អានតួអត្ថបទ
អង់់គ្លេស-អន្តោប្រវេសន៍

អង់គ្លេស​បើ​ក​សវនា​ការ​កាត់ទោស​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​អន្តោប្រវេសន៍​ស្លាប់​ក្នុង​ឡានកាមីញ៉ុង

មួយ​ឆ្នាំក្រោយ​ការ​រក​ឃើញ​សាកសព​អន្តោប្រវេសន៍​វៀតណាម​៣៩នាក់​ក្នុង​ឡាន​កាមីញ៉ុង​ នៅ​ក្បែរ​ទីក្រុង​ឡុងដ៍មក អង់គ្លេស​បាន​បើក​សវនាការ​ នៅ​ថ្ងៃចន្ទ​ទី ៥ តុលា​ ២០២០ កាត់​ទោស​បុរស​៤​នាក់។ កាលពី​ខែ​កញ្ញា វៀតណាម​ក៏​បាន​​កាត់ទោស​មនុស្ស​៧​នាក់​ដែរ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ។

ឡាន​កាមីញ៉ុង​ដែល​មាន​ដឹក​អន្តោប្រវេសន៍​វៀតណាម​៣៩នាក់​ ស្លាប់​ដោយ​ថប់​ដង្ហើម កាលពី​ថ្ងៃទី ២៣​តុលា ២០១៩
ឡាន​កាមីញ៉ុង​ដែល​មាន​ដឹក​អន្តោប្រវេសន៍​វៀតណាម​៣៩នាក់​ ស្លាប់​ដោយ​ថប់​ដង្ហើម កាលពី​ថ្ងៃទី ២៣​តុលា ២០១៩ © AFP
ផ្សាយពាណិជ្ជកម្ម

តុលាការ​ឧក្រិដ្ឋកម្ម​ Old Bailey នៅ​ទីក្រុង​ឡុងដ៍​បាន​បើក​សវនាការ​កាត់ទោស​ជនបួន​នាក់ អាយុ​២៣ដល់​៤៣​ឆ្នាំ ពី​បទ​សម្លាប់​មនុស្សដោយ​អចេតនា និង​ពី​បទបាន​​ជួយ​ឱ្យ​មាន​បណ្តាញ​អន្តោប្រវេសន៍​ខុស​ច្បាប់។ ប៉ុន្តែ​ជនជាប់​ទាំង​អស់ បាន​បដិសេធ​ទាំង​ស្រុង​ចំពោះ​បទ​ចោទ​ប្រកាន់​នេះ។

ចំណែក​ជនជាប់​ចោទ​សំខាន់​ជាង​គេ គឺ​អ្នក​បើកបរ​ឡាន​កាមីញ៉ុង ឈ្មោះ Maurice Robinson រស់នៅ​​អៀរឡង់ខាង​ជើង ​និង​ជនជាតិ​អៀរឡង់​ម្នាក់​ទៀត ដែល​ជាប់​សង្ស័យ​ថា​ជា​អ្នក​រៀបចំ​​បណ្តាញ​​​ដឹក​ជញ្ជូនចលនា​ជួញដូរ​មនុស្ស​ នឹង​ត្រូវតុលាការ​សម្រេច​​ទោស​នៅ​ក្នុង​​អង្គ​សវនាការ​ជំនុំ​ជម្រះ នៅ​លើ​ក្រោយ។​​

ក្នុង​សំណុំ​រឿង​តែមួយនេះ នៅប្រទេសវៀតណាម តុលាការ​ក្រុង​ហាទិញ ក៏​បាន​បើក​សវនាការ​ រួច​ហើយ កាលពី​ថ្ងៃចន្ទ​ ទី ១៤កញ្ញា ២០២០ កាត់​ទោស​ជន៧​នាក់​ពី​បទ​​រត់​ពន្ធ​ជួញ​ដូរ​មនុស្ស​រហូត​ដល់​បាត់​ជីវិត។ ជន​ជាប់​ចោទ​បួន​នាក់ អាយុ​ពី២៦ទៅ​៣៦ឆ្នាំ ឱ្យ​ជាប់​ពន្ធនាគារ ទៅ​តាមទម្ងន់​ទោស​ម្នាក់ ពី ២​ឆ្នាំកន្លះ​ទៅ ៧ឆ្នាំកន្លះ។ បី​នាក់​ផ្សេងទៀត ត្រូវ​ជាប់​ទោស​ដែរ​តែ​​នៅ​ក្រៅ​ឃុំ​​។

សវនាការកាត់​ទោស​ ​នៅ​អង់គ្លេស និង​វៀតណាម នេះ​ជា​ការ​វែក​បង្ហាញ​ឱ្យ​ឃើញ​អំពី​គ្រោះ​ថ្នាក់​នៃ​អន្តោប្រវេសន៍​ខុស​ច្បាប់​ ដែល​ក្រុម​​ជួញ​ដូរ​មនុស្ស​បាន​ឆ្លៀត​យក​ចំណេញ​ពី​ជន​ចង់ធ្វើ​អន្តោប្រវេសន៍​ដើម្បី​ជីវភាព​។ តែ​ជា​ញឹកញយ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ច្រើន​តែ​ធ្លាក់​ក្នុង​អន្លង់​គ្រោះ​ថ្នាក់ មា​ន​ស្ថាភាព​ស្ទើរ​ដូច​​​ទាសករ ក្នុង​ហាង​កាត់​ក្រចក​ ឬ​ក្នុង​ចំការ​កញ្ឆា​ នៅ​អង់គ្លេស។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី ២៣​តុលា ឆ្នាំ​២០១៩ ប៉ូលិស​អង់គ្លេស​បាន​រក​ឃើញ​សាកសព​មនុស្ស​ប្រុស​៣១នាក់ ស្ត្រី​៨នាក់ ក្នុង​នោះ​ពីរនាក់​ជា​ក្មេង​ជំទង់​អាយុ​១៥​ឆ្នាំ ស្លាប់ដោយ​ថប់​ដង្ហើម​​ក្នុង​ឡាន​កាមីញ៉ុង​ ចត​ចោល​ទៅ​តំបន់​ឧស្សាហកម្ម ប៉ែក​ខាង​កើត​ក្រុង​ឡុងដ៍។ ឡាន​កាមីញ៉ុង​ដឹក​ទំនិញមានបំពាក់ម៉ាស៊ីន​ត្រាំជាក់ ​នេះ ធ្វើ​ដំណើរចេញ​មក​ពី​កំពង់ផែ Zeebruges ​ប៊ែលហ្សិក។ ជន​រងគ្រោះ​ទាំង​៣៩​នាក់ ​ជាជន​ជាតិ​វៀតណាមមានដើមកំណើត​​នៅ​ក្នុង​តំបន់​ក្រីក្រ​ភាគ​កណ្តាលនៃ​ប្រទេស​វៀតណាម។

ក្រៅ​ពី​អង់គ្លេស​និង​វៀតណាម ដែល​ជា​ប្រទេស​ពាក់​ព័ន្ធផ្ទាល់ បារាំង​និង​ប៊ែលហ្សិក​ក៏​បាន​បើក​អង្កេតនិង​​ធ្វើ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​១៣​នាក់ ​បន្ទាប់​ពី​មាន​ប្រតិបត្តិការ​របស់​ប៉ូលិស​អន្តរជាតិ​ សម្របសម្រួល​ដោយ​ស្ថាប័ន​អន្តរអឺរ៉ុប។ ហើយ​សវនាការ​នៅ​អង់គ្លេស​នេះ ​ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែលអង់គ្លេស​កំពុង​ប្រឈមនឹង​រលក​អន្តោប្រវេសន៍​ខុស​ច្បាប់​ប៉ុនប៉ង​ឆ្លង​សមុទ្ធ​​​ទៅ និង​ចំពេល​ដែល​​រដ្ឋាភិបាលក្រុង​ឡុងដ៍​ទើប​បាន​ប្រកាស​ នៅ​ថ្ងៃអាទិត្យ​ទី ៤​តុលា ២០២០ ស្តារ​ប្រព័ន្ធ​សុំ​សិទ្ធិ​ជ្រកកោន​​នៅអង់គ្លេស​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​មិន​បាន​លម្អិត​ថា​នឹង​មានការ​ប្រែប្រួល​ក្នុង​ទម្រង់​ណា​ឡើយ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ