អានតួអត្ថបទ
វៀតណាម

វៀតណាមប្តូរយុទ្ធសាស្រ្តស្តីពីអង្ករដោយចង់នាំចេញតែ ៤លានតោនក្នុងមួយឆ្នាំពីពេលនេះទៅឆ្នាំ ២០៣០

នៅ​ក្នុង​ប្រទេស​វៀតណាម រដ្ឋាភិបាល​បាន​ប្តូរ​យុទ្ធសាស្រ្ត​ថ្មី​ស្តីពី​ការ​នាំ​អង្ករ​ចេញ។ យោង​តាម​ឯកសារ​ចុះ​ថ្ងៃទី២៦ ឧសភា​ដែល​រដ្ឋាភិបាល​មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ វៀតណាម​ដែល​ជា​ប្រទេស​នាំ​អង្ករ​ចេញ​លំដាប់ទី៣ ក្នុង​លោក​ចង់​កាត់​បន្ថយ​ការ​នាំ​អង្ករ​ចេញ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០។ គោលដៅ​នៃ​បំណង​មួយ​នេះ គឺ​ដើម្បី​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​គុណភាព​អង្ករ និង​ពង្រីក​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន​សម្រាប់​ផលិតផល​ផ្សេង​ទៀត។

វៀតណាមប្តូរយុទ្ធសាស្រ្តស្តីពីអង្ករដោយចង់នាំចេញតែ ៤លានតោនក្នុងមួយឆ្នាំពីពេលនេះទៅឆ្នាំ ២០៣០
វៀតណាមប្តូរយុទ្ធសាស្រ្តស្តីពីអង្ករដោយចង់នាំចេញតែ ៤លានតោនក្នុងមួយឆ្នាំពីពេលនេះទៅឆ្នាំ ២០៣០ AFP - NHAC NGUYEN
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឆ្នាំ ២០២២ កន្លង​ទៅ វៀតណាម​បាន​នាំ​អង្ករ​ចេញ​ចំនួន ៧លាន ១សែន​តោន ពោល​ស្ថិត​នៅ​លំដាប់​ទី៣ បន្ទាប់​ពី​ប្រទេស​ឥណ្ឌា និង​ប្រទេស​ថៃ។ តែ​ចាប់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ វៀតណាម​ចង់​នាំ​អង្ករ​ចេញ​តែ ៤លានតោន​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ ការ​ចង់​កាត់​បន្ថយ​ការ​នាំ​អង្ករ​ចេញ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ហាណូយ​បញ្ជាក់​នៅ​ក្នុង​ឯកសារ​មួយ​ចុះ​ថ្ងៃទី២៦ ឧសភា​ថា គឺ​ដើម្បី​ផ្តោត​ការ​នាំ​ចេញ​តែ​អង្ករ​មាន​គុណភាព​ខ្ពស់ ដើម្បី​ធានា​សន្តិសុខស្បៀងជាតិ ដើម្បី​ការពារ​បរិស្ថាន និង​ដើម្បី​ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

តាម​យុទ្ធសាស្រ្ត​ថ្មី​របស់​រដ្ឋាភិបាល​វៀតណាម​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៥ ខាង​មុខ ការ​នាំ​អង្ករ​ចេញ​ចំនួន ៦០% នឹង​នាំ​ទៅ​កាន់​ទីផ្សារ​អាស៊ី ២២% ទៅ​កាន់​ទីផ្សារ​អាហ្រ្វិក ៧% ទៅ​កាន់​ទីផ្សារ​អាមេរិក ៤% ទៅ​កាន់​ទីផ្សារ​មជ្ឈិមបូព៌ា និង ៣% ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។ ដោយឡែក​នៅ​ឆ្នាំ ២០៣០ វៀតណាម​នឹង​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អាស៊ី​ចំនួន ៥៥% និង ៥% ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ និង​បើ​តាម​យុទ្ធសាស្រ្ត​ថ្មី​ដដែល វៀតណាម​នឹង​ផ្តើម​បង្កើន​ផលិតកម្ម​អង្ករ​ដែល​មាន​គុណភាព​ខ្ពស់ និង​ផ្តើម​កាត់​បន្ថយ​ផលិតកម្ម​អង្ករ​ដែល​មាន​គុណភាព​ទាប។

តាម​ពិត វៀតណាម​ចង់​ពង្រីក​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន​សម្រាប់​ផលិតផល​ផ្សេង​ទៀត​ក្រៅ​ពី​អង្ករ។ តែ​អ្នក​ជំនួញ​អង្ករ​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​បាន​យល់​ឃើញ​ថា យុទ្ធសាស្រ្ត​ថ្មី​របស់​រដ្ឋាភិបាល​ហាក់​ជ្រុល​បន្តិច នោះ​បើ​ទោះ​បី​ជា​ផ្ទៃដី​ដាំ​ស្រូវ​មាន​ការ​ថយ​ចុះ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ និង​មាន​ប្រជាកិសករ​ខ្លះ​បាន​ប្តូរ​ទៅ​ដាំ​ដំណាំ​ផ្លែឈើ​ផ្សេង ឬ​មួយ​ក៏​ប្តូរ​មុខ​របរ​ទៅ​ចិញ្ចឹម​បង្ការ​វិញ​ក៏​ដោយ។ ចំណែក​អ្នក​ជំនួញ​អង្ករ​ម្នាក់​ទៀត​មិន​សូវ​មាន​ជំនឿ​លើ​យុទ្ធសាស្រ្ត​ថ្មី​របស់​រដ្ឋាភិបាល​ដោយ​បញ្ជាក់​ថា ផលិតកម្ម​អង្ករ​ផ្អែក​លើ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​របស់​ទីផ្សារ ពោល​មិនមែន​លើ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ទេ។

តាម​ទិន្នន័យ​គយ​វៀតណាម ការ​នាំ​អង្ករ​វៀតណាម​ចេញ​ក្នុង​រយៈពេល ៤ខែ​ដើម​ឆ្នាំ ២០២៣ នេះ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ក្នុង​ឆ្នាំ ២០២២ កន្លង​ទៅ ចំណូល​ដែល​វៀតណាម​ទទួល​បាន​ពី​ការ​នាំ​អង្ករ​ចេញ​មាន​ទឹកប្រាក់​ចំនួន ៣ ៤៥០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ