អានតួអត្ថបទ

លោកពូទីន សុំអតីតទាហានស៊ីឈ្នួលរុស្ស៊ី Wagner ឲ្យបង្កើតក្រុមអ្នកស្ម័គ្រចិត្តទៅច្បាំងនៅអ៊ុយក្រែន

លោក វ៉្លាឌីមៀរ ពូទីន បានសុំអតីតអនុសេនីយទោ នៃមេក្រុមទាហានស៊ីឈ្នួល Wagner ឲ្យបង្កើតជាក្រុមអ្នកស្ម័គ្រចិត្តមួយ ដើម្បីទៅច្បាំងនៅ អ៊ុយក្រែន។ គួររំលឹកថា មេក្រុមទាហាន Wagner លោក Evguéni Prigojine បានធ្លាក់តំណែងបុណ្យសក្តិ បន្ទាប់ពីហ៊ានចេញមុខ បះបោរ តតាំងនឹង លោក វ៉្លាឌីមៀរ ពូទីន។ លោក Prigojine បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ កាលពីខែសីហាកន្លងទៅ។

លោកពូទីន សុំអតីតអនុសេនីយទោ នៃមេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ឲ្យ បង្កើតក្រុមអ្នកស្ម័គ្រចិត្តទៅច្បាំងនៅអ៊ុយក្រែន
លោកពូទីន សុំអតីតអនុសេនីយទោ នៃមេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ឲ្យ បង្កើតក្រុមអ្នកស្ម័គ្រចិត្តទៅច្បាំងនៅអ៊ុយក្រែន AP - Mikhail Metzel
ផ្សាយពាណិជ្ជកម្ម

 “ក្នុងកិច្ចប្រជុំលើកមុន យើងបានពិភាក្សាគ្នាម្តងហើយអំពី ត្រង់ចំណុចដែលថា លោកនឹងទទួលភារៈថ្មី ក្នុងការបង្កើត អង្គភាពអ្នកស្ម័គ្រចិត្តមួយ ដែលអាចបំពេញ បេសកកម្មពិសេស​ក្នុងភាពស្វាហាប់ និង មានប្រសិទ្ធភាព​ ក្នុងប្រតិបត្តិការយោធារុស្ស៊ី នៅអ៊ុយក្រែន ” នេះជាសំដីដែល លោកពូទីន និយាយទៅកាន់លោក អតីតអនុសេនីយទោ Andrei Trochev នាថ្ងៃព្រហស្បត៏ ក្នុងសប្តាហ៍នេះ  

តាមលោក វ៉្លាឌីមៀរ ពូទីន លោក Trochev ដែលហៅក្រៅថា Sedoi ប្រែពីភាសារុស្ស៊ីថា សក់ស្កូវ ធ្លាប់ជា អ្នកជំនិតម្នាក់នឹងលោក Evguéni Prigojine នៃក្រុមទាហានស៊ីឈ្នួលរុស្ស៊ីឈ្មោះ Wagner ដែលប្រកបដោយបទពិសោធ និង សមត្ថភាពខ្ពស់ ក្នុងការបំពេញបេសកកម្មយោធា។  

វរសេនីយឯកចូលនិវត្តរូបនេះ ត្រូវគេពណ៌នាជាញឹកញយថាជា ស្ថាបនិកម្នាក់នៃក្រុម Wagner។ គួរបញ្ជាក់ថា បុគ្គលម្នាក់នេះ បានជាប់ក្នុងទណ្ឌកម្ម និង បញ្ជីខ្មៅ របស់សហភាពអឺរ៉ុប ព្រោះបានចូលរួមដោយផ្ទាល់ក្នុង ប្រតិបត្តិការយោធានានា ដែលរៀបចំឡើងដោយក្រុម Wagner  នៅប្រទេសស៊ីរី។

លោក វ៉្លាឌីមៀរ ពូទីន និយាយលើកសរសើរពី អតីតនាយទាហានរូបនេះ ដោយពោលថា៖ លោកស្គាល់ច្បាស់រាល់បញ្ហា ដែលត្រូវដោះស្រាយជាមុន ដើម្បីឲ្យការងារប្រយុទ្ធប្រព្រឹត្តទៅយ៉ាងប្រសើរ និង ឈានដល់ការទទួលបានជោគជ័យ កាន់តែច្រើន។ ប្រមុខរដ្ឋរុស្ស៊ី ក៏បានសំដែងការអបអរ ចំពោះ លោក Trochev ដែលបន្តរក្សាទំនាក់ទំនងល្អជាមួយ ក្រុមទាហាន Wagner ដែលធ្លាប់ធ្វើប្រតិបត្តិការប្រយុទ្ធជាមួយគ្នា។

សំណូមពររបស់ លោក វ៉្លាឌីមៀរ ពូទីន សម្តែងឡើងក្នុងលក្ខណៈជាផ្លូវការ នៅពីមុខវត្តមាននៃ អនុរដ្ឋមន្ត្រីការពារជាតិ លោក Bek Evkourov ដែលនេះបង្ហាញឲ្យឃើញច្បាស់ថា រុស្ស៊ីកំពុងដាក់បញ្ចូល អតីតសមាជិកក្រុមចម្បាំង Wagner ក្នុងជួរកងទ័ពរុស្ស៊ីតែម្តង។ យ៉ាងណាមិញ បច្ចុប្បន្ននេះ លោក Trochev មានតួនាទីរួចស្រេចទៅហើយ នៅក្នុងក្រសួងការពារជាតិរុស្ស៊ី។

នៅចុងខែមិថុនាកន្លងទៅ បន្ទាប់ពីកុប្បកម្មបរាជ័យ ពីសំណាក់ក្រុម Wagner វិមានក្រេមឡាំង បានទុកជម្រើស ៣ ឲ្យសមាជិកក្រុមដដែលនេះជ្រើសរើស ៖ ទី១ ចូលមកក្នុងជួរកងទ័ពរុស្ស៊ី ទី២ ត្រឡប់មករស់នៅជាបុគ្គលស៊ីវិលធម្មតា និង ទី៣ ភៀសខ្លួនទៅរស់នៅឯ បេឡារុស (Biélorussie) ដែលជាប្រទេសសម្ព័ន្ធមិត្តរបស់ម៉ូស្គូ ក្នុងដំណើរវាយលុកទៅលើអ៊ុយក្រែន។

ប៉ុន្តែ ការស្លាប់របស់ លោក Evguéni Prigojine កាលពីចុងខែសីហាកន្លងទៅ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ តាមផ្លូវពី ម៉ូស្គូ ទៅ  Saint-Petersbourg ក៏បណ្តាលឲ្យ ក្រុម Wagner នេះដាច់ដោចអស់ទៅ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ