អានតួអត្ថបទ
អង់គ្លេស-កូវីដ១៩

ដោយ​ហេតុ​កូវីដ១៩ អង់គ្លេសនឹង​​កាត់​បន្ថយ​ជំនួយ​អភិវឌ្ឍន៍ដល់ប្រទេសក្រីក្រ

បើ​ទោះ​បី​ជាមាន​សំឡេង​អំពាវនាវ យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ កុំ​ឱ្យមើលរំលង​​ប្រទេស​ក្រីក្រ​នៅ​លើ​ពិភពលោក​យ៉ាង​ណា​ក៏​ដោយ ក៏​អង់គ្លេស​បាន​អារ​កាត់​សេចក្តី​​ នៅ​ថ្ងៃពុធ​ទី ២៥​ វិច្ឆិកា ២០២០ ​ប្រកាស​កាត់​បន្ថយ​ជំនួយ​អភិវឌ្ឍន៍​ របស់​ខ្លួន ចាប់​ពី ឆ្នាំ ក្រោយ​ទៅ។ រដ្ឋាភិបាល​អង់គ្លេស សម្រេច​ចិត្ត​បែប​នេះ ក៏​ព្រោះ​តែ​ប្រទេស​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់​ធ្ងរ បង្ក​ឡើង​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩។ អង់គ្លេស​សន្យា​នឹង​បង្កើន​ជំនួយ​អភិវឌ្ឍន៍​វិញ នៅ​ពេ​ល​ស្ថានភាព​ហិរញ្ញវត្ថុ​បាន​ប្រសើរ​ឡើង។

នាយករដ្ឋមន្ត្រី​អង់គ្លេស​ Boris Johnson និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Rishi Sunak
នាយករដ្ឋមន្ត្រី​អង់គ្លេស​ Boris Johnson និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Rishi Sunak Leon Neal/Reuters
ផ្សាយពាណិជ្ជកម្ម

“ក្នុង​ដំណាក់កាល​ដែល​ប្រទេសកំពុង​ធ្លាក់ក្នុង​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​សេចក្តីសម្រេចចិត្ត​ដ៏​លំបាកមួយ គឺ​បង្ខំ​ចិត្ត​បញ្ចុះ​ជំនួយ​អភិវឌ្ឍន៍​ មក​ត្រឹម​ ០,៥%​នៃចំនូល​​ជាតិ ទល់​នឹង​០,៧%កាលពី​ឆ្នាំៗ​មុន” ពោល​គឺ​ជំនួយ​អភិវឌ្ឍន៍នៅឆ្នាំ​ក្រោយ​​នឹង​មាន​ទំហំ​ប្រមាណ​ ១១​ពាន់​លាន​អឺរ៉ូ ទល់​នឹង​ទម្លាប់​ពី​មុន ជាង១៦​លានអឺរ៉ូ។ ​នេះ​ជា​ប្រសាសន៍​របស់​លោក Rishi Sunak ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស​ទៅ​កាន់​អង្គសភា។

 

សម្រាប់​លោក​រដ្ឋមន្ត្រី វិបត្តិ​កូវីដ​១៩ បាន​ធ្វើ​ទាញ​ទម្លាក់​ស្ថានភាព​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​អង់គ្លេសឱ្យ​ធ្លាក់​ដុន​ដាប​ខ្លាំង​ណាស់។ ផលិតផល​សរុប​ក្នុង​ស្រុក បាន​ដាំក្បាលចុះ​អស់​១១,៣%​នៅ​ឆ្នាំ​២០២០។ កំណើន​សេដ្ឋកិច្ច​អាច​នឹង​កើន​ឡើង​វិញ​ចំនួន ៥,៥%​នៅ​ឆ្នាំ​២០២១ និង​៦,៦%​នៅ​ឆ្នាំ​២០២២។ មាន​ន័យ​ថា​គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​២០២២ ទើប​សេដ្ឋកិច្ច​​អង់គ្លេសអាច​​វិល​មកភាពធម្មតា​ស្មើ​​ស្ថានភាពមុន​កូវីដ​១៩​បាន។ តែ​ភាពបន្ទាន់​សុខាភិបាល​មិនទាន់​រលត់​ទេ ឯភាពប​ន្ទាន់​សេដ្ឋកិច្ច​ទើប​នឹង​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ។ អត្រា​អ្នកអត់​ការ​ងារ​ធ្វើ​ឡើង​ដល់​កំពូល​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១។

ដើម្បី​​ការពារ​ជីវិត​ និង​កំរិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​អង់គ្លេស រដ្ឋាភិបាល​ត្រូវ​ការ​ចំណាយ​ដ៏​ធំ​សម្បើម​ណាស់ ៖ ​ជាង​៣១៤​ពាន់​លាន​សម្រាប់​ជួយ​ស្រោច​ស្រង់​សេដ្ឋកិច្ច និងជាង៦១ពាន់​លានសម្រាប់​សេវាសាធារណៈ។ ដូច្នេះ​ ក្នុង​ខណៈដែល​​អង់គ្លេស​ត្រូវ​ផ្តល់​អាទិភាព​ដល់​វិស័យ​ការងារ​ និង​​ទ្រទ្រង់​សេវា​សាធារណៈជា​មួយ​ថវិកា​មាន​កំរិត​ ចំណាយ​ដល់​០,៧%​សម្រាប់​ជួយ​អ្នកក្រៅ​ពិត​ជា​មិន​សមហេតុផល​ទេ។ នេះ​ជា​ពន្យល់​លម្អិត​របស់​លោក​រដ្ឋមន្ត្រី ដោយ​សន្យា​ថា ជំនួយ​អភិវឌ្ឍន៍​នឹង​ឡើង​ដូច​ដើម​វិញ នៅពេល​ណា​ស្ថានភាព​ហិរញ្ញវត្ថុ​អនុញ្ញាត។

សូម​បញ្ជាក់​ថា​ តាំង​ពី​មុន​សេចក្តី​ប្រកាស​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ មាន​ឥស្សរជន​ជា​ច្រើន​បាន​នាំ​គ្នា​សម្តែង​ក្តី​ព្រួយ​បារម្ភ​រួច​ជា​ស្រេច​ទៅ​ហើយ ថា​នឹង​រដ្ឋាភិបាល​អង់គ្លេស​នឹង​កាត់​ជំនួយ​ក្រៅ​ប្រទេស​។ នាង Malala Yousafzai ​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព បាន​រំលឹក​​ថា​កូវីដ​១៩​បាន​ធ្វើ​ក្មេង​ស្រី​ជាង​២០លាន​នាក់​លែងទៅ​រៀន។ ដើម្បី​ឱ្យ​ក្មេង​ស្រី​ទាំងអស់​នេះ​បាន​បន្ត​ការ​សិក្សា​វិញ ទាល់​តែ​មេដឹកនាំ​ពិភពលោក​បន្ត​ផ្តល់​ជំនួយ​អភិវឌ្ឍន៍ក្នុង​វិស័យ​អប់​រំ។

អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​ជា​ច្រើន​រូបរាប់​តាំង​ពី​លោក​ John Major, Tony Blair, Gordon Brown, David Cameronនិង លោកស្រី Theresa May ព្រមទាំង​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាលចំនួន​១៨៧ ​រាប់​ទាំង Greenpeace UK និង Save the Children សុទ្ធ​ក៏​បានបង្ហាញ​អរិភាព​​នឹង​ផែនការ​កាត់​បន្ថយ​ជំនួយ​​អភិវឌ្ឍន៍​នេះទាំង​អស់​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ