អានតួអត្ថបទ
វៀតណាម-គ្រឿងញៀន

វៀតណាម៖ មនុស្ស​១៨នាក់ ជាប់​ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន​ ក្នុងនោះកូរ៉េខាងត្បូង២នាក់ ចិន​ម្នាក់

យ៉ាងហោចណាស់ មនុស្ស​១៨នាក់ ត្រូវបាន​តុលាការ​វៀតណាម ប្រកាសទោសប្រហារជីវិត ពីបទជួញដូរគ្រឿងញៀន​។ នេះបើផ្អែកតាមការចុះផ្សាយ​ របស់បណ្តាញព័ត៌មាន​រដ្ឋវៀតណាម។ ក្នុងចំណោមពិរុទ្ធជន គឺមាន​ជនជាតិ​វៀតណាម១៥នាក់ ជនជាតិកូរ៉េខាងត្បូង​២នាក់ និងជនជាតិចិន១នាក់​។ មិនទាន់មានបញ្ជាក់ពីអាជ្ញាធរវៀតណាមទេ ទាក់ទិននឹងកាលបរិច្ឆេទនៃការប្រហារជីវិត។

This photo released by the Vietnam News Agency (VNA) on November 12, 2023 shows defendants (L, in blue) standing during their trial for drug trafficking in Ho Chi Minh. Two South Koreans were among 18
រូបភាពផ្តល់​ឲ្យដោយ​ Vietnam News Agency (VNA) ថ្ងៃទី​១២​វិច្ឆិកា​២០២៣ តុលាការក្រុងហូជីមិញ ប្រកាសសាលក្រមកាត់ទោសប្រហារជីវិត​ជនជាប់ចោទទាំង​១៨នាក់ ពីបទជួញដូរគ្រឿងញៀន។ AFP - -
ផ្សាយពាណិជ្ជកម្ម

យោងតាមគេហទំព័រព័ត៌មាន ​Cong an Nhan dan ឆ្លងកាត់សវនាការរយៈពេល៤ថ្ងៃ នៅ​ក្រុងហូជីមីញ ពិរុទ្ធជនទាំង​១៨នាក់ ត្រូវបាន​តុលាការ​វៀតណាម​ ប្រកាសទទួលស្គាល់ថាបាន ស្តុកទុកដោយ​ខុសច្បាប់ ព្រមទាំង​ចរចាលក់ចែកចាយ នូវគ្រឿងញៀនចំនួន​២១៦គីឡូក្រាម រវាងពីខែឧសភា ដល់ខែមិថុនា​ ឆ្នាំ​២០២០។

ពិរុទ្ធជនទាំងអស់១៨នាក់ ដែលជាប់ទោសប្រហារជីវិត គឺមាន​ជនជាតិបរទេស​៣នាក់។ ជនជាតិកូរ៉េខាងត្បូង​២នាក់ ម្នាក់ឈ្មោះ Kim Soon Sik អាយុ៦៣ឆ្នាំ ជាអតីតនគរបាល​កូរ៉េខាងត្បូង និងម្នាក់ទៀត ឈ្មោះ kang Seong hok អាយុ៣០ឆ្នាំ។ ចំណែកពិរុទ្ធជនជា​ជន​ជាតិចិនវិញ ឈ្មោះ Li Tian Guan អាយុ​៥៨ឆ្នាំ​ ដែលត្រូវសមត្ថកិច្ច​វៀត​ណាម​ជឿថា គឺជាមេក្រុម​ជាប់ចោទក្នុងសំណុំរឿងនេះ​។

សូមរំលឹកថា កាលពីខែកក្កដាកន្លងទៅ សមត្ថកិច្ចវៀតណាមនៅក្រុងហូជីមិញ បានបើក​ប្រតិបត្តិការចុះចាប់​ និងឆែកឆេរមុខសញ្ញា​កុងទ័រនឺដឹកទំនិញជាច្រើនគ្រឿង។ យ៉ាងហោចណាស់ គ្រឿងញៀនចម្រុះច្រើន​ប្រភេទ ទម្ងន់ប្រមាណ​១៦៨គីឡូក្រាម ត្រូវបានសមត្ថកិច្ច​វៀតណាមរឹបអូសបានជាវត្ថុតាង ក្នុងពេលនោះ​។ ផ្អែកតា​មប្រភពបណ្តាញ​ព័ត៌មានវៀតណាមដដែល គឺគ្រឿងញៀនទាំងនេះ ត្រូវបាន​ក្រុមជនជាប់ចោទ ដឹកយកមកពីប្រទេសកម្ពុជា ឆ្ពោះមកកាន់​ទីក្រុងហូជីមីញ។ មួយផ្នែកនៃគ្រឿងញៀននេះ ត្រូវបានប្រើប្រាស់អស់ខ្លះនៅហូជីមិញ ចំណែក​មួយផ្នែកទៀត ត្រូវគេគ្រោង​​បញ្ជូនចេញទៅកាន់កូរ៉េខាងត្បូង​។

គួរបញ្ជាក់ថា វៀតណាមគឺជាប្រទេសមួយ​ក្នុងចំណោមប្រទេសមួយចំនួន ដែលមានច្បាប់តឹងតែងបំផុត ទាក់ទិននឹងការ​ជួញដូរគ្រឿងញៀន។ អ្នកកាន់កាប់​គ្រឿងញៀន ប្រភេទហូរ៉ូអ៊ីន ចាប់ពី៦០០ក្រាមឡើងទៅ ឬ ប្រភេទម៉េតំហ្វេតាមីន ចាប់ពី២,៥គីឡូក្រាមឡើងទៅ គឺអាចប្រឈមនឹងទោសប្រហារជីវិតនៅវៀតណាម។ យោងតាមតួលេខផ្លូវការ​របស់អាជ្ញាធរវៀតណាម កាលពីឆ្នាំ​២០១៧ បានកាត់ទោសប្រហារជីវិតមនុស្ស​៧នាក់ ពីបទជួញដូរគ្រឿងញៀនទៅ​កាន់​ប្រទេសចិន​។​

ផ្អែកតាម​ អង្គការ Death Penalty Information Center មនុស្ស​យ៉ាងហោច​១០០នាក់ ត្រូវបាន​តុលាការវៀតណាម​​ កាត់ទោសប្រហារជីវិត កាលពីឆ្នាំ​២០២២​ ដោយ​ផ្អែកលើបទល្មើសផ្សេងៗ។ កាលពីឆ្នាំ​២០២១ របាយការណ៍​អង្គការ​ Amnesty International បាន​រិះគន់​ប្រព័ន្ធយុត្តិធម៌វៀតណាម ដែល​មានលក្ខណៈបិទជិតយ៉ាងសម្ងាត់ និង​គ្មានតម្លាភាព ទាក់ទិននឹងការកាត់ទោសប្រហារជីវិតមនុស្ស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ