អានតួអត្ថបទ
កូរ៉េខាងត្បូង-អវកាស

កូរ៉េ​ខាង​ត្បូង​​កំពុង​ឈាន​ចូលក្លឹប​មហាអំណាច​អវកាស តាមរយៈសាកល្បង​រ៉ុកកែតអវកាស​ផលិតក្នុងស្រុក

នៅថ្ងៃព្រហស្បតិ៍​ទី ២១ តុលា ២០២១ វេលា​ម៉ោង​១០​ ត្រូវ​នឹង​ម៉ោង​៣រសៀល ម៉ោង​នៅ​ប្រទេសកម្ពុជា កូរ៉េខាង​ត្បូង​បានបាញ់​សាកល្បង​រ៉ុកកែតបង្ហោះផ្កាយ​រណប ដែល​ផលិត​ក្នុង​ស្រុក​​កូរ៉េខាង​ត្បូង​សុទ្ធសាធ (១០០%)។ ​រ៉ុកកែតកូរ៉េខាងត្បូង ដែល​អាច​ពាំ​បង្ហោះ​វត្ថុ​ទម្ងន់លើស​ពី​​មួយ​តោន ទៅ​​ក្នុង​អវកាស ទំនង​ជា​បាន​ហោះ​ចេញ​ទៅ​ប្រកប​ដោយ​ជោគជ័យ។

កូរ៉េខាង​ត្បូង​បាញ់សាក្បង​រ៉ុកកែត​អវកាស Nuri ថ្ងៃទី ២១ តុលា២០២១
កូរ៉េខាង​ត្បូង​បាញ់សាក្បង​រ៉ុកកែត​អវកាស Nuri ថ្ងៃទី ២១ តុលា២០២១ AFP - -
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត បន្ទាប់​ពី​បាន​ចំណាយ​ពេល​អស់​ជាង​១០​ឆ្នាំ  និង​ថវិកា​អស់​១,៤៦​លានអឺរ៉ូ ​កាំជ្រួច​​បី​ជាន់ ទម្ងន់​២០០តោន កម្ពស់​៤៧,២ម៉ែត្រ មាន​ម៉ាស៊ីន៦​ដើរ​ដោយ​ចំហេះ​រាវ​ បាន​ស្ថាបនាចប់​សព្វគ្រប់នៅក្នុង​ស្រុក ដោយ​គំនិត​និង​​ស្នាដៃ​កូរ៉េខាងត្បូង​១០០%។

Nuri ជា​ឈ្មោះ​រ៉ុកកែត"Korean Satellite Launch Vehicle II ​ ដែល​មាន​​ផ្ទុក​វត្ថុ​តំណាង​ទម្ងន់​១តោន​កន្លះ ទៅ​ក្នុង​គន្លង​តារាវិថី ត្រូវបាន​បង្ហោះ​ចេញ​ពីមណ្ឌល​ Goheung នាថ្ងៃព្រហស្បតិ៍ទី ២១ តុលា​២០២១នេះ។ រ៉ុកកែត​បានដោះ​ត្រដែត​ទៅ​លើ​ផ្ទៃអាកាស ដោយ​គ្មានបញ្ហា​ទេ។ នេះ​តាម​ការ​អត្ថាធិប្បាយ​របស់​ទូរទស្សន៍​ជាតិ។

ជា​ប្រទេស​មានសេដ្ឋកិច្ច​លូតលាស់​ខ្លាំង​លំដាប់​ទី​១២​ពិភពលោក ​ជា​ប្រទេស​ មាន​បច្ចេកវិទ្យា​ជឿន​លឿន​ជាងគេ​បំផុត​មួយ និង​ជា​ប្រទេសផលិត​គ្រឿង​ទូរស័ព្ទ​លំដាប់​លេខមួយ​ពិភពលោក​មែន ប៉ុន្តែ​កូរ៉េខាង​ត្បូងយឺតយ៉ាវ​ខ្លាំង​ក្នុង​វិស័យ​អវកាស ដែល​សហភាព​សូវៀត​បន្ទាប់​មកសហរដ្ឋ​អាមេរិក ​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​១៩៥៧។

កាលពី​ឆ្នាំ​២០០៩-២០១០ សេអូល​បាន​សាកល្បង​​បង្ហោះ​កាំជ្រួចទៅ​អវកាស​ដោយ​ប្រើ​បច្ចេកវិទ្យារុស្ស៊ី​ពីរ​លើក​ តែ​ត្រូវ​​បរាជ័យទាំងពីរដង។ នៅ​ឆ្នាំ​២០១៣​ ទើប​កូរ៉េខាង​ត្បូងបង្ហោះ​រ៉ុកកែត​បាន​សម្រេច តែ​ដោយ​ប្រើ​បច្ចេកវិទ្យា​រុស្ស៊ី​ដដែល។

នៅអាស៊ី ចិន​ ជប៉ុន និង​ឥណ្ឌា បាន​អភិវឌ្ឍកម្មវិធីអវកាស​ បាន​ជឿន​លឿន​​ខ្លាំង។​ ហើយ​កូរ៉េខាង​ជើងក៏​ទើប​បានចូល​ក្នុងក្លឹបប្រទេស​មាន​សមត្ថភាព​បង្ហោះ​កាំជ្រួច​ទៅ​ក្នុង​អវកាស តាម​រយៈ​ការ​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីលបាលីស្ទិក ផ្ទុកផ្កាយ​រណប​​ទម្ងន់​៣០០​គីឡូក្រាម ​កាលពី​ឆ្នាំ​២០១២ ទៅ​ក្នុង​អវកាស។ កាលណោះ​សហគមន៍​អន្តរជាតិ​បាននាំ​គ្នា​ថ្កោលទោស​ដោយ​ចោទកូរ៉េខាងជើង​ថា​បន្លំ​ជា​បាញ់​បង្ហោះ​មីស៊ីល ក្នុង​បំណង​អភិវឌ្ឍ​កម្មវិធីនុយក្លេអ៊ែរ។

គិតរហូត​មកទល់​នឹងពេល​នេះ​ មាន​ប្រទេស​តែ​៦​គត់ ដែលមាន​សមត្ថភាព​បាញ់​បង្ហោះ​ ​ទៅ​ក្នុង​អវកាស នូវ​ផ្កាយ​រណប ឬ​វត្ថុ​ទម្ងន់​លើ​ស​ពី​១តោន។

ប្រសិន​បើ​ការ​បាញ់​រ៉ុកកែត​ថ្ងៃ​នេះ​បាន​ជោគជ័យ នោះមាន​ន័យ​​កូរ៉េខាងត្បូងបាន​បំពេញ​លក្ខខណ្ឌ​ចាំបាច់​ដើម្បី​បានចូលក្នុង​ក្រុមប្រទេស​មហា​អំណាច​អវកាស ហើយ​នឹង​អាច​សម្រេច​មហិច្ឆតា​អវកាស​ជាច្រើនផ្សេង​ទៀត មានអាទិ៍​ក្តី​ស្រម៉ៃ​បញ្ជូនយាន​ទៅ​កាន់​ភព​ព្រះចន្ទ​នៅ​ឆ្នាំ​២០៣០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ