អានតួអត្ថបទ
បារាំង-នូវែលកាឡេដូនី

កុបកម្មហិង្សានៅ​កោះនូវែល​កាឡេដូនី​៖ ស្លាប់មនុស្ស​៦នាក់ ស្ថានការណ៍​នៅឆ្ងាយពីភាពស្ងប់ស្ងាត់

អស់មួយសប្តាហ៍​មកហើយ ដែល​កោះនូវែលកាឡេដូនី ដែន​ដីនាយសមុទ្ររបស់បារាំង បានពើបប្រទះនឹង​អំពើកុបកម្មហិង្សា អាណាធិបតេយ្យ បង្កឡើងដោយ​សកម្មជន​ឯករាជ្យនិយម​ជនជាតិ​ដើម​កាណាក់​ ដែលប្រឆាំងនឹងការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត​​។ គិតត្រឹម​ពេលនេះ មានស្លាប់​មនុស្សចំនួន​៦នាក់ ចំណែក​សេវាសាធារណៈ សាលារៀន ផ្សារលក់ទំនិញ ត្រូវបទទ្វារទាំងស្រុង ដោយសារតែ​ខ្លាចក្រែងអំពើហិង្សារបស់​ក្រុមកុបករ​។ បើទោះបីមានការអំពាវនាវ​ពីរដ្ឋាភិបាល​បារាំង ដើម្បី​បង្កើតបរិយាកាសសុន្ទនា​ ចរចាគ្នា តែ​ស្ថានការណ៍​ ហាក់ដូចជាស្ថិតនៅឆ្ងាយ​ពីភាពស្ងប់ស្ងាត់ណាស់​។

ប្រជាជនឈរបន្តកន្ទុយចាំទិញទំនិញប្រើប្រាស់ និងចំណីអាហារ នៅ​មិនឆ្ងាយប៉ុន្មាន​ពីគំនររនាំងរបស់ក្រុមកុបករហិង្សា។ ទីក្រុងនូម៉េអា កោះនូវែល​កាឡេដូនី ថ្ងៃទី ១៨ឧសភា២០២៤
ប្រជាជនឈរបន្តកន្ទុយចាំទិញទំនិញប្រើប្រាស់ និងចំណីអាហារ នៅ​មិនឆ្ងាយប៉ុន្មាន​ពីគំនររនាំងរបស់ក្រុមកុបករហិង្សា។ ទីក្រុងនូម៉េអា កោះនូវែល​កាឡេដូនី ថ្ងៃទី ១៨ឧសភា២០២៤ AFP - DELPHINE MAYEUR
ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍​បន្ទាប់ពីមានកុបកម្មហិង្សា អាណាធិបតេយ្យ ​២យប់កន្លងមកនេះ ស្ថានការណ៍​ហាក់បានស្ងប់បន្តិច នៅទីក្រុងនូម៉េអា ទីក្រុងធំនៃ​កោះ​នូវែលកាឡេដូនីដែនដីនាយសមុទ្ររបស់បារាំង។ កុបករ ដែលជា​ក្រុម​សកម្មជនឯករាជ្យនិយមជនជាតិដើមកាណាក់ បានដុតរថយន្ត ដុតអគារ វាយកំទេច​សំណង់សាធារណៈ និង​បានដាក់រនាំងរារាំងចរាចរណ៍​។ ក្រុមជនហិង្សាខ្លះ បានឆក់ឱកាសវាយ​កំទេចទ្វារ ចូលទៅ​លួចយកទំនិញ បង្កការខូចខាតយ៉ាងដំណំ។ គិតត្រឹមពេលនេះ មានមនុស្ស​ស្លាប់​ចំនួន​៦នាក់។

ថ្ងៃសៅរ៍ទី​១៨ឧសភា នៅតាមកញ្ចក់ទូរទស្សន៍​ ​BFMTV លោក Philippe Blaise អនុប្រធាន​ខេត្តខាងត្បូង​នៃកោះនូវែលកាឡេដូនី បានលើកឡើងថា នីតិរដ្ឋ សន្តិសុខសណ្តាប់សាធារណៈ នៅមិនទាន់បាន​​ត្រលប់​មករកភាពប្រក្រតី​វិញទូទាំងនូវែលកាឡេដូនីទេ។ ដូចគ្នាដែរ លោកស្រី Sonia Lagarde អភិបាលក្រុងនូម៉េអា បាន​លើកឡើងថា ស្ថានការណ៍នៅឆ្ងាយ​ខ្លាំងណាស់ ពី​ភាពស្ងប់ស្ងាត់។ លោក​ស្រីបានចាត់ទុកថា ទីក្រុងនូម៉េអា កំពុងតែក្លាយជាទីក្រុង ​ដែល​ត្រូវឡោមព័ទ្ធជាប់ ដោយ​ក្រុមកុបករហិង្សា។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃពុធមក​ អាជ្ញាធរកោះនូវែលកាឡេដូនី បានដាក់បំរាមគោលចរ ហាមចេញក្រៅផ្ទះ ពីម៉ោង៦ល្ងាចដល់​ម៉ោង៦ព្រឹក​ ខណៈប្រជាជន​ត្រូវសំងំនៅក្នុងផ្ទះ គ្មានទំនិញប្រើប្រាស់ និងអស់ស្តុក​ចំណីអាហារ។ មនុស្សយ៉ាងហោច​៣២០០នាក់ ត្រូវជាប់គាំង​មិនអាចចាកចេញពីកោះ ឬធ្វើដំណើរចូលបាន ដោយសារតែ​ជើងហោះហើរត្រូវបិទទាំងស្រុង។

រដ្ឋាភិបាល​បារាំង បានបញ្ចេញកម្លាំង​​សមត្ថកិច្ចសន្តិសុខផ្ទៃក្នុង សរុបទាំងអស់​២៧០០នាក់ ដើម្បីការពារសន្តិសុខ​ និង​បំបែក​ក្រុមកុបករ។ នៅទីក្រុងនូម៉េអា តាមផ្លូវនានា គេសង្កេតឃើញតែបំណែកកម្ទេចកំទី ដែលឆេះខ្លោច ដោយ​សារអំពើហិង្សា​របស់​កុបករ។ ក្រៅពីសាលារៀន ទីផ្សារហាងទំនិញដែលត្រូវបិទទ្វារ សេវាសាធារណៈមន្ទីរពេទ្យ ត្រូវជួបឧបសគ្គយ៉ាងខ្លាំង ដោយសារតែរនាំងបិទខ្ទប់របស់​ហ្វូងបាតុករ។ គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី​១៨ឧសភា​ មានកុបករហិង្សាចំនួន ១៦៣នាក់​​ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួន និង​២៦នាក់ត្រូវបានបញ្ជូន​ទៅកាន់តុលាការភ្លាមៗ។ បណ្តាញ​សង្គមTikTok ត្រូវបានហាមឃាត់​លែងឲ្យ​ប្រើប្រាស់​ ជាបណ្តោះអាសន្ន​ទូទាំងកោះនូវែលកាឡេដូនី។

លោក Louis Le Franc ស្នងការជាន់ខ្ពស់​នៃសាធារណរដ្ឋបារាំង បានលើកឡើងថា យ៉ាងហោចណាស់ សង្កាត់ក្រីក្រចំនួន​៣ នៅក្រុងនូម៉េអា ដែលស្ថិតនៅក្នុងដៃរបស់​ក្រុមកុបករហិង្សាទាំងស្រុង។ លោក​បាន​សន្យាថា រដ្ឋាភិបាល​បារាំងបញ្ជូនស្បៀងអាហារ ព្រមទាំងសម្ភារៈចាំបាច់ដឹកតាមយន្តហោះពីម៉េត្រូប៉ូលទៅកាន់កោះនូវែលកាឡេដូនី បើទោះបីស្ថិតនៅចម្ងាយដល់ទៅ​១៦០០០គីឡូម៉ែត្រពីគ្នា​។

គួរបញ្ជាក់ថា កុបកម្មហិង្សានៅកោះនូវែលកាឡេដូនី បានផ្ទុះឡើងបន្ទាប់​ពីរដ្ឋសភាបារាំងបានបើកការប្រជុំពិភាក្សា ធ្វើកំណែទម្រង់ច្បាប់បោះឆ្នោតនៅតំបន់នេះ។ ជាកំណែទម្រង់ ដែលក្រុមឯករាជ្យនិយម​ជនជាតិដើមកាណាក់ អះអាងថា នឹងធ្វើ​ឲ្យ​ពួកគេបាត់​បង់សំឡេង​​ឥទ្ធិពល​ នៅក្នុងការ​បោះឆ្នោត​។ យ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារនិងថ្ងៃពុធ ច្បាប់កំណែទម្រង់នេះត្រូវ​រដ្ឋសភានិងព្រឹទ្ធសភាបារាំង បោះឆ្នោតអនុម័ត។ តែច្បាប់ថ្មីនេះ ត្រូវឆ្លងកាត់ការបោះឆ្នោតមួយទៀត ពី​សំណាក់​​កុងហ្ក្រេ សមាជិករដ្ឋសភានិង​សមាជិកព្រឹទ្ធសភាបញ្ចូលគ្នា​។ ប្រធានសភាបារាំងទាំង២អង្គ បានថ្លែងអំពាវនាវ ឲ្យ​បង្កើតក្រុមការងារបេសកកម្ម​សន្ទនានិងចរចា រវាងក្រុមនយោបាយនៅនូវែលកាឡេដូនី ដើម្បីឈានទៅរកកិច្ចព្រមព្រៀងរួមមួយ ដោះស្រាយវិបត្តិ។

ដោយឡែក សមាជិកព្រឹទ្ធសភាបារាំងម្នាក់ឈ្មោះ ​Claude Malhuret បានលើកឡើងថា ចិនបានចូលរួម​ពួនពីក្រោយសកម្មភាពកុបកម្មហិង្សានៅនូវែលកាឡេដូនី តាមរយៈបណ្តាញសង្គម​TikTok ។​ លោក​បានបន្ថែម ចិនមានយុទ្ធសាស្ត្រ ពន្យុះ​​ឲ្យ​ប្រជាជន​កាណាក់នៅនូវែលកាឡេដូនី រើបំរះបះបោរ ស្អប់រដ្ឋបារាំង ដើម្បី​ឲ្យចិនងាយស្រួល​ចូលទៅកាន់​កោះនេះ ទៅគាស់កកាយយករ៉ែនីកែល។ ប្រជុំកោះ​នូវែលកាឡេដូនី សំបូរទៅដោយរ៉ែនីកែល ប្រមាណជា​២០ ទៅ៣០% នៃស្តុកនីកែលទូទាំងពិភពលោក ដែលគេត្រូវការបំផុតដើម្បីផលិតថ្មអគ្គិសនី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ