អានតួអត្ថបទ
កម្ពុជា-ច្បាប់

អាជ្ញាធរសិង្ហបុរីបានបញ្ជូនបុរសជនជាតិចិនលាងលុយកខ្វក់២នាក់មកកម្ពុជា

នៅថ្ងៃទី៦ឧសភា អាជ្ញាធរសិង្ហបុរីបាននិរទេសបុរសជនជាតិចិន ២នាក់មកកម្ពុជា បន្ទាប់ពីតុលាការសិង្ហបុរីសម្រេចកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់ធំបំផុតមិនធ្លាប់មាននៅប្រទេសសិង្ហបុរី។ តាមប៉ូលិសសិង្ហបុរី បុរសជនជាតិចិនទាំង ២នាក់ដែលបញ្ជូនមកកម្ពុជាមានម្នាក់មានសញ្ជាតិខ្មែរ។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយកាសែតសិង្ហបុរី The Straits Time ដោយបញ្ជាក់ថា ឧក្រិដ្ឋជនចិនទាំង ២នាក់ដែលម្នាក់មានសញ្ជាតិខ្មែរត្រូវបានប៉ូលិសសិង្ហបុរីចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្រ្កាបករណីលាងលុយកខ្វក់ទ្រង់ទ្រាយធំកាលពីឆ្នាំ២០២៣ ដោយរឹបអូសបានទ្រព្យសម្បត្តិ និងលុយសុទ្ធជាង ៣ពាន់លានដុល្លារសិង្ហបុរី។

អាជ្ញាធរសិង្ហបុរីបានបញ្ជូនបុរសជនជាតិចិនលាងលុយកខ្វក់២នាក់មកកម្ពុជា
អាជ្ញាធរសិង្ហបុរីបានបញ្ជូនបុរសជនជាតិចិនលាងលុយកខ្វក់២នាក់មកកម្ពុជា © CNA
ផ្សាយពាណិជ្ជកម្ម

តាមកាសែត The Straits Time ឧក្រិដ្ឋជនចិនទាំង ២នាក់ដែលម្នាក់មានសញ្ជាតិខ្មែរត្រូវបានបញ្ជូនមកកម្ពុជានៅថ្ងៃទី៦ ឧសភា ឆ្នាំ២០២៤។ ទន្ទឹមនឹងបញ្ជូនពួកគេឱ្យមកប្រទេសកម្ពុជា បុរសជនជាតិចិន ២នាក់ក៏ត្រូវបានហាមឃាត់មិនឱ្យចូលសិង្ហបុរីវិញដែរ។ តែមន្ត្រីអ្នកនាំពាក្យអាជ្ញាធរអន្តោប្រវេសន៍ និងត្រួតពិនិត្យ (ICA) របស់សិង្ហបុរីមិនបានបញ្ជាក់ប្រាប់កាសែត The Straits Time ពីមូលហេតុនៃការបញ្ជូនឧក្រិដ្ឋជនទាំង ២នាក់មកកម្ពុជាទេ។ អ្វីដែលមន្ត្រីអ្នកនាំពាក្យអាជ្ញាធរអន្តោប្រវេសន៍សិង្ហបុរីរូបនេះបានលើកឡើងគឺថា ទីតាំងនិរទេសរបស់ទណ្ឌិតអាស្រ័យលើច្បាប់អនុញ្ញាតស្តីពីជនបរទេសនៅសិង្ហបុរីដោយផ្អែកលើលិខិត​ឆ្លងដែនដែលមានសុពលភាពរបស់រូបជនបរទេសនោះ។

គួរដឹងថា ពិរុទ្ធជនទាំង២នាក់ត្រូវបាននិរទេសមកកម្ពុជាតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីតុលាការសិង្ហបុរីសម្រេចឱ្យពួកគេជាប់ពន្ធនាគាររយៈពេល ១៣ខែដូចគ្នាកាលពីខែមេសា ឆ្នាំ២០២៤ នេះ។ តាមប៉ូលិសសិង្ហបុរី ឧក្រិដ្ឋជនឈ្មោះ Su Wenqiang ដែលមានសញ្ជាតិខ្មែរបានបញ្ជាក់ថា រូបគេមកពីខេត្ត Fujian ប្រទេសចិន។ នៅចំពោះមុខតុលាការ លោក Su Wenqiang បានឆ្លើយសារភាពទទួលស្គាល់លើបទចោទប្រកាន់ចំនួន ២ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ តាមរយៈការរកស៊ីល្បែងអនឡាញដែលមានទីតាំងនៅហ្វីលីពីន។ ប៉ូលិសសិង្ហបុរីរឹបអូសបានទ្រព្យសម្បត្តិ យានយន្ត របស់របរប្រណិតៗ និងលុយសុទ្ធពីលោក Su Wenqiang ប្រមាណ ៦លានដុល្លារសិង្ហបុរី។

ចំណែកឧក្រិដ្ឋជនម្នាក់ទៀត ឈ្មោះ Wang Baosen ជាជនជាតិចិនបានសារភាពកំហុសលើបទចោទប្រកាន់ពាក់ព័ន្ធនឹងការកាន់កាប់ប្រាក់ចំណូលខុសច្បាប់ជិត ៦សែនដុល្លារសិង្ហបុរីនៅក្នុងគណនីធនាគាររបស់ភរិយា និងការលាងលុយកខ្វក់ចំនួន ១.៤៨ លានដុល្លារសិង្ហបុរីដើម្បីទិញផ្ទះល្វែងប្រណីត Park Nova នៅផ្លូវ Tomlinson។ ទន្ទឹមគ្នានេះ ប៉ូលិសសិង្ហបុរីក៏រឹបអូសបានទ្រព្យសម្បតិ្តលោក Wang Baosen ដែលលាក់ទុកក្នុងគណនីធនាគាររបស់ភរិយាប្រមាណជាង ៨លានដុល្លារសិង្ហបុរីដែរ។

គួរជម្រាបថា ឧក្រិដ្ឋជនទាំង ២នាក់នេះស្ថិតនៅក្នុងចំណោមឧក្រិដ្ឋជន ១០នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្រ្កាបករណីលាងលុយកខ្វក់ទ្រង់ទ្រាយធំនៅសិង្ហបុរី​កាលពីឆ្នាំ២០២៣ ដោយរឹបអូសបានទ្រព្យសម្បត្តិ និងលុយសុទ្ធជាង ៣ពាន់លានដុល្លារសិង្ហបុរី។ តែគិតត្រឹមនេះ តុលាការសិង្ហបុរីទើបបានសម្រេចកាត់ទោសឧក្រិដ្ឋជនលាងលុងកខ្វក់សរុបចំនួន ៥នាក់ដែលក្នុងនោះ ២នាក់មានសញ្ជាតិខ្មែរ​ ២នាក់ជាជនជាតិចិន និង ១នាក់ទៀតជាជនជាតិស៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ