ជប៉ុន៖នាយករដ្ឋមន្រ្តីរុះរើសមាសភាពក្នុងរដ្ឋាភិបាល ពិសេសប្តូររដ្ឋមន្រ្តីការបរទេស និងការពារជាតិ
នៅក្នុងប្រទេសជប៉ុន នាយករដ្ឋមន្រ្តីលោកហ្វូមីអូ គីស៊ីដាបានធ្វើការរុះរើសមាសភាពក្នុងរដ្ឋាភិបាលនាថ្ងៃពុធ ទី១៣ កញ្ញា។ នៅក្នុងការរុះរើនេះ មានរដ្ឋមន្រ្តីចំនួន ១៣រូបត្រូវបានប្តូរចេញក្នុងនោះក៏មានក្រសួងការបរទេស និងក្រសួងការពារជាតិដែរ។ កំណត់សម្គាល់មួយទៀតនៅក្នុងសមាសភាពរដ្ឋាភិបាលថ្មី គឺមានស្រ្តីចំនួន ៥រូប។ ការដោះដូររដ្ឋមន្រ្តីពេលនេះបានធ្វើឡើងចំពេលដែលកម្រិតប្រជាប្រិយភាពរបស់លោកហ្វូមីអូ គីស៊ីដាបានធ្លាក់ចុះខ្លាំងនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:០១
នៅក្នុងការរុះរើសមាសភាពរដ្ឋាភិបាលពេលនេះ លោកហ្វូមីអូ គីស៊ីដាបានប្តូររដ្ឋមន្រ្តីចំនួន ១៣រូបក្នុងចំណោមរដ្ឋមន្រ្តីសរុបទាំង ១៩រូប។ ក្នុងចំណោមរដ្ឋមន្រ្តីថ្មីទាំង ១៣រូបក៏មានរដ្ឋមន្រ្តីក្រសួងការបរទេស និងក្រសួងការពារជាតិផងដែរ។ រដ្ឋមន្រ្តីថ្មីក្រសួងការបទេសជាស្រ្តីឈ្មោះយ៉ូកូ កាមីកាវ៉ាមានអាយុ ៧០ឆ្នាំ។ នេះជាលើកទី១ គិតតាំងពី ១៩ឆ្នាំដែលមានស្រ្តីម្នាក់ឡើងកាន់តំណែងរដ្ឋមន្រ្តីការបរទេសនៅជប៉ុន។ លោកស្រីយ៉ូកូ កាមីកាវ៉ាគ្មានបទពិសោធន៍ក្នុងវិស័យការបរទេសទេ តែលោកស្រីធ្លាប់កាន់តំណែងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ច្រើនដងនៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០២១។
ចំណែករដ្ឋមន្រ្តីក្រសួងការពារជាតិលោកយ៉ាស៊ូកាហ្ស៊ូ ហាម៉ាដាត្រូវបានជំនួសដោយលោកមីណូរូ គីហារ៉ា។ មានអាយុ ៥៤ឆ្នាំ លោកមីណូរូ គីហារ៉ាធ្លាប់កាន់តំណែងជាលេខាសភាទទួលបន្ទុកកិច្ចការការពារជាតិពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៤ និងធ្លាប់ធ្វើជាទីប្រឹក្សាពិសេសនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខពីឆ្នាំ ២០១៩ដល់ឆ្នាំ ២០២១។ មានកំណត់សម្គាល់ចំនួនពីរនៅក្នុងសមាសភាពថ្មីក្នុងរដ្ឋាភិបាលលោកហ្វូមីអូ គីស៊ីដា ទី១ ចំនួនស្រ្តីមានសរុប ៥រូប និងទី២ ក្នុងចំណោមសមាជិករដ្ឋាភិបាលថ្មីទាំង ១៣រូប មានរហូតដល់ ១១រូបទើបចូលកាន់តំណែងរដ្ឋមន្រ្តីជាលើកទី១។
ក្រសួងដែលមិនត្រូវបានប្តូររដ្ឋមន្រ្តីមានក្រសួងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម ឬមួយក៏ក្រសួងឧស្សាហកម្ម។ ការដែលលោកហ្វូមីអូ គីស៊ីដាបានរុះរើសមាសភាពក្នុងរដ្ឋាភិបាលពេលនេះបានធ្វើឡើងក្នុងពេលដែលជប៉ុនកំពុងប្រឈមនឹងកំណើនភាពតានតឹងជាមួយចិន និងកូរ៉េខាងជើង និងចំពេលដែលជប៉ុនគ្រោងដំឡើងថវិកាការពារយ៉ាងច្រើនសម្រាប់រយៈពេលពីឆ្នាំ ២០២៣ដល់ឆ្នាំ ២០២៧។ ជាការកត់សម្គាត់មួយទៀត ការដោះដូរសមាសភាពក្នុងរដ្ឋាភិបាលបានធ្វើឡើងក្នុងពេលដែលកម្រិតប្រជាប្រិយភាពរបស់លោកហ្វូមីអូ គីស៊ីដាបានធ្លាក់ចុះខ្លាំងនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
អ៊ីចឹងហើយបានជាអ្នកជំនាញលោក Brad Glosserman មើលឃើញថា អ្វីដែលលោកហ្វូមីអូ គីស៊ីដាបានធ្វើពេលនេះមានគោលដៅស្រោចស្រង់ប្រជាប្រិយភាពរបស់ខ្លួនដើម្បីអាចជាប់ឆ្នោតអាណត្តិថ្មីជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនាការបោះឆ្នោតក្នុងឆ្នាំ ២០២៤ ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ