អានតួអត្ថបទ
ហុងកុង-សិទ្ធិសេរីភាព-ប្រជាធិបតេយ្យ

ហុងកុង នឹង​អនុម័ត​ច្បាប់ថ្មី​មួយទៀត ដើម្បី​ការពារ​សន្តិសុខ​ជាតិ

ហុងកុង នឹងអនុម័តច្បាប់ថ្មីមួយទៀត ដើម្បីការពារសន្តិសុខជាតិ។ នេះបើផ្អែកតាមការប្រកាស របស់​លោកស្រី ការី ឡាំ ប្រមុខដឹកនាំហុងកុង នៅចំពោះមុខអង្គសភាហុងកុង នៅថ្ងៃពុធទី​១២មករានេះ។ ច្បាប់សន្តិសុខថ្មីនេះ នឹងមក​បន្ថែមពីលើច្បាប់សន្តិសុខជាតិ ដែលប៉េកាំង បានដាក់កំហិតឲ្យ​ហុងកុងអនុវត្ត កាលពីខែមិថុនា ឆ្នាំ​២០២០។

លោកស្រី ការី ឡាំ ក្នុងពេលថ្លែងសន្ទរកថា ទៅកាន់អង្គសភាហុងកុង ថ្ងៃទី ១២ មករា ២០២២
លោកស្រី ការី ឡាំ ក្នុងពេលថ្លែងសន្ទរកថា ទៅកាន់អង្គសភាហុងកុង ថ្ងៃទី ១២ មករា ២០២២ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

នៅចំពោះអង្គសភាហុងកុង ដែលបាន​បើកសម័យប្រជុំលើកទី១ ក្រោយ​ការបោះឆ្នោតអាណត្តិថ្មី លោកស្រី ការី ឡាំ បានលើកឡើងថា លោកស្រីនឹងដាក់ស្នើច្បាប់សន្តិសុខជាតិមួយរបស់ហុងកុង ដោយ​អនុឡោមទៅតាម​មាត្រា ២៣ នៃច្បាប់គ្រិះរបស់ហុងកុង។ ច្បាប់សន្តិសុខជាតិថ្មីនេះ នឹងមានកំណត់បទល្មើសចំនួនជាង​៤០ ដែលពាក់ព័ន្ធនឹងចំណុចធំៗ៤ មានដូចជា បទល្មើសក្បត់ជាតិ បទល្មើសបំបែកទឹកដី បទល្មើសភេរវកម្ម និង បទល្មើសឃុបឃិតជាមួយ​បរទេស។

គួររំលឹកថា មាត្រា២៣ នៃច្បាប់គ្រិះហុងកុង ដែលប្រៀបបីដូចជា​រដ្ឋធម្មនុញ្ញហុងកុងនោះ បានចែងអំពីបទល្មើសមួយចំនួន មានជាអាទិ៍ អំពើក្បត់ជាតិ ការបំបែកទឹកដី និងការធ្វើវិទ្ធំង្សនាជាដើម។ មាត្រានេះ បានកំណត់ផងដែរ ហាមឃាត់​ក្រុមចលនានយោបាយ​បរទេស មិន​ឲ្យ​លូកដៃ​ចូលមកក្នុង​សកម្មភាពនយោបាយ​ហុងកុង និងហាមឃាត់ក្រុមនយោបាយ​ហុងកុងទាំងអស់ មិនឲ្យ​មានទំនាក់ទំនងជាមួយនឹងស្ថាប័ន​នយោបាយ​ប្រទេសផ្សេង។

សូមបញ្ជាក់ដែរថា ច្បាប់ថ្មីដែលលោកស្រី ការី ឡាំ មានបំណងអនុម័តនេះ នឹងមកបន្ថែមពីលើ​ច្បាប់សន្តិសុខជាតិចិន​ ដែលប៉េកាំងបានដាក់ឲ្យ​ហុងកុងអនុវត្ត តាំងតែពីខែមិថុនា ឆ្នាំ២០២០។ ជាច្បាប់ដែលមានខ្លឹមសារទូលំទូលាយ ហើយ​បានរារាំងរាល់ការបញ្ចេញមតិយោបល់ និងសកម្មភាពនយោបាយ​ទាំងឡាយណា ដែលរិះគន់ប្រឆាំងរដ្ឋាភិបាលកុម្មុយនីស្ត។ ប្រមាណ​ជិត​២ឆ្នាំមកនេះ ក្រុមសកម្មជន ក៏ដូចជាអ្នកនយោបាយប្រជាធិបតេយ្យហុងកុង ភាគច្រើន បើមិនត្រូវបានគេចាប់ដាក់ឃុំទេ ក៏ត្រូវភៀសខ្លួនរត់ទៅរស់នៅក្រៅប្រទេសដែរ។

ដោយ​មិន​បញ្ជាក់លំអិត អំពីខ្លឹមសារនៃច្បាប់ថ្មី ព្រមទាំង​បទល្មើសទាំង​ជាង៤០នោះថាមានអ្វីខ្លះ​ លោកស្រី ការី ឡាំ គ្រាន់តែបានអះអាងថា រដ្ឋបាលលោកស្រី នឹងរៀបចំសំណើច្បាប់ថ្មីនេះ ឲ្យ​បានរួចរាល់ នៅមុនខែមិថុនា។ ខែមិថុនា ក៏ជាពេលដែលលោកស្រី ត្រូវចប់អាណត្តិដែរ។ រហូតមកទល់ពេលនេះ លោក​ស្រីមិនទាន់បានបញ្ជាក់ទេ ថាលោកស្រីនឹងឈរឈ្មោះម្តងទៀត។ តែយ៉ាងណា លោកស្រីបានព្រលយពាក្យថា ការពិភាក្សា និងការបោះឆ្នោតលើ​សំណើច្បាប់នេះ អាចនឹងត្រូវចំណាយពេលយូរ នៅក្រោយ​លោកស្រីត្រូវចប់អាណត្តិ។ ទោះយ៉ាងណា តាមការវិភាគ សំណើច្បាប់នេះ អាចនឹងត្រូវសភាហុងកុងបោះឆ្នោតដោយគ្មានឧបសគ្គអ្វីទាំងអស់ ព្រោះសមាជិកថ្មីទាំង​៩០នាក់នៃសភានេះ គឺសុទ្ធតែជាមនុស្សស្មោះស្ម័គ្រនឹង​បក្សកុម្មុយនីស្តិចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ