អានតួអត្ថបទ
ជប៉ុន-ហ្វីលីពីន

ជប៉ុន​ជួយគាំទ្រ​សង្រ្គាម​ប្រឆាំង​ក្រុមគ្រឿងញៀន នៅ​ហ្វីលីពីន

នាយក​រដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ សំដែង​ការគាំទ្រ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ដ៏ចម្រូងចម្រាស នៅ​ហ្វីលីពីន។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល ២​ថ្ងៃ នៅ​ហ្វីលីពីន ប្រមុខរដ្ឋាភិបាល​ជប៉ុន​បាន​សន្យា ជួយឧបត្ថម្ភ​ផ្នែក​សង្គម ដូចជា​កម្មវិធី​ព្យាបាល និង​បន្សាប​គ្រឿងញៀន នៅ​ហ្វីលីពីន។ 

ប្រធានាធិបតី​ហ្វីលីពីន​លោក​Rodrigo Duterteអម​ដំណើរ​លោក​ Shinzo Abeដែល​ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​ចាប់​ពីថ្ងៃ​ទី ១២​មករា ២០១៧
ប្រធានាធិបតី​ហ្វីលីពីន​លោក​Rodrigo Duterteអម​ដំណើរ​លោក​ Shinzo Abeដែល​ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​ចាប់​ពីថ្ងៃ​ទី ១២​មករា ២០១៧ © REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

នៅហ្វីលីពីន លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស៊្ហីនហ្សូ អាបេ​ត្រូវ​បាន​ទទួល​ស្វាគម ដោយ​កក់ក្តៅ បំផុត​ពី​លោក​រ៉ូឌ្រីហ្គូ ឌុយទែកតេ នៅ​វិមាន​ប្រធានាធិបតី​នៅទីក្រុង​ម៉ានីល។ លោក​អាបេ ជាប្រមុខដឹកនាំ​បរទេស ទី​១​ដែល​ធ្វើដំណើរ​ទស្សនកិច្ច ទៅ​ហ្វីលីពីន ចាប់តាំង​ពីលោក​ឌុយទែកតេ ឈ្នះឆ្នោត ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​ហ្វីលីពីន។ នៅ​ខែ​តុលា ឆ្នាំមុន លោកឌុយទែកតេ ផ្ទាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ទី១ និង​ប្រទេស​ផ្តល់ជំនួយ​សំខាន់​បំផុត​សម្រាប់​ហ្វីលីពីន។

 
នៅ​ក្នុង​ជំនួប​អាហារ​ពេលល្ងាច លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែកតេ បាន​លើក​សរសើរ​ជប៉ុន ដែល​លោក​ចាត់ទុក​ជា​មិត្ត​ដ៏ជិតស្និទ្ធ​របស់​ហ្វីលីពីន។ ជា​ការឆ្លើយតប លោក​នាយករដ្ឋមន្រ្តី​អាបេ ​បាន​ប្រកាស​ថា ជប៉ុន​នឹង​ផ្តល់ជំនួយ​ដល់​រដ្ឋាភិបាល​ហ្វីលីពីន សម្រាប់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។ ក្នុង​រយៈពេល ៦​ខែ សង្រ្គាម​ប្រឆាំង​គ្រឿងញៀន របស់​លោក​ឌុយទែកតេ ដែល​អាមេរិក និង​សហភាព​អឺរ៉ុប​រិះគន់ថា​ បាន​រំលោភ​សិទ្ធិមនុស្ស បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ យ៉ាងហោច ៦ពាន់​នាក់។

ស្ថិតនៅ​ក្រោម​អាណានិគម​របស់​អាមេរិក កាលពី​អតីតកាល ហ្វីលីពីន ធ្លាប់​ត្រូវ​បាន​ជប៉ុន​ចូល​ត្រួតត្រា​៣ឆ្នាំ ក្នុង​សង្រ្គាម​លោក​លើកទី២។ ប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ ​ប្រទេស​ទាំងពីរ​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​នឹងគ្នា ជាមួយ​អាមេរិក។ កាលពី​ដើម​ឆ្នាំ ២០១៦ អធិរាជ​ជប៉ុន បាន​ធ្វើ​ដំណើរ​ជាប្រវត្តិសាស្រ្ត​ទៅ​ហ្វីលីពីន ដើម្បី​ចូលរួម​រំលឹក​ខួប​សង្រ្គាម​លោក​លើក​ទី ២​នៅទីក្រុង​ម៉ានីល។

ក្រៅពី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក​ប្រធានាធិបតី​ហ្វីលីពីន​បញ្ជាក់​ថា ជប៉ុន និង​ហ្វីលីពីន​នឹង​ជំរុញ ការសហការ​គ្នា​លើ​ផ្នែក​សន្តិសុខ​ជើង​ទឹក។ ជប៉ុន និង​ហ្វីលីពីន សុទ្ធតែ​កំពុង​ជាប់​មាន​ជម្លោះ​ដណ្តើម​ដីកោះ​ជាមួយ​ប្រទេស​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។

រដ្ឋាភិបាល​ជប៉ុន រួសរាន់​ពង្រឹង​ចំណង​ជាមួយ​ហ្វីលីពីន របស់​លោក​ឌុយទែកតេ ដែល​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស ងាក​ខ្លួន​ចេញ​ពី​អាមេរិក ទៅ​ចាប់ដៃ​ជាមួយ​រុស្ស៊ី និង​ចិន ដែល​ប្រទេស​ទាំងពីរ​សុទ្ធ​តែ​មាន​ជម្លោះ​ដែនទឹក និង​ឥទ្ធិពល​ក្នុង​តំបន់​ជាមួយ ប្រទេស​ជប៉ុន។

បន្ទាប់​ពី​ហ្វីលីពីន លោក​នាយករដ្ឋមន្រ្តី នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​អូស្ត្រាលី ឥណ្ឌូណេស៊ី ហើយ​និង​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ