អានតួអត្ថបទ
ហុងកុង-សិទ្ធិមនុស្ស

គណៈកម្មការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​សុំ​ឱ្យ​ហុងកុង​រំលាយ​ច្បាប់​សន្តិសុខជាតិ

គណៈកម្មការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះស្ថានភាព​កាន់​តែ​អាក្រក់​នៅ​ហុងកុង និង​បាន​ស្នើ​សុំ​នៅថ្ងៃពុធទី ២៧​ កក្កដា ២០២២​នេះ ឱ្យ​អាជ្ញាធរ​ហុងកុង​រំលាយ​ចោល​ច្បាប់​សន្តិសុខ​ជាតិ​ដែ​ល​តាក់តែង​ដោយ​ប៉េកាំង កាលពី​ពីរ​ឆ្នាំ​មុន​។

លោកស្រី Photini Pazartzis ប្រធាន​​គណៈកម្មការសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ OHCHR ថ្លែង​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅហុងកុង ពីក្រុង​ហ្សឺណែវ ថ្ងៃទី ២៧​កក្កដា ២០២២
លោកស្រី Photini Pazartzis ប្រធាន​​គណៈកម្មការសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ OHCHR ថ្លែង​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅហុងកុង ពីក្រុង​ហ្សឺណែវ ថ្ងៃទី ២៧​កក្កដា ២០២២ AP - Martial Trezzini
ផ្សាយពាណិជ្ជកម្ម

​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​ជំនាញ​ឯករាជ្យ តែ​មិន​និយាយ​ក្នុង​នាម​អង្គការ​ ​គណៈកម្មការសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ​​ខ្វល់​ខ្វាយខ្លាំង​ណាស់ចំពោះ​ការ​បកស្រាយ​អត្ថន័យនិង​​​ការ​អនុវត្ត​ទាំង​បំពាន​ច្បាប់​សន្តិសុខ​ជាតិ។ បើ​តាម​គណៈកម្មការ​ដែល​មាន​សមាជិក​១៨​រូប ច្បាប់​សន្តិសុខ​នេះ​ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់​ដោយ​គ្មាន​ពិគ្រោះ​យោបល់​ជាមួយ​សាធារណជន​និង​សង្គម​ស៊ីវិល​ទេ។ ម្យ៉ាង​វិញ​ទៀត ច្បាប់​នេះ​ គ្មាន​លម្អិតឱ្យ​​​ច្បាស់​លាស់​ថាតើ​ឥរិយាបថ​ណា​ ទង្វើ​ណា​ជា​កំហុស​ព្រហ្មទណ្ឌទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គណៈកម្មការ​ចង់​​ឱ្យ​អាជ្ញាធរ​ហុងកុង​ចាត់​វិធានការជាក់ស្តែង​ណា​ដែល​អាច​រំលាយ​ច្បាប់​នេះ ហើយ​ក្នុង​ពេល​រង់ចាំ​ហុងកុង​ត្រូវ​​កុំ​ប្រើវា។

ច្បាប់​សន្តិសុខ​ជាតិហុងកុង តាក់តែង​ឡើង​ដោយ​ប៉េកាំង នៅ​ឆ្នាំ​២០២០​ ដើម្បីបិទ​បញ្ចប់​មហា​បាតុកម្ម ដ៏​ហិង្សា របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ។ តាំងពី​​​ចូល​ជា​ធរមាន​មក បក្ស​ប្រឆាំង​បាន​រង​ការ​បង្ក្រាប​ សកម្មជន​ខ្លះ​ទៀត​ដែល​ជា​តំណាង​អ្នក​ប្រជាធិបតេយ្យ​ដ៏លេចធ្លោ ត្រូវ​បង្ខំ​ចិត្ត​រត់​ចាក​ចេញ​ពី​ប្រទេស និង​ខ្លះ​ទៀត​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​បំពេញ​ការងារ ឬ​ខ្លះ​ត្រូវ​ជាប់​ឃុំ។ ច្បាប់​សន្តិសុខ​ជាតិ​​ហុងកុងនេះ​ក្រសោប រាល់​សកម្មភាព​បះបោរ វិទ្ធង្សនា ភេរវកម្ម និង​ឃុបឃិត​ជាមួយ​បរទេស ដាក់​ក្នុង​កន្ត្រក​តែ​មួយ ជា​​ទោស​ឧក្រិដ្ឋ​ទាំង​អស់គ្នា។

​ជាលើក​ទីមួយ​ គិត​ចាប់​តាំង​ជា​ច្រើន​ទស្សវត្សរ៍​មកដែល​ “ការ​បះបោរ”​ ត្រូវ​បាន​រាប់​បញ្ចូល ជា​បទ​ល្មើសនៅ​ហុងកុង និង​ត្រូវ​បាន​គេ​ប្រើប្រាស់​វា​ដើម្បី​ចោទ​ ក្រុម​បញ្ញាវន្ត​នៅសាកលវិទ្យាល័យ អ្នក​កាសែត  និង​មនុស្ស​ផ្សេង​ទៀត ដែល​ចង់​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ ក្នុង​ការ​បញ្ចេញ​មតិ។ នេះ​បើ​តាម​ការ​បរិហារ​របស់​គណៈកម្មការ​ ដោយ​ថ្នូច​ថ្នូរ​ទៀត​ថា​ សំណុំ​រឿង​សន្តិសុខ​ជាតិ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​តុលាការ​ចិន និងផ្តល់​អំណាច​ដ៏​ធំធេង​ទៅ​ឱ្យ​​មេដឹកនាំ​​ហុងកុង។ នេះ​ជា​ការ​ចិញ្ចាំ​ឯករាជ្យភាព​ផ្នែក​តុលាការ និង​រំខាន​ដំណើរ​ការ​ច្បាប់មិនឱ្យ​​ប្រព្រឹត្ត​ទៅ​យុត្តិធម៌​និង​សមធម៌។

គណៈកម្មការ​បាន​អំពាវនាវ​ឱ្យ​រំលាយ​ច្បាប់​នេះ រួច​សភាហុងកុង​គិត​គូរ​​តាក់តែងច្បាប់​សន្តិសុខ​ជាតិថ្មី មាន​តម្លាភាព និង​សម្រួល​ឱ្យ​មាន​ការ​ចូល​រួម​ដោយ​សេរី ដោយ​បើក​ចំហ សម្រាប់​សង្គម​ស៊ីវិល​និង​សាធារណជន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ