អានតួអត្ថបទ
កូរ៉េខាងត្បូង

ទុក្ខសោក លាយកំហឹង នៅមួយសប្តាហ៍ក្រោយព្រឹត្តិការណ៍ប្រជ្រៀតជាន់ស្លាប់មនុស្សនៅសេអ៊ូល

នៅកូរ៉េខាងត្បូង ប្រជាជនរាប់សិបពាន់នាក់​បាន​ចូលរួមពិធីស្មឹងស្មាធ គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ​ដែល​ស្លាប់​នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នានៅ​សង្កាត់អ៊ីតៃវ៉ុន ក្នុងក្រុង​សេអ៊ូលកាលពីថ្ងៃ​សៅរ៍សប្តាហ៍មុន។ ​នៅមួយសប្តាហ៍​ក្រោយ​ហេតុការណ៍​ប្រជ្រៀតរត់ជាន់គ្នាក្នុងឱកាស​កម្មវិធីហាឡូវីន ដែលបានសម្លាប់មនុស្ស​១៥៦នាក់ គ្រួសារសាច់ញាតិ​របស់​ជនរងគ្រោះបានស្រែកទាមទាររកយុត្តិធម៌ និងការទទួល​ខុសត្រូវ​ពីសំណាក់រដ្ឋាភិបាល​កូរ៉េខាងត្បូង។

ពិធីស្មឹងស្មាធ​គោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ស្លាប់​ក្នុងហេតុការណ៍​ប្រជ្រៀតជាន់គ្នា​នៅ​សេអ៊ូល នៅថ្ងៃសៅរ៍ទី ២៩​តុលា ២០២២
ពិធីស្មឹងស្មាធ​គោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ស្លាប់​ក្នុងហេតុការណ៍​ប្រជ្រៀតជាន់គ្នា​នៅ​សេអ៊ូល នៅថ្ងៃសៅរ៍ទី ២៩​តុលា ២០២២ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

ពិធីស្មឹងស្មាធ អុជទៀន គោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែលក្ស័យ​ជីវិត​នៅក្នុង​ហេតុការណ៍ប្រជ្រៀតជាន់គ្នា នៅបុណ្យហាឡូវីន កាលពីថ្ងៃ​សៅរ៍សប្តាហ៍មុន ត្រូវបាន​រៀបចំ​ជាច្រើន​កន្លែង នៅទីក្រុង​សេអ៊ូល និង​នៅទីក្រុងធំៗរបស់​កូរ៉េខាងត្បូង ដូចជាទីក្រុង​ប៊ូសាន និង​ជេជូ (Jeju)។

នៅទីក្រុង​សេអ៊ូល ពិធីស្មឹងស្មាធដែលរៀបចំឡើង​ដោយ​ចលនា​ក្រុមពលរដ្ឋដែលមានទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រឆាំង​ មានលាយឡំដោយ​សារនយោបាយ ដែលនៅក្នុងនោះ គេឃើញមាន​បដាសរសេរ​ទាមទារឲ្យប្រធានាធិបតី​លោក យុន សុខយោល​ចុះចេញពីតំណែង។

ក្រោយហេតុការណ៍ប្រជ្រៀតជាន់គ្នា ស្លាប់មនុស្ស​១៥៦នាក់ ដែលភាគច្រើនជា​យុវជន ទុក្ខសោក​លាយកំហឹង និងការទាមទារ​រកយុត្តិធម៌​ ​ ការទទួលខុសត្រូវ​ពីសំណាក់​​អាជ្ញាធរ​ មានកាន់តែច្រើន​នៅកូរ៉េខាងត្បូង។ នៅ​ថ្ងៃសុក្រ កំហឹង​គ្រួសារ​សាច់ញាតិ​របស់​ជនរងគ្រោះបាន​ស្តែងឡើង​ នៅពេល​ស្ត្រីម្នាក់​ដែលអះអាង​ជាម្តាយ​របស់​យុវជនរងគ្រោះ បាន​ចាប់ហែកកម្ទេចកម្រងផ្កា ដែលលោកប្រធានាធិបតី និង​ចៅហ្វាយក្រុង​សេអ៊ូលបាន​យកទៅដាក់​នៅកន្លែងគោរពវិញ្ញាណក្ខន្ធ​នៅ​មុខ​សាលាក្រុងសេអ៊ូល។ “តើ​កម្រងផ្កា​មានន័យអ្វី បើ​រដ្ឋាភិបាល​មិនអាច​ការពារ​ជីវិត​កូនៗរបស់​ពួកយើង​បាន​ផងនោះ” នេះជាសំដី​របស់ម្តាយជនរងគ្រោះ មុននឹង​ត្រូវ​​ប៉ូលិស​អូសទាញចេញពី​កន្លែងប្រារព្ធពិធីបុណ្យ។

ប្រឈមនឹង​ការធ្លាក់​ចុះ​ប្រជាប្រិយភាព​ដោយសារ​សោកនាដកម្ម​ប្រជ្រៀតជាន់គ្នានៅក្នុង​បុណ្យហាឡូវីន​របស់​ក្រុមយុវជន លោកប្រធានាធិបតីយុន សុខយោល កាលពីថ្ងៃ​សុក្រ​បាន​​និយាយ​សុំទោស និង​ថា រដ្ឋាភិបាល​របស់​លោក​មាន​ការទទួលខុសត្រូវ​ដ៏ធំមួយដើម្បី​បញ្ជៀស​កុំ​ឲ្យ​មានហេតុការណ៍អាក្រក់​ដដែលនេះកើតឡើង​សាជាថ្មី។

កាលពីថ្ងៃ​សៅរ៍​សប្តាហ៍មុន មនុស្ស​ប្រមាណ១សែននាក់​បាន​ទៅប្រមូលផ្តុំ​កកកុញ នៅសង្កាត់​ រាត្រីអ៊ីតៃវ៉ុនដើម្បី​អបអរបុណ្យហាឡូវីន។ អាជ្ញាធរ​កូរ៉េខាងត្បូង​រងការរិះគន់​ថា ខកខាន​មិនបាន​ចាត់វិធានការ​គ្រប់គ្រង​ហ្វូងមនុស្ស​ ដោយបណ្តោយ​ឲ្យមនុស្ស​សម្រុកប្រជ្រៀតគ្នា​នៅតាមច្រកផ្លូវចោទតូចៗ ក្នុង​សង្កាត់អ៊ីតៃវ៉ុន់។ នៅថ្ងៃ​អង្គារ ប្រធានប៉ូលិសជាតិ​កូរ៉េខាងត្បូងនិយាយ​​ទទួលស្គាល់​ថា ប៉ូលិបាន​ទទួលព័ត៌មាន​ស្តីពីការប្រមូលផ្តុំមនុស្ស​ដ៏សំខាន់​ដែលអាច​បង្ក​ឲ្យ​មានគ្រោះថ្នាក់ នៅប៉ុន្មានម៉ោង​មុន​កើតមាន​សោកនាដកម្ម​ទៅទៀត ប៉ុន្តែ ប៉ូលិស​មិនបាន​ចាត់វិធានការគ្រប់គ្រាន់​។

ដោយសារ​តែ​គ្មាន​ម្ចាស់កម្មវិធីរៀបចំ​ផ្លូវការ និងមិនស្មានដល់​ថា នឹង​មាន​មនុស្សច្រើន​រាប់ម៉ឺននាក់​នៅបុណ្យហាឡូវីននៅ​សង្កាត់តូចចង្អៀត​អ៊ីតៃវ៉ុន ប៉ូលិស​ក្រុង​សេអ៊ូល មិនបាន​ទាមទារ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន រង្គសាល​នៅ សង្កាត់​អ៊ីតៃវ៉ុន រៀបចំផែនការ​គ្រប់គ្រង​មនុស្ស​ទៅតាម​ច្បាប់​រក្សា​សុវត្ថិភាព។ នៅថ្ងៃនោះ និង​បាន​ពង្រាយកម្លាំង​តែ​១៣៧នាក់ប៉ុណ្ណោះ ​សម្រាប់​ហ្វូងមនុស្ស​១សែន ដែលប្រជ្រៀតណែនតាន់តាប់​នៅ​ថ្ងៃបុណ្យហាឡូវីននៅសង្កាត់អ៊ីតៃវ៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ