អានតួអត្ថបទ
ចិន-អាមេរិក-សមុទ្ទចិន​ខាង​ត្បូង

អាមេរិក​និង​​ចិន​បរិហារ​គ្នា​ទៅ​វិញទៅមកថា ​វិះ​នាំ​ឱ្យ​មាន​ឧប្បត្តិហេតុ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង

ក្រោយ​ពី​បាន​ឮ​ពាក្យ​រិះគន់​របស់​អាមេរិក​ ថា​ចិន​បាន​បើក​​​យន្តហោះ​ចម្បាំង​ ហោះឆាបកាត់​មុខ​​យន្តហោះ​ស៊ើបការណ៍​អាមេរិក​ នៅ​លើ​សមុទ្ទ​ចិន​ខាង​ត្បូង ប្រកបដោយ​គ្រោះថ្នាក់​មក​ នៅថ្ងៃពុធទី ៣១​ឧសភា​២០៣នេះ ប៉េកាំង​បាន​ចង្អុល​មុខអាមេរិកវិញ​​ ​ថា​ជា​អ្នក​បង្កហេតុ​ ដែល​ជា​ប្រភព​នាំ​មាន​បញ្ហា​សន្តិសុខ​ រំលោភ​អធិបតេយ្យភាព​និង​សន្តិសុខ​ជាតិ​ចិន។

យន្តហោះ​ចម្បាំងចិន​ហោះកាត់​ចំពីមុខ​យន្តហោះ​ស៊ើបការណ៍​អាមេរិក។ រូបភាពផ្តល់​ដោយ​យោធា​អាមេរិក ថ្ងៃទី ៣០​ ឧសភា​២០២៣
យន្តហោះ​ចម្បាំងចិន​ហោះកាត់​ចំពីមុខ​យន្តហោះ​ស៊ើបការណ៍​អាមេរិក។ រូបភាពផ្តល់​ដោយ​យោធា​អាមេរិក ថ្ងៃទី ៣០​ ឧសភា​២០២៣ AP
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​ត្រូវ​តែ​បញ្ឈប់​ទង្វើ​បង្ក​ហេតុ​​ដ៏​គ្រោះថ្នាក់​ នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ភ្លាម។ នេះ​ជា​ប្រសាសន៍​របស់​លោក​ស្រី ម៉ៅ នីង អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន ដោយ​ព្រមាន​ថា ការ​បញ្ជូន​នាវា​និង​យន្តហោះ​មក​ស៊ើបការណ៍​​ចិន ជា​ញឹកញយ​និង​ក្នុង​រយៈ​ពេល​ដ៏​វែង គឺ​ជា​ការ​រំលោភ​អធិបតេយ្យភាព​និង​សន្តិសុខជាតិ​ ដែល​ចិន​​នឹង​​ចាត់​វិធានការ​ដាច់ខាត​ចាំបាច់​ដើម្បីការពារ​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ខ្លួន។

ប្រតិកម្ម​របស់​ចិន​ធ្វើ​ឡើង​ក្រោយ​ពី​យោធាអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃអង្គារ​ទី ៣០ឧសភា​ម្សិលមិញ ថា​អ្នក​បើកបរ​យន្តហោះ​ចម្បាំង​ចិន បាន​បើក​កាត់ចំពី​​មុខ​យន្តហោះ​ស៊ើបការណ៍​អាមេរិក RC-១៣៥ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ តាម​ទម្លាប់​ ​នៅលើ​សមុទ្ទ​ចិន​ខាង​ត្បូង និង​ក្នុង​ដែន​អាកាសអន្តរជាតិ​-ស្រប​តាម​ច្បាប់​អន្តរជាតិ។

បើតាម​រូបភាព​វីដេអូ​ផ្សាយ​ជា​សាធារណៈ គេ​ឃើញ​​​យន្តហោះចម្បាំងរបស់​ចិន​មួយ​គ្រឿង ហោះកាត់​មុខ​យន្តហោះអាមេរិក​ ដែល​​ញ័ររង្គើ​​យ៉ាងខ្លាំង​ ក្រោម​​ឥទ្ធិពល​នៃ​រលក​ខ្យល់​ពពកបោកបក់​ដោយ​យន្តហោះចម្បាំងចិន។ សម្រាប់​អាមេរិក ទង្វើ​​ហោះកាត់​មុខ​ចម្ងាយ​តែ​១២០ម៉ែត្រ​ពីគ្នា គឺ​ជាកាយវិការ​បែបប្រមាថ​​ឈ្លានពានដោយ​គ្មាន​ហេតុផល។

​ស្ថានភាព​​​បែប​នេះ ​អាច​នឹង​បង្កើត​ឱ្យមាន​​ឧប្បត្តិហេតុ​ និង​គ្រោះថ្នាក់​បាន ​ប្រសិនបើ​ប្រហែស​តែ​បន្តិច។ នេះ​បើតាម​អ្នកទទួល​ខុស​ត្រូវជាន់​ខ្ពស់ម្នាក់​នៃ​យោធា​​អាមេរិក​សុំ​មិនបញ្ចេញ​ឈ្មោះ ដែល​បាន​បន្ថែម​ទៀត​ថា ហានិភ័យ​គ្រោះថ្នាក់​ ប្រទះ​នឹង​យន្តហោះចិន​នៅលើ​អាកាស ​និង​នាវា​ចិននៅក្នុង​សមុទ្ទចិន​ខាង​ត្បូង​​ កើន​ឡើង​ខ្លាំងណាស់។

ឧប្បត្តិហេតុ​យន្តហោះ​ចម្បាំង​ចិន​និង​យន្តហោះស៊ើបការណ៍អាមេរិក​វិះប៉ះគ្នា ធ្លាប់​កើត​ឡើង​ម្តង​កាលពី​ខែ​ធ្នូ ដែល​កាលណោះ​យន្តហោះ​អាមេរិក​បាន​បង្ខំ​បកក្រោយ​ដើម្បី​បញ្ចៀស​ការ​បុក​ទង្គិច​គ្នា។ ការ​បរិហារ​បន្ទោស​គ្នា​នេះ ​ប្រព្រឹត្ត​ទៅ​តែ​មួយ​ថ្ងៃក្រោយ​ពី​វ៉ាស៊ីនតោនប្រកាស​​ថា​ប៉េកាំងមិន​ឱ្យ​រដ្ឋមន្ត្រីការពារ​ជាតិ​ចិន​និង​អាមេរិក​ជួប​គ្នា​នៅ​សិង្ហបុរី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ