អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​កំពូល​ក្រុម​ប្រទេស G២០ ចាប់​ផ្តើម​ជាមួយ​នឹង​ការ​ខ្វែង​គំនិត​គ្នា និង​អំពើ​ហិង្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​អាទិត្យ ទី២៧ មិថុនា នេះ ជា​ថ្ងៃ​ទី​២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួប​កំពូល​ក្រុម​ប្រទេស G២០ នៅ​ក្នុង​ទីក្រុងតូរ៉ុងតូ (Toronto) ប្រទេសកាណាដា។ ជំនួប​កំពូល​ G២០ ដែល​បាន​ចាប់​ផ្តើម​​កាល​ពី​យប់មិញ ជា​មួយ​នឹង​ពិធី​ទទួល​ទាន​អាហារ​រួម​គ្នា រវាង​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​នៃ​ក្រុម​ប្រទេស G៨ និង​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​លូត​លាស់ ឬ​ហៅ​ថា ប្រទេស​អ្នក​មាន​ថ្មី។ អ្វី​ជា​ការកត់​សម្គាល់ ជំនួប​កំពូល​បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​ក្បួន​បាតុកម្ម​យ៉ាង​ហិង្សា​នៅ​តាម​ ដងផ្លូវ។

ឡាន​ប៉ូលីស​រងការ​ដុតបំផ្លាញ​ពី​សំណាក់​ក្រុម​បាតុករ​ក្នុង​ទីក្រុង​តូរ៉ុងតូ ប្រទេស​កាណាដា
ឡាន​ប៉ូលីស​រងការ​ដុតបំផ្លាញ​ពី​សំណាក់​ក្រុម​បាតុករ​ក្នុង​ទីក្រុង​តូរ៉ុងតូ ប្រទេស​កាណាដា ©Reuters
ផ្សាយពាណិជ្ជកម្ម

រហូតដល់យប់អធ្រាត្រ​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២៧ មិថុនា​នេះ ក្បួន​បាតុកម្ម​កំពុង​បន្ត​មាន​យ៉ាង​គគ្រឹក​គគ្រេង និង​ប្រកប​ដោយ​អំពើ​ហិង្សា។ ពេញ​មួយ​រសៀល​ថ្ងៃ​សៅរ៍ ទី២៦ មិថុនា មាន​បាតុករ​រាប់ពាន់​នាក់​បាន​នំា​គ្នា​​​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​តាម​ផ្លូវ​នានា ពិសេស ផ្លូវ​ដែល​ស្ថិត​នៅ​ជុំវិញ​កន្លែង​ប្រជុំ ដោយ​ពួក​គេ​បាន​សម្រេច​ចិត្ត​បោះ​ទីតំាង​ប្រចំាការ​នៅ​ម្តុំ​នោះ​តែ​ម្តង។ បន្តិច​ក្រោយ​មក អំពើ​ហិង្សា​ក៏​ចាប់​ផ្ទុះ​ឡើង​រវាង​ក្រុម​ប៉ូលីស និង​ក្រុម​យុវជន​មាន​គ្នា​ប្រមាណ​ជា ១០០នាក់ ដែល​ពួក​គេ​បាន​អះអាង​ថា បាតុកម្ម​របស់​ពួក​គេ ជា​​បាតុកម្ម​អហិង្សា។ តែ​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ត្រូវ​បាន​ក្រុម​ប៉ូលីស​ប្រើ​ខ្សែ កៀង​ព័ទ្ធ​ប្រមូល​ផ្តុំ និង​បន្ទាប់​មក បាន​ផ្តើម​ចាប់​ក្រៀក​ម្តងមួយៗ។ ជា​មួយ​នឹង​ទឹក​ភ្នែក និង​ការ​តវ៉ា​ផង មាន​អ្នក​ខ្លះ ត្រូវ​បាន​ប៉ូលីស​វាយ​សំពង​យ៉ាង​ចាស់​ដៃ​ទៀត​ផង។ បន្តិច​ក្រោយ​មក ក្នុង​រសៀល​ថ្ងៃ​សៅរ៍​ដដែល ភាព​អនាធិបតេយ្យ​ក៏​បាន​ចាប់​ផ្តើម​ឡើង ជា​មួយ​នឹង​ការ​វាយ​បំបែក​កញ្ចក់​ហាង​ទំនិញ នៅ​តាម​ដង​ផ្លូវ និង​ការ​ដុត​បំផ្លាញ​រថយន្ត​ប៉ូលីស។

 

ឡាន​ប៉ូលីស​រងការ​ដុតបំផ្លាញ​ពី​សំណាក់​ក្រុម​បាតុករ​ក្នុង​ទីក្រុង​តូរ៉ងតូ ប្រទេស​កាណាដា
ឡាន​ប៉ូលីស​រងការ​ដុតបំផ្លាញ​ពី​សំណាក់​ក្រុម​បាតុករ​ក្នុង​ទីក្រុង​តូរ៉ងតូ ប្រទេស​កាណាដា ©Reuters / Mike Segar

ជា​រួម​ទៅ ពេញ​មួយ​រសៀល​ថ្ងៃ​សៅរ៍ មុន​នឹង​ជំនួប​កំពូល G២០ ចាប់​ផ្តើម​ជា​ផ្លូវការ ទីក្រុង​តូរ៉ុងតូ (Toronto) បាន​ក្លាយ​ជា​ឆាក​នៃ​ភាព​ប្រទូសរ៉ាយ​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុម​ប៉ូលីស និង​ក្រុម​បាតុករ​ដែល​ប្រឆំាង​នឹង​ជំនួប​កំពូល​ក្រុម​ប្រទេស G២០។ មក​ទល់​ម៉ោង​នេះ គេ​ពិបាក​នឹង​ផ្តល់​តុល្យការ​រួម​នៃ​ឧប្បត្តិហេតុ​នោះ តែ​​បើ​យោង​តាម​ទូរទស្សន៍​កាណាដា មាន​អ្នក​រងរបួស​ជា​ច្រើន​នាក់ និង​មាន​បាតុករ​ប្រមាណ​ជា ១៥០នាក់ ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន។

ជា​មួយ​នឹង​ភាព​វឹកវរ​ដែល​រដ្ឋាភិបាល​កាណាដា ជា​ម្ចាស់​ផ្ទះ​នឹក​ស្មាន​មិន​ដល់​នេះ បាន​បំផុស​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា ហេតុ​អ្វី​បាន​ជា​ស្ថានការណ៍​ធ្លាក់​ធ្ងន់ធ្ងរ​ដល់​ម្លឹង ពិសេស ជួន​ចំ​ពេល​ដែល​មាន​កម្លំាង​ប៉ូលីស​រហូត​ដល់​ទៅ ២ម៉ឺននាក់ ពោល ប៉ូលីស​ម្នាក់ សម្រាប់​បាតុករ​២នាក់។ ចៅហ្វាយ​ក្រុង​តូរ៉ុងតូ (Toronto) បានពន្យល់បកស្រាយនៅចំពោះមុខក្រុមអ្នកកាសែត ដោយ​បាន​ទម្លាក់​កំហុស​ដល់​ក្រុម​បាតុករ​ជ្រុល​និយម​មួយ​ក្តាប់​តូច និង​ថែម​ទំាង​បាន​ការពារ ការងារ​របស់​ក្រុម​ប៉ូលីស​ទៀត​ផង។ តែ​បញ្ហា​នៅ​ត្រង់​ថា រូប​ចៅហ្វាយ​ក្រុង​តូរ៉ុងតូ កំពុង​ទើស​ទាល់​ចិត្ត​យ៉ាង​ខ្លំាង មិន​ដឹង​ឆ្លើយ​យ៉ាង​ម៉េច ទៅ​នឹង​រឿង​អាស្រូវ​ទាក់ទង​នឹង​ការ​ចំណាយ​ដ៏​សម្បើម​ មិន​ធ្លាប់​មាន ក្នុង​ការ​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​នៅ​ក្នុង​ជំនួប​កំពូល G៨ និង​G ២០ ឆ្នំា​នេះ។ តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​ទទួល​បន្ទុក​រៀប​ចំ​សន្តិសុខ​ឲ្យ​ដឹង​ថា ការ​ចំណាយ​មាន​រហូត​ដល់​ទៅ​ជាង ១ពាន់​លាន​ដុល្លារ​ឯណោះ។

លោក Barack Obama ប្រធានាធិបតី​អាមេរិក និង​លោក Stephen Harper នាយករដ្ឋមន្រ្តី​កាណាដា
លោក Barack Obama ប្រធានាធិបតី​អាមេរិក និង​លោក Stephen Harper នាយករដ្ឋមន្រ្តី​កាណាដា ©Reuters

ការខ្វែងគំនិតគ្នា​បាន​ផ្តើម​មាន នៅ​មុន​បើក​កិច្ច​ប្រជុំ

« ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ » នេះ​ជា​កម្មវត្ថុ​ចម្បង​របស់​សហរដ្ឋអាមេរិក។ អាមេរិក​ដែល​ព្យាយាម​និយាយ​ជំនះ​លើ​ដៃគូ​នៅ​ក្នុង​ជំនួប​កំពូល G២០ ឆ្នំា​នេះ។ លោក​ប្រធានាធិបតី​អាមេរិក​ Barack Obama បាន​ប្រឹង​ប្រែង​និយាយ​ បញ្ចុះ​បញ្ចូល​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដូច​យ៉ាង​ប្រទេស​អង់គ្លេស ឲ្យ​ជួយ​គំាទ្រ​នូវ​ជំហរ​របស់​ខ្លួន។ លោក Obama យល់​ឃើញ​ថាដើម្បី​ឲ្យ​ពិភពលោក​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​បាន គេ​គួរ​តែ​នំា​គ្នា​ផ្តោត​ជា​សំខាន់ លើ​ការ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។ តែ​បញ្ហា​នៅ​ត្រង់​ថា គំនិត​បែប​នេះ មិន​មែន​ជា​ការ​យល់​ឃើញ​របស់​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ទេ។ អឺរ៉ុប​ដែល​បាន​ឆ្លើយ​ប្រាប់​អាមេរិក​វិញ​ថា ខ្លួន​គំាទ្រ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច តែ​ទន្ទឹម​គ្នា​នេះ នយោបាយ​ត្បិត​ត្បៀត សន្សំ​សំចៃ ដើម្បី​កាត់​បន្ថយ​ឧុនភាព​ថវិកាជាតិ និង​បំណុល​សាធារណៈ ជា​រឿង​មួយ​ចៀស​មិន​រួច។ គឺ​នយោបាយ​ត្បិតត្បៀត សន្សំសំចៃ​របស់​សហភាព​អឺរ៉ុប​នា​ពេល​កន្លង​មក​នេះ​ហើយ ដែល​រដ្ឋបាល​អាមេរិក​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ។

ចំពោះ​ទីក្រុង​វ៉ាស៊ីនតោន បើ​គ្រប់​ប្រទេស​នាំ​គ្នា​កាត់​បន្ថយ​ការ​ចំណាយ​ទំាង​អស់​គ្នា វា​នឹង​នាំ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ជាប់​គំាង ពេល​នោះ នឹង​គ្មាន​ថ្ងៃ​ណា​មួយ ដែល​ពិភពលោក​ងើប​ចេញ​រួច ពី​វិបត្តិ​ឡើយ។

ចំណុច​ខ្វែង​គំនិត​គ្នា​ទី​ពីរ គឺ​ទាក់ទង​នឹង​ការ​យក​ពន្ធអាករ​ពិសេស លើ​សេវា​ធនាគារ​រវាង​ប្រទេស និង​ប្រទេស។ នេះ​ជា​សំណូមពរ​​ដែល​​បាន​ស្នើ​ឡើង ដោយ​ប្រទេស​បារំាង និង​អាឡឺម៉ង់។ តែ​មាន​ប្រទេស​ជា​ច្រើន រួម​ទំាង​អាមេរិក និង​កាណាដា​ផង បាន​ជំទាស់​ដាច់​ខាត និង​ថែម​ទំាង​មិន​ចង់​យក​ត្រចៀក​ស្តាប់​ទៀត​ផង។

ចំណុច​ខ្វែង​គំនិត​គ្នា​ទីបី គឺ​ទាក់​ទង​នឹង​អត្រា​បា្រក់យ័ន​របស់​ចិន ដែល​មាន​តម្លៃ​ទាប​ជ្រុល ប្រៀប​នឹង​ប្រាក់​ដុល្លារ​​អាមេរិកំាង។ ត្រង់​ចំណុច​នេះ សមាជិក​ម្នាក់​នៃ​គណៈប្រតិភូ​ចិន​បាន​ព្រមាន​ទុក​រួច​ជា​ស្រេច​ថា ខ្លួន​មិន​ទទួល​យក​គំនាប​ណា​មួយ​របស់​ក្រុម​ប្រទេស G២០ ជា​ដាច់​ខាត។

សរុប​មក​វិញគេ​នៅ​មិន​ទាន់​ដឹង​អំពី​លទ្ធផល​រួម​​នៃ​ជំនួប​កំពូល​ក្រុម​ប្រទេស G២០ ក្នុង​ឆ្នំា ២០១០​នេះ​ទេ។ អ្វី​ដែល​គេ​ដឹង​គឺ​ថា បរិយាកាស​ជា​ទូទៅ ហាក់​ដូច​ជា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ