អានតួអត្ថបទ
សិង្ហបុរី-នយោបាយ

នៅសិង្ហបុរី នាយករដ្ឋមន្ត្រីថ្មី លោក ឡរ៉ែនស៍ វ័ង ចូលកាន់តំណែងជាផ្លូវការ ក្នុងថ្ងៃពុធនេះ

វ័យ​៥១ឆ្នាំ នាយករដ្ឋមន្ត្រីសិង្ហបុរី​​ថ្មី លោក ឡរ៉ែនស៍ វ័ង ចូល​កាន់តំណែង នៅ​ថ្ងៃទី​១៥ ឧសភា។ ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុនិងទទួល​ការ​បណ្តុះ​បណ្តាល​នៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីថ្មីរបស់​សិង្ហបុរី​ ធ្លាប់​​មាន​ស្នាដៃ​ខ្លាំង ក្នុងការ​ដឹកនាំ​យុទ្ធនាការទប់​ទល់​នឹង​​ជំងឺ​កូវីដ១៩ នាពេលកន្លងទៅ។ ក្នុង​ប្រវត្តិសាស្ត្រសិង្ហបុរី​​ឯករាជ្យ ៥៩ឆ្នាំ លោក​គឺជានាយករដ្ឋមន្ត្រី​ទី២ ដែល​គ្មាន​ជាប់​សាច់ញាតិគ្រួសារ​​វង្សត្រកូល​ លី។​ តើ​ លោក ឡរ៉ែនស៍ វ័ង មាន​ប្រវត្តិរូប​ដូចម្តេច​ខ្លះ​? ​​ ​

វ័យ៥១ឆ្នាំ នាយករដ្ឋមន្ត្រីសិង្ហបុរីថ្មី លោក ឡរ៉ែនស៍ វ័ង ចូលកាន់តំណែង នៅថ្ងៃទី១៥ ឧសភា។
វ័យ៥១ឆ្នាំ នាយករដ្ឋមន្ត្រីសិង្ហបុរីថ្មី លោក ឡរ៉ែនស៍ វ័ង ចូលកាន់តំណែង នៅថ្ងៃទី១៥ ឧសភា។ AFP - JULIEN DE ROSA
ផ្សាយពាណិជ្ជកម្ម

លោក ឡរ៉ែនស៍ វ័ង ឈ្មោះដើម ហ័ង ឈ្វីងឆៃ បានធ្លាប់​​លើកឡើង ​​ថា​លោក​ព្រមទទួល​តំណែង​នាយករដ្ឋមន្ត្រី ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ និងដោយ​ភាព​អៀន​ខ្មាស​បន្តិច​ផង ព្រោះ​មុខ​តំណែងនេះ ជាអម្រែក​ករណីកិច្ច​និងការ​ទទួល​ខុសត្រូវ​ដ៏ធំធេង​។​ ក៏ប៉ុន្តែ លោក​បាន​សន្យាប្តេជ្ញា​ថា​នឹងលះបង់​គ្រប់​យ៉ាង​ដើម្បីសម្រេចការងារជា​កាតព្វកិ​ច្ច​។​

នាយករដ្ឋមន្ត្រីសិង្ហបុរី​ថ្មីនេះ ត្រូវគេ​ចាត់ទុកថា ជាអ្នក​ជំនាញ​សេដ្ឋកិច្ច និងជាអ្នក​តស៊ូរៀន​សូត្រ​។ ក្រោយ​បញ្ចប់​ការ​បណ្តុះបណ្តាល​នៅ​សហរដ្ឋអាមេរិក លោកបាន​​ចូលបម្រើការ​ងារ​រដ្ឋ​ នៅក្រសួង​ពាណិជ្ជកម្ម​ បន្ទាប់មក ធ្វើ​ជា​នាយកប្រតិបត្តិ​អាជ្ញាធរ​ទីផ្សារ​ថាមពល ហើយនិង​ជា ជំនួយ​ការផ្ទាល់​នាយករដ្ឋមន្ត្រី​។ លោក​បាន​ចូលប្រលូក​ក្នុង​ជីវិត​នយោបាយ​ជ្រៅ​មែន​ទែន​​ នៅ​ឆ្នាំ​២០១១ ដោយ​ត្រូវ​តែងតាំង​ជាមនុស្ស​សំខាន់​ នៅ​ ធនាគារ​កណ្តាល​សិង្ហបុរី​។​ ពេល​ជំងឺ​សកល​​កូវីដ​១៩រាតត្បាតខ្លាំង​នៅក្នុង​ឆ្នាំ២០២០ ​ លោក​ ​ឡរ៉ែនស៍ វ័ង ជាមនុស្ស​ប​ង្គោល​ក្នុង​ការ​ដឹកនាំ​យុទ្ធនាគារ​ទប់​ស្កាត់​ការឆ្លងរាលដាល​ជំងឺ។​ ១ឆ្នាំបន្ទាប់ លោក​ទទួល​ការតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​។ ​១ឆ្នាំ​ក្រោយ​មកទៀត​ ជា​ឧបនាយករដ្ឋមន្ត្រី​ នៅឆ្នាំ២០២២ ស្របពេល​ដែល​ថ្នាក់ដឹកនាំប្រទេសនិង​គណបក្ស​សកម្មភាពប្រជាជន People's Action Party (PAP) ​​ បាន​សម្រេច​ចាត់តាំង​រូប​លោក​ជា​អ្នក​បន្តវេន ​ត្រូវ​ស្នង​តំណែង​ប្រមុខរដ្ឋាភិបាល​។​

ជាអ្នក​និយមកាន់ជំនឿគ្រិស្តសាសនា លោក ឡរ៉ែនស៍ វ័ង ជាមនុស្ស​ស្រឡាញ់​សត្វឆ្កែ ​ ជាអ្នកងប់​នឹង​សៀវភៅ​ និងមាន​​ជំនក់​ចិត្ត​នឹង​ភ្លេង​តន្ត្រី។ លោកស្រឡាញ់​ភ្លេង​តាំងពីក្មេងវ័យ​។​ ពេល​អាយុ​៨ឆ្នាំ ​ឪពុក​បាន​ផ្តល់​អំណោយ​ហ្គីតា១ទៅ​លោក​​​។​

ប្រសូត្រ​នៅឆ្នាំ​១៩៧២ ក្នុង​គ្រួសារ​កម្រិតជីវភាព​សាមញ្ញ​ ឪពុក​ជា​អ្នកលក់ដូរ ម្តាយ​ជាគ្រូ​បង្រៀន​បឋមសិក្សា​។ កាលពី​យុវភាព ខណៈពេល​ដែល​កូន​ចៅ​អភិជនរៀន​នៅ​សាលា​ល្បីៗ​នៅអាមេរិក និង​អង់គ្លេស ដូចជា Harvard, Oxford ឬ Cambridge ផ្ទុយទៅវិញ​ លោក ឡរ៉ែនស៍ វ័ង រៀន​នៅសាលា​ធម្មតាៗ​ក្នុងស្រុក ដែល​លោកបញ្ជាក់​ថា ចង់នៅ​ជិតផ្ទះ ជិត​មិត្តភក្តិ។ នេះបើតាម​អ្វី​ដែល​ លោក ឡរ៉ែនស៍ វ័ង  ធ្លាប់​បាន​ផ្តល់​សម្ភាសឲ្យ​សារព័ត៌មាន នាពេល​កន្លងទៅ​​។ ពេល​​ចូល​ថ្នាក់មហាវិទ្យាល័យ លោក​ក៏​បាន​​ជ្រើសរើសទៅរៀន​ជំនាញ​សេដ្ឋកិច្ច​នៅ​សកល​វិទ្យាល័យ​ Wisconsin–Madison នៅ​សហរដ្ឋអាមេរិក ហើយ​លោក​ក៏មានសញ្ញាបត្រ​​អនុបណ្ឌិត រដ្ឋបាល​​សាធារណៈ ពីសាលា​អាមេរិក​ Harvard Kennedy School ​ដ៏ល្បីល្បាញ។​

តាំងពី​បុរីរដ្ឋ​សិង្ហបុរី​ ទទួល​ឯករាជ្យ​ ឆ្នាំ១៩៦៥ លោក ឡរ៉ែនស៍ វ័ង ជា​នាយករដ្ឋមន្ត្រី ជំនាន់​ ទី​៤  ហើយ​និងជា​ប្រមុខ​រដ្ឋាភិបាល ទី២​​ ដែល​គ្មាន​ជាប់​ឈ្មោះ​វង្សត្រូកូល​ លី។ ហេតុ​ដូច្នេះ​ហើយ ទើប​លោក​ត្រូវ​តែ​ប្រឹងប្រែង​ខ្លាំងសម្បើម​ណាស់ ដើម្បី​បង្កើន​មូលដ្ឋាន​គ្រឹះក្នុងរជ្ជកាល​ដឹកនាំ​របស់​ខ្លួន។​ ​

បើតាម​អ្នកជំនាញ​កិច្ចការ​​សិង្ហបុរី លោក ឡរ៉ែនស៍ វ័ង ​អាច​នឹងមាន​សិល្បៈ​ដឹកនាំ​ប្រទេស ខុសប្លែក​ពី​នាយករដ្ឋមន្ត្រី​ លី សៀនឡុង។ លោក​ លី សៀនឡុង​ ​ដែល​ចង់ឲ្យ​គេគោរព​កោតខ្លាច ជាង​ឲ្យ​គេ​ស្រឡាញ់។ ទោះយ៉ាងណា​ក្តី ឧបសគ្គ​ប្រឈម​ធំទី១​របស់​លោក ឡរ៉ែនស៍ វ័ង ​ត្រូវ​ដឹកនាំ​គណបក្សកាន់អំណាច​​និង​ប្រទេសជាតិ​ ​ដែល​កំពុង​រង​រឿង​អាស្រូវ​ពុក​រលួយ​ ក្នុង​ជួរ​រ​ដ្ឋាភិបាល​ដែល​ធ្លាប់​អួត​ថា​គ្មាន​អំពើ​ពុករលួយ​។ ដ្បិតថា អ្នក​តំណាងរាស្ត្រ​២នាក់បាន​លាចុះ​ពី​តំណែង​​និងរដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន បានជាប់ចោទប្រកាន់​ក្នុងសំណុំ​រឿង​ពុករលួយ។ ម្យ៉ាង​ទៀត​ លោក​នាយករដ្ឋមន្ត្រីថ្មី ក៏​ត្រូវ​​ប្រឈម​​នឹងការ​រៀបចំ​បោះឆ្នោត​ជាតិ ដែល​បាំង​តែ​ ជាង​១​ឆ្នាំ​ប៉ុណ្ណោះ​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ