អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កាណាដាផ្តល់បណ្ណការងារបើកចំហរាប់ម៉ឺនកន្លែងដល់ពលរដ្ឋហុងកុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាពេលថ្មីៗ ប្រទេសកាណាដាបានផ្តល់បណ្ណការងារបើកចំហដល់ប្រជាពលរដ្ឋហុងកុងចំនួនរាប់ម៉ឺននាក់។ ពួកគេភាគច្រើនជាយុវជនវ័យក្មេង និងទទួលបានការអប់រំកម្រិតខ្ពស់។ រដ្ឋកាណាដាមិនតម្រូវឱ្យពួកគេស្ថិតក្នុងស្ថានភាពមានការងារធ្វើនោះទេ។ តើនយោបាយនេះបង្កផលប៉ះពាល់អ្វីខ្លះដល់ទីផ្សារកម្លាំងពលកម្មនៅហុងកុង? និងតើហេតុអ្វីពលរដ្ឋហុងកុងកាន់តែច្រើនកំពុងពិចារណាធ្វើចំណាកស្រុកទៅបរទេស?

នាយករដ្ឋមន្ត្រីកាណាដា ​នៅហុងកុង ឆ្នាំ​២០១៦
នាយករដ្ឋមន្ត្រីកាណាដា ​នៅហុងកុង ឆ្នាំ​២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមការចេញផ្សាយរបស់កាសែត The South China Morning Post ប្រទេសកាណាដាបានចេញលិខិតអនុញ្ញាតការងារបើកចំហ (Open Work Permits) ជិត ១២៥០០កន្លែងដល់ប្រជាជនហុងកុង ចាប់តាំងពីឆ្នាំមុន។ ស្ទើរតែមួយភាគបួននៃការអនុញ្ញាតផ្លូវការបានទៅដល់ពលរដ្ឋហុងកុងដែលមានអាយុចាប់ពី២៥ឆ្នាំ ឬក្រោមនេះ។ នៅហុងកុង ច្បាប់ថ្មីរបស់កាណាដានេះបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីកង្វះខាតកម្លាំងពលរដ្ឋនៅហុងកុង។ ហុងកុងបច្ចុប្បន្នគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយដ៏ធំក្នុងពិភពលោក។

ប្រទេសកាណាដា ដូចជាប្រទេសអង់គ្លេស និងអូស្ត្រាលីផងដែរ បានប្រកាសពីច្បាប់អនុញ្ញាតថ្មី និងបង្កភាពងាយស្រួលជាងមុន ក្នុងការទទួលពលរដ្ឋចំណាកស្រុកថ្មីសម្រាប់ប្រជាជនហុងកុង បន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់ច្បាប់សន្តិសុខជាតិនៅក្នុងហុងកុង កាលពីខែមិថុនា ឆ្នាំ២០២០ និងបានហាមប្រាមអំពើអបគមន៍ អំពើ​បំបះបំបោរ (វិទ្ធង្សនា) ភេរវកម្ម និងការឃុបឃិតជាមួយកងកម្លាំងបរទេស។

ឆ្លើយតបទៅនឹងសំណួររបស់កាសែត The South China Morning Post ស្ថាប័នអន្តោប្រវេសន៍ ជនភៀសខ្លួន និងសញ្ជាតិរបស់កាណាដា (IRCC) បាននិយាយថា លិខិតអនុញ្ញាតការងារបើកចំហសរុបមានចំនួន ១២៤៨៤ ត្រូវបានចេញ ចាប់ពីខែមីនាឆ្នាំមុនដល់ខែមិថុនាឆ្នាំ២០២២នេះ។

ក្នុងចំណោមចំនួនសរុប ស្ទើរតែមួយភាគបួននៃអ្នកស្នើជាពលរដ្ឋហុងកុងមានអាយុពី២៥ឆ្នាំ ឬក្រោមនេះ ហើយស្ទើរតែពាក់កណ្តាលមានអាយុពី២៦ទៅ៣០ឆ្នាំ។ ប្រមាណ១៣ភាគរយ ពួកគេមានអាយុពី៣១ទៅ៣៥ឆ្នាំ និង៧ភាគរយមានអាយុពី ៣៦ទៅ៤០ឆ្នាំ។

មានតែប្រហែល៥ភាគរយប៉ុណ្ណោះគឺជាពលរដ្ឋហុងកុងដែលមានអាយុពី៤១ទៅ៤៥ ឆ្នាំ នៅពេលដែលពលរដ្ឋហុងកុងនៅក្នុងក្រុមពីអាយុ៤៦ទៅ៥០ឆ្នាំ និងលើសពី៥០ឆ្នាំ ពួកគេតំណាងក្រុមមាន ២ភាគរយ។

មិនដូចទិដ្ឋាការការងារ (Work Visas) ទេ បណ្ណការងារបើកចំហអនុញ្ញាតឱ្យបុគ្គលចូលប្រទេសកាណាដាដោយមិនចាំបាច់ភ្ជាប់ជាមួយនិយោជកជាក់លាក់ ពោលគឺ ប្រទេសកាណាដាមិនតម្រូវឱ្យមានលិខិតបញ្ជាក់ការងារពីក្រុមហ៊ុននោះទេ។

ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ស្នើលំនៅឋានអចិន្ត្រៃយ៍ (Permanent Residence) អ្នកដែលមានបណ្ណការងារបើកចំហរយៈពេល៣ឆ្នាំត្រូវធ្វើការពេញម៉ោងយ៉ាងហោចណាស់មួយឆ្នាំ ឬធ្វើការរហូតដល់ ១៥៦០ម៉ោង។

លិខិតអនុញ្ញាតការងារបើកចំហត្រូវបានផ្តល់ឱ្យតែចំពោះពលរដ្ឋដែលមានកម្រិតអប់រំក្រោយថ្នាក់មធ្យមសិក្សា ឬនៅកម្រិតឧត្ដមសិក្សាដែលពួកគេត្រូវបានទទួល ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ ប្តី ឬប្រពន្ធ ឬដៃគូ និងកូនក្នុងបន្ទុក ក៏អាចទទួលបានបណ្ណការងារ ឬការសិក្សាផងដែរ។

អ្នកប្រឹក្សាផ្នែកធនធានមនុស្សនៅទីក្រុងហុងកុង បាននិយាយថា ទិន្នន័យស្តីពីការធ្វើចំណាកស្រុករបស់ពលរដ្ឋហុងកុងបានចង្អុលបង្ហាញយ៉ាងច្បាស់អំពី ការរួមកាន់តែតូចនៃកម្លាំងពលកម្មរបស់មនុស្សវ័យក្មេងដែលមានទេពកោសល្យនៅក្នុងទីក្រុងហុងកុង។ ហុងកុងបច្ចុប្បន្នក៏កំពុងមានប្រជាជនវ័យចំណាស់ និងកំណត់ត្រាអត្រាកំណើតទាបផងដែរ។

លោកស្រី Alexa Chow Yee-ping នាយកគ្រប់គ្រងទីភ្នាក់ងារជ្រើសរើសបុគ្គលិករបស់ស្ថាប័ន ACTS Consulting បាននិយាយថា ផែនការរបស់កាណាដានេះក្នុងការទទួលយកយុវជន និងអ្នកដែលមានការអប់រំខ្ពស់ កំពុងបង្កការគំរាមកំហែងដល់កម្លាំងពលកម្មនៅហុងកុង។

លោកស្រីបានបន្ថែមថា ពាក់ព័ន្ធនឹងការចាកចេញនៃយុវជនក្មេង និងមានការអប់រំខ្ពស់ពីហុងកុង រដ្ឋាភិបាលហុងកុងក៏កំពុងលើកទឹកចិត្តយុវជនឱ្យធ្វើការនៅក្នុងតំបន់ Greater Bay ដែលតភ្ជាប់ទីក្រុងហុងកុង ម៉ាកាវ និងទីក្រុងចំនួនប្រាំបួន នៅក្វាងទុង ហើយបានផ្តល់ការឧបត្ថម្ភធនផងដែរសម្រាប់ពួកគេ។

លោកស្រី Chow បាននិយាយថា "និយោជក ឬម្ចាស់ក្រុមហ៊ុន ទំនងមិនទាន់មានផលប៉ះពាល់ខ្លាំងទេ នៅក្នុងពេលឥឡូវនេះ ព្រោះថាពួកគេបានកាត់បន្ថយការចំណាយភាគច្រើន ឬបញ្ឈប់ការជួលបុគ្គលិកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ក៏ប៉ុន្តែពួកគេនឹងប្រឈមមុខនឹងការលំបាកកាន់តែខ្លាំង ក្នុងការជួលបុគ្គលិកឡើងវិញ នៅពេលដែលសេដ្ឋកិច្ចហុងកុងងើបកើនឡើងមកវិញ ប្រហែលជានៅឆ្នាំក្រោយ។"

ហេតុអ្វីពលរដ្ឋហុងកុងកាន់តែច្រើនកំពុងពិចារណាធ្វើចំណាកស្រុកទៅបរទេស?

ដោយសារវិបត្តិ និងភាពមិនប្រាកដប្រជា ទាំងលើទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ពលរដ្ឋហុងកុងកាន់តែច្រើន កំពុងពិចារណាចាកចេញពីប្រទេសរបស់ខ្លួន ដើម្បីទៅរស់នៅជាអចិន្ត្រៃយ៍នៅបរទេស។ ផ្អែកតាមការសិក្សាស្រាវជ្រាវថ្មីៗ បង្ហាញថា ប្រទេសអាទិភាព ដែល​ជាទិសដៅសម្រាប់ពលរដ្ឋហុងកុងទាំងនោះ រួមមានកាណាដា អូស្រា្ដលី កោះតៃវ៉ាន់ និង​ចក្រភពអង់គ្លេស ជាដើម។

ជាក់ស្ដែង ពលរដ្ឋហុងកុងត្រូវប្រឈមនឹងវិបត្តិនយោបាយជាបន្តបន្ទាប់។ នៅឆ្នាំ២០១៤ បាតុកម្មឆ័ត្រដើម្បីប្រជាធិបតេយ្យ ត្រូវ​បង្អាក់ដោយរដ្ឋាភិបាល។ ក្នុងពេលដំណាលគ្នា សេរីភាពរបស់ពួកគេ ត្រូវគំរាមកំហែងកាន់តែខ្លាំង ដោយរដ្ឋាភិបាលចិនដីគោក។ កាលពីខែមិថុនា ឆ្នាំ២០២០ គណបក្សកុម្មុយនីស្តចិន បានដាក់ចេញឱ្យអនុវត្ត ច្បាប់សន្តិសុខជាតិ។ ច្បាប់នេះ មានគោលបំណង គ្រប់គ្រងហុងកុង ឱ្យកាន់តែតឹងតែងជាងមុន។ អ្នកជំនាញខ្លះ បានលើកឡើងថា សេរីភាពបញ្ចេញមតិនៅហុងកុងត្រូវបាត់បង់ទៅវិញ ក្រោមបរិបទប្រព័ន្ធនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ”។ ប្រព័ន្ធនយោបាយនេះ ត្រូវបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ហើយនឹងត្រូវបញ្ចប់នៅ ៥០ឆ្នាំក្រោយ។ ក៏ប៉ុន្តែ ត្រឹមនៅឆ្នាំ២០២០ រដ្ឋាភិបាលចិនដីគោក បាន​បង្កើនអំណាចចង់បានហុងកុងមកវិញរួចទៅហើយ។ ជាក់ស្ដែង ពលរដ្ឋហុងកុងយ៉ាងច្រើនត្រូវចាប់ខ្លួនពីបទរំលោភច្បាប់ថ្មី ក្រោយការចេញច្បាប់នេះ។

ក្រៅពីវិបត្តិនយោបាយ បញ្ហាសេដ្ឋកិច្ច ក៏បាននិងកំពុងជំរុញឱ្យពលរដ្ឋហុងកុងយ៉ាងច្រើន ធ្វើការសម្រេចចិត្តចាកចេញពីមាតុភូមិរបស់ខ្លួនផងដែរ។ នាពេលបច្ចុប្បន្ន ហុងកុង ជាទីក្រុងមួយក្នុងចំណោមទីក្រុងដ៏ថ្លៃបំផុត ដើម្បីរស់នៅ នៅលើពិភពលោក។ ចំណាត់ថ្នាក់ទីក្រុងហុងកុង ស្ថិតនៅពីលើ ទាំងទីក្រុងញូវយ៉ក តូក្យូ និងឡុងដ៍។ នេះបើផ្អែកលើការស្ទង់មតិអំពីថ្លៃចំណាយនៃការរស់នៅ ដែលធ្វើឡើងដោយស្ថាប័ន The Economist Intelligence Unit៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ