GDP ស្នើឱ្យដោះលែងជ័យលាភីពានរង្វាន់ Per Anger Prize 2024 កញ្ញា ឈឹម ស៊ីថរ
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បានស្នើសុំឱ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាព ហើយទម្លាក់បទចោទប្រកាន់ទាំងអស់ដោយឥតលក្ខខណ្ឌ។ ការស្នើសុំរបស់គណបក្សប្រឆាំងមួយនេះ ធ្វើឡើងក្រោយកញ្ញា ឈឹម ស៊ីថរ បានទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពីរដ្ឋាភិបាលស៊ុយអែត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៥
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានទាមទារឱ្យដោះលែង កញ្ញា ឈឹម ស៊ីថរ និងមេដឹកនាំសហជីពផ្សេងទៀត ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ ការទាមទារឱ្យដោះលែងនេះ ដោយសារគណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ថា ការបន្ដឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ជាការបង្ហាញនូវភាពមិនច្បាស់លាស់របស់រដ្ឋាភិបាល ដែលតែងអះអាងថាប្រទេសកម្ពុជា ជាប្រទេសអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។
សូមបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ទើបទទួលបានពានរង្វាន់ Per Anger Prize 2024 ពីរដ្ឋាភិបាលនៃប្រទេសស៊ុយអែតសម្រាប់អ្នកធ្វើការតស៊ូផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ តែដោយសារកញ្ញា កំពុងស្ថិតនៅពន្ធធនាគារ មិនអាចទៅទទួលពានរង្វាន់ដោយផ្ទាល់បាន គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចាត់ទុកថាជាការសោកស្ដាយយ៉ាងខ្លាំង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនគណបក្សប្រឆាំងមួយនេះមិនអាចទទួលយកបានឡើយ ដែលអ្នកតស៊ូមតិដោយសន្ដិវិធី ដើម្បីលក្ខខណ្ឌការងារបានល្អប្រសើរ បែជាត្រូវបានទទួលទោសព្រហ្មទណ្ឌ។ អ្នកដែលរំលោភសិទ្ធិមនុស្សពិតប្រាកដនៅបន្ដមានសេរីភាព និងរួចផុតពីការផ្ដន្ទាទោសតាមផ្លូវច្បាប់។
នេះបើតាមគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ សេចក្តីថ្លែងការណ៍បន្តថាការបន្ដឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស និងសិទ្ធិការងារក្នុងពន្ធធនាគារបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍សេរីភាពបង្កើតសមាគម និងសិទ្ធិបញ្ចេញមតិ ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។
ជាមួយគ្នានេះ លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFIថា ដើម្បីបន្ធូរបន្ថយស្ថានភាពសិទ្ធិមនុស្ស និងនយោបាយ ដែលធ្លាប់ទទួលបានការរិះគន់កន្លងមក រដ្ឋាភិបាល និងតុលាការកម្ពុជាគួរតែពិនិត្យពិចារណាបន្ធូរបន្ថយលើករណីនេះ។ លោកមិនភ្លេចបញ្ជាក់ថា បើមានការដោះលែងអ្នកទោសសិទ្ធិមនុស្ស និងនយោបាយនោះគឺជារឿងល្អសម្រាប់កម្ពុជា។
សូមជម្រាបថា កញ្ញា ឈឹម ស៊ីថរ បានទទួលពានរង្វាន់អន្តរជាតិចំនួនលើកទី២។ លើកទី១ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ មេដឹកនាំសហជីពកម្ពុជារូបនេះ រួមទាំងសកម្មជនអ្នកការពារសិទ្ធិមនុស្សចំនួន៩នាក់ផ្សេងទៀតក្នុងលោកត្រូវបានក្រសួងការបរទេសអាមេរិកផ្តល់ឪ្យនូវពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២ និងលើកទី២ ពានរង្វាន់ Per Anger Prize 2024 ពីរដ្ឋាភិបាលនៃប្រទេសស៊ុយអែតសម្រាប់អ្នកធ្វើការតស៊ូផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ