កាលពី៣០ឆ្នាំមុន វៀតណាមត្រឹមជារដ្ឋមួយក្នុងចំណោមរដ្ឋក្រីក្របំផុតនៅលើពិភពលោក។ ក៏ប៉ុន្តែ ដោយសារកំណើនថាមពលសេដ្ឋកិច្ចយ៉ាងលឿនរហ័ស វៀតណាមបានអភិវឌ្ឍខ្លួនក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម នាលពេលបច្ចុប្បន្ន ដោយនៅឆ្នាំ២០១៧ ចំណូលជាមធ្យមរបស់ពលរដ្ឋវៀតណាមម្នាក់ៗកើនឡើងរហូតដល់ ២៣៤៣ ដុល្លារអាមេរិក ឬស្មើនឹង ៦០០០ ដុល្លារអាមេរិក បើគិតទាំងអំណាចទិញ។ តើប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានអភិវឌ្ឍខ្លួនយ៉ាងដូចម្ដេច?
ក្រោយពីបានជាប់ផុងក្នុងភ្នក់ភ្លើងសង្គ្រាមអស់រយៈពេលជាង២០ឆ្នាំ និងបានបញ្ចប់នៅឆ្នាំ១៩៧៥ វៀតណាមបានចាប់ផ្តើមអភិវឌ្ឍប្រទេសរបស់ខ្លួន ក្នុងនាមជាប្រទេសមួយក្រីក្របំផុត នៅក្នុងពិភពលោក។ គិតត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ចំណូលពលរដ្ឋវៀតណាមម្នាក់ៗ គិតជាមធ្យម នៅជាប់គាំងត្រឹមចន្លោះពី ២០០ ទៅ៣០០ដុល្លារអាមេរិក ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយមក អ្វីៗបានផ្លាស់ប្តូរ គឺនៅឆ្នាំ១៩៨៦ រដ្ឋាភិបាលវៀតណាមបានដាក់ចេញជាបន្តបន្ទាប់នូវនយោបាយ “Đổi Mới” សំដៅដល់ នយោបាយកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយ ។ ហើយវាក៏បានរុញច្រានឱ្យប្រទេសមួយនេះ ក្លាយខ្លួនជាប្រទេសសង្គមនិយមដែលមានសេដ្ឋកិច្ចបែបទីផ្សារសេរី។
រហូតមកទល់នឹងពេលបច្ចុប្បន្ន វៀតណាមបានក្លាយជាដួងតារាមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ មានល្បឿនលឿន អាចប្រជែងជាមួយប្រទេសចិន នៅចន្លោះ ៦ទៅ៧ភាគរយ ក្នុងមួយឆ្នាំ ខណៈការនាំចេញសរុបមានបរិមាណស្មើនឹងផលិតផលក្នុងស្រុកសរុប។
ដោយសារថាមពលសេដ្ឋកិច្ចកើនលឿនរហ័សបែបនេះ វៀតណាមបានអភិវឌ្ឍខ្លួន ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ដោយពលរដ្ឋវៀតណាមម្នាក់ មានចំណូលជាធម្យម នៅឆ្នាំ២០១៧ រហូតដល់ ២៣៤៣ ដុល្លារអាមេរិក ហើយបើគិតទាំងអំណាចទិញ ចំណូលនេះមានតម្លៃជាង ៦០០០ ដុល្លារអាមេរិក។ ទំនិញនាំចេញយីហោម៉ាកល្បីៗបំផុតរបស់ពិភពលោក រាប់ពី សម្ភារៈកីឡា ម៉ាកNike ទៅទូរសព្ទទំនើប ម៉ាកSamsung សុទ្ធតែបានផលិត និងដំឡើងនៅក្នុងប្រទេសមួយនេះ។ ក្រុមហ៊ុនយក្សផ្សេងៗទៀត ដូចជា ក្រុមហ៊ុន LG ក្រុមហ៊ុន Olympus ក្រុមហ៊ុន Pioneerហើយក្រុមហ៊ុនផលិតសម្លៀកបំពាក់អឺរ៉ុប និងអាមេរិករាប់មិនអស់បានបង្កើតសាខានៅក្នុងប្រទេសមួយនេះ។
តើអព្ភូតហេតុនៃវឌ្ឍនភាពសេដ្ឋកិច្ចរីកចម្រើនរបៀបនេះកើតឡើងយ៉ាងដូចម្តេច? យោងតាម ការចេញផ្សាយរបស់ វេទិកាសេដ្ឋកិច្ចពិភពលោក កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមអាច ពន្យល់ដោយកត្តាចម្បងចំនួនបី ៖
កត្តាទីមួយពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មដោយសេរី។ នៅរយៈពេល ២០ឆ្នាំចុងក្រោយ វៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយពិភពលោក។ នៅឆ្នាំ១៩៩៥ វៀតណាមបានចូលរួមក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ នៅឆ្នាំ២០០០ ប្រទេសនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០០៧ វៀតណាមបានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក។ ចាប់តាំងពីពេលនោះមក កិច្ចព្រមព្រៀងផ្សេងៗរបស់អាស៊ានបានធ្វើឡើងជាមួយប្រទេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង។ ហើយនៅរយៈពេលចុងក្រោយនេះ វៀតណាមក៏ជាដៃគូពាណិជ្ជកម្ម ក្នុងគម្រោង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP - Trans-Pacific Partnership) ទោះជាសហរដ្ឋអាមេរិកបានដកខ្លួនចេញក៏ដោយ។
កត្តាទីពីរ វៀតណាមបានធ្វើកំណែទម្រង់យ៉ាងចម្បង តាមរយៈការកាត់បន្ថយ ឬការលុបបំបាត់តែម្ដង នូវឧបសគ្គទាំងឡាយណារារំាងដល់ការធ្វើអាជីវកម្ម ឬពាណិជ្ជកម្មនៅវៀតណាម។ នៅឆ្នាំ១៩៨៦ វៀតណាមបានបង្កើតច្បាប់លើកដំបូងស្តីអំពី ការវិនិយោគបរទេស។ ចាប់តាំងពីពេលនោះមក ច្បាប់នេះត្រូវបានកែសម្រួលជាច្រើនដង ដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម កាត់បន្ថយការិយាធិបតេយ្យ និងសម្រួលដល់ការវិនិយោគបរទេស។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមបានត្រូវកត់សម្គាល់នៅក្នុងចំណាត់ថ្នាក់អន្តរជាតិ។ ជាឧទាហរណ៍ បើយោងតាម របាយការណ៍ប្រកួតប្រជែងសាកល (Global Competitiveness Report) របស់ វេទិកាសេដ្ឋកិច្ចពិភពលោក វៀតណាមបានបង្កើនចំណាត់ថ្នាក់របស់ខ្លួន មកលេខរៀងទី៥៥ នៅឆ្នាំ២០១៧ ពីលេខរៀងទី៧៧ នៅឆ្នាំ២០០៦។
កត្ដាចម្បងចុងក្រោយ វៀតណាមបានវិនិយោគយ៉ាងសកម្មលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ ប្រឈមមុខនឹងកំណើនប្រជាជនយ៉ាងឆាប់រហ័ស ដែលសព្វថ្ងៃប្រជាជនវៀតណាម មានប្រហែល ៩៥លាននាក់ ហើយជាងពាក់កណ្តាលមានអាយុក្រោម៣៥ឆ្នាំ វៀតណាមបានវិនិយោគយ៉ាងសម្បើម នៅក្នុងវិស័យអប់រំ។ ផងដែរ វៀតណាមក៏បានវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការធានាឱ្យមានលទ្ធភាពប្រើប្រាស់អ៊ីនធ័រនែត ដែលមានតម្លៃថោក។
ប្រាកដណាស់ វៀតណាមនៅបន្តជាប់ផុងយ៉ាងជ្រៅក្នុង ផ្នត់គំនិតសង្គមនិយម ដែលពិបាកនឹងអនុញ្ញាតឱ្យបុគ្គលមានសមត្ថភាពពិតប្រាកដ ក្រៅពីអតីតសមាជិកបក្ស ទទួលបានតំណែងកំពូលៗ។ ហើយរឿងនេះអាចនឹងបន្តរាំងស្ទះ ដល់ការអភិវឌ្ឍសង្គមវៀតណាម។ ទោះជាយ៉ាងណា បន្តិចម្ដងៗ វានឹងផ្លាស់ប្តូរហើយសង្គមវៀតណាមនឹងកាន់តែខ្លាំងខ្លា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ