របាយការណ៍អាដហុក២០២៣៖ការរឹតត្បិត និងបំពានសេរីភាពមូលដ្ឋានកើន១១%
នៅថ្ងៃទី២៤ ខែមេសា សង្គមស៊ីវិលចំនួន៣ស្ថាប័ន រួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាពបានចេញរបាយការណ៍មួយស្ដីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជាឆ្នាំ២០២៣។ របាយការណ៍រួមបានបង្ហាញថា ក្នុង នាំ២០២៣ ហេតុការណ៍រឹតត្បិត និងរំលោភ បំពានសេរីភាពមូលដ្ឋានមានការកើនឡើង១១% បើធៀបនឹងឆ្នាំ២០២២។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានទាត់ចោលរបាយការណ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៧
តាមសង្គមស៊ីវិលទាំងបីដែលមានសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព របត់នៃការរឹតត្បិត និងការរំលោភបំពានលើការអនុវត្តសេរីភាពមូលដ្ឋានក្នុងឆ្នាំ២០២៣ មានសញ្ញាណដែលគួរឱ្យព្រួយបារម្ភ។ សញ្ញាណដែលគួរឱ្យព្រួយបារម្ភព្រោះទិន្នន័យរបស់គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានដែលធ្វើការប្រមូលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣បាន បង្ហាញថា ការអនុវត្តសេរីភាពមូលដ្ឋានដោយសន្ដិវិធីបានជួបប្រទះការរឹតត្បឹតកាន់តែខ្លាំងឡើងៗ។
នៅក្នុងរបាយការណ៍រួមដែលមានកម្រាស់ជិត ១៤០ទំព័រ សង្គមស៊ីវិលទាំងបីបានលើកឡើងពីការកែច្បាប់ខ្លះក្នុងឆ្នាំ២០២៣ ដូចជាច្បាប់បោះឆ្នោត ប្រជាពលរដ្ឋមានអារម្មណ៍គ្មានសេរីភាពក្នុងការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន និងភាគរយនៃការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសេរីភាពបានថយចុះ។ តាម របាយការណ៍រួមដដែល សង្គមស៊ីវិល និងសហជីពនៅតែមិនត្រូវបានមើលឃើញជាភាគីពាក់ព័ន្ធដែលមានសារៈសំខាន់ឡើយ ទោះបីជាមានការបង្កើនកិច្ចសហប្រតិបត្តិការណ៍រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលក៏ដោយ។
ឆ្លើយតបនឹងរបាយការណ៍នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី២៥ មេសានេះថា ការរកឃើញនូវការរឹតត្បិត និងរំលោភបំពានសេរីភាពមូលដ្ឋានក្នុងឆ្នាំ២០២៣ អាចមកពីចំណាត់ការនានារបស់រដ្ឋាភិបាលដែលកើតមានកន្លងមកត្រូវបានសង្គមស៊ីវិលរាប់ចូលជាការរឹតត្បិត។ លោកប៉ែន បូណាថានៅកម្ពុជា មានការបើកសេរីភាពដល់ប្រជាពលរដ្ឋ តែអ្នកព្រួយបារម្ភ អាចបណ្ដាលមកពីបានប្រព្រឹត្តអំពើបំពានអ្នកដទៃ ឬបំពានសីលធម៌សង្គមជាដើម។
តាមអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះដដែល ដើម្បីឱ្យប្រជាពលរដ្ឋ និងសកម្មជនយល់ដឹងពីច្បាប់ សង្គមស៊ីវិលដែលធ្វើការផ្នែកសេរីភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគួរតែបង្រៀនច្បាប់នេះដល់ប្រជាពលរដ្ឋឱ្យកាន់តែច្បាស់ ដើម្បីកុំឱ្យពួកគេប្រើប្រាស់សិទ្ធិដោយមានបញ្ហា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ