អានតួអត្ថបទ
វ៉ាក់សាំង-វៀតណាម

រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម​អំពាវនាវ​រកជំនួយ​ថវិកាដើម្បីទិញ​វ៉ាក់សាំង​បង្ការកូវីដ

ធ្លាប់​ជា​ប្រទេស​គំរូគេ ក្នុងការគ្រប់គ្រង ស្ថានភាព​ជំងឺកូវីដ កាលពី​ឆ្នាំ ២០២០ វៀតណាម​សព្វថ្ងៃ កំពុង​ប្រឈម​នឹង​ការកើនឡើង​នៃ​ករណីឆ្លងជំងឺកូវីដ ជាពិសេស នៅក្នុង​តំបន់ឧស្សាហកម្ម ​សេដ្ឋកិច្ច។ ថ្វីត្បិតថា ករណីឆ្លងជំងឺកូវីដ នៅវៀតណាម មានកម្រិតនៅឡើយ បើប្រៀបធៀប​នឹង​ប្រទេស​ជិតខាង​ផ្សេងទៀត ប៉ុន្តែ វៀតណាម ដែលមាន​ប្រជាជន​ជិត ១០០លាននាក់ កំពុងយឺតយ៉ាវនៅឡើយ ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង ដល់ប្រជាជន​របស់ខ្លួន។ នៅពេល​វ៉ាក់សាំង ជា​ដំណោះស្រាយ​តែមួយ ដើម្បី​រួចចាកផុត​ពីវិបត្តិកូវីដ រដ្ឋាភិបាល​វៀតណាម​បាន​បើកយុទ្ធនាការ ​ស្វែងរក​ជំនួយ​សុប្បរសធម៌ ពី​សាធារណជន ដើម្បី អាច​ទិញ វ៉ាក់សាំង បង្ការជំងឺ​កូវីដ​១០។

ស្ត្រីវៀតណាម ដើរមុខ​ហាងលក់អាវយឺតដែល​មានបោះពុម្ពទង់ជាតិ​វៀតណាម នៅ​ខែ​កក្កដា ឆ្នាំ ២០២០
ស្ត្រីវៀតណាម ដើរមុខ​ហាងលក់អាវយឺតដែល​មានបោះពុម្ពទង់ជាតិ​វៀតណាម នៅ​ខែ​កក្កដា ឆ្នាំ ២០២០ AP - Hau Dinh
ផ្សាយពាណិជ្ជកម្ម

វៀតណាម​ដែលមាន​ប្រជាជន​ជិត ១០០លាននាក់ ទើប​ចាក់វ៉ាក់សាំង បង្ការកូវីដ ដល់​ប្រជាជន​របស់ខ្លួន បាន​តែ​ជាង ១លាននាក់​ប៉ុណ្ណោះ។ ក្នុងកាលៈទេសៈ ដែល​ប្រទេស​កំពុង​ជួបរលកថ្មី នៃជំងឺកូវីដ និង​ដោយ បារម្ភ​ពី​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ការកើនឡើង​នៃ​ករណី​ឆ្លង កូវីដ នៅតំបន់​រោងចក្រឧស្សាហកម្ម រដ្ឋាភិបាល​វៀតណាម បានជំរុញ ពន្លឿន យុទ្ធនាការ​ចាក់វ៉ាក់សាំង ដល់​ប្រជាជន​របស់ខ្លួន ឲ្យបានច្រើន ទូលំទូលាយ នៅទូទាំង​ប្រទេស។

ដើម្បី បង្កើត​ភាពស៊ាំរួម វៀតណាម​មាន​គោលដៅ ចាក់វ៉ាក់សាំង ដល់​ប្រជាជន​របស់ខ្លួន ឲ្យបាន​៧០ភាគរយ នៃ​ប្រជាជន​សរុប នៅឆ្នាំនេះ។ មានន័យថា វៀតណាម​ត្រូវការ​វ៉ាក់សាំង ប្រមាណ ១៥០លានដូស ដែលគិត​ជា​តម្លៃ ប្រមាណ ១,១ពាន់លាន​ដុល្លារ។

ប៉ុន្តែ រដ្ឋាភិបាល​វៀតណាម​បាន​ត្រៀម ​ថវិកា​ប្រមាណ តែ ៦៣០លាន​ដុល្លារ ប៉ុណ្ណោះ​ដើម្បី​ទិញ​វ៉ាក់សាំង។ ដើម្បី​បង្រ្គប់​កញ្ចប់ថវិកា ដែលនៅ​ខ្វះ​ ជិត ៥០០លាន​ដុល្លារ យ៉ាងដូច្នេះ រដ្ឋាភិបាល​វៀតណាម ចាប់ផ្តើម​យុទ្ធនាការ​ស្វែងរក​ជំនួយថវិកា ពីគ្រប់ច្រក មិនថា ពី​សហគមន៍អន្តរជាតិ និង​ប្រជាជន​ក្នុង​ស្រុក។

នៅថ្ងៃ​សៅរ៍ នៅ​ក្នុង​សុន្ទរកថា​ផ្សាយផ្ទាល់ ដើម្បី ចាប់ផ្តើម​បើក​យុទ្ធនាការ រៃអង្គាស​ថវិកា​សម្រាប់ទិញ វ៉ាក់សាំង នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីនជីន បាន​និយាយថា វិភាគទាន​របស់​សហគមន៍ និង​សង្គម​វៀតណាម សំខាន់ សម្រាប់​ដំណើរការ​ចាក់វ៉ាក់សាំង​ក្នុងទ្រង់ទ្រាយធំ។

ចាប់តាំងពីសប្តាហ៍មុន ប្រជាជន​វៀតណាម បាន​ទទួល​សារ តាមទូរស័ព្ទ និង​មែល ដើម្បី ចូលរួម​វិភាគទាន សម្រាប់​ជួយ​រដ្ឋាភិបាល​អាច​ទិញ​វ៉ាក់សាំង ចំណែក​មន្រ្តី​រដ្ឋការ​វៀតណាម ត្រូវ​បាន​លើកទឹកចិត្ត ដោយ​បរិច្ចាគ ប្រាក់ខែ មួយថ្ងៃ​របស់​ខ្លួន សម្រាប់កញ្ចប់ថវិកា​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ។ នៅថ្ងៃ​អង្គារ វិភាគទាន​របស់​ប្រជាជន និង​អង្គការ​ជាង ២សែន បានធ្វើ​ឲ្យ​អាជ្ញាធរ​ប្រមូល​ថវិកា​បាន​ប្រមាណ ១៨១​លាន​ដុល្លារ។ តាម​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម នឹង​មាន​ថវិកា ប្រមាណ ១៤០លានដុល្លារ ផ្សេងទៀត ដែល​ក្រុមហ៊ុន និងអ្នកជំនួញ​បាន​សន្យាបរិច្ចាគ​សម្រាប់​ទិញ​វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។

ប៉ុន្តែ នៅពេល​មន្រ្តីរដ្ឋការ មួយចំនួន​បរិច្ចាគ​ដោយ​មិនអល់អែក ដើម្បី ជួយ​រដ្ឋ ឲ្យ​បាន​ទិញ​វ៉ាក់សាំង ដែល​ជា​ដំណោះស្រាយ​តែមួយ​សម្រាប់​សង្រ្គោះ​សេដ្ឋកិច្ច​វៀតណាម ប្រជាជន​វៀតណាម​ខ្លះ បាន​សំដែង​ការរារែក មិនទាន់​ទុកចិត្ត ពីរបៀប​ចាយប្រាក់ របស់​របបកុម្មុយនិស្ត វៀតណាម។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ