អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រុស្ស៊ីបើកការ​​​​វាយប្រហារចម្រុះ​​លើ​ក្រុង​ជា​ច្រើន​របស់​អ៊ុយក្រែន ក្នុង​ពេល​តែ​មួយ

នៅថ្ងៃ​សុក្រ​ទី ២៩​ធ្នូ​នេះ រុស្ស៊ី​បាន​បើកប្រតិបត្តិការវាយប្រហារ​មួយ​ខ្សែ​ធំ​លើ​​​អ៊ុយក្រែនទាំងមូល រាប់​ទាំង​រដ្ឋធានី​កៀវផង។ សម្រាប់​កៀវ ​រលក​វាយប្រហារ​ថ្មី​នេះស្តែង​ឱ្យ​ឃើញ​ថា​អ៊ុយក្រែន​ត្រូវ​ការ​ជំនួយ​បន្ថែម​ទៀត​ពីសហគមន៍​អន្តរជាតិ។

រុស្ស៊ី​សម្រុក​វាយប្រហារ​ចម្រុះ​លើ​ក្រុង​ជា​ច្រើន​របស់​​អ៊ុយក្រែន ក្នុង​ពេល​តែ​មួយ​
រុស្ស៊ី​សម្រុក​វាយប្រហារ​ចម្រុះ​លើ​ក្រុង​ជា​ច្រើន​របស់​​អ៊ុយក្រែន ក្នុង​ពេល​តែ​មួយ​ REUTERS - GLEB GARANICH
ផ្សាយពាណិជ្ជកម្ម

អ៊ុយក្រែន​មិន​ធ្លាប់​រង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​បែបនេះ​អស់​ពេល​មួយ​ឆ្នាំ​មក​ហើយ។ តាំងពី​ព្រហាម​ម៉ោង​៥ព្រឹក​​ថ្ងៃ​សុក្រ​នេះ​មក សំឡេង​ស្នូរ​ស៊ីរ៉ែន​ប្រកាស​អាសន្ន​បាន​លាន់​ឮ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស។ រដ្ឋ​ធានី​កៀវ ក្រុង​ខាគីវនៅ​ភាគ​ឦសាន​ប្រទេស ក្រុង​លីវ នៅភាគ​ខាង​លិច ​ក្រុង​អូដេសា ឬ Dnipro ភាគខាង​ត្បូង កំពុង​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​​​រុស្ស៊ី​ទាំងអស់។ អាជ្ញាធរ​មូល​ដ្ឋាន​បាន​អះអាង​ថា​ចំនួន​ចំនួន​ជន​រង​គ្រោះ​បាត់​បង់​ជីវិត​និង​ការ​ខាត​បង់​អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង។

យោធា​អ៊ុយក្រែន​បាន​ចាត់​ទុក​​ការ​​វាយប្រហាររបស់​រុស្ស៊ី​លើក​នេះ​ថា​មាន​លក្ខណៈ​ដ៏​ធំ​សម្បើម ដោយ​ប្រើ​យុទ្ធសាស្ត្រ​​សម្រុក​រួម​ លើ​ក្រុង​អ៊ុយក្រែន​ជា​ច្រើន​ ​ក្នុង​ពេល​តែ​មួយ​ ជាមួយ​នឹង​ការ​ប្រើ​មធ្យោបាយ​ផ្គុំ​គ្នាទៀត គឺ ដ្រូន​ផង មីស៊ីលអ៊ីពែសូនិកផង មីស៊ីល​បាលីស្ទិក និង​មីស៊ីល​បណ្តែតទៀត។ បើ​តាម​លោកប្រធានាធិបតី​​អ៊ុយក្រែន ហ្សេឡេនស្គី រុស្ស៊ី​បាន​បាញ់​មីស៊ីល​ចំនួន​ជាង​​១០០ តែ​ភាគ​ច្រើន​ត្រូវ​ចាប់​បាន។

លីវ ក្រុង​ភាគ​ខាង​លិច​បំផុត​នៃ​ប្រទេស ​ដែល​កម្ររងគ្រោះ​​ ​ក៏​ស្រាប់​តែ​ត្រូវរុស្ស៊ីដៅ​​វាយប្រហារពីរ​លើក​ដោយ​​ដ្រូន​មីស៊ីល​Shaheds និង​បង្ក​ឱ្យ​មាន​ការ​ខូតខាត​ឆេះ​ទីតាំង​ដ៏​សំខាន់​មួយ។ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​លម្អិត​ព្រឹត្តិការណ៍​នេះទេ។ នៅ​អូដេសា​ភាគ​ខាង​ត្បូង​វិញ ការ​វាយប្រហារ​រុស្ស៊ី​បាន​បង្ក​ឱ្យ​មាន​អគ្គិភ័យ​អាគារ​ស្នាក់​នៅ​មួយ​។ ក្រុង​ខាគីវ​រងការ​វាយប្រហារ​យ៉ាង​១០​ដង ជា​ពីរ​ដំណាក់ ដោយ​ប្រើ​មីស៊ីល​S-300 និង​X-22 បំផ្លាញ​មន្ទីរពេទ្យ​អស់​មួយ​ផ្នែក​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ចៅហ្វាយ​ក្រុង​ខាគីវ។

នៅ​រដ្ឋធានី​ មាន​ស្នូរ​ផ្ទុះ​ជា​ច្រើន​កន្លែង​ បើ​ទោះបី​ជា​ប្រព័ន្ធ​ខែល​មីស៊ីល​អាកាស​ដំណើរការ​យ៉ាង​សកម្មក៏​ដោយ។ មីស៊ីល​ជា​ច្រើន​បាន​បាញ់​សំដៅ​ក្រុង​កៀវ​និង​ជន​ស៊ីវិលជា​ថ្មី។ នេះ​បើ​តាម​សារតេឡេក្រាម​​របស់លោក អង់ឌ្រីអ៊ី​ យេម៉ាក់​ប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​​អ៊ុយក្រែន​។ លោក យ៉េម៉ាក់​បាន​អះអាង​ទៀត​ថា អ៊ុយក្រែន​ប្រឹងអស់​ពី​សមត្ថភាព​ក្នុង​ការ​​ពង្រឹង​ប្រព័ន្ធ​ការពារ​អាកាស​របស់​ខ្លួន​ ប៉ុន្តែ​ពិភពលោក​ត្រូវ​យល់​ថា​យើង​ត្រូវ​ការ​ជំនួយ​ ​និង​មធ្យោបាយបន្ថែម​ដើម្បី​បញ្ឈប់​ទង្វើ​របស់​រុស្ស៊ី។ សម្រាប់​លោកប្រធាន​ខុទ្ទការល័យ​ប្រធានាធិបតី ការ​​វាយប្រហារ​​របស់​យោធា​រុស្ស៊ី​នេះ ស្តែង​ឱ្យ​ឃើញ​ថា​សហគមន៍​អន្តរជាតិ​ត្រូវ​តែផ្តល់​ជំនួយ​បន្ថែម​ដល់​អ៊ុយក្រែន។

រលក​វាយប្រហាររុស្ស៊ី​នេះ ធ្វើ​ឡើងតែ​បួន​ថ្ងៃ​​ក្រោយពី​អ៊ុយក្រែន​បាន​បំផ្លាញ​នាវាចម្បាំង​​រុស្ស៊ី​មួយ​រឿង​នៅ​កំពង់​ផែ​​គ្រីមេ។ កាលពី​សប្តាហ៍​មុន រុស្ស៊ី​ក៏​បាន​បាត់​បង់យន្តហោះ​ប្រដេញ​ ​៥គ្រឿងទៀត ដោយ​ស្នាដៃ​របស់​ ក្រុមការពារ​អាកាស​អ៊ុយក្រែន។ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អាល្លឺម៉ង់​ រុស្ស៊ី​រង​ការ​ខាតបង់កម្លាំង​ទាហាន (ប្រមាណ​៣១៥០០០នាក់ ស្លាប់​ឬឬរបួស​) និង​សម្ភារៈ​ជា​រថពាសដែក​រថក្រោះ​ធ្ងន់ធ្ងរណាស់​ អាច​ដល់​រាប់​ពាន់​គ្រឿង។ យោធា​រុស្ស៊ី​នឹង​ចុះ​ខ្សោយ​ក្រោយ​ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នោះ​ រុស្ស៊ីអាច​ប្រមូល​ទាហាន​ស្ម័គ្រចិត្ត​បាន​ដល់​ទៅ​៤៨៦០០០​នាក់​នៅ​ឆ្នាំ​២០២៣ និង​អាច​បន្ត​ពង្រឹង​សមត្ថភាពយោធា​​តាម​រយៈ​ការ​ទទួល​ជំនួយ​គ្រាប់​រំសេវ​ពី​កូរ៉េខាង​ជើង។ អ្នក​ជំនាញ​អាល្លឺម៉ង់​បាន​ទទួល​ស្គាល់​ថា​រុស្ស៊ី​មាន​សមត្ថភាព​ក្រាញ​ខ្លាំង​ជាង​ការ​គិត​របស់​លោក​ខាង​លិច​ពី​ដំបូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ