឹមសារសំខាន់របស់​ច្បាប់នេះ គឺ​​ធ្វើការប្រយុទ្ធប្រឆាំង បង្រ្កាបនូវសកម្មភាពបះបោរ អំពើភេរវកម្ម សកម្មភាពវិទ្ធង្សនា និងការឃុបឃិតជាមួយ​កម្លាំងបរទេសណាមួយ។ ច្បាប់នេះ ក៏បាន​បង្កើតឲ្យមាន​ អង្គភាពពិសេសមួយស្ថិតនៅក្រោមការ​បញ្ជាដោយផ្ទាល់ពីប៉េកាំង ដើម្បីតាមដាន ស៊ើបអង្កេត និង​ឃ្លាំមមើលការគោរពច្បាប់នេះ នៅក្នុងតំបន់​ហុងកុង។

សម្រាប់រដ្ឋាភិបាលប៉េកាំង ច្បាប់នេះនឹងធានាការពារស្ថិរភាព អធិបតេយ្យភាពរបស់ដែនដីចិនទាំងមូល ហើយនឹងបិទបញ្ចប់សកម្មភាពបាតុកម្មហិង្សា វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជននិងសាធារណៈនៅហុងកុង។ ក៏ប៉ុន្តែសម្រាប់ចលនាប្រជាធិបតេយ្យហុងកុងវិញ ច្បាប់នេះគឺជាឧបករណ៍មកសង្កត់ក ប្រជាជនហុងកុង ហើយលែងតវ៉ា រិះគន់ ឬមានមតិអ្វីទាំងអស់។

លោក Joshua Wong សកម្មជនប្រជាធិបតេយ្យដ៏ល្បីម្នាក់ បានសរសេរលើទំព័រ Twitter នៅថ្ងៃនេះថា “ចប់ហើយ ហុងកុងដែលពិភពលោកធ្លាប់ស្គាល់ គឺត្រូវស្លាប់នៅថ្ងៃនេះហើយ ដែលដីនេះ នឹងក្លាយជាដែនដី​ស្ថិតក្រោមការឈ្លបតាមដាន កៀបសង្កត់របស់​នគរបាលសំងាត់ចិនប៉េកាំង”។

គណបក្ស Demosisto ប្រកាសរំលាយចោល

លោក Joshua Wong ព្រមទាំងសកម្មជនប្រជាធិបតេយ្យ​ ៣នាក់ទៀត គឺ Nathan Law  Jeffrey Ngo និង Agnes Chow ដែលជាមេចលនា​ប្រជាធិបតេយ្យរបស់គណបក្ស Demosisto បាន ប្រកាស​​លា​ឈប់​ពី​បក្សនេះ។ តែអ្នកទាំង៤ បានអះអាងថា ពួកគេនឹងនៅតែបន្ត ធ្វើការតស៊ូមតិ តទៅទៀត ជាលក្ខណៈផ្ទាល់ខ្លួន។ ការលាឈប់នេះ គឺដើម្បីការពារគណបក្ស Demosisto ពីការ​ប្តឹងចាប់ទោសអូសដំណើរណាមួយ ជាមួយនឹងការចូលជាធរមាន នៃច្បាប់សន្តិសុខជាតិជាតិនេះ។ តែទីបំផុតទៅ ប្រហែលជា២ម៉ោងក្រោយមក ថ្នាក់ដឹកនាំគណបក្ស Demosisto ដែលបានចាប់បដិសន្ធិ កាលពី​ពេលបាតុកម្មឆ័ត្រលឿងឆ្នាំ២០១៤នេះ បានសម្រេចរំលាយខ្លួន​ចោលតែម្តង។

សួរថា តើអនាគតនៃចលនាប្រជាធិបតេយ្យរបស់យុវជនហុងកុងនេះ នឹងមានវាសនាបែបណា ចាប់ពីពេលនេះទៅ? ចម្លើយ​នោះគឺថា ចលនានេះប្រាកដជាជួបឧបសគ្គច្រើនណាស់។ តើការតវ៉ានឹងលែងមានទៀតចាប់ពីពេលនេះទៅ ? គឺយើងពិបាកស្មានដែរ។ អ្វីៗវាអាស្រ័យថាតើប្រជាជនហុងកុង ប្រមាណជាង​៧លាននាក់នោះ សុខចិត្តទទួលយកស្ថានការណ៍នេះដែរ ឬទេ? តើសុខចិត្តបិទភ្នែកខាំមាត់សង្កត់ចិត្ត មិនធ្វើអ្វីសោះ ឬក៏ចេញធ្វើបាតុកម្មតវ៉ា។ បើចេញធ្វើបាតុកម្ម តើហ៊ានយកអាយុជីវិត និងវាសនាផ្ទាល់ខ្លួនម្នាក់ៗ ទៅប្តូរដែរឬទេ? សម្រាប់ពេលនេះ ការជួបជុំគ្នានៅទីសាធារណៈ ចាប់ពី៥០នាក់ទៅ គឺនៅតែត្រូវហាមឃាត់នៅឡើយទេ ដោយសារតែបញ្ហាកូវីដ១៩។ ដូច្នេះ​បើមានបាតុកម្ម គឺថាសមត្ថកិច្ច​ហុងកុង ប្រាកដជាប្រើកម្លាំងបង្ក្រាបយ៉ាងចាស់ដៃមិនខានទេ។

ទោះយ៉ាងនេះក្តី លោក Joshua Wong បានអះអាងថា ល្គឹកណាលោកនៅមានជីវិត ហើយគេមិនទាន់​កម្ចាត់លោកចោល ពីផែនដីនេះទេ គឺ​លោកនឹងនៅតែបន្ត តស៊ូការពារផ្ទះ ស្រុកកំណើតរបស់លោក ដែលមានឈ្មោះថា ហុងកុង ជានិច្ច។

លោកស្រីការី ឡាំ៖ “សូមគោរពសិទ្ធិរបស់ចិន ក្នុងការ​មានច្បាប់​ការពារសន្តិសុខជាតិ​ខ្លួនផង”

ដោយឡែក នៅថ្ងៃនេះដែរ លោកស្រី ការី ឡាំ ប្រមុខរដ្ឋាភិបាល​ហុងកុង បានថ្លែងសារ តាមប្រព័ន្ធ Visio conference ជាមួយ​នឹង​ឧត្តមស្នងការសិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ ដោយលោកស្រីបានយកឱកាសនេះ ថ្លែងការពារច្បាប់សន្តិសុខជាតិ ដែលចិនទើបតែបានអនុម័តជាផ្លូវការ។ លោកស្រីលើកឡើងថា៖ “សូមសហគមអន្តរជាតិទាំងអស់ មេត្តាគោរពសិទ្ធិរបស់ប្រទេសចិន ក្នុងការ​មានច្បាប់ ដែលអាចធានាការពារសន្តិសុខជាតិផង។ សូមសហគមអន្តរជាតិ គោរព​បំណងប្រាថ្នារបស់ប្រជាជនហុកុង ដែលចង់បានស្ថិរភាព ភាពសុខដុមរមនា របស់ប្រជាជនហុងកុងផង”​។ លោកស្រីបានឆ្លើយតបបន្ថែមថា៖ “គ្រប់ប្រទេសដែលរិះគន់ចិន សុទ្ធតែមានច្បាប់ការពារសន្តិសុខជាតិ រៀងៗខ្លួនដើរទេតើ ហើយហេតុអ្វីបានជាមកហាមចិន មិនឲ្យ​មាន​”

លោកស្រីការី ឡាំបន្តថា ដើម្បីប្រយោជន៍របស់ប្រជាជនហុងកុង ក៏ដូចជាប្រជាជនចិនទាំងមូល គឺមិនអាចទុកតំបន់នេះ ជារណ្តៅ​ខ្មៅ គ្មានច្បាប់គ្រប់គ្រងឡើយ។ ប្រមាណ​១ឆ្នាំមកនេះ ហុងកុងជួយបញ្ហាហិង្សា អាណាធិបតេយ្យជាខ្លាំង ដូច្នេះជារឿងបន្ទាន់បំផុត ដែលត្រូវមាន​ច្បាប់ចាត់ចែង។ លោកស្រី សង្កត់ធ្ងន់ថា មួយវិញទៀត ច្បាប់សន្តិសុខជាតិនេះ គឺវា សំដៅតែទៅលើជនមួយក្តាប់តូច ដែលធ្វើបំពានច្បាប់តែប៉ុណ្ណោះ ចំណែក​សិទ្ធិជាមូលដ្ឋាន​របស់ប្រជាជនហុងកុងភាគច្រើនឯទៀត គឺនៅតែដដែលទេ គ្មានអ្វីប្រែប្រូលឡើយ។ លោកស្រីក៏បានធានាដែរ ថាច្បាប់នេះគ្មានសុពលភាព ​បកក្រោយទេ ហើយក៏មិន​មក​បំផ្លាញ​ឯករាជ្យភាពនៃស្ថាប័នតុលាការហុងកុងដែរ។

អឺរ៉ុបថា៖ "ចិននឹងខាតបង់ធ្ងន់"

ដូចយើងដឹងកន្លងមកហើយ ថាប្រទេសលោកខាងលិច មានសហភាពអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិក​ជាដើម បាន​អំពាវនាវច្រើនលើកច្រើនសារ ឲ្យ​ចិនលប់ចោលនូវគម្រោងច្បាប់​សន្តិសុខជាតិនេះ។ អាមេរិក បាន​ដំឡើងសម្លេងខ្លាំងជាងគេ។ រដ្ឋាភិបាលលោកដូណាល់ត្រាំ បានដាក់ចុះនូវទណ្ឌកម្មមួយចំនួន ដើម្បីដាក់សំពាធលើចិន ដូចជា បិទទិដ្ឋាកា មិនឲ្យសមាជិកបក្សកុម្មុយនិស្តចិន ទៅសហរដ្ឋអាមេរិក។

កាលពីថ្ងៃទី២៩មិថុនា លោកម៉ៃឃ៍ ប៉ុមប៉េអូ បាន​ប្រកាសថា អាមេរិក និងបិទឈប់ឲ្យ​នាំចេញនូវសម្ភារៈអាវុធ និងទំនិញសម្ភារៈ​បច្ចេកវិទ្យាចាំបាច់ ក្នុងវិស័យការពារជាតិ ទៅឲ្យ​ចិន និងហុងកុងទៀតហើយ​។ ប្រមុខការទូតអាមេរិក ក៏អះអាងដែរ ថាអាមេរិក កំពុងរៀបចំទណ្ឌកម្មផ្សេងទៀត ដាក់ទៅលើចិន។ ចិនបានឆ្លើយតបវិញ​ តាមរយៈការបិទទិដ្ឋាកា ទៅលើ​ជនជាតិអាមេរិកណា ដែលហ៊ាននិយាយរិះគន់ រឿងច្បាប់សន្តិសុខជាតិនៅហុងកុងនេះ។

ចំណែក​សហភាពអឺរ៉ុបវិញ​ នៅថ្ងៃទី​៣០មិថុនា ក្រោយដឹងដំណឹងនៃការអនុម័តជាផ្លូវការនៃច្បាប់នេះ គេបានចេញសេចក្តីថ្លែងការ សម្តែងការព្រួយបារម្ភ ពីការចុះថយនៃសិទ្ធិសេរីភាព និងប្រជាធិបតេយ្យហុងកុង។ លោល Charles Michel ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប បាន​លើកឡើងថា ច្បាប់សន្តិសុខជាតិនេះ នឹងប៉ះពាល់យ៉ាងខ្លាំងទៅលើស្វ័យត្នភាព​របស់តំបន់ហុងកុង ហើយវានឹងជះផលអាក្រក់ ទៅលើ​ភាពឯករាជ្យនៃប្រព័ន្ធតុលាការ ព្រមទាំងនីតិរដ្ឋរបស់ហុងកុង។

ចំណែកលោកស្រី Ursula Von der Leyen ប្រធានគណកម្មការអឺរ៉ុបវិញ បាន​លើកឡើងថា ចិនខ្លួន​ប្រាកដជាត្រូវរងនូវផលអវិជ្ជមាន ផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុ​ ព្រោះថា ក្រុមហ៊ុនសហគ្រាស ក៏ដូច​​ជា​អ្នកវិនិយោគអន្តរជាតិទាំងអស់​ នឹងបាត់បង់ទំនុកចិត្ត ជាមួយនឹងទីផ្សារហុងកុង។ ហើយហុងកុង និងបាត់បង់កិត្តិនាមនៅលើឆាកអន្តរជាតិ។ សហភាពអឺរ៉ុបនឹងពិភាក្សាជាមួយដៃគូផ្សេងទៀត ដើម្បីពិនិត្យមើលថាអាចធ្វើអ្វីបាន។

ដោយឡែក សភាអឺរ៉ុប បានស្នើទៅកាន់​សហភាពអឺរ៉ុប ឲ្យស្វែងរកវិធានការដាក់ទណ្ឌកម្មចិន ឲ្យ​បានឆាប់បំផុត និង ការពារសិទ្ធិសេរីភាព​ របស់អ្នកនយោបាយ​ហុងកុង។ យ៉ាងណាមិញ សភាអឺរ៉ុប បាន​លើកជាសំណើ ឲ្យ​បានយន្តការ ជួយរំដោះ ឬសង្រ្គោះអ្នកប្រជាធិបតេយ្យហុងកុង ក្នុងករណីស្ថានការ​ណ៍ ​បង្រ្កាប សង្កត់សង្កិន កាន់តែឈានខ្លាំងឡើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ