អានតួអត្ថបទ

អ៊ុយក្រែន៖ ស្លាប់​បុគ្គលិក​អង្គការមនុស្សធម៌ជនជាតិ​បារាំង២នាក់​ ដោយការ​បាញ់​ប្លោងគ្រាប់របស់រុស្ស៊ី

សង្គ្រាមអ៊ុយក្រែន – បុគ្គលិកអង្គការមនុស្សធម៌ ជនជាតិបារាំង២នាក់ បានស្លាប់នៅភាគខាងត្បូងអ៊ុយក្រែន​ កៀកនឹងសមរភូមិជួរមុខបំផុត ដែល​កងទ័ពរុស្ស៊ីនិង​អ៊ុយក្រែនតទល់គ្នា។ ផ្អែកតាម​លិខិតប្រកាសរបស់​ក្រសួង​ការបរទេស​បារាំង កាលពីថ្ងៃសុក្រម្សិល​មិញ គឺការស្លាប់​នេះ បណ្តាល​មកពី​ការបាញ់ទម្លាក់​គ្រាប់របស់រុស្ស៊ី។ បារាំងចាត់ទុក​អំពើនេះ ជា​អំពើសាហាវព្រៃផ្សៃ បង្កឡើងដោយ​កងទ័ពរុស្ស៊ី ។

រូបភាពផ្តល់​ឲ្យដោយ​ក្រុមសង្គ្រោះ​បន្ទាន់អ៊ុយក្រែន បង្ហាញឲ្យ​ឃើញ​អគារបាក់បែក ដែលរងការវាយប្រហារទំលាក់គ្រាប់របស់រុស្ស៊ី នៅតំបន់ឃែសុន ថ្ងៃទី​២កុម្ភៈ២០២៤
រូបភាពផ្តល់​ឲ្យដោយ​ក្រុមសង្គ្រោះ​បន្ទាន់អ៊ុយក្រែន បង្ហាញឲ្យ​ឃើញ​អគារបាក់បែក ដែលរងការវាយប្រហារទំលាក់គ្រាប់របស់រុស្ស៊ី នៅតំបន់ឃែសុន ថ្ងៃទី​២កុម្ភៈ២០២៤ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

កងទ័ពរុស្ស៊ីបានបាញ់​ប្លោងគ្រាប់ នៅត្រង់ចំណុចភូមិ Beryslav ដែលស្ថិតនៅ​ជាប់មាត់ទន្លេ Dniepr ភាគខាងត្បូងអ៊ុយក្រែន​។ តំបន់នេះ គឺជាខ្សែពុះចែក នៃសមរភូមិតទល់​គ្នា រវាងកងទ័ពរុស្ស៊ីនិងអ៊ុយក្រែន​។ យោងតាមលិខិតប្រកាស​​ ​ក្រសួងការបរទេសបារាំង នៅថ្ងៃសុក្រទី​២កុម្ភៈ គឺការវាយ​ប្រហាររបស់រុស្ស៊ីនេះ បានបណ្តាល​ឲ្យស្លាប់ បុគ្គលិកអង្គការមនុស្ស​ធម៌ ជនជាតិបារាំង​២នាក់ និងរបួស​ជនជាតិបារាំង៣នាក់ទៀត។ រដ្ឋាភិបាល​បារាំង ចាត់ទុកការវាយប្រហារមកលើ​ក្រុមការងារអង្គការមនុស្សធម៌នេះ ថាជា​អំពើសាហាវព្រៃផ្សៃ ធ្វើឡើងដោយ​កងទ័ពរុស្ស៊ី។

គួរបញ្ជាក់ ដំណឹង​នេះ ត្រូវបាន​អះអាងផងដែរ ដោយ​លោក Oleksandr Prokoudine អភិបាលតំបន់ Kherson ជាទី​ដែល​ភូមិ​ Beryslav ស្ថិតនៅ​។ មន្ត្រីអ៊ុយក្រែនរូបនេះ លើកឡើងថា កងទ័ពរុស្ស៊ីបានបាញ់​ប្លោងគ្រាប់ បណ្តាល​ឲ្យស្លាប់បុគ្គលិកអង្គការមនុស្ស​ធម៌ជនជាតិបារាំង២នាក់ និងរបួស​៤​​នាក់ទៀត ក្នុងនោះ​​ជនជាតិបារាំង៣នាក់ ជនជាតិអ៊ុយក្រែនម្នាក់។

ផ្អែកតាម​ទីភ្នាក់ងារព័ត៌មានបារាំង AFP រដ្ឋអាជ្ញាបារាំងទទួល​បន្ទុក​សំណុំរឿងភេរវកម្ម បានចាប់ផ្តើម​ការស៊ើបអង្កេត ជុំវិញករណី​វាយប្រហារ ដែលបណ្តាល​ឲ្យស្លាប់ជនជាតិបារាំង២នាក់​នេះ​។ ការស៊ើបអង្កេតនេះ គឺផ្តោតទៅលើ ករណី ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​ការសម្លាប់​ដោយចេតនា ធ្វើទៅលើ​មនុស្ស​ដែល​មានការ​​ការពារ​ ពីច្បាប់មនុស្សធម៌​អន្តរជាតិ​។

យ៉ាងណាមិញ នៅព្រឹកថ្ងៃសៅរ៍ទី​៣កុម្ភៈ អង្គការក្រៅរដ្ឋាភិបាល ស្វ៊ីស EPER បានចេញលិខិត​ប្រកាសមួយ​ ដោយ​អះអាងថា ក្រុមការងារ​សហសេវិករបស់អង្គការ​ជាច្រើននាក់ ដែលកំពុងបំពេញការងារ​​មនុស្សធម៌​​ នៅភាគខាងត្បូងអ៊ុយក្រែន​ បានរងការវាយប្រហារដោយ​ការបាញ់ទម្លាក់គ្រាប់បែក​។ ហេតុការណ៍នេះ បានបណ្តាល​ឲ្យ​​សហសេវិក​ជនជាតិ​បារាំង ចំនួន​២នាក់ និងរបួសច្រើននាក់​។

នៅលើបណ្តាញសង្គម X លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង​ បាន​ចាត់ទុកការវាយប្រហាររបស់កងទ័ព​​រុស្ស៊ីនេះ ថាជាអំពើកំសាក និងថោកទាបបំផុត។​ នៅលើបណ្តាញសង្គមដែរ លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បាន​ចូលរួម​ថ្លែងមរណៈទុក្ខ និងបាន​ឧទ្ទិសវិញ្ញាណក្ខន្ធ ដល់ជនជាតិ​បារាំងទាំង​២នាក់​ ដែលបានពលីជីវិត ដើម្បី​បុព្វហេតុ​មនុស្សធម៌​ ជួយប្រជាជនស៊ីវីល​អ៊ុយក្រែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ