អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច

ទីភ្នាក់ងារ​ Moody’s ទាញទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចចិន ពី “មានលំនឹង” ធ្លាក់​មក “អ​វិជ្ជមាន”

បញ្ហាបំណុល​នៅក្នុងប្រទេសចិន កំពុងតែបង្កឲ្យ​មានការព្រួយបារម្ភជាខ្លាំង អំពីវិបត្តិសេដ្ឋកិច្ច​របស់ប្រទេស​​មហា​យក្ស​​នេះ​​​។ នៅថ្ងៃអង្គារទី៥ធ្នូ ​ទីភ្នាក់​ងារ​ Moody’s ដែលជាអ្នក​វាយតម្លៃ​ចំណាត់​ថ្នាក់​​សេដ្ឋកិច្ច ជាទីទុកចិត្ត​​ បានទម្លាក់​ការរំពឹងទុក នៃការផ្តល់ពិន្ទុលើ​សេដ្ឋកិច្ចចិន​ ពី​ “ស្ថិរភាព”​ ធ្លាក់​មក​នៅ​ “ភាពអវិជ្ជមាន”​ វិញ។

FILE PHOTO: An Evergrande sign is seen near residential buildings at an Evergrande residential complex in Beijing, China September 27, 2023. REUTERS/Florence Lo/File Photo
ផ្លាកយីហោក្រុមហ៊ុន Evergrande នៅខាងមុខសំណង់អគារ ក្នុង​ក្រុងប៉េកាំង។ ប៉េកាំង ថ្ងៃទី ២៧ កញ្ញា ២០២៣ REUTERS - FLORENCE LO
ផ្សាយពាណិជ្ជកម្ម

ទី​ភ្នាក់ងារ​ Moody’s បានបញ្ជាក់​ឲ្យដឹងថា​​ ការសម្រេចចិត្ត​​ទាញ​ទម្លាក់​ការព្យាករណ៍សេដ្ឋកិច្ចចិន ពី​ “ស្ថិរភាពមាន​លំនឹង” ធ្លាក់​មក​ “អវិជ្ជមាន” នេះ គឺដោយសារតែមានកត្តាមួយចំនួន ដែល​ធ្វើ​ឲ្យ​គេបារម្ភ​។ រដ្ឋាភិបាលចិន និង​វិស័យ​សាធារណៈ​ចិន បាន​បន្ត​ចាក់បញ្ចូល​សាក់ប្រាក់យ៉ាងច្រើន ទៅកាន់​រដ្ឋបាល​តំបន់ និង​ក្រុមហ៊ុនរដ្ឋ ដែលកំពុងតែជួបការលំបាកហិរញ្ញវត្ថុ​ខ្លាំង ដែលប្រការនេះហើយ ដែល​​ធ្វើ​ឲ្យ​គេបារម្ភអំពី​បញ្ហាកើនបំណុល​។ ទីភ្នាក់ងារ Moody’s លើកឡើងថា ជំនួយហិរញ្ញវត្ថុដ៏សន្ធឹក​​របស់រដ្ឋចិន ចាក់បញ្ចូលទៅលើវិស័យសេដ្ឋកិច្ចបែបនេះ វាស្តែងឲ្យឃើញថា​ កំណើនសេដ្ឋកិច្ចចិន​ទន់ខ្សោយ ព្រមទាំងបញ្ហាវិបត្តិក្នុងវិស័យ​អចលនទ្រព្យ​ផង​។

ក្រោយ​ការសម្រេច​ទាញទម្លាក់ការព្យាករណ៍ ពី​សំណាក់​ទីភ្នាក់ងារ Moody’s នេះ ក្រសួង​ហិរញ្ញវត្ថុចិន បានបង្ហាញការខកចិត្តជាខ្លាំង ដោយ​​បានធានា​អះអាងថា រដ្ឋាភិបាល​​ចិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតប ដោះស្រាយ លើការលំបាក​ដែលចិនប្រឈម។ ក្រសួងចិននេះ​​បានចាត់ទុក​ថា ការព្រួយ​បារម្ភរបស់ទីភ្នាក់ងារ Moody’s គឺជាការ​បារម្ភ​គ្មានមូលដ្ឋាន​។

សូមបញ្ជាក់ថា ប្រមាណ​៣ឆ្នាំមកហើយ ដែលវិស័យ​អលចនទ្រព្យចិន ជួបការលំបាក់ខ្លាំង។ វិស័យ​នេះ ធ្លាប់ជា​សសរគ្រិះមួយដ៏សំខាន់​នៃកំណើន​សេដ្ឋកិច្ច​ចិន ពោលគឺតំណាង​ឲ្យ​ ប្រមាណ​​ជា​១ភាគ៤ នៃចំណូលដុលក្នុងស្រុក​ (PIB) របស់ចិន​។ មិនត្រឹមតែប៉ុណ្ណោះទេ វាជាប្រភពចំណូលដ៏ធំ សម្រាប់​សមូហភាព​រដ្ឋបាលមូលដ្ឋានចិន​។ ដើម្បី​ផ្តល់សន្ទុះដល់​វិស័យ​អចលនទ្រព្យ រដ្ឋបាលកណ្តាល​ចិន ពិតជាបាន​ចាត់វិធានការ ផ្តល់ជំនួយហិរញ្ញវត្ថុ​ យ៉ាងច្រើនសន្ធឹក ក្នុងរវាងប៉ុន្មានខែមកនេះ តែនៅតែគ្មានលទ្ធផល​វិជ្ជមាន​។

គួរកត់សំគាល់ថា ក្នុងឆ្នាំ​២០២៣នេះ ចិន​បាន​ដាក់កម្មវត្ថុ​ រំពឹងថា​សេដ្ឋកិច្ច​ខ្លួននឹងមានកំណើន ចំនួន​៥%។ តែកម្មវត្ថុនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចជឿថា ចិនពិបាកនឹងសម្រេចបានណាស់​ ដរាបណាគ្មានផែន​ការ​ផ្តល់សន្ទុះសេដ្ឋកិច្ច​ ទ្រង់ទ្រាយធំទេនោះ​។

សូមរំលឹកថា កាលពីឆ្នាំ​ទៅមិញ សេដ្ឋកិច្ចចិន មានកំណើន​ចំនួន​៣% ពោលគឺតិចជាងការរំពឹងទុក ដែលមាន​ ៥,៥%។ ក្រោយចេញពីវិបត្តិកូវីដ១៩ សេដ្ឋកិច្ចចិនបានដើរយឺតខ្លាំងបំផុត មិនធ្លាប់មាន​។ ដោយសារតែ​បញ្ហាបំណុល ក្នុងវិស័យអចលនទ្រព្យ ចាប់តាំងពី​ឆ្នាំ​២០២០មក​ រដ្ឋាភិបាលចិនបាន​រឹតបន្តឹងលក្ខខណ្ណជាច្រើន ក្នុងការទទួលបាន​កម្ចីឥណ្ឌទាន​ជាសម្ព័ន្ធ​។ បញ្ហាកាន់តែធ្ងន់ធ្ងរទៀត បន្ទាប់ពីអណាចក្រក្រុមហ៊ុន​អលចនទ្រព្យចិន ឈ្មោះ Evergrande បានជួបវិបត្តិស្ទើតែក្ស័យធនដួលរលំ។ ក្រុមហ៊ុននេះ​មានពេល​ដល់ខែ​មករាឆ្នាំក្រោយ ដើម្បីបង្ហាញ​ផែន​ការ​ហិរញ្ញវត្ថុថ្មី ឈានទៅ​រៀបចំស្តារសកម្មភាពឡើងវិញ ពុំនោះទេ​នឹងត្រូវអាជ្ញាធរប្រកាសក្ស័យធនជាស្ថាពរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ