អានតួអត្ថបទ
ចិន-តេសឡា

តេសឡា​ហៅ​​ប្រមូល​​រថយន្ត ជិត​​៣សែន​​គ្រឿង​នៅចិន បន្ទាប់​ពី​រកឃើញ​​បញ្ហា​​បច្ចេកទេស

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនីដ៏ល្បី តេសឡា បានប្រមូល​ហៅរថយន្តខ្លួន ចំនួន​ប្រមាណ​​២៨៥០០០គ្រឿង នៅប្រទេសចិន យកទៅពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព​ប្រព័ន្ធ បន្ទាប់ពីបានរកឃើញថា ប្រព័ន្ធចាស់មាន​បញ្ហាបច្ចេកទេស។ បញ្ហាបច្ចេកទេសនេះ អាចបណ្តាលឲ្យមានករណី​គ្រោះថ្នាក់ចរាចរណ៍ បុកគ្នា។ ភាគហ៊ុនរបស់តេសឡា បានធ្លាក់ចុះ ចំនួន​៨% បន្ទាប់ពីលេចឮដំណឹងនេះ។

មនុស្សកំពុងចោមរោមមើក រថយន្ត Tesla Model 3 នៅក្នុង​ការតាំងពិពណ៌ពាណិជ្ជកម្មរថយន្ត នៅក្រុងសៀងហៃ​ ថ្ងៃទី២១ មេសា ២០២១
មនុស្សកំពុងចោមរោមមើក រថយន្ត Tesla Model 3 នៅក្នុង​ការតាំងពិពណ៌ពាណិជ្ជកម្មរថយន្ត នៅក្រុងសៀងហៃ​ ថ្ងៃទី២១ មេសា ២០២១ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

រថយន្ត Tesla Model 3 ចំនួន ២៤៩៨៥៥គ្រឿង និងរថយន្ត Tesla Model Y ចំនួន​៣៥៦៦៥​គ្រឿង ទាំង​រថយន្តដែល​ត្រូវបាន​​ផលិតក្នុងប្រទេសចិន​ និងទាំងរថយន្ត​នាំចូល នឹងត្រូវ​ហៅប្រមូល​ យកទៅពិនិត្យ ដើម្បីបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាឡើងវិញ។ នេះបើផ្អែកតាមការបញ្ជាក់ឲ្យ​ដឹង ពីសំណាក់អាជ្ញាធរគ្រប់គ្រងទីផ្សាររថយន្តនៅចិន កាលពីថ្ងៃទី២៦ មិថុនា ២០២១។

យោងតាមរបាយការណ៍ របស់​អាជ្ញាធរចិន រថយន្តទាំងនេះ មាន​បញ្ហាបច្ចេកទេស បណ្តាលមកពី​មានភាពមិន​ប្រក្រតី នៅក្នុង​ប្រព័ន្ធគ្រប់គ្រងល្បឿន ដោយ​ស្វ័យ​ប្រវត្តិ ដែល​បំពាក់នៅក្នុង​​រថយន្តទាំង​២ម៉ូដែល។ ប្រព័ន្ធនេះ អាច​ត្រូវបាន​អ្នកបើកបរ ដាស់បញ្ជាឲ្យ​វាសកម្ម ដោយ​អចេតនា ហើយអាចធ្វើ​ឲ្យ​រថយន្តឡើងល្បឿនលឿនខ្លាំងមួយរំពេច។ ប្រភពដដែលអះអាងថា គេបានសង្កេតឃើញ​ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ​ស្លាប់មនុស្ស ដែលគេសង្ស័យថា បណ្តាល​មកពីបញ្ហាបច្ចេកទេសនេះ។

ក្រុមហ៊ុនតេសឡា បានបញ្ជាក់ថា គេនឹងទាក់ទងទៅកាន់ម្ចាស់រថយន្ត នៃម៉ូដែល ដែលពាក់ព័ន្ធទាំងអស់​ ដើម្បី​ធ្វើការ​​ដាក់ជំនួស បំពាក់​ប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ​ទៀត។

សូមបញ្ជាក់ថា តេសឡា គឺជាសហគ្រាស​ផលិត​រថយន្ត​អគ្គិសនីឈានមុខគេ បំពាក់ដោយ​បច្ចេកវិទ្យា​ទំនើប ដែល​​រថយន្តសឹងតែមានសមត្ថភាពបើកបរ និង​ចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ ដោយ​មិន​ចាំបាច់​មាន​អន្តរាគមន៍ ពីអ្នក​បើកបរ។ មានរោងចក្រផលិត នៅ​ជាយក្រុងសៀងហៃ រថយន្ត​តេសឡា បានទទួលការពេញនិយមបំផុត ពីសំណាក់ពួកអ្នកមានសម័យថ្មី នៅក្នុងប្រទេសចិន។ គ្រាន់តែ​ក្នុង​​មួយ​ខែ​ឧសភា​កន្លងទៅ តេសឡាបានលក់រថយន្ត​បាន​ចំនួន ​​៣៣៤៦៣​គ្រឿង នៅ​ក្នុង​​ប្រទេសចិន។ ចំនួន​រថយន្តដែលតេសឡាលក់នៅក្នុងលោក គឺ១ភាគ៤ នៅក្នុងប្រទេសចិន។

តែយ៉ាងណាក៏ដោយ ថ្មីៗនេះ មានអ្នកប្រើប្រាស់​ចិន​កាន់តែច្រើន បានត្អូញត្អែរ ពី​គុណភាព សុវត្ថិភាព​រថយន្ត​ ក៏ដូច​ជា​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន​តេសឡា។ មាន​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ បានលើកឡើង​ នៅក្នុង​​ពិធី​តាំង​ពិពណ៌​រថយន្ត​ក្រុងសៀងហៃ ថាខ្លួន​វិះតែនឹង​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​រថយន្ត​ថ្លៃកប់​ពពកនេះ។ ស្រ្តីរូប​នេះ​អះអាង​ថា ប្រព័ន្ធចាប់ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិរបស់​រថយន្ត​តេសឡា ដែល​ខ្លួន​បាន​ទិញ​មកជិះ គឺមិន​ដំណើរការ​ទេ។ ការរិះគន់នេះ បាន​ផុសផុលសាយភាយ ​តាម​បណ្តាញ​សង្គម​នៅប្រទេសចិន។ គួរកត់​សំគាល់ដែរថា ជាមួយ​នឹង​ដំណឹង ស្តីពីការហៅ​ប្រមូល​រថយន្ត ជិត​៣សែន​គ្រឿង ដោយសារ​មាន​បញ្ហា​បច្ចេកទេស​​នេះ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​តេសឡា បាន​ធ្លាក់​ចុះ​ចំនួន​៨% មួយ​ពព្រិចភ្នែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ